ការ​ព្រួយបារម្ភ​ពី​បញ្ហា​​កូរ៉េខាងជើង​ និង​ឥទ្ធិពល​​របស់​ចិន​​ សំកាំង​ពី​លើ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​នៅ​​វ៉ាស៊ីនតោន

  • Ron Corben

រូបឯកសារ៖ រដ្ឋមន្រ្តី​ការបទេស​​អាស៊ាន​ថត​រូប​អំឡុងពេល​កិច្ចប្រជុំ​រដ្ឋមន្រ្តីការបទេស​អាស៊ាន​ នៅ​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី២៨ ខែ​មេសា ឆ្នាំ​២០១៧។

អ្នក​រាយការណ៍​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​និយាយ​ថា វោហារ​សាស្ត្រ «អាមេរិក​ត្រូវ​តែ​ដំបូង​គេ» របស់​រដ្ឋបាល​ប្រធានាធិបតី​ថ្មី និង​ការ​ដកខ្លួន​របស់​រដ្ឋាភិបាល​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា TPP បាន​ធ្វើ​ឲ្យ​ក្រុម​មេដឹកនាំ​អាស៊ាន​ទទឹង​ចិត្ត។

កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​នៃ​សមាជិក​សហគមន៍​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ ហៅ​កាត់ថា «​អាស៊ាន» ទាំង​ ១០​ប្រទេស ជាមួយ​នឹង​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Rex Tillerson នា​សប្ដាហ៍នេះ ធ្វើ​ឡើង ខណៈ​ពេល​មាន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ក៏ដូចជា ការ​ព្រួយបារម្ភ​ជុំវិញ​ឥទ្ធិពល​របស់​ចិន​ ដែល​កំពុង​តែ​កើនឡើង​ នៅ​តំបន់​អាស៊ីអាគ្នេយ៍។

កិច្ចប្រជុំ​នេះជា​ផ្នែក​មួយ​ក្នុង​ដំណើរការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ប្រចាំ​តំបន់​នៅ​ខែ​វិច្ឆិកា ដែល​នឹង​មាន​ការ​ចូលរួម​ពី​សំណាក់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ។

​លោក​រដ្ឋមន្រ្តី​ការបរទេស​ Tillerson បាន​និយាយ​កាល​ពី​ដើម​ឡើយ​ថា​ រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​បាន​ស្នើសុំ​កិច្ចប្រជុំ​នេះ​ជា​ផ្នែកមួយនៃ​កិច្ចប្រឹងប្រែងប្រចាំ​តំបន់​ដើម្បី​ទាក់ទង​ជាមួយ​នឹង​រដ្ឋបាល​ប្រធានាធិបតីថ្មី​នៅ​សហរដ្ឋអាមេរិក។

កិច្ចប្រជុំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ធ្វើឡើង​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​អនុប្រធានាធិបតី​អាមេរិក​លោក Mike Pence ទៅ​កាន់​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​រួម​មាន​ប្រទេស​ឥណ្ឌូនេស៊ី​ផង​ដែរ។

អំឡុងពេល​ដំណើរ​ទស្សនកិច្ច​នោះ លោក​ Pence បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ «កំពុង​ចាត់​វិធានការ​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​របស់​យើង​ជាមួយបណ្តា​ប្រទេស​អាស៊ាន​ និង​ពង្រឹង​មិត្តភាព​របស់​យើង» ក្នុង​គោលដៅ​រឹត​បន្តឹង​ទំនាក់ទំនង​សេដ្ឋកិច្ច និង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សន្តិសុខ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម និង​ដោះស្រាយ​ជម្លោះ​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង។​

ក្រុម​អ្នក​វិភាគ​បាន​ប្រាប់​ VOA ថា បណ្តា​ប្រទេស​សមាជិក​អាស៊ាន​កំពុង​តែ​ជំរុញ​កិច្ចពិភាក្សា​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ ចាប់តាំង​ពី​រដ្ឋបាល​ប្រធានាធិបតី​ថ្មី​ចូល​កាន់​តំណែង​ក្នុង​ខែ​មករា។

