រដ្ឋាភិបាល​ថៃ​ប្រឈម​មុខ​នឹង​ជម្លោះ​បាតុកម្ម​នៅ​មុន​ការ​បោះ​ឆ្នោត​

បុគ្គលិក​សន្តិសុខ​​ថៃ​កំពុង​ប្រមូល​ភស្តុតាង ​ក្នុង​ការ​ស៊ើប​អង្កេត​​នៅ​កន្លែង​វាយ​ប្រហារ​ដោយ​គ្រាប់បែក​មួយ​កន្លែង​នៅ​ខេត្ត​យ៉ាឡា (Yala) ភាគ​ខាង​ត្បួង​កាល​ពី​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​ឆ្នាំ​២០១១។ ប៉ូលិស​និយាយ​ថា មនុស្ស​ម្នាក់​បាន​ស្លាប់​និង​យ៉ាង​ហោច​ណាស់​១៧​នាក

បាងកក៖ រដ្ឋាភិបាល​ប្រទេស​ថៃ​កំពុង​ទទួល​ការ​គាប​សង្កត់​ពី​គ្រប់​ជ្រុង។​ អំពើ​បះ​បោរ​នៅ​ក្នុង​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​កំពុង​កើន​ឡើង។​ ប្រទេស​ថៃ​កំពុង​ប្រយុទ្ធ​ជា​មួយ​ប្រទេស​កម្ពុជា​អំពី​រឿង​ទឹក​ដី។​ ហើយ​ក្រុម​ប្រឆាំង​គ្នា​ចំនួន​ពីរ​ក្រុម​ កំពុង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ជា​ប្រក្រតី។​ អ្នក​វិភាគ​នយោបាយ​ក្នុង​តំបន់​ខ្លះ​និយាយ​ថា​ មនោសញ្ចេតនា​ជាតិ​និយម​ជា​កត្តា​បញ្ឆេះ​ឲ្យ​មាន​ជម្លោះ​ទាំង​នេះ​ ហើយ​ក្នុង​ករណី​ខ្លះ​បាន​ប្រមូល​ផ្តុំ​ការគាំទ្រ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ ដែល​គេ​រំពឹង​ថា​នឹង​មាន​ធ្វើ​នៅ​ឆមាស​ទី​ពីរ​នៃ​ឆ្នាំ​នេះ។

ការ​វាយ​ប្រយុទ្ធ​គ្នា​តាម​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​ហាក់​ដូច​ជា​បាន​ស្ងប់​ស្ងៀម​បន្តិច​បន្ទាប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី​បាន​ជួយ​សម្រប​សម្រួលកិច្ច​ព្រម​ព្រៀង​មួយ​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​ទៅ​ឃ្លាំមើលតំបន់​ឈ្លោះ​គ្នា។​ ក៏​ប៉ុន្តែ​កង​យោធា​របស់​ប្រទេស​ទាំង​ពីរ​នៅ​តែ​ត្រូវ​ដាក់​ឲ្យ​ត្រៀម​ខ្លួន​ដោយ​ប្រុង​ប្រយ័ត្ន​ដដែល។

ការ​បាញ់​កាំភ្លើង​ធំ​និង​តូច​តគ្នា​តាម​ព្រំដែន​ក្នុង​ខែ​នេះ​ បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់​ ហើយ​ភាគី​មួយ​បាន​បន្ទោស​ភាគី​មួយ​ទៀត​ថា​ជា​អ្នក​ចាប់​ផ្តើម​ការ​វាយ​ប្រយុទ្ធ​គ្នា។

លោក​ គ្រិស​ បេគឺរ​ (Chris​ Baker)​ ជា​អ្នក​និពន្ធ​និង​ជា​អ្នក​វិភាគ​ម្នាក់​អំពី​នយោបាយ​ប្រទេស​ថៃ។​ លោក​ថ្លែង​ថា​ ជម្លោះ​នេះ​ហាក់​ដូច​ជា​មាន​គោល​ដៅ​ចង់​តំឡើង​មនោសញ្ចេតនា​ជាតិ​និយម​ មុន​ការ​បោះ​ឆ្នោត​នៅ​ក្នុង​ឆ្នាំ​នេះ។

លោក​និយាយ​ថា​ មាន​ក្រុម​មនុស្ស​នៅ​ក្នុង​កង​យោធា​និង​សហគមន៍​ពាណិជ្ជកម្ម​ដែល​មាន​សេចក្តី​ភ័យ​ខ្លាច​ថា​ ក្រុម​អ្នក​គាំទ្រ​លោក​នាយក​រដ្ឋមន្រ្តី​ ថាក់ស៊ិន​ ហ្ស៊ីណាវ៉ាត់​ (Thaksin​ Shinawatra)​ ដែល​ត្រូវ​ទម្លាក់​ពី​តំណែង​អាច​បាន​ឈ្នះ​ឆ្នោត​និង​ចូល​មក​កាន់​អំណាច​វិញ។

«ពួក​គេ​មិន​ចង់​ឲ្យ​ពួក​អ្នក​គាំទ្រ​លោក​ ថាក់​ស៊ិន​ ឈ្នះ​ឆ្នោត​ទេ​ ដែល​តម្រូវ​ឲ្យ​ពួក​គេ​ចាត់​ចែង​ស្ថានការណ៍​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ។​ ពីព្រោះ​ពួក​គេ​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ពីរ​រួច​ទៅ​ហើយ​ ហើយ​ទម្លាក់​រដ្ឋាភិបាល​បី​ជាប់ៗ​គ្នា​ពិត​ជា​មិន​ល្អ​មើល​ទេ។​ ដូច្នេះ​ គេ​ប្រហែល​ត្រូវ​ការឲ្យ​មាន​វិបត្តិ​មួយ»។

ភាព​តាន​តឹង​បាន​កើត​ឡើង​ជា​ថ្មី​កាល​ពី​ខែ​ធ្នូ​ នៅ​ពេល​ដែល​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​ជនជាតិ​ថៃ​មួយ​ក្រុម​ ដែល​បាន​ចូល​ទៅ​ក្នុង​ទឹក​ដី​ឈ្លោះ​គ្នា។

ជន​ទាំង​នេះ​ភាគ​ច្រើន​បាន​រួច​ខ្លួន​ទៅ​វិញ​ហើយ តែ​កម្ពុជា​បាន​កាត់ទោស​មេ​ដឹកនាំ​ពីរ​នាក់​ឲ្យ​ជាប់​គុក​ ដែល​ធ្វើ​ឲ្យ​អ្នក​ជាតិ​និយម​ថៃ​នៃ​បក្ស​សម្ព័ន្ធ​របស់​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ គឺ​ពួក​អាវ​លឿង​ មាន​កំហឹង​យ៉ាង​ខ្លាំង។

ពួក​នេះ​បាន​ធ្វើ​បាតុកម្ម​ជា​ប្រក្រតី​នៅ​ខាង​ក្រៅ​ការិយាល័យ​រដ្ឋាភិបាល​ ទាមទារ​ឲ្យ​រដ្ឋាភិបាល​ហែក​ចោល​កិច្ច​ព្រម​ព្រៀង​ជា​មួយ​ប្រទេស​កម្ពុជា​ ហើយ​ឈប់​ធ្វើ​សហប្រតិបត្តិការ​ជា​មួយ​ទី​ភ្នាក់​ងារ​វិប្បធម៌​របស់​អង្គការ​សហប្រជាជាតិ​ អំពី​រឿង​ប្រាសាទ​បូរាណ​មួយ​នៅ​ជិត​ទឹក​ដី​ឈ្លោះ​គ្នា។

រដ្ឋាភិបាល​ថៃ​បាន​ច្រាន​ចោល​ពាក្យ​ទាម​ទារ​របស់​ពួក​គេ​ ដូច្នេះក៏បាន​បាត់​បង់​ការ​គាំទ្រ​របស់​បក្ស​សម្ព័ន្ធ​ប្រជាជន​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ហៅ​កាត់​ថា​ PAD ដែល​ពី​មុន​ធ្លាប់​ជា​សម្ព័នមិត្ត​ដ៏​សំខាន់​មួយ។

លោក​ ស៊ូរ៉ាត​ ហោរ៉ាឆៃគល់​ (Surat​ Horachaikul)​ សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៃ​សកលវិទ្យាល័យ​ ជូឡាលង្គន​ (Chulalongkorn)​ នៅ​ក្រុង​បាងកក​ និយាយ​ថា​ បើ​សិន​ជា​ភាព​ទាល់​ច្រក​នៅ​មាន​ជា​បន្ត​ បាតុកម្ម​អាច​រីក​កាន់​តែ​ធំ​ឡើង​ទៀត។

«បើ​សិន​ជា​រដ្ឋាភិបាល​មិន​ដោះស្រាយ​បញ្ហា​រវាង​ពួក​ PAD ​និង​រដ្ឋាភិបាល​ទេ​នោះ​ពួក​ PAD​ ពិត​ជា​នឹង​ចេញ​មក​ក្រៅ​យ៉ាង​ដូច្នេះ​ ពី​ព្រោះ​ពួក​គេ​នៅ​តែ​ព្យាយាម​ទាមទារ​យក​អ្វី​ដែល​ពួក​គេ​ចង់​បាន។​ រួច​លោក​អ្នក​ដឹង​ទេ​ បើ​រដ្ឋាភិបាល​មិន​ឆ្លើយ​ទៅ​វិញ​ នោះ​ពួក​គេ​នឹង​ខំ​ប្រមូល​មនុស្ស​ឲ្យ​បាន​ច្រើន​ជាង​នេះ​ថែម​ទៀត»។

ក្រុម​មួយ​ទៀត​ គឺ​ពួក​អាវ​ក្រហម​ ក៏​កំពុង​បង្កើន​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​ ដោយ​ធ្វើ​បាតុកម្ម​ប្រចាំ​ខែ​ដែរ។

កាល​ពី​ឆ្នាំ​មុន​ ពួក​អាវ​ក្រហម​បាន​ចូល​កាន់​កាប់​តំបន់​ខ្លះ​នៃ​ក្រុង​បាងកក​ អស់​រយៈ​ពេល​ ១០​ អាទិត្យ​ ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី។​ ពួក​គេ​អះ​អាង​ថា​រដ្ឋាភិបាល​បច្ចុប្បន្ន​ បាន​ចូល​កាន់​តំណែង​ដោយ​ខុស​ច្បាប់​ បន្ទាប់​ពី​សេចក្តី​សម្រេច​របស់​តុលាការ​បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ពីរ​ ដែល​ពួក​អាវ​ក្រហម​គាំទ្រ។

រដ្ឋាភិបាល​បាន​បញ្ជា​ឲ្យ​កង​យោធា​បោស​សំអាត​បាតុកម្ម​ ហើយ​ការ​ប៉ះ​ទង្គិច​គ្នា​បាន​បណ្តាល​ឲ្យ​មនុស្ស​៩០​នាក់​ស្លាប់។

ពួក​អាវ​ក្រហម​ជា​ច្រើន​នាក់​បាន​បោះឆ្នោត​ឲ្យ​លោក​ ថាក់ស៊ិន​ ចូល​កាន់​អំណាច​ហើយ​ពួក​គេ​យល់​ថា​ ការ​បណ្តេញ​លោក​ចេញ​ដោយ​កង​យោធា​ក្នុង​ឆ្នាំ​២០០៦​ ត្រូវ​រៀប​ចំ​ឡើង​ដោយ​ក្រុម​វរជន​នៅ​ក្រុង​បាងកក​ ដោយ​មាន​ការ​គាំទ្រ​ពី​ពួក​អាវ​លឿង​ ពីព្រោះ​អ្នក​ទាំង​នេះ​ព្រួយ​បារម្ភ​អំពី​ឥទ្ធពល​របស់​លោក​ ថាក់ស៊ិន។

អ្នក​រិះ​គន់​លោក​ ថាក់ស៊ិន​ និយាយ​ថា​ លោកប្រសប់​ប្រើ​មនោសញ្ចេតនា​ប្រជារាស្រ្ត​ដើម្បី​ឲ្យ​បានផល​ប្រយោជន៍​ ហើយ​ជា​អ្នក​កាន់​អំណាច​ផ្តាច់​ការ​ និង​ជា​មនុស្ស​ពុក​រលួយ។

នៅ​ពេល​ដែល​ការ​ប្រជែង​អំណាច​គ្នា​និង​សម្ពាធ​នយោបាយ​កំពុង​រីក​ធំ​ឡើង​នៅ​ក្នុង​ក្រុង​បាងកក​ អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ថៃ​ភាគ​ខាង​ត្បូង​ក៏​កំពុង​កើន​ចំនួន​ដែរ​ នៅ​កន្លែង​ដែល​ជន​មុស្លីម​ (Muslim) ជាតិ​ម៉ាឡេ​ (Malay)​ កំពុង​ទាម​ទារ​ស្វ័យភាព​ ឲ្យ​ផុត​ពី​ការ​គ្រប់​គ្រង​របស់​ប្រទេស​ថៃដែល​កាន់​ពុទ្ធសាសនា។

