លោក ម៉ឹង វិសាលសុខ ដែលសព្វថ្ងៃជាសមាជិកក្រុមប្រឹក្សាស្រុកទឹកផុស របស់គណបក្សប្រជាជនកម្ពុជា បានសម្រេចឈរឈ្មោះ សម្រាប់តំណែងមេឃុំឲ្យគណបក្សនេះវិញ។ លោកអះអាងថា លោកនឹងលាឈប់ពីសមាជិកក្រុមប្រឹក្សាស្រុកនៅពេលឆាប់ៗខាងមុខ ដើម្បីចូលរួមប្រកួតប្រជែងសម្រាប់តំណែងមេឃុំក្តុលសែនជ័យក្នុងស្រុកទឹកផុស នៃខេត្តកំពង់ឆ្នាំងនេះ។
លោក ម៉ឹង វិសាលសុខ បានលើកឡើងថាការសម្រេចចិត្តនេះ គឺជាការបើកផ្លូវឲ្យលោកអាចចូលរួមជួយប្រជាពលរដ្ឋបានដោយផ្ទាល់ និងច្រើនជាងមុន និងដើម្បីជួយគណបក្សប្រជាជនកម្ពុជា ដែលលោកថាអាចបាត់បង់តំណែងមេឃុំ ប្រសិនបើមិនមានបេក្ខភាពរូបលោក។
«គំនិតមួយទៀត ខ្ញុំក៏ចង់ជួយបក្សខ្ញុំដែរ។ ប្រសិនបើខ្ញុំ មិនឈរ ខ្លាចក្រែងលោមិនជាប់។ ខ្ញុំខ្លាចបាត់បង់ហ្នឹងហើយ បានខ្ញុំមកឈរ»។ លោកបន្ថែមថា៖ «ខ្ញុំ គឺខ្ញុំមានគំនិតមួយថាបើខ្ញុំនៅក្រុមប្រឹក្សា ខ្ញុំជួយប្រជាពលរដ្ឋខ្ញុំអត់បានទេ។ តែបើខ្ញុំនៅទីនេះ គឺខ្ញុំពិតជាជួយប្រជាពលរដ្ឋបាន»។
បេក្ខជនមេឃុំរូបនេះ បានអះអាងទៀតថា មេឃុំបច្ចុប្បន្នមកពីគណបក្សប្រជាជនកម្ពុជា បានរងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ថាបំពេញការងារមិនទាន់បានល្អ ដែលជាការបារម្ភរបស់រូបលោក ខ្លាចគណបក្សបាត់បង់តំណែងមេឃុំនៅពេលខាងមុខ។
« ខ្ញុំឃើញថាមេឃុំមុនដឹកនាំមិនសូវល្អ បានខ្ញុំឈរ ហើយខ្ញុំច្រើននិយាយថាប្រសិនបើមេឃុំគេដឹកនាំល្អហើយ ខ្ញុំមិនបាច់ឈរទេ»។
ក្តុលសែនជ័យជាឃុំថ្មីមួយដែលទើបតែបំបែកចេញពីឃុំក្រាំងស្គារ ដោយសារឃុំមួយនេះមានវិសាលភាពធំ ដែលតម្រូវឲ្យបំបែកជាពីរឃុំ។
កាលពីការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា ទទួលបាន៦អាសនៈ ខណៈគណបក្សប្រឆាំងទទួលបាន៣អាសនៈនៅក្នុងឃុំក្រាំងស្តារ។ គណបក្សកាន់អំណាចទទួលបានសំឡេងលើសគណបក្សប្រឆាំងប្រមាណ១ពាន់សំឡេង។
នៅក្នុងការបោះឆ្នោតខាងមុខនេះ ឃុំក្តុលសែនជ័យ មាន៥អាសនៈ។ គណបក្សនយោបាយចំនួន៦ នឹងចូលរួមប្រកួតប្រជែង ដើម្បីដណ្តើមយកអាសនៈទាំងនេះ នៅក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខនេះ។ ប្រជាជនដែលបានចុះឈ្មោះបោះឆ្នោតនៅក្នុងឃុំនេះ មានប្រមាណ៣ពាន់នាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុបជាង៥ពាន់នាក់។
លោក ម៉ឹង វិសាលសុខ បានចាប់ផ្ដើមធ្វើជាក្រុមប្រឹក្សាស្រុកទឹកផុស ចាប់តាំងពីឆ្នាំ២០០៩។ កន្លងទៅ លោកធ្លាប់ផ្ដល់អំណោយដល់ប្រជាពលរដ្ឋ ពេលពួកគាត់ជួបការលំបាកក្នុងនៅក្នុងជីវភាព។ លោកបន្តថាលោកក៏បានចូលរួមកសាងសាលារៀន មន្ទីរពេទ្យ និងវត្តអារាម ដែលធ្វើឲ្យប្រជាពលរដ្ឋបានស្គាល់រូបលោកជាបន្តបន្ទាប់។