អ្នក​រាយការណ៍​តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា​និយាយ​ថា វោហារ​សាស្ត្រ «អាមេរិក​ត្រូវ​តែ​ដំបូង​គេ» របស់​រដ្ឋបាល​ប្រធានាធិបតី​ថ្មី និង​ការ​ដកខ្លួន​របស់​រដ្ឋាភិបាល​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ហៅ​កាត់​ថា TPP បាន​ធ្វើ​ឲ្យ​ក្រុម​មេដឹកនាំ​អាស៊ាន​ទទឹង​ចិត្ត។

រូបឯកសារ៖ រដ្ឋមន្រ្តីការបរទេស​លោក Rex Tillerson។

​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បាន​រីកចម្រើន​ដោយសារ​ពាណិជ្ជកម្ម​ជាមួយ​នឹង​សហរដ្ឋអាមេរិក​ ដែលនា​ពេល​បច្ចុប្បន្ន​មាន​តម្លៃ​ ២២៥​ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ។ ប៉ុន្តែ​ចំណាត់​ការ​ឆ្ពោះ​ទៅ​រក​លទ្ធិ​គាំពារ​និយម​ផ្នែក​ពាណិជ្ជកម្ម​ លើក​ឡើង​ដោយក្រុមអ្នក​សេដ្ឋកិច្ច​អង្គការ​សហប្រជាជាតិនា​សប្តាហ៍​នេះ បាន​បង្ក​ឲ្យ​មាន​ការ​ព្រួយបារម្ភ​ពី​ផល​ប៉ះពាល់​កាន់​តែ​ខ្លាំងកា្ល​ជាមុន​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់។

​ការ​សាបរលាប​នៃ​កិច្ចព្រមព្រៀងភាព​ជា​ដៃគូ​ឆ្លង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ បាន​ផ្តល់​ឱកាស​កាន់​តែ​ច្រើន​ជាង​មុន​សម្រាប់​ប្រទេស​ចិន​ ដែល​ឥឡូវ​នេះ​ជា​ដៃគូ​ពាណិជ្ជកម្ម​ចម្បង​ក្នុង​តំបន់ ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​តាមរយៈកិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ពេញលេញ​ក្នុង​តំបន់ ហៅ​កាត់​ថា RCEP។ សមាជិក​ក្នុង​កិច្ចព្រមព្រៀង​នេះ ក្រៅ​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន នៅ​មាន​ប្រទេស​ អូស្រ្តាលី ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង​នូវែលហ្សេឡង់។

លោក Thitinan Pongsudhirak នាយកវិទ្យាស្ថាន​សនិ្តសុខ និង​សិក្សា​អន្តរជាតិនៃ​មហាវិទ្យាល័យ​ Chulalongkorn និយាយ​ថា ​តាមរយៈ​ការ​ស្តារ​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​តំបន់​អាស៊ី​អាគ្នេយ៍ សហរដ្ឋអាមេរិក​កំពុង​តែ​ទទួលស្គាល់​ថា ខ្លួន​កំពុង​តែ​បាត់បង់​ប្រយោជន៍​ទៅ​ឲ្យ​ប្រទេស​ចិន។

​លោក Thitinan បាន​ប្រាប់​ VOA ថា៖ «នេះ​ជា​ការ​បញ្ជាក់​ច្បាស់​ថា រដ្ឋបាល​លោក​ត្រាំ​ចង់​ស្តារ​សម្ព័ន្ធភាព​ទ្វេភាគី​ទាំងនោះ​ឡើង​វិញ ហើយ​ចង់​ធ្វើការ​ជាមួយ​នឹង​ដៃគូ​នានា ដូចជា ប្រទេស​សិង្ហបុរី និង​បណ្តា​ប្រទេស​ដទៃ​ទៀត​ក្នុង​តំបន់​ ដើម្បី​លើកកម្ពស់​គោលជំហរ​របស់​អាមេរិក​ក្នុង​តំបន់ ដើម្បី​ទទួល​បាន​ចំណែក​ប្រយោជន៍​មួយ​ចំនួន​មក​វិញ​ តទល់​នឹង​ប្រទេស​ចិន»។

