គណៈកម្មការ​ស៊ើបអង្កេត​កម្ពុជា​ជំរុញ​ការ​ដាក់​រដ្ឋាភិបាល​កម្ពុជា​ទទួល​ខុសត្រូវ​ការរំលោភ​សិទ្ធិមនុស្ស

រូបថត​​​នៃ​គេហទំព័រ​គណៈកម្មការ​ស៊ើបអង្កេត​​សម្រាប់​កម្ពុជា​ ដែល​ជា​គណៈកម្មការ​ពលរដ្ឋ​ដំបូង​ដែល​ធ្វើ​កិច្ចការ​នេះ​និង​ផ្តួចផ្តើម​ដោយ​អង្គការ ​Save Cambodia ថត​កាល​ពី​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២។ (ថត​ពី​គេហទំព័រ Save Cambodia)

គណៈកម្មការ​ស៊ើបអង្កេត​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​កំពុង​ងាក​មក​ផ្តោតចំណាប់​អារម្មណ៍​លើ​ការដាក់​ឱ្យ​រដ្ឋាភិបាលលោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​នានា​ដែល​បាន​កើតឡើង​ក្នុង​រយៈពេល​ជិត​៤​ទសវត្សរ៍​នៅ​កម្ពុជា​ក្រោម​ការគ្រប់គ្រងរបស់​លោក។

លោក Paul Hoffman (ប៉ូល ហប់មែន) ​ស្នងការ​នៃ​គណៈកម្មការ​ស៊ើបអង្កេត​កម្ពុជា​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​តាម​អនឡាញ​កាលពី​ចុង​ខែ​កក្កដា​ថា៖ «ការ​ដាក់​ឱ្យ​របប​លោក ​ហ៊ុន សែន​ ទទួល​ខុសត្រូវ​ជារឿង​សំខាន់​ណាស់​ចំពោះ​ការរំលោភ​ធ្ងន់ធ្ងរ​និង​អស់​រយៈពេល​ជា​យូរ​មក​ហើយ​លើ​ច្បាប់​អន្តរជាតិ​ប្រសិនបើ​ប្រទេស​កម្ពុជា​ត្រូវ​ងើប​ចេញ​ពី​ឧក្រិដ្ឋកម្ម​របស់​របប​លោក​ ហ៊ុន សែន»។​

គណៈកម្មការ​ស៊ើបអង្កេត​កម្ពុជា​ (Commission of Inqury for Cambodia) គឺ​ជា​អង្គការ​ស្ម័គ្រចិត្ត​ឯករាជ្យ​ដែល​បង្កើត​ឡើង​ដោយ​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរ​នៅ​ក្រៅ​ប្រទេស​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០២១។​ ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​កន្លង​មកនេះ​គណៈកម្មការ​នេះ​ផ្តោត​ខ្លាំង​លើ​ការ​ស្វែង​រក​ការពិត​តាម​រយៈ​ការសិក្សា​លើ​របាយការណ៍​សិទ្ធិមនុស្ស​នានា​និង​ធ្វើ​សវនាការ​ជាមួយ​នឹង​អ្នក​ជំនាញ​ច្បាប់​ អ្នក​ជំនាញ​សិទ្ធិមនុស្ស​និងជន​រងគ្រោះ​ជាច្រើន។


លោក Paul Hoffman​ ​ថ្លែង​ដោយ​សង្ខេប​ថា ​ក្នុង​ការដឹកនាំ​រយៈពេល​ជាង​៣៧​ឆ្នាំ​នេះ​លោក​ ហ៊ុន សែន​ បាន​ប្រើប្រាស់​ការគាបសង្កត់​ធ្ងន់ធ្ងរ​គ្រប់​រូបភាព​លើ​ពលរដ្ឋ​កម្ពុជា លុប​បំបាត់​ក្រុម​ប្រឆាំង​ដែល​ខ្លាំង​ក្លា​ និង​សំឡេង​សង្គម​ស៊ីវិល​ដើម្បី​អាច​នៅ​បន្ត​កាន់​អំណាច​បាន។​