លោក ម៉ឹង វិសាលសុខ មានប្រសាសន៍ថាលោកចង់បានកិត្តិយស នៅពេលបំពេញតួនាទីជាមេឃុំ និងប្ដេជ្ញាធ្វើអ្វីគ្រប់យ៉ាង ដើម្បីបម្រើប្រជាពលរដ្ឋ។
«គាត់(ប្រជាពលរដ្ឋ)ហៅខ្ញុំលោកប្អូនឯងហ្នឹង ចង់ធ្វើមេឃុំ ដើម្បីអី? សួរបីដងបានខ្ញុំឆ្លើយ។ ខ្ញុំឆ្លើយតែមួយម៉ាត់ទេ គឺខ្ញុំចង់បានកិត្តិយស អញ្ចឹងលោកពូវិភាគចុះ»។
បេក្ខជនមេឃុំរូបនោះបានអះអាងថា នៅពេលលោកក្លាយជាមេឃុំ សេវាធ្វើអត្រានុកូលដ្ឋាន និងឯកសារផ្សេងៗ លោកនឹងធ្វើជូនប្រជាពលរដ្ឋ ដោយមិនគិតថ្លៃនោះទេ។ លោកបន្តថា លោកនឹងយកប្រាក់ឧបត្ថម្ភរបស់លោក ទៅជួយប្រជាពលរដ្ឋក្រីក្រដែលជួបការលំបាកក្នុងជីវភាពរស់នៅ។
លោកមានប្រសាសន៍ថាភរិយារបស់លោកជាអ្នករកស៊ីលក់ឥវ៉ាន់ ដូច្នេះក្រុមគ្រួសារអាចជួយផ្គត់ផ្គង់ជីវភាពរបស់លោកបាន។
«មុខរបរប្រពន្ធខ្ញុំរាល់ថ្ងៃ មានតែឲ្យខ្ញុំចាយថែមទៀត ព្រោះឥវ៉ាន់នេះប្រហែលជិត១០ម៉ឺន(ដុល្លារ)។ អញ្ចឹងប្រពន្ធខ្ញុំ ពេលដែលខ្ញុំថាអត់លុយចាក់សាំងទេ ប្រពន្ធខ្ញុំឲ្យ។ យើងមិនដែលទៅកេងប្រវ័ញ្ចពីប្រជាពលរដ្ឋសូម្បីតែ១០០ខ្មែរ។ មានតែឲ្យ ខ្ញុំមានតែជូនគាត់»។
លោកបន្តថាទន្ទឹមនឹងនេះ លោកក៏នឹងផ្ដោតលើការស្ថាបនាផ្លូវ ប្រព័ន្ធធារាសាស្ត្រ និងបង្កើតតំបន់ទេសចរណ៍សម្រាប់ឃុំផងដែរ។
ចំណែកដៃគូប្រកួតប្រជែងរបស់លោកគឺលោក ឈឿន ឃីម បេក្ខជនមកពីគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា ប្រជាពលរដ្ឋចង់បានការផ្លាស់ប្ដូរមេឃុំ ស្របពេលដែលគោលនយោបាយរបស់គណបក្សប្រឆាំងនឹងផ្ដល់ថវិកាប្រមាណ៥០ម៉ឺនដុល្លារក្នុងមួយឆ្នាំសម្រាប់ប្រើប្រាស់ក្នុងការអភិវឌ្ឍឃុំ។ លោកបញ្ជាក់ថា ថវិកាអភិវឌ្ឍន៍ឃុំក្នុងមួយឆ្នាំ នាពេលបច្ចុប្បន្ន មានតែជិត២ម៉ឺនដុល្លារអាមេរិកតែប៉ុណ្ណោះ។
«៥០ម៉ឺនក្នុងមួយឆ្នាំ យើងគិតទៅ ផ្លូវដែលខូចខាតក្នុងឃុំក្តួលយើងទាំងមូលនេះ ប្រហែលជាខ្ញុំធ្វើតែមួយឆ្នាំទេ អាចគ្រប់ ព្រោះលុយ៥០ម៉ឺនដុល្លារនេះ យើងគិតទៅច្រើនណាស់ ព្រោះរាល់ថ្ងៃនេះ ឃុំ៥កៅអីដូចខ្ញុំនេះ ប្រហែលជាជាង១ម៉ឺនជិត២ម៉ឺនដុល្លារ អញ្ចឹងយើងមិនអាចធ្វើគ្រប់គ្រាន់ទេ»។
លោកបញ្ជាក់បន្ថែមថា លោកនឹងធ្វើជាមេឃុំម្នាក់ ដែលមិនប្រព្រឹត្តអំពើពុករលួយ និងយកប្រជាពលរដ្ឋជាធំ។
«ចំពោះបេក្ខជនដែលត្រូវប្រកួតប្រជែងជាមួយខ្ញុំ មកពីខាងគណបក្សប្រជាជន និយាយរួមគេមានធនធានច្រើនជាងខ្ញុំ ហើយអំណាចគេគ្រប់គ្រងរាល់ថ្ងៃគាត់ជាក្រុមប្រឹក្សាស្រុកហ្នឹង ខ្ញុំក៏អត់ព្រួយបារម្ភអីដែរ ដោយសារខ្ញុំមានឆន្ទៈមួយ មានបំណងបម្រើប្រជាពលរដ្ឋពិតប្រាកដ។ ប្រសិនបើខ្ញុំជាប់ជាមេឃុំ ខ្ញុំអត់យកលុយយកកាក់ អត់ប្រព្រឹត្តអំពើពុករលួយទេ»។
បេក្ខជនមេឃុំរូបនោះបានបញ្ជាក់ថាប្រសិនបើលោកមានឱកាសឈ្នះការបោះឆ្នោត លោកនឹងយកចិត្តទុកដាក់ក្នុងការស្ថាបនាផ្លូវជូនប្រជាពលរដ្ឋ ផ្ដោតលើវិស័យសុខាភិបាល ការការពារធនធានធម្មជាតិ និងសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
អ្នកនាង អោម ស៊ីណា អាយុ២៨ឆ្នាំ លក់ចំណីអាហារ និងភេសជ្ជៈតិចតួចនៅតាមផ្លូវ នៅចម្ងាយប្រមាណ៣០ម៉ែត្រពីផ្ទះបេក្ខជនមេឃុំមកពីគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា នាងបានសម្រេចចិត្តរួចហើយក្នុងការជ្រើសរើសមេឃុំនៅពេលខាងមុខ។ នាងបញ្ជាក់ថានាងស្គាល់បេក្ខជនមេឃុំមកពីគណបក្សប្រជាជនកម្ពុជា តែមិនដែលស្គាល់បេក្ខជនមកពីគណបក្សសង្គ្រោះជាតិនោះទេ។
ទោះជាយ៉ាងណា អ្នកនាងបានបញ្ជាក់ថានាងចង់បានការផ្លាស់ប្ដូរមេឃុំ។
«ឃុំនេះភាគច្រើនគឺគណបក្សប្រជាជនកម្ពុជាហើយ។ ចិត្តយើងអត់ទៅហ្នឹងគេ ក៏គេទៅដែរ។ ចង់ផ្លាស់យូរណាស់ តែទៅវាមិនរួច តែនឹងខំទៅទៀត»។
ចំណែកប្រជាពលរដ្ឋម្នាក់ទៀតដែលរស់នៅចម្ងាយប្រមាណ៥០ម៉ែត្រពីផ្ទះបេក្ខជនមេឃុំបក្សប្រជាជនកម្ពុជាគឺលោកស្រី ឡូត នឿយ អាយុ៦៥ឆ្នាំ មានប្រសាសន៍ថាលោកស្រីនឹងបោះឆ្នោតគាំទ្រគណបក្សកាន់អំណាច ដោយសារលោកស្រីមើលឃើញថាបេក្ខជនឈរឈ្មោះនោះ បានជួយប្រជាពលរដ្ឋ និងលោកស្រី ផងដែរ។
«ជូនគាត់ហ្នឹងហើយ គាត់ធ្វើការល្អ ដូចថាគាត់ចេះជួយប្រជាជន អ្នកអត់។ នឹកឃើញថា គាត់ក៏ជួយប្រជាជនដែរ។ដូចថាប្រជាជនខ្វះខាតអី គាត់ក៏ជួយប្រជាជនដែរណា ម្ល៉ោះហើយត្រូវតែជ្រើសរើសគាត់»។
ចំណែកក្នុងតំបន់ដាច់ស្រយាលក្បែរផ្ទះបេក្ខជនមេឃុំមកពីគណបក្សសង្គ្រោះជាតិវិញ ប្រជាជនទំនងជាគាំទ្របេក្ខជនមេឃុំមកពីគណបក្សប្រឆាំង ឲ្យក្លាយជាមេឃុំក្តុលសែនជ័យ។
អ្នកស្រី ថៃ ចាន់នី អាយុ៣៧ឆ្នាំ រស់នៅក្បែរផ្ទះបេក្ខជនមេឃុំមកពីគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថាអ្នកស្រីនឹងបោះឆ្នោតគាំទ្រគណបក្សសង្រ្គោះជាតិ។ អ្នកស្រីបន្តថាអ្នកស្រីចង់ឲ្យមេឃុំថ្មីស្ថាបនាផ្លូវនៅតំបន់របស់អ្នកស្រីកំពុងរស់នៅ។