កាល​ពី​ដើម​សប្តាហ៍​នេះ លោកប្រធានាធិបតី​ត្រាំបាន​កោះហៅនាយករដ្ឋមន្រ្តី​សិង្ហបុរី​ លោក Lee Hsein Long ប្រធានាធិបតី​ហ្វីលីពីន​លោក Rodrigo Duterte និង​នាយករដ្ឋមន្រ្តី​ថៃ លោក Prayut Chan-o-cha ជាមួយ​នឹង​ការ​អញ្ជើញ​លក្ខណៈ​ឯកជន​មួយ​មក​កាន់​សេតវិមាន។

ក្រុម​អ្នក​វិភាគ​និយាយ​ថា សំណើ​ពី​លោក​ដូណាល់ ត្រាំ​ ត្រូវ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​សេចក្តីថ្លែងការណ៍​ពី​កិច្ចប្រជុំ​កំពូល​ថ្នាក់​ដឹកនាំ​កំពូល​អាស៊ាន​ ដែល​បាន​បន្ទាប​បន្ទន់ ការ​ដែល​ថា ចិន​កំពុង​តែ​ពង្រីក​វត្តមាន​ផ្នែក​សន្តិសុខ​កាន់​តែ​ធំ​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ តាមរយៈ​ការ​សាង់សង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​កោះ​ ដែល​មាន​ជម្លោះ។

រូបឯកសារ៖ ប្រធានាធិបតីអាមេរិក​លោកដូណាល់ ត្រាំ។

​លោក Thitinan និយាយ​ថា សេចក្តីថ្លែងការណ៍​ចុងក្រោយ​របស់​អាស៊ាន​បាន​កំណត់​ជា​ជ័យជម្នះ​ផ្នែក​ការទូត​មួយ​សម្រាប់​ចិន។

«ដូច្នេះ​ ជាមូលដ្ឋាន​គឺ ចិន​ទទួល​បាន​អ្វី​ដែល​ពួកគេ​ចង់​បាន ហើយ​ឥឡូវ​នេះ ចិន​មាន​ក្រឡា​លើ​ ដោយ​សារ​ពួកគេ​មាន​សន្លឹក​បៀរ​ច្រើន ដើម្បី​លេង»។

លោក​មាន​ប្រសាសន៍​បន្ត​ទៀត​ថា៖ «សហរដ្ឋអាមេរិក​ គឺ​អវត្តមាន​ហើយ ដូច្នេះ​ហើយ​បាន​ជា លោក Tillerson ហើយ​ឥឡូវ​នេះ​លោក​ដូណាល់ ត្រាំ ក៏ដូចជា រដ្ឋាភិបាល​អាមេរិក​ទាំងមូល កំពុង​តែ​ស្តារ​ក្រឡា​ខ្លួន​ឡើង​វិញ។ ហើយអាស៊ាន គឺ​មាន​អ្វីមួយ ដែល​ពួកគេ​កំពុង​តាម​រក»។

​ក្រុម​អ្នក​វិភាគ​និយាយ​ថា កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ត្រូវ​បាន​គេ​យល់ឃើញ​ថា បាន​ផ្តល់​ឱកាស​សំខាន់​មួយ ដើម្បី​ពិភាក្សា​ពីក្តីបារម្ភ​របស់​អាស៊ាន​ជុំវិញ​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ។

នៅ​ចុង​កិច្ចប្រជុំ​ថ្នាក់​ដឹកនាំ​នេះ ប្រធានាធិបតី​ហ្វីលីពីន​លោក Duterte បាន​អំពាវនាវ​ឲ្យ​អាមេរិក​ បង្ហាញ​ការ​អត់ធ្មត់​ក្នុង​ការ​ប្រឈម​ផ្នែក​ការទូត​ជាមួយ​នឹង​ប្រទេស​កូរ៉េខាងជើង ពាក់ព័ន្ធ​នឹង​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​រដ្ឋាភិបាលក្រុង​ព្យុងយ៉ាង។