លោក Hoffman បាន​បន្ថែម​ថា៖ «នៅ​ក្នុង​ដំណើរការ​នេះ​ លោក ​ហ៊ុន សែន​ បាន​រំលោភ​ជាច្រើន​លើ​ច្បាប់​ដែល​អន្តរជាតិ​ទទួល​ស្គាល់​និង​និយាម​សិទ្ធិមនុស្ស។​ ស្ថានភាព​ពិត​នៃ​ការរំលោភ​ទាំងនេះ​ត្រូវ​បាន​ច្រងក្រង​យ៉ាង​ល្អ»។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សហគមន៍​ខ្មែរ​នៅ​ក្រៅ​ប្រទេស​កើត​ឡើង​ខណៈ​លំហ​សេរីភាព​នៅ​កម្ពុជា​បាន​រួមតូច​ដោយ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​ធ្វើការ​តវ៉ា​ជា​សាធារណៈ​តាម​រូបភាព​តូចៗ​ប៉ុណ្ណោះ។​ អង្គការ ​Freedom House ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ចាត់​ចំណាត់​ថ្នាក់​កម្ពុជា​ក្នុង​ចំណោម​ប្រទេស​ដែល​មិន​មាន​សិទ្ធិ​សេរីភាព​ដោយ​មាន​ពិន្ទុ​ចំនួន​២៤​លើ​១០០​សម្រាប់​ឆ្នាំ​២០២១។​

កាលពី​ថ្ងៃទី​៣​ខែសីហា​ ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​បាន​ចេញ​របាយការណ៍​ស្តីពី ការធ្វើ​ទុក​បុកម្នេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា។​ អង្គការ​សហប្រជាជាតិ​រកឃើញ​ថា​ជាង​៨០​ភាគរយ​នៃ​អ្នកសារព័ត៌មាន​ចំនួន​៦៥​នាក់​ដែល​បាន​សម្ភាស​ បាន​លើកឡើង​ថា ​ពួកគេ​ត្រូវ​បាន​ឃ្លាំមើល​ និង​រឹតបន្តឹង​ដែល​មិន​សមាមាត្រ​នឹង​ស្ថានការណ៍​ ឬ​មិន​ចាំបាច់​អ្វីឡើយ។

រូបឯកសារ៖ ក្រុម​ប៉ូលិស​បង្ក្រាប​កុបកម្ម​ហាមឃាត់​អ្នក​កាសែត​មិន​ឲ្យ​ចូល​ទៅ​កាន់​ផ្លូវ​ធំ​នៅ​ក្បែរ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះជាតិ ដែល​ស្ថិត​នៅ​ជាយ​រាជធានី​ភ្នំពេញ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦។

អ្នកស្រី Michelle Bachelet ​ឧត្តមស្នងការ​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ មាន​ប្រសាសន៍​ថា ​ការរកឃើញ​នៅក្នុង​របាយការណ៍​នោះ​ គឺ​ «គួរ​ឱ្យ​ព្រួយបារម្ភ​ខ្លាំងណាស់»​ និង​ជំរុញ​ឱ្យ​អាជ្ញាធរ​យកចិត្តទុកដាក់​ដោះស្រាយ​តាម​អនុសាសន៍​ចំនួន​១៥​ដែល​ក្នុង​នោះ​មាន​កុំ​ឱ្យ​ជ្រៀតជ្រែក​ក្នុង​ការងារ​របស់​អ្នកសារព័ត៌មាន​ មិនឱ្យ​មាន​ការត្រួតពិនិត្យ​មុន​ការផ្សាយ​ សិទ្ធិ​ទទួលបាន​ព័ត៌មាន​ ពហុភាព​សំឡេង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​និង​បញ្ហា​ប្រឈម​ដែល​ស្ត្រី​អ្នកសារព័ត៌មាន​ជួប​ប្រទះ។

អ្នកស្រី ​Bachelet​ បន្ថែម​ថា៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ​សេរី ​ឯករាជ្យ ​និង​ចម្រុះ ​ដើរ​តួនាទី​សំខាន់​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ទាំងអស់។ នៅពេល​យើង​ការពារ​សេរីភាព​សារព័ត៌មាន​ យើង​ការពារ​យុត្តិធម៌​ អភិបាលកិច្ច​ល្អ​ និង​សិទ្ធិមនុស្ស»។

នៅថ្ងៃទី​២៦​ ខែសីហា​ លោក​ Vitit Muntarbhorn អ្នករាយការណ៍​ពិសេស​សិទ្ធិមនុស្ស​អង្គការ​សហ​ប្រជាជាតិ​សម្រាប់កម្ពុជា​បានវាយ​តម្លៃ​ពី​ស្ថានភាព​កម្ពុជា​នៅ​ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​ផ្លូវការ​ជា​លើក​ដំបូង​ដោយ​បាន​ស្នើ​ឱ្យ​រដ្ឋាភិបាល​ទម្លាក់​ចោល​ការចោទ​ប្រកាន់​និង​បញ្ឈប់​ការ​កាត់ទោស​អ្នកនយោបាយ​និង​សកម្មជន​នយោបាយ​នានា​ហើយ​បើក​ចំហ​សេរីភាព​អង្គការ​សង្គម​ស៊ីវិល។

របាយការណ៍​និង​សេចក្តី​ថ្លែងការណ៍​ទាំងពីរ​បាន​បង្ហាញ​ពី​ការភ្ជាប់​ការបំពាន​នេះ​ទៅនឹង​ការបោះឆ្នោត​ជាតិ​នា​ខែកក្កដា​ឆ្នាំ​២០២៣ ដោយ​ចង្អុល​បង្ហាញ​ថា ​ការបោះឆ្នោត​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​និង​យុត្តិធម៌​នោះ​ទេ​ដោយសារ​វិសាលភាព​ធំធេង​នៃ​ការរំលោភ​សិទ្ធិមនុស្ស​ដែល​បាន​កើតឡើង។

គណៈកម្មការ​ស៊ើបអង្កេត​កម្ពុជា​បាន​ថ្លែង​ថាគោលដៅ​ថ្មីដែល​គណៈកម្មការ​កំពុង​ធ្វើ​នេះ​ស្របគ្នា​នឹង​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​អនុសាសន៍។

លោក Morton Sklar ​ទីប្រឹក្សា​ច្បាប់​របស់​គណៈកម្មការ​ស៊ើបអង្កេត​កម្ពុជា​បាន​ថ្លែង​ប្រាប់​វីអូអេ​កាលពី​ថ្ងៃពុធ​សប្តាហ៍​នេះ​ថាកិច្ចការ​បន្ថែម​ទៀត​គឺ​គណៈកម្មការ​នឹង​តាមដាន​ការអនុវត្ត​ដែល​មាន​ចែង​ក្នុង​របាយការណ៍​ទាំងពីរ​របស់​អង្គការ​សហប្រជាជាតិ​ហើយ​នឹងសេចក្តី​ថ្លែងការណ៍​ទៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ដែល​នឹង​ជួប​ប្រជុំ​នៅ​សម័យ​ប្រជុំ​ពិសេស​នៅ​ថ្ងៃទី​៥​ ខែតុលា។

លោក Morton Sklar បាន​បន្ថែម​ថា៖ «យើង​តាមដាន​ការងារ​ជាមួយ​នឹង​ទីភ្នាក់ងារ​ទាំងនោះ​ដោយ​ចាប់ផ្តើម​ពី​អ្នករាយការណ៍​សិទ្ធិមនុស្ស​ពិសេស​ និង​គាំទ្រ​អ្វី​ដែល​មាន​នៅ​ក្នុង​គំនិត​ផ្តួចផ្តើម​ទាំងបី​ ហើយ​ប្រាប់​ពួកគេ​ថា​ពួកគេ​ត្រូវ​ធ្វើ​បន្ត​ទៀត​ដោយ​ផ្តល់​យោបល់​ថា​ត្រូវ​ធ្វើ​យ៉ាងណា​ដើម្បី​សម្រេច​បាន»។

គណៈកម្មការ​ក៏​មាន​គម្រោង​បញ្ជូន​ឯកសារ​ច្បាប់​«មិត្តភក្តិ​របស់​តុលាការ»​ដើម្បី​សម្តែង​ការ​គាំទ្រ​ដំណើរការ​សំណុំរឿង​ព្រហ្មទណ្ឌ​មួយ​ដែល​តុលាការ​បារាំង​កំពុង​ដំណើរការ​ពាក់ព័ន្ធ​នឹង​ករណី​បោក​គ្រាប់​បែក​លើ​បាតុកម្ម​អហិង្សា​ដឹកនាំ​ដោយ​លោក សម​ រង្ស៊ី​ កាលពី​ជាង​២៥​ឆ្នាំ​មុន​និង​ពន្យល់​ពី​ហេតុផល​ក្នុង​ការពង្រីក​ការ​កាត់ទោស​ដល់​ការរំលោភ​សិទ្ធិមនុស្ស​ដទៃ​ទៀត។

គណៈកម្មការ​ក៏​ជំរុញ​ឱ្យ​សហគមន៍​ធ្វើសកម្មភាព​បន្ទាន់​ដោយ​បញ្ជូន​លិខិត​គាំទ្រ​ឬ​តវ៉ា​ពាក់​ព័ន្ធ​នឹង​សកម្មភាព​ជាក់លាក់​មួយ​ចំនួន​ដែល​មាន​ដូចជា​ការ​កាត់ទោស​ដោយ​តុលាការ​កម្ពុជា​លើ​អ្នករិះគន់​រដ្ឋាភិបាល​កម្ពុជា​ជាច្រើន​នាក់​ដែល​ក្នុង​នោះ​មាន​កញ្ញា​ សេង ធារី​ អ្នកច្បាប់​ខ្មែរ​អាមេរិកាំង​និង​សំណុំ​រឿង​ក្បត់ជាតិ​របស់​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ផងដែរ។

រូបឯកសារ៖ កញ្ញា សេង ធារី មេធាវីខ្មែរ-អាមេរិកាំង តែងខ្លួនជាស្រ្តីនៃសេរីភាព ឈរថ្លែងនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ មុនពេលត្រូវបានចាប់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។ (កាន់ វិច្ឆិកា/វីអូអេ)

អ្នក​ជំនាញសិទ្ធិមនុស្ស​អន្តរជាតិ​ក៏​លើក​ទឹកចិត្ត​ពលរដ្ឋ​កម្ពុជា​ដែល​មាន​សញ្ជាតិ​បរទេសឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​នៅ​ក្រៅ​ប្រទេស​កម្ពុជា​ដែល​ពលរដ្ឋ​កម្ពុជា​បាន​ភៀសខ្លួន​ទៅ​រស់នៅ​ហើយ​បាន​ចូល​សញ្ជាតិ​ដើម្បី​ប្តឹង​ជន​រំលោភ​សិទ្ធិមនុស្ស​ដែល​រាប់​តាំង​ពី​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ចុះ​មក​មន្ត្រី​ថ្នាក់​ក្រោម​របស់​រដ្ឋាភិបាល​កម្ពុជា។

បច្ចុប្បន្ន​នេះ​ លោក សម រង្ស៊ី​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បារាំង​ប្តឹង​លោក​ហ៊ុន សែន​ លោក​ឧត្តម​សេនីយ៍ ​ហ៊ីង ប៊ុនហៀង ​ប្រធាន​អង្គរក្ស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​លោក​ឧត្តមសេនីយ​ ហ៊ុយ ពិសិដ្ឋ អតីត​ប្រធាន​អង្គរក្ស​លោក​ ហ៊ុន សែន​ ពាក់ព័ន្ធ​នឹង​ការ​បោក​គ្រាប់បែក​ដ៏​ប្រល័យ​មក​លើ​បាតុករ​អហិង្សា​ដែល​ដឹកនាំ​ដោយ​លោក​ សម​ រង្ស៊ី​ កាលពី​ខែ​មីនា​ ឆ្នាំ​១៩៩៧​ នៅ​រាជធានី​ភ្នំពេញ។​