«អ៊ំឃីម(បេក្ខជនមេឃុំមកពីបក្សសង្រ្គោះជាតិ)ហ្នឹង ខ្ញុំដឹងថាគាត់មនុស្សល្អ ប្រជាពលរដ្ឋធ្វើអី រកអី គឺគាត់មិនដែលចេះបៀតបៀនអ្នកណាទេ។ ខ្ញុំនឹងប្រាកដថាបោះឆ្នោតឲ្យគាត់»។
រីឯលោក ឈិន សាវុធ អាយុ៤៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិដំណាក់ខ្លុង មានប្រសាសន៍ថា លោកចង់ឲ្យមេឃុំថ្មី រៀបចំផ្លូវ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ។ លោកបានរិះគន់មេឃុំបច្ចុប្បន្នថា មិនបានយកចិត្តទុកដាក់ទៅលើប្រជាពលរដ្ឋនោះទេ។
«ឲ្យមេឃុំអាណត្តិក្រោយហ្នឹង ត្រូវយល់ពីទុក្ខលំបាកប្រជាពលរដ្ឋ។ ដូចគាត់មិនសូវគិតគូរប្រជាពលរដ្ឋ ពេលប្រជាពលរដ្ឋ មានការងារ មានរវល់គាត់ ជួនគាត់ទៅ គាត់ដូចជាព្រងើយកន្តើយ។អញ្ចឹងទៅ ជួនគាត់ទៅគាត់ថារវល់ថ្ងៃនេះ ថ្ងៃនោះ រឿងនេះត្រូវតែផ្លាស់ប្ដូរ ចង់ដឹងមេឃុំថ្មីវាយ៉ាងម៉េច»។
មេឃុំក្រាំងស្គារ លោក គង់ សំអ៊ីម មានប្រសាសន៍ថា តំបន់ដែលលោកគ្រប់គ្រងកាលមិនទាន់បំបែកឃុំ មានទំហំធំ ដែលធ្វើឲ្យលោកពិបាកនឹងគ្រប់គ្រងឲ្យបានអស់។ លោកបន្តថាការដឹកនាំតែងតែមានល្អ និងអាក្រក់នៅជាមួយគ្នា។
«យើងមិនមែនធ្វើឲ្យល្អឥតខ្ចោះហ្មងទេ មានការខ្វះខាតខ្លះហើយ»។
ឆ្លើយតបនឹងការរិះគន់របស់ប្រជាពលរដ្ឋថាមិនមានការស្ថាបនាផ្លូវនៅភូមិដំណាក់ខ្លុង មេឃុំរូបនោះមានប្រសាសន៍ថាឃុំមិនមានថវិកាគ្រប់គ្រាន់ ដើម្បីកសាងផ្លូវឲ្យបានអស់នោះទេ ហើយឃុំត្រូវសម្រេចចិត្តសាងសង់ ផ្លូវអាទិភាពនៅតំបន់ដែលមានមនុស្សរស់នៅច្រើន។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំមណ្ឌលកំពង់ឆ្នាំង លោក ង៉ោ គឹមជាង បានថ្លែងថាគណបក្សប្រឆាំងសង្ឃឹមថានឹងទទួលបាន៣០ទៅ៤០មេឃុំ ក្នុងចំណោម៧០ឃុំ សម្រាប់ខេត្តកំពង់ឆ្នាំង។
ក្នុងការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១២ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រច្រើន រហូតដល់៨.២៩២អាសនៈក្នុងចំណោមអាសនៈក្រុមប្រឹក្សាចំនួន១១.៤៥៩ និងទទួលបានតំណែងមេឃុំ-ចៅសង្កាត់ចំនួន១.៥៩២ក្នុងចំណោមឃុំសង្កាត់ទាំង១.៦៣៣។
គណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ទទួលបានអាសនៈក្រុមប្រឹក្សាសរុបចំនួន២.៩៥៥ និងតំណែងមេឃុំចៅសង្កាត់តែចំនួន៤០ប៉ុណ្ណោះ។
ទោះជាយ៉ាងណា បេក្ខជនប្រកួតប្រជែងយកតំណែងមេឃុំក្តុលសែនជ័យ មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សុទ្ធតែបង្ហាញក្តីសង្ឃឹមដូចគ្នាថាពួកគេនឹងឈ្នះតំណែងមេឃុំនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ខាងមុខនេះ៕