​លោក Phil Robertson អនុប្រធានប្រចាំ​តំបន់​អាស៊ី​នៃអង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​ បាន​និយាយ​ថា ការ​កោះហៅ​របស់​ប្រធានាធិបតី​អាមេរិក​ទៅ​កាន់​ប្រទេស​ថៃ ហ្វីលីពីន និង​សិង្ហបុរី​ បាន​កំណត់​នូវ​ ការ​វិលត្រឡប់​ទៅ​រក​គោលនយោបាយ​សន្តិសុខ​ប្រចាំ​តំបន់ របស់​សហរដ្ឋអាមេរិក ដែល​ធ្លាប់​បាន​ឃើញ​ អំឡុងសម័យកាល​សង្រ្គាម​លោក​លើក​ទីពីរ។

លោក Robertson បាន​ប្រាប់​ទៅ VOA ថា៖ «អ្វី​ដែល​រៀង​ច្បាស់​នោះ​គឺ​ថា នៅ​ពេល​ដែល​អ្នក​ឈោង​ទៅ​រក​ប្រទេស​សិង្ហបុរី ហ្វីលីពីន ថៃ នៅ​ពេល​តែ​មួយ ថ្ងៃ​តែ​មួយ គឺ​អ្នក​កំពុង​តែ​កោះហៅកូនខ្លា ដែល​ជាផ្នែក​ចម្បង​មួយ​នៃ​វត្តមានផ្នែក​សន្តិសុខ​របស់​អាមេរិក​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក»។

លោក James Chin នាយក​វិទ្យាស្ថាន​សិក្សា​អាស៊ី​នៃ​មហាវិទ្យាល័យ University of Tasmania បាន​និយាយ​ថា កត្តា​ដទៃ​ទៀត​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​គឺ សេចក្តី​សង្ឃឹម​របស់​អាមេរិក​ក្នុង​ការ​ពង្រឹង​ការ​គាំទ្រ​ជា​លក្ខណៈ​តំបន់​ក្នុង​យុទ្ធសាស្រ្ត​សន្តិសុខ​ណាមួយ​ ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង។

លោក​ Chin បាន​និយាយ​ថា៖ «គឺ​វា​ពាក់ព័ន្ធ​ជាមួយ​នឹង​កូរ៉េខាងជើង និង​ចិន។ នៅ​ពេល​បច្ចុប្បន្ន​ គឺ​វា​ពាក់ព័ន្ធ​នឹង​ប្រទេស​កូរ៉េខាងជើង​ជាង។ គឺ​ អំពី​ការ​បង្កើត​ជា​ក្រុម​ចម្រុះ​មួយ។ ខ្ញុំ​សង្ស័យ​ថា ពួកគេ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ដំណើរការ​តទល់​នឹង​កូរ៉េខាងជើង មិន​ថា​ចិន​កំពុង​តែ​ធ្វើ​អ្វី​នោះ​ទេ ដូច្នេះ​ពួកគេ [កំពុងព្យាយាម] រៀបចំ​ជា​ក្រុម​ចម្រុះ​ណាមួយ​ហើយ»។

ក្រុម​អ្នកវិភាគ​និយាយ​ថា អាស៊ាន​ ដែល​កំពុងតែ​មាន​ការ​ខ្វែង​គ្នា​ចំពោះ​ការ​គាំទ្រ​រវាង​ចិន និង​សហរដ្ឋអាមេរិក​ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រួបរួមគ្នា​ ប្រសិន​បើ​សហរដ្ឋអាមេរិក និង​ចិន​សហការ​គ្នា​ដើម្បី​សម្រួល​ភាពតានតឹង​នៅ​ឧបទ្វីប​កូរ៉េ៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា