អ្នកជំនាញខាងផ្នែកជនជាតិតំបន់ភ្នំនៅកម្ពុជានិងវៀតណាម និងអតីតទាហានអាមេរិកាំងក្នុងសង្គ្រាមវៀតណាមបានមកជួបជុំគ្នាកាលពីថ្ងៃទី៣ ខែកុម្ភៈដើម្បីពិភាក្សាពីបញ្ហាប្រឈមដែលជនជាតិដើមជួបប្រទះនិងស្នើឱ្យមានការយកចិត្តទុកដាក់ថែមទៀតលើពួកគេ។
សន្និសីទលើកទីមួយដែលមានរយៈពេលមួយថ្ងៃនេះបានរៀបចំឡើងនៅសាកលវិទ្យាល័យ North Carolina Wilmington ដោយសហការជាមួយនឹងមូលនិធិFainting Robin ។
លោក ភីធឺ ម៉ាក់ខ្វៃ ស្ថាបនិកមូលនិធិ Fainting Robin និងជាអ្នកជំនាញខាងច្បាប់យល់ថាសន្និសីទនេះ គឺជាការបង្ហាញដល់អ្នកធ្វើគោលនយោបាយសហរដ្ឋអាមេរិកឱ្យគិតគូដល់សម្ព័ន្ធមិត្តរបស់ខ្លួនដែលធ្វើការងារនិងលះបង់ ដើម្បីផលប្រយោជន៍សហរដ្ឋអាមេរិកនៅទូទាំងពិភពលោកក្នុងពេលអតីតកាល និងបច្ចុប្បន្ន។
«គេនាំគ្នានិយាយដោយរត់មាត់អំពីជនភៀសខ្លួននិងការហាមឃាត់ជនអន្តោប្រវេសន៍និងការហាមឃាត់ជនមូស្លិមហើយអ្វីដែលយើងបានឃើញនៅថ្ងៃនេះគឺមនុស្សមួយក្រុមដែលពិតជាបានលះបង់ដើម្បីយោធាសហរដ្ឋអាមេរិកក្នុងអំឡុងសង្រ្គាមនៅវៀតណាមនិងបានលះបង់ខ្ពស់ណាស់ចំពោះភារកិច្ចនោះ»។
លោកម៉ាក់ខ្វៃយល់ថាជនជាតិម៉ុងតាញ៉ាក៏មិនខុសពីពលរដ្ឋប្រទេសដទៃនាពេលបច្ចុប្បន្ននេះដែលនៅតែលះបង់ដើម្បីជួយសហរដ្ឋអាមេរិកនៅលើវិស័យយោធានិងស៊ើបការណ៍សម្ងាត់ដូច្នេះសហរដ្ឋអាមេរិកត្រូវតែយកចិត្តទុកដាក់ដល់ពួកគេ។
«ដោយសារតែពួកគេគឺជាមុខសញ្ញាតាមកម្ចេចនៅក្នុងប្រទេសរបស់ពួកគេដូចជាក្រុមម៉ុងតាញ៉ាធ្លាប់ជួបប្រទះដូច្នេះខ្ញុំគិតថាយើងជំពាក់គុណពួកគេដែលត្រូវផ្តល់ទីជម្រកការពារ»។
ក្នុងអំឡុងសង្រ្គាមនៅវៀតណាម អ្នកភ្នំក្នុងប្រទេសវៀតណាមដែលគេហៅថាក្រុមម៉ុងតាញ៉ាគឺជាអ្នកប្រយុទ្ធដ៏ជំនាញនិងជាសម្ព័ន្ធមិត្តដ៏ស្មោះស្ម័គ្ររបស់សហរដ្ឋអាមេរិក។ ក្រោយពី សង្គ្រាមបានបញ្ចប់ មានមិត្តរួមអាវុធរបស់ពួកគេខ្លះមកពីកងកម្លាំងពិសេស Green Beret យល់ថាបានជំពាក់គុណអ្នកទាំងនោះនិងធ្វើសកម្មភាពដែលបង្ហាញពីការទទួលខុសត្រូវដោយបានជម្លៀសជនជាតិភ្នំចេញពីប្រទេសវៀតណាមតាមច្រកប្រទេសកម្ពុជាកាលពីចុងទសវត្សរ៍១៩៩០និងដើមឆ្នាំ២០០០ ហើយទទួលយកពួកគេមកតាំងទីលំនៅនៅរដ្ឋ North Carolina។
