សត្វឃ្មុំមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងរុក្ខជាតិមានផ្កានៅលើភពផែនដីនេះ ហើយវាគឺជាសូចនាករនៃប្រព័ន្ធអេកូឡូស៊ីយ៉ាងសំខាន់ ដោយសាររុក្ខជាតិជាច្រើន ជាពិសេសនៅតំបន់ត្រូពិកពឹងផ្អែកទាំងស្រុងលើសត្វឃ្មុំក្នុងការរោយលំអងផ្កា ដើម្បីបំលែងទៅជាជីសម្រាប់លូតលាស់។ ដោយសារតែអត្ថប្រយោជន៍យ៉ាងធំធេងរបស់សត្វឃ្មុំ អ្នកឯកទេសខាងសត្វឃ្មុំ បានបង្ហាញពីក្តីបារម្ភចំពោះការថយចុះនូវចំនួនសត្វឃ្មុំនៅកម្ពុជា។
លោក ដេមៀន ម៉ាជីស្តា (Damian Magista) ដែលជាអ្នកឯកទេសស្រាវជ្រាវអំពីសត្វឃ្មុំ និងជាស្ថាបនិកនៃក្រុមហ៊ុន Bee Local បានថ្លែងប្រាប់ VOA ក្រោយពីត្រឡប់មកពីប្រទេសកម្ពុជាវិញថា លោកសង្កេតឃើញថា ការកាប់បំផ្លាញព្រៃឈើខុសច្បាប់ និងការរកឃ្មុំខុសបច្ចេកទេស គឺជាមូលហេតុចម្បងដែលបណ្តាលឲ្យសត្វឃ្មុំនៅកម្ពុជាប្រឈមនឹងការវិនាសហិនហោចខ្ពស់។
លោកបានមានប្រសាសន៍ថា៖«កាលណាយើងចាប់ផ្តើមបាត់បង់ព្រៃឈើ យើងក៏ចាប់ផ្តើមបាត់បង់សត្វឃ្មុំ និងប្រព័ន្ធអេកូឡូស៊ីចម្រុះផងដែរ។ ហើយការយកឃ្មុំខុសបច្ចេកទេស ដែលតែងតែយកសំបុកទាំងមូលក៏បំផ្លាញសត្វឃ្មុំផងដែរ»។
ស្ថាបនិកក្រុមហ៊ុនផលិតទឹកឃ្មុំដែលមានទីតាំងនៅទីក្រុង Portland រដ្ឋ Oregon នៃសហរដ្ឋអាមេរិករូបនេះ បានចំណាយពេល២សប្តាហ៍ស្នាក់នៅក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដើម្បីសិក្សាស្វែងយល់អំពីប្រភេទសត្វឃ្មុំនៅកម្ពុជា។ លោកMagista បានធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា ដោយសារលោកដឹងថា កម្ពុជាមានឃ្មុំប្រភេទកម្រ ដែលគេឃើញមានភាគច្រើនតែនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ប៉ុណ្ណោះ ដែលនោះគឺជាឃ្មុំប្រភេទ Apis Dorsata ដែលជាភាសាខ្មែរហៅថា ឃ្មុំធំ ឃ្មុំត្រចៀកដំរី ឬឃ្មុំចង្អេរ និងឃ្មុំប្រភេទ Apis Florea ដែលជាភាសាខ្មែរហៅថា ឃ្មុំផ្លិត។ ឃ្មុំទាំង២ប្រភេទនោះ មានលក្ខណៈពិសេសក្នុងការការពារខ្លួន និងជាប្រភេទឃ្មុំ ដែលមានតាំងពីយូរយារណាស់មកហើយ។ ជាពិសេសជាងនេះទៅទៀត ឃ្មុំធំ ឃ្មុំត្រចៀកដំរី ឬឃ្មុំចង្អេរនេះ អាចបង្កើតសំបុកដែលមានទំហំរហូតដល់ទៅជិត៣ម៉ែត្រការ៉េឯណោះ។
លោកបាននិយាយថា៖«យើងមិនឃើញមានឃ្មុំប្រភេទនេះនៅអាមេរិកនោះទេ ហើយគេក៏មិនឃើញមាននៅតំបន់ជាច្រើននោះដែរ។ ឃ្មុំប្រភេទនេះមានលក្ខណៈប្លែកខុសពីគេ។ ដូច្នេះ បើយើងបាត់បង់ឃ្មុំប្រភេទនេះ យើងនឹងបាត់បង់យ៉ាងធំធេង»។
ទឹកឃ្មុំរបស់កម្ពុជាអាចលក់រាយបានក្នុងតម្លៃ១០ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម ដែលនេះជាតម្លៃមួយដែលខ្ពស់ជាងតម្លៃទឹកឃ្មុំរបស់ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយចំនួន ដូចជាប្រទេសថៃ និងវៀតណាមជាដើម។ នេះបើយោងតាមរបាយការណ៍វាយតម្លៃសង្វាក់តម្លៃទឹកឃ្មុំរបស់អង្គការ USAID ចេញផ្សាយកាលពីឆ្នាំ២០០៩។
ក្នុងរយៈពេលដែលលោក Magista បានស្នាក់នៅក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនមួយភាគធំអាស្រ័យផលពីធនធានធម្មជាតិនោះ លោកបានកត់សម្គាល់ឃើញថា ឃ្មុំបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជា។ ក្នុងនោះ សំបុកឃ្មុំ និងទឹកឃ្មុំគឺជាប្រភពនៃជីវជាតិប្រូតេអ៊ីន ហើយក្រមួនរបស់វា គេប្រើសម្រាប់ផលិតជាទៀនដុតបំភ្លឺនៅតាមវត្តអារាម និងនៅតាមផ្ទះ ជាពិសេសនៅតាមតំបន់ដាច់ស្រយ៉ាល ដែលមិនមានអគ្គិសនីប្រើប្រាស់។ លើសពីនេះ របររកឃ្មុំមិនត្រឹមតែជួយដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជាមួយចំនួននោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃប្រពៃណីទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមកផងដែរ។
លោក Magista បានមានប្រសាសន៍ថា៖«នេះគឺជាបច្ចេកទេសបុរាណ និងជាប្រពៃណីទំនៀមទម្លាប់ពីបុរាណ ដែលបានធ្វើឡើងអស់រយៈពេលជាយូរលង់ណាស់មកហើយ។ ហើយដោយសារយើងកំពុងតែបាត់បង់ឃ្មុំ ប្រពៃណីមួយនេះក៏កំពុងតែបាត់បង់ជាបណ្តើរៗផងដែរ»។
ថ្វីដ្បិតតែចំនួនសត្វឃ្មុំនៅកម្ពុជាមានការធ្លាក់ចុះគួរឲ្យព្រួយបារម្ភក្តី ក៏អ្នកឯកទេសស្រាវជ្រាវខាងសត្វឃ្មុំរូបនេះ នៅតែមានសុទិដ្ឋិនិយមថា កម្ពុជាអាចមានសក្តានុពលទីផ្សារនាំចេញផលិតផលពីឃ្មុំ ជាពិសេសទឹកឃ្មុំ ប្រសិនបើមានការយកចិត្តទុកដាក់បង្កើតឲ្យមានកម្មវិធីវិនិយោគរយៈពេលវែងចាប់ពី៥ទៅ១០ឆ្នាំ។
លោកMagista បានបញ្ជាក់ថា គម្រោងវិនិយោគនេះ«ត្រូវបង្កើតឲ្យមានក្រុមអ្នកជំនាញការបង្រៀនដល់ប្រជាជនពីបច្ចេកទេស ក្នុងការរក្សាសត្វឃ្មុំ និងផ្តល់ដល់ពួកគេនូវសម្ភារៈដែលចាំបាច់ទាំងឡាយ»។
កន្លងមកធ្លាប់មានអង្គការក្រៅរដ្ឋាភិបាល និងម្ចាស់ជំនួយឯកជនមួយចំនួន ដែលជួយដល់កម្មវិធីរក្សាសត្វឃ្មុំនៅកម្ពុជា ដូចជាមជ្ឈមណ្ឌលសម្រាប់អភិរក្សជីវចម្រុះអង្គរ (ACCB)ក្នុងខេត្តសៀមរាប គម្រោងលើកកម្ពស់វិស័យឯកជនក្នុងខេត្តពោធិ៍សាត់ ដែលឧបត្ថម្ភដោយអង្គការGTZ និងគម្រោងអភិវឌ្ឍន៍កសិពាណិជ្ជកម្មកម្ពុជា ក្នុងខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ដែលគាំទ្រដោយ NZAID ប៉ុន្តែបច្ចុប្បន្ននេះ គម្រោងទាំងនេះបានបញ្ចប់ទៅហើយ។ កាលពីឆ្នាំ២០១៣ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនវិនិយោគជប៉ុន ARUN បាននាំចេញទឹកឃ្មុំព្រៃចំនួន៥០០លីត្រទៅកាន់ប្រទេសជប៉ុនជាលើកដំបូងបង្អស់៕