ក្តីបារម្ភ​ថា​ផ្ទុះ​សង្គ្រាម​ស៊ីវិល​នៅ​អេត្យូពី​កំពុង​កើនឡើង ខណៈ​នាយករដ្ឋមន្រ្តី​នៃ​ប្រទេស​នេះ បង្កើន​ការវាយ​ប្រហារ​ដោយ​យោធា

  • ​Reuters

នៅក្នុង​រូបភាព​ដែលដកស្រង់ពី​វីដេអូ​ដែល​ទទួល​បាន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាធារណៈ​អេត្យូពី​នៅ​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២០​នេះ បង្ហាញ​លោក​នាយករដ្ឋមន្រ្តី Abiy Ahmed បាន​និយាយ​ថា លោក​កំពុង​បញ្ជា​ឱ្យ​មាន​ការឆ្លើយតប​ផ្នែកយោធា​ទៅលើ​តំបន់​ខេត្តTigray។

នាយក​រដ្ឋ​មន្ត្រី​ប្រទេស​អេត្យូពី បាន​បង្កើន​ការ​វាយ​ប្រហារ​យោធា​ ក្នុង​តំបន់​ខេត្ត Tigray (ធិក្រេ) ​ភាគ​ខាង​ជើង​ប្រទេស​កាល​ពី​ថ្ងៃ​ចន្ទ​ ដោយការ​វាយ​ប្រហារ​តាម​យន្តហោះ​ ដែល​ជា​ផ្នែក​មួយ​នៃ​អ្វី​ដែល​លោក​ហៅ​ថា​ «ជាប្រតិបត្តិការ​អនុវត្ត​ច្បាប់» ដែល​បង្កើន​ឲ្យ​មាន​ក្តី​បារម្ភ​ពី​សង្គ្រាម​ស៊ីវិលមួយដ៏​ធ្ងន់​ធ្ងរ នៅ​ក្នុង​ប្រទេសនៃទ្វីបអាហ្វ្រិក​ដែលមាន​ចំនួនពលរដ្ឋ​ដ៏​ច្រើន​បំផុត​ទី​២​នេះ។

​នាយករដ្ឋ​មន្ត្រី​អេត្យូពី លោក Abiy Ahmed​ (អាប៊ី អាម៉េដ)​ ដែល​ទទួល​បាន​ពាន​រង្វាន់ណូបែល​សន្តិភាព​ពិភពលោក​ (Nobel Peace Prize​) កាល​ពី​ឆ្នាំ​ទៅ​ ​មិន​បាន​ស្តាប់​ការ​អំពាវ​នាវ​របស់​អង្គការ​សហប្រជាជាតិ​ និង​សម្ព័ន្ធមិត្ត​ក្នុង​តំបន់​ ​ដើម្បី​ចរចា​ជាមួយ​មេដឹកនាំ​ក្នុង​តំបន់​ខេត្ត​ Tigray​ ដែល​ជាតំបន់​ជាតិ​សាសន៍​ភាគ​តិច​ ដែលធ្លាប់​កាន់​កាប់​រដ្ឋាភិបាល​សហព័ន្ធអេត្យូពី​ មុន​លោក​ឡើង​កាន់​អំណាច​ ក្នុង​ឆ្នាំ​២០១៨​ នោះទេ។​

លោក Abiy កាល​ពី​សប្តាហ៍​មុន​ បាន​បើក​យុទ្ធនាការវាយ​ប្រហារយោធានៅ​ក្នុង​ខេត្ត​នេះ​ ដោយ​លើក​ឡើង​ថា ​កង​កម្លាំង​ដែល​ស្មោះ​ត្រង់នឹង​មេដឹកនាំក្នុង​ខេត្ត​នោះ​ បាន​ធ្វើ​ការ​វាយ​ប្រហារ​ទៅលើ​មូលដ្ឋាន​យោធា​មួយ​ និងបាន​ប៉ុន​ប៉ង​លួច​យកឧបករណ៍​មួយ​ចំនួន។

លោក​ Abiy បាន​ចោទ​ប្រកាន់​មេដឹកនាំ​ខេត្ត Tigray​ ថា ​បាន​បំផ្លាញ​កំណែ​ទម្រង់​ប្រជាធិបតេយ្យ​របស់​លោក។

ផ្ទុយ​ទៅ​វិញ ជនជាតិ Tigray ចោទ​លោក Abiy ដែល​មក​ពី​ក្រុម​ជាតិ​សាសន៍ Oromo (អូរ៉ូម៉ូ)​ ដែល​ជា​ក្រុម​ជាតិ​សាសន៍​ដែល​មាន​ចំនួន​ច្រើន​បំផុត​ក្នុង​ប្រទេស​អេត្យូពី​ នោះថា ​បាន​ចាប់​យក​ពួក​គេជា​គោលដៅ​ដោយមិន​ស្មើភាព ក្នុង​សកម្មភាព​បង្ក្រាប​អំពើ​ពុក​រលួយ​ និងការ​រំលោភ​សិទ្ធិមនុស្ស​ដែល​កើត​មាន​ពីអតីត​កាល៕