លោក Larry Crile គឺជាអតីតទាហាន Green Beret របស់សហរដ្ឋអាមេរិកដែលធ្លាប់បានបំពេញបេសកកម្មនៅប្រទេសវៀតណាមរយៈពេលជិតមួយឆ្នាំក្នុងឆ្នាំ១៩៦៩។ លោកគឺជាអ្នកជំនាញខាងសុខាភិបាល ប្រចាំនៅអង្គភាព A344 ដែលមានមូលដ្ឋាននៅជំរុំ Bunard Camp ក្នុងស្រុកDon Luan ខេត្ត Phouc Long ដែលស្ថិតនៅចម្ងាយ១០០គីឡូម៉ែត្រភាគខាងជើងទីក្រុងហូជីមិញ។
លោក Larry Crile និងមេបញ្ជាការអាមេរិកាំងសរុបចំនួន៦នាក់បានធ្វើការជាមួយនឹងទាហានម៉ុងតាញ៉ាជាង២០០នាក់ដើម្បីជួយពួកគេការពារភូមិករប្រឆាំងនឹងការរុលចុះរបស់ទាហានវៀតណាមខាងជើង។
លោកបញ្ជាក់ថាជនជាតិម៉ុងតាញ៉ាចង់រស់នៅដោយក្តីសុខតែនៅក្នុងតំបន់របស់ពួកគេប៉ុន្តែការដណ្តើមអំណាចរវាងប្រទេសវៀតណាមខាងត្បូងនិងខាងជើងបានទាញពួកគេចូលក្នុងភ្នក់ភ្លើងសង្គ្រាមហើយក្លាយជាជនរងគ្រោះ។
«សង្គ្រាមបានបង្កឱ្យមានអ្នកស្លាប់បាត់បង់ជីវិតបើទោះបីជាពួកគេគ្មានចំណែកក្នុងសង្គ្រាមក៏ដោយ។ នោះគឺជាសង្គ្រាមរវាងក្រុមកំម្មុយនីស្តនិងក្រុមប្រជាធិបតេយ្យឬរវាងវៀតណាមខាងត្បូងនិងខាងជើង។ តើក្រុមម៉ុងតាញ៉ាមានជាប់ពាក់ព័ន្ធអ្វីទៅ? ប៉ុន្តែមានអ្នកស្លាប់បាត់បង់ជីវិតហើយជាការគួរឱ្យក្រៀមក្រំណាស់ហើយខ្ញុំកាន់តែក្រៀមក្រំខ្លាំងចំពោះបញ្ហានេះ។ ខ្ញុំមិនអាចផ្លាស់ប្តូរបានអីចឹងហើយវាកាន់តែធ្វើឱ្យខ្ញុំកាន់តែក្រៀមក្រំជាងមុន»។
លោក Larry Crile ដែលបច្ចុប្បន្នគឺជាចៅហ្វាយក្រុង Ostrander ដែលជាក្រុងតូចមួយនៅក្នុងរដ្ឋអូហៃយូយល់ថាសហរដ្ឋអាមេរិកត្រូវតែជួយឱ្យអតីតយុទ្ធជនទាំងនោះនិងក្រុមគ្រួសាររបស់ពួកគេបានជីវភាពប្រសើរឡើង។ ក្នុងនោះគឺត្រូវឱ្យអប់រំសាធារណជនបានដឹងពីការចូលរួមចំណែករបស់ពួកគេដើម្បីឱ្យពួកគេបានលើកស្ទួយវប្បធម៌របស់ពួកគេនិងផ្តល់ឱ្យពួកគេនូវក្តីសុបិនរបស់អាមេរិកាំង។
«សូមផ្តល់ឱ្យពួកគេនូវចំណែកមួយនៃក្តីសុបិនរបស់សហរដ្ឋអាមេរិកប្រសិនបើអ្នកអាចធ្វើបានហើយប្រសិនបើវាជាផ្នែកមួយនៃរដ្ឋ North Carolina។ ខ្ញុំគិតថានោះជារឿងអស្ចារ្យ។ នោះអាចមិនមែនជាអ្វីដែលពួកគេពិតជាចង់បានទេប៉ុន្តែយើងត្រូវតែប្រារព្ធវប្បធម៌របស់ពួកគេផងដែរ»។
បច្ចុប្បន្នមានជនជាតិម៉ុងតាញ៉ាដែលរស់នៅរដ្ឋ North Carolina ជាង១៥.០០០នាក់ភាគច្រើននៅទីក្រុង Greenboro, Charlotte, និង Raleigh។
ពួកគេមួយចំនួនខិតខំសម្របខ្លួនចូលក្នុងសហគមន៍ថ្មីនេះប៉ុន្តែក៏មានអ្នកខ្លះនៅមានចិត្តចង់តស៊ូដើម្បីទាមទារសិទ្ធិសេរីភាពជូនពលរដ្ឋនៅក្នុងប្រទេសកំណើតដែរ។
ការណ៍នេះដោយសារតែសង្គ្រាមនៅប្រទេសវៀតណាមបានបញ្ចប់នៅខែមេសាឆ្នាំ១៩៧៥នៅពេលដែលសហរដ្ឋអាមេរិកដកចេញពិតមែនប៉ុន្តែក្រុមចលនាតស៊ូរបស់អ្នកភ្នំប្រឆាំងនឹងរដ្ឋាភិបាលកំម្មុយនីស្តវៀតណាមនៅតែបន្តដដែល។
លោក Y Duen Buondap បានចូលរួមក្នុងចលនាតស៊ូដែលមានឈ្មោះថារណសិរ្សរួបរួមរំដោះពលរដ្ឋរងការជិះជាន់ហៅកាត់ថា FULRO នៅក្នុងឆ្នាំ១៩៧៦ហើយប្រយុទ្ធនៅក្នុងតំបន់ភាគកណ្តាលប្រទេសវៀតណាមដូចជាខេត្តកាន់ធូម (Kon Tum) និងខេត្តផ្លៃគូ (Plaiku)។ លោក Buondap និងសហការីព្រមទាំងក្រុមគ្រួសាររបស់ពួកគេជាង៤០០នាក់បានមកដល់ទីក្រុងCharlotte រដ្ឋNorth Carolina សហរដ្ឋអាមេរិកនៅឆ្នាំ១៩៩២បន្ទាប់ពីតស៊ូនៅក្នុងព្រៃរយៈពេល១៧ឆ្នាំ។
លោក Y Duen Buondap និងក្រុមសកម្មជនសហគមន៍របស់គាត់ខិតខំធ្វើកិច្ចការឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកដាក់សម្ពាធដល់រដ្ឋាភិបាលវៀតណាមឱ្យទទួលស្គាល់សិទ្ធិរបស់ពលរដ្ឋសិទ្ធិសេរីភាពសាសនានិងដីធ្លីជនជាតិម៉ុងតាញ៉ាដែលនៅក្នុងប្រទេស។
«យើងបន្តធ្វើការជាមួយនឹងរដ្ឋាភិបាល(សហរដ្ឋអាមេរិក)ដើម្បីសុំពួកគេឱ្យទទួលស្គាល់ (ចលនា) របស់យើងនិងសុំឱ្យពួកគេធ្វើការជាមួយនឹងរដ្ឋាភិបាលវៀតណាមដើម្បីទទួលស្គាល់ទឹកដីរបស់យើងនិងបញ្ឈប់ការកាប់សម្លាប់ពលរដ្ឋរបស់យើងនិងដកពួកគេចេញពីទឹកដីរបស់យើង។ ពួកគេត្រូវប្រគល់ដីនោះឱ្យមកយើងវិញ»។