លោក Brad Adams ​អតីត​ប្រធាន​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch​ បាន​បន្ថែម​ក្នុង​បទ​បង្ហាញ​កាលពី​ខែ​សីហា​ដែល​រៀបចំ​ដោយ​គណៈកម្មការ​ស៊ើបអង្កេត​កម្ពុជា​ថា៖ «ប្រសិនបើ​អ្នក​ជា​ជនរងគ្រោះ​ដោយសារ​ការ​ធ្វើ​ទារុណកម្ម​នៅ​កម្ពុជា​ សូម្បី​ជា​ជនរងគ្រោះ​ដោយសារ​ការ​ជួញដូរ​ដោយ​អាជ្ញាធរ។ ប្រសិន​បើ​អ្នក​ជា​ជនរងគ្រោះ​ដោយសារ​ការ​រឹបអូស​ដីធ្លី។ ប្រសិនបើ​អ្នក​ជា​ជនរងគ្រោះ​ដោយសារ​ការ​ចាប់ខ្លួន​ដោយ​ខុសច្បាប់​ ហើយ​បាន​បង្ក​ការខូចខាត​ ដូច​ជា​ការ​ចាប់​ដាក់​គុក​ដោយ​គ្មាន​ហេតុផល​សមស្រប​អ្វី​ គឺ​អ្នក​ប្រហែល​ជា​អាច​មាន​ឱកាស​ប្តឹងទៅ​តុលាការ​នៅ​ប្រទេស​ដែល​អ្នក​រស់នៅ​ហើយ​មាន​សញ្ជាតិ​ដោយ​ប្តឹង​បុគ្គល​ដែល​បាន​បង្ក​ការខូចខាត​ទាំងនោះ។ ករណី​នេះ​នឹង​ជួយ​ដល់​ការ​ស្វែង​រក​យុត្តិធម៌»។

អ្នកជំនាញ​សិទ្ធិមនុស្ស​រូប​នេះ​ថ្លែង​ថា​ពលរដ្ឋ​រងគ្រោះ​ត្រូវ​មាន​ភ័ស្តុតាង​ជាក់ស្តែង​ហើយ​ពិភាក្សា​ជាមួយ​នឹង​មេធាវី​នៅ​ប្រទេស​ដែល​ខ្លួន​រស់នៅ​ដើម្បី​ស្វែងរក​វិធី​ប្តឹង។​ ដូច​ករណី​លោក​សម រង្ស៊ី​គឺ​ក្រុម​ការងារ​សិទ្ធិមនុស្ស​ អង្គការ​សហប្រជាជាតិ​និង​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ​(FBI) ​របស់​សហរដ្ឋ​អាមេរិកបាន​ចងក្រង​ភ័ស្តុតាង​ជាច្រើន។ ភ័ស្តុតាង​ខ្លះ​មាន​លក្ខណៈ​ប្រត្យក្ស​ដូចជា​នៅ​ថ្ងៃ​បោក​គ្រាប់បែក​គឺ​អង្គរក្ស​របស់​លោក ហ៊ុន សែន​ បាន​រារាំង​បាតុករ​មិន​ឱ្យ​ដេញ​តាម​ជនល្មើស។

​សំណុំរឿង​លោក សម រង្ស៊ី​ទល់​នឹង​លោក​ ហ៊ុន សែន​ លោក ហ៊ីង ប៊ុនហៀង ​និង​លោក​ ហ៊ុយ ពិសិដ្ឋ​នៅ​ក្នុង​តុលាការ​បារាំង​មិន​ពាក់ព័ន្ធ​នឹង​យុត្តាធិការ​សាកល​ទេ​។​ សំណុំរឿង​នេះ​អាច​ដំណើរការ​បាន​ដោយសារ​លោក សម រង្ស៊ី​មាន​សញ្ជាតិ​បារាំង។ បច្ចុប្បន្ន​លោក​ហ៊ុន​ សែន​មាន​អភ័យ​ឯកសិទ្ធិ​ប្រមុខរដ្ឋ​ ប៉ុន្តែ​ពេល​លោក​ចុះ​ចេញ​ពីតំណែង​ហើយ​បើ​រដ្ឋាភិបាល​កម្ពុជា​ថ្មី​មិន​ពេញចិត្ត​នឹង​លោក ​ហើយ​យល់​ព្រម​ប្រគល់​ឱ្យ​តុលាការ​បារាំង​កាត់ទោស​គឺ​អាច​ធ្វើ​បាន។​ នេះ​បើ​តាម​ការ​ពន្យល់​របស់​លោក ​Brad Adams។​

អ្នកស្រី​ Jessica Finelle មេធាវី​ឯករាជ្យ​នៅ​ប្រទេស​បារាំង​ថ្លែង​កាលពី​ខែ​សីហា​ក្នុង​កម្មវិធី​របស់​គណៈកម្មការ​ស៊ើបអង្កេត​កម្ពុជា​ថា​ពលរដ្ឋ​រងគ្រោះ​នៅ​ប្រទេស​ជាច្រើន​កាន់តែ​ប្រើប្រាស់​ប្រព័ន្ធ​បរទេស​ដើម្បី​ឱ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ដើម​របស់​ពួកគេ​ទទួល​ខុសត្រូវ​ចំពោះ​ការរំលោភ​សិទ្ធិ​របស់​ពួកគេ។​

អ្នកស្រី​ Jessica Finelle ​បាន​ថ្លែង​ពាក់ព័ន្ធ​នឹង​សំណុំ​រឿង​របស់​លោក សម​ រង្ស៊ី​ ប្រឆាំង​នឹង​លោក​ហ៊ុន សែន​ថា៖ «ខ្ញុំ​គិត​ថា​នេះ​គឺ​ជា​សារ​ជំរុញ​ទឹកចិត្ត​ដ៏ខ្លាំង​ថា​ការ​ទទួល​ខុសត្រូវ​កើតមាន​ហើយ​នៅ​ពេល​ឥឡូវ​នេះ​ហើយ​គ្មាន​ឧក្រិដ្ឋកម្ម​ណា​មួយ​ក្នុង​ពិភពលោក​ដែល​មិន​រង​ការ​ដាក់​ទណ្ឌកម្ម​ជា​រៀងរហូត​ទេ។ ពិត​ជា​គ្មាន​ការធានា​អំពី​រឿង​នេះ​ទៀត​ទេ»។

ក្រសួង​ការបរទេស​កម្ពុជា​បាន​រិះគន់​អនុសាសន៍​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ដោយ​លើក​ឡើង​ថា​ការ​បារម្ភ​របស់​រដ្ឋាភិបាល​កម្ពុជា​លើ​បញ្ហា​សិទ្ធិមនុស្ស​មិន​ត្រូវ​បាន​អ្នករាយការណ៍​យក​មក​រំលេច​ទេ។ ក្នុង​នោះ​មាន​ដូចជា​ការប្រើប្រាស់​ពាក្យ​សម្តី​អសុរស ការ​បង្កាច់​បង្ខូច ​ការប្រឌិត​ព័ត៌មាន​ ការ​អុចអាល​ឱ្យ​មាន​ការរើសអើង​ជាតិសាសន៍​ និង​ការ​ញុះញង់​ឱ្យ​មាន​ការបះបោរ​ក្រោម​រូបភាព​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ជាដើម។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​២៦​ ខែសីហា​របស់​ក្រសួង​ការបរទេស​កម្ពុជា។

សេចក្តី​ថ្លែងការណ៍​ដដែល​ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស​ក្រោម​ក្របខណ្ឌ​នីតិរដ្ឋ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ហើយ​ក៏​ប្តេជ្ញា​រៀបចំ​ការបោះឆ្នោត​ជាតិ​ក្នុង​ពេល​ខាង​មុខ​ឱ្យ​មាន​លក្ខណៈ​«សេរី យុត្តិធម៌​ ប្រកប​ដោយ​សណ្តាប់​ធ្នាប់​ សន្តិភាព​និង​តម្លាភាព»៕