នៅ​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​ ការ​បាញ់​គ្នា​និង​ការ​បំផ្ទុះ​គ្រាប់​បែក​ដែល​គេ​បន្ទោស​ទៅ​លើ​ពួក​ឧទ្ទាម​ បាន​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​ស្ទើរ​ប្រចាំ​ថ្ងៃ ហើយ​ការ​វាយ​ប្រហារ​ទៅ​លើ​វត្តមាន​ធំ​របស់​យោធា​ថៃ​ក៏​បាន​ធ្វើ​កាន់​តែ​គគ្លើន​ជាង​មុន​ដែរ។

សាស្រ្តាចារ្យ​ ដឹងកិន​ ម៉ាក់ការហ្គោ​ (Duncan​ McCargo)​ បង្រៀន​នយោបាយ​អាស៊ី​អាគ្នេយ៍​នៅ​សកលវិទ្យាល័យ​ លីដស៍​ (Leeds)​ នៅ​ប្រទេស​អង់គ្លេស​ មាន​ប្រសាសន៍​ថា​ ក្រុម​បះបោរ​និង​ចលនា​ពួក​អាវ​ក្រហម​ មាន​លក្ខណៈ​ខុស​គ្នា​ តែ​មាន​ការ​ទាម​ទារ​ដូច​គ្នា។

«នៅ​ស្នូល​ខាង​ក្នុង​ ក្រុម​ទាំង​ពីរ​មាន​បញ្ហា​ដូច​គ្នា។​ បញ្ហា​នេះ​ ក្រុង​បាងកក​ដឹង​ច្បាស់​បំផុត។​ ក្រុង​បាងកក​មិន​សូវ​ជា​ទុក​ចិត្ត​ប្រជារាស្រ្ត​នៅ​ក្នុង​តំបន់​នេះ ​ឲ្យ​ចាត់​ចែង​កិច្ចការ​ផ្ទាល់​របស់​ខ្លួន​ទេ​ ហើយ​យល់​ថា​ពួក​គេ​មិន​ទាន់​រៀប​ចំ​ខ្លួន​ដើម្បី​ទទួល​លទ្ធិ​ប្រជាធិបតេយ្យ​បាន​នៅ​ឡើយ។​ បើ​និយាយ​ម្យ៉ាង​វិញ​ទៀត​ គឺ​ថា​ពួក​គេ​មិន​ទាន់​រៀប​ចំ​ខ្លួន​ដើម្បី​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផ្ទាល់​របស់​ខ្លួន​បាន​ទេ»។​ ចាប់​តាំង​ពី​ឆ្នាំ​២០០៤​ មក​ ក្រុម​បះ​បោរ​បាន​សម្លាប់​មនុស្ស​ជាង​៤.៤០០​ នាក់។

លោក​ ម៉ាក់ការហ្គោ​ ថ្លែង​ថា​ បើ​សិន​ជា​រដ្ឋាភិបាល​ក្រុង​បាងកក​អនុញ្ញាត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​អភិបាល​ខេត្ត​និង​រដ្ឋសភា​ក្នុង​តំបន់​ នោះ​ក្រុង​បាងកក​អាច​ធ្វើ​សម្បទាន​ខ្លះ​ ឆ្ពោះ​ទៅ​រក​ការ​ដោះ​ស្រាយ​ពាក្យ​ទាម​ទារ​របស់​ក្រុម​បះបោរ​ដែល​សុំ​ឲ្យ​មាន​អ្នក​តំណាង​របស់​ខ្លួន។

ក៏​ប៉ុន្តែ​ អ្នក​វិភាគ​នយោបាយ​ដទៃ​ទៀត​អះអាង​ថា​ វិមជ្ឈការ​អំណាច​អាច​តំឡើង​អំពើ​ពុក​រលួយ​និង​ការ​រំលោភ​អំណាច​នៅ​ក្នុង​តំបន់។​ ក្រៅ​ពី​ក្រុង​បាងកក​ចេញ​ អភិបាល​ខេត្ត​នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​បាន​ទទួល​ការ​តែង​តាំង​ពី​រដ្ឋាភិបាល។

ប្រទេស​ថៃ​ត្រូវ​ប្រកាស​ធ្វើ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​នេះ​ ហើយ​លោក​នាយក​រដ្ឋមន្រ្តី​ អាភីស៊ីត​ វិចាជីវ៉ា​ (Abhisit​ Vejjajiva)​ បាន​ឲ្យ​ដឹង​ថា​ លោក​រំពឹង​ថា​នឹង​ធ្វើ​ការ​បោះឆ្នោត​នេះ​នៅ​ខែ​មិថុនា​ខាង​មុខ៕

ប្រែ​សម្រួល​ដោយ​ កែរ យ៉ាន