លោកយល់ថារដ្ឋាភិបាលវៀតណាមពូកែខាងកុហកមជ្ឈដ្ឋានអន្តរជាតិពីស្ថានភាពពិតរបស់ពលរដ្ឋតំបន់ភ្នំ។
ប៉ុន្តែលោក Y Siu Hlong ដែលជាជនជាតិពូនងនិងជានាយកប្រតិបត្តិនៃសមាគមជនជាតិម៉ុងតាញ៉ានៅទីក្រុងGreensboro បានបញ្ជាក់ថាលោកពេញចិត្តនឹងជីវភាពនៅសហរដ្ឋអាមេរិកហើយខិតខំធ្វើការជួយដល់សមាជិកសហគមន៍អាស៊ីដែលជាជនភៀសខ្លួនហើយត្រូវការជំនួយ៖
«ខ្ញុំគ្រាន់តែសង្ឃឹមថាថ្ងៃណាមួយរដ្ឋាភិបាល (វៀតណាម) នឹងផ្លាស់ប្តូរឱ្យបានប្រសើរជាងមុនប៉ុន្តែខ្ញុំមិនមានក្តីសង្ឃឹមទេថាយើងអាចរំដោះប្រទេសយើងបានឬក៏យកប្រទេសយើងបានមកវិញដោយសារតែគ្មានអ្នកណាម្នាក់ជួយឧបត្ថម្ភយើងទេហើយក្រុមយើងមានគ្នាតិច។ យើងក៏មិនចង់ធ្វើសង្គ្រាមជាមួយនឹងនរណាម្នាក់ដែរ»។
លោក Y Siu Hlong ជាអតីតទាហាន FULRO រយៈពេល១២ឆ្នាំពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៨៦នៅតំបន់ភាគកណ្តាលប្រទេសវៀតណាម។ លោកនិងសហការីចំនួន២០០នាក់បានមកដល់សហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៨៦។
លោកស្រីសារ៉ា ខូម អ្នកវិភាគឯករាជ្យខាងផ្នែកសិទ្ធិមនុស្សបានបញ្ជាក់ថាជនជាតិម៉ុងតាញ៉ាដែលនៅភាគកណ្តាលប្រទេសវៀតណាមបង្ខំចិត្តរត់ចាកចេញពីប្រទេសដោយសារតែការធ្វើទុក្ខបុកម្នេញជាប្រចាំពីរដ្ឋាភិបាលលើសិទ្ធិសេរីភាពសាសនានិងសិទ្ធិរស់នៅរបស់ពួកគេ។
«បញ្ហាប្រឈមដ៏ធំសម្រាប់ជនជាតិពូនងនៅក្នុងប្រទេសវៀតណាមក៏ដូចជាក្រុមម៉ុងតាញ៉ានៅតំបន់ភ្នំភាគកណ្តាលប្រទេសគឺមានក្រុមដែលត្រូវតែរត់ភៀសខ្លួនចេញពីប្រទេសវៀតណាមដោយសារតែការធ្វើទុក្ខបុក្ខម្នេញ ការចាប់ដាក់ពន្ធនាគារ ការធ្វើទារុណ្ឌកម្មនិងមិនអាចគោរពសាសនាបានដោយសេរី»។
មធ្យោបាយតែមួយគត់សម្រាប់ពួកគេគឺភៀសខ្លួនចូលក្នុងទឹកដីប្រទេសកម្ពុជាប៉ុន្តែនៅទីនោះពួកគេក៏មិនទទួលបានការស្វាគមន៍ពីអាជ្ញាធរកម្ពុជាដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រីសារ៉ា ខូម។
លោកស្រីបានបន្ថែមថា៖
«បើបើជួបប្រទះស្ថានភាពដូចនេះក្នុងប្រទេសវៀតណាមក៏ដោយអ្នកដែលបានរត់ភៀសខ្លួនចូលមកប្រទេសកម្ពុជាមិនត្រូវបានគេទទួលស្គាល់ជាជនភៀសខ្លួនទេហើយពួកគេជាច្រើនត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ។ ដូច្នេះនៅសល់តែពួកគេមួយចំនួនតូចប៉ុណ្ណោះក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១៥»។
សម្រាប់អ្នកដែលបានរត់ភៀសខ្លួនមកដល់សហរដ្ឋអាមេរិកហើយរស់នៅក្នុងរដ្ឋNorth Carolina គឺកូនចៅរបស់ពួកគេទទួលបានជោគជ័យក្នុងការសិក្សានិងការងារហើយបានសម្របក្នុងសង្គមអាមេរិកាំងបានល្អប្រសើរ។
លោកភីធឺ ម៉ាក់ខ្វែយល់ថានេះជារឿងដែលបានធ្វើឱ្យលោកសប្បាយរីករាយ៖
«ដូច្នេះមានរឿងរ៉ាវជោគជ័យដ៏គួរឱ្យកត់សម្គាល់ខ្លះដែរ។ វាជាការពិតដែលគេត្រូវចាកចេញពីលំនៅដ្ឋានប៉ុន្តែក៏មានអនាគតល្អសម្រាប់ពួកគេនៅទីនេះ។ អ្នកខ្លះទទួលបានជោគជ័យហើយអ្នកខ្លះទៀតក៏ខិតខំប្រឹងប្រែងតស៊ូដែរ»។
ក្រៅពីឧបសគ្គបន្សល់ពីសង្គ្រាមជនជាតិភ្នំនៅប្រទេសកម្ពុជានិងវៀតណាមកំពុងទទួលរងសម្ពាធខាងសង្គមដែលអាចធ្វើឱ្យពួកគេបាត់បង់ភាសាដើមហើយនេះគឺជាគោលដៅមួយដែលមូលនិធិ Fainting Robin កំពុងខិតខំប្រឹងប្រែងធ្វើគឺការថែរក្សាភាសានិងវប្បធម៌របស់ពួកគេ។
លោកស្រីប៊ែកឃី បាត់ល័រអ្នកជំនាញខាងភាសាវិទ្យានៃសាកលវិទ្យាល័យ North Carolina យល់ថាសន្និសីទនេះ នឹងជួយឱ្យមានការយកចិត្តទុកដាក់ដល់ភាសារបស់ជនជាតិដើម។
លោកស្រី ប៊ែកឃី យល់ថា វាជាផលប្រយោជន៍សម្រាប់ប្រជាជាតិមួយប្រសិនបើពួកគេអាចរក្សាទុកភាសាខុសៗគ្នាឱ្យហើយសម្រាប់រដ្ឋាភិបាលកម្ពុជានិងវៀតណាម គឺគួរតែរៀបចំឱ្យមានសម្ភារៈសិក្សាសម្រាប់ជនជាតិពូនងនិងរក្សានូវស្ថិរភាពសម្រាប់ពួកគេដោយមិនរងការបណ្តេញចេញពីភូមិដ្ឋាន។
«ដូច្នេះប្រសិនបើសហគមន៍មានស្ថិរភាពហើយមានសម្ភារៈសិក្សាអប់រំសម្រាប់កូនចៅជនជាតិពូនងគឺជាជំហានដ៏ធំមួយហើយ»។
ប៉ុន្តែលោកស្រីក៏ទទួលស្គាល់ដែរថា កត្តាសេដ្ឋកិច្ចក៏បានជំរុញយុវជនឱ្យសិក្សាភាសាដែលងាយស្រួលស្វែងរកការងារធ្វើហើយបំភ្លេចភាសាដើមផងដែរ។ ដូច្នេះហើយអ្នកដឹកនាំសហគមន៍ត្រូវចេះស្វែងរកវិធីណាដែលធ្វើឱ្យយុវជនប្តេជ្ញាចិត្តផ្ទាល់ខ្លួននៅបន្តភាសាដើមរបស់ពួកគេ។
«ដូច្នេះជួនកាលនៅក្នុងសហគមន៍ខ្លះយើងឃើញអ្នកខ្លះមានមូលហេតុជំរុញផ្ទាល់ខ្លួន មូលហេតុវប្បធម៌ សាសនាដើម្បីអាចឱ្យពួកគេធ្វើទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងសហគមន៍ទាំងមូល។ ដូច្នេះមានហេតុផលជាច្រើនដែលពលរដ្ឋអាចនៅនិយាយភាសាដើមរបស់ពួកគេប៉ុន្តែហេតុផលនោះត្រូវតែមានលក្ខណៈជំរុញខ្លាំងជាពិសេសសម្រាប់ក្មេងៗ»។
លោកសាស្ត្រាចារ្យ Sylvain Vogel អ្នកស្រាវជ្រាវខាងភាសាវិទ្យានិងជាគ្រូភាសាសំស្រ្តឹតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញយល់ថាយុវជនគួរតែបន្តនិយាយភាសាកំណើតនៅក្នុងរង្វង់គ្រួសារនិងសហគមន៍បើទោះបីជាខ្លួនត្រូវរៀនភាសាដទៃដើម្បីធ្វើការក៏ដោយ។
«យុវជនត្រូវតែសម្របខ្លួនជាមួយនឹងបរិស្ថាន។ ឧទាហរណ៍បើសិនណាជាគេចង់ធ្វើការនៅស្រុកខ្មែរច្បាស់ថាគេចង់ចេះខ្មែរដែរ។ បើសិនណានៅ ស្រុកវៀតណាមច្បាស់ជាគេត្រូវរៀនភាសាវៀតណាមដែរ។ ក៏ប៉ុន្តែគេអាចនិយាយភាសាពីរតាមផ្លូវការគេនិយាយខ្មែរឬវៀតណាម។ ក្នុងភូមិក្នុងគ្រួសារជាមួយនឹងបងប្អូនគេអាចនិយាយព្នងបាន។ ដូច្នេះមានពីរភាសា»។
លោក វ៉ូហ្សែល កំពុងតែស្រាវជ្រាវពីភាសាពូនងដើម្បីអាចចងក្រងរឿងព្រេង កំណាព្យនិងការសរសេរតាមក្បួនខ្នាតវេយ្យាករណ៍ហើយលោកថាលោកមិនមានជួបនឹងឧបសគ្គអ្វីពីរដ្ឋាភិបាលកម្ពុជាទេ។
«បើសិនណាគេធ្វើការស្រាវជ្រាវឥឡូវ ឧទាហរណ៍រឿងព្រេងនិងកំណាព្យបុរាណបើសិនណាយើងមិនថតមិនសរសេរស្រាវជ្រាវឥឡូវខ្ញុំខ្លាចវាបាត់។ ដោយសារស្រាវជ្រាវហើយនឹងសរសេរឱ្យមានបន្តទៅទៀតខ្ញុំការណ៍នេះមិនមែនមានន័យថាខ្ញុំអាចសង្គ្រោះភាសាពូនងទេប៉ុន្តែខ្ញុំសូមជួយគឺតែប៉ុណ្ណឹងទេគឺសូមជួយមួយចំណែកតួចក៏ប៉ុន្តែបើសិនណាម្នាក់ៗធ្វើការងារតួនាទីរបស់ខ្លួនយើងអាចជួយភាសាពូនងអាចរស់នៅអនាគតនេះ»។
មូលនិធិ Fainting Robin គ្រោងនឹងរៀបចំសន្និសីទនេះជាលើកទីពីរនៅឆ្នាំក្រោយដើម្បីបង្ហាញពីផលប៉ះពាល់ដល់គោលនយោបាយសហរដ្ឋអាមេរិកមានមកលើតំបន់ជាពិសេសប្រទេសកម្ពុជា៕