គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ព្រមាន​ចាត់​វិធាន​ច្បាប់​ចំពោះ​ការ​បើក​ល្បែង​ខុសច្បាប់​តាម​មូលដ្ឋាន

រូបភាពដកស្រង់ពីបណ្តាញសង្គមហ្វេសប៊ុកបង្ហាញ​ល្បែង​ផ្សងសំណាង​នៅលើ​កញ្ចក់អេក្រង់មួយ។ (Facebook)

គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (គ.ល.ក) ណែនាំសមត្ថកិច្ច​ពាក់ព័ន្ធ ​ឱ្យ​ត្រួត​ពិនិត្យ ​តាម​ដាន​ ​និង​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ​ចំពោះ​ការ​លួចលាក់​ធ្វើ​អាជីវកម្ម និង​បើកបន​ល្បែង​ស៊ី​សង​ខុសច្បាប់​ ដូច​ជា​ ឆ្នោត​ កន្ទុយ​លេខ​ ​ដែល​បានធ្វើឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​រស់នៅ​របស់​ប្រជា​ពលរដ្ឋ និងគោល​នយោបាយ​ភូមិ​ឃុំ​សង្កាត់​មាន​សុវត្ថិភាព​។ នេះ​បើ​តាម​សេចក្តី​ណែនាំមួយចុះ​ថ្ងៃទី ​១៩​ ខែកុម្ភៈ ឆ្នាំ​ ២០២៤​។

នេះ​ជាប្រតិកម្ម​ថ្មីមួយ​ទៀត​ ទៅនឹង​ការ​បង្រ្កាប​ប្រតិបត្តិការ​ល្បែង​ស៊ីសង​ដែលគ្មាន​ច្បាប់​អនុញ្ញាត​ បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​បញ្ជាឱ្យ​អភិបាល​រាជ​ធានី-ខេត្ត ​ត្រួត​ពិនិត្យ​ល្បែង​ផ្សង​សំណាង​នៅ​តាម​មូល​ដ្ឋាន​នីមួយៗ​នៅទូទាំង​ប្រទេស​ និង​ត្រូវ​ចាត់​វិធាន​បន្ទាន់​ដូចជា ​បិទទ្វារ​ ឬ​ដក​អាជ្ញាបណ្ណ​អាជីវកម្ម​ល្បែងស៊ីសង​ ក្នុង​ករណី​មានការបង្កើត​អាជីវកម្មថ្មីៗ​បន្ថែម​ទៀត។

គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា ​(គ.ល.ក) បាន​ធ្វើ​ការ​កត់ចំណាំ​នៅក្នុង​សេចក្តី​ណែ​នាំ​របស់ខ្លួនថា​ នៅ​តាមមូល​ដ្ឋាន​រាជធានី​-​ខេត្ត​មួយ​ចំនួន ​មានការ​លួច​លាក់​ធ្វើអាជីវកម្ម​ល្បែង​ផ្សង​សំណាង​នៅ​លើ​ទី​តាំង​ដែល​គ្មាន​អាជ្ញាបណ្ណ​ល្បែងផ្សង​សំណាង ​ឬ​លិខិតអនុញ្ញាតប៉ុស្តិ៍​សេវា​ល្បែង​សំណាង​ពី​ គ.ល.ក​ និង​ការ​លួចលាក់​បង្កប់​ល្បែង​ស៊ីសង​ខុសច្បាប់​រួមមាន ឆ្នោត កន្ទុយលេខ ខេណូ (​KENO) ​និងល្បែង​ស៊ីសង​ខុស​ច្បាប់​ដទៃ​ទៀត ដែលធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ សន្តិសុខ​សង្គម ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​គោល​នយោ​បាយ​ភូមិ​-ឃុំ​សង្កាត់​មាន​សុវត្ថិភាព។​

អគ្គលេខា​ធិការ​នៃ​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា លោក ​រស់ ភីរុណ ប្រាប់​វីអូអេថា សេចក្តី​ណែនាំ​របស់ ​គ.ល.ក ជាសារ​ជូនដំណឹង​ ដើម្បី​ឱ្យ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់ ដូចជាប្រតិបត្តិករ អគ្គ​លេខា​ធិការដ្ឋាន​នៃ ​គ.ល.ក ​និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ យកចិត្ត​ទុកដាក់ ​និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ ដើម្បី​ឱ្យ​មាន​ប្រសិទ្ធ​ភាព ​លើការ​គ្រប់គ្រង​ល្បែង​ផ្សង​សំណាង​នៅ​ទូទាំង​ប្រទេស ហើយ​កុំ​ឱ្យ​មាន​ការ​រីក​សាយភាយ​បន្ថែម​ទៀត​។ ​

លោក​ថ្លែង​ថា៖ «​ពាក្យថា​ផ្សង​សំណាង​ផ្អែកលើ​សំណាង​ មិនមែន​មានន័យថា​ភ្នាល់​គ្នា យកឈ្នះ​យក​ចាញ់​ទេ​។ ហើយ​សំណាង​មានន័យ​ថា យ៉ាង​ហោច​ណាស់​មួយ​អាទិត្យ​ ចាំមើល​សំណាង​អីអ៊ីចឹង​ទៅ។ ប៉ុន​យើង​មើល​ឆ្នោត​ជាតិ វាយូរ​ ពេល​ខ្លះ​មួយឆ្នាំ ​ទើប​មាន​សំណាង​ម្តងអីអ៊ីចឹង​ អាហ្នឹង​គេហៅថា​សំណាង​។ ​ប៉ុន្តែ​បើគាត់​ទៅ​ផ្នាល់​រាល់វិនាទី អាហ្នឹង​ហៅថា​ល្បែងភ្នាល់​ហើយ​ ហើយ​បើទៅ​ជាល្បែង​ភ្នាល់​មាន​ន័យថា ​ខុសច្បាប់​ហើយ។ ​អ៊ីចឹង​ ខេណូ ​ចេញ​រាល់​វិនាទី ​រាល់នាទី ​អាហ្នឹង​ខុសច្បាប់​ហើយ​»​។

បើតាម​លោក ​រស់ ភីរុណ ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ បានផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុមហ៊ុន​ចំនួន​ ២១ ​ឱ្យ​បើកដំណើរការ ដោយ​ក្រុមហ៊ុន​ទាំងនោះ បាន​ពង្រីក​សាខា​ទៅតាមបណ្តា​រាជធានី-​ខេត្ត​ចំនួនសរុប​ ៤៥ ​ទីតាំង​ និង​ប៉ុស្តិ៍​សេវាល្បែង​ផ្សង​សំណាង ​ដែល​ជាទីតាំង​លក់​ល្បែង​ផ្សងសំណាង​ដូចជា​ ឆ្នោតសន្លឹក ឆ្នោត​កោស និង​ឡូតូ​ ដែល​ទទួលបាន​អាជ្ញា​បណ្ណ​ពី​ គ.ល.ក​ មាន​ចំនួន ​៩០ ​ទីតាំង ដូច្នេះ​ទីតាំង​ល្បែង​ផ្សង​សំណាងទាំង​អស់​នៅទូទាំង​ប្រទេស ​មាន​ចំនួន​សរុប​ ១៥៦​ ទីតាំង​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ លោកថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ក៏​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​អាជីវកម្ម​ល្បែង​ផ្សង​សំណាង​នៅ​ជិត​សាលា​រៀនផងដែរ។

ព័ត៌មាន​ទាក់ទង៖ លោក ហ៊ុន ម៉ាណែត បញ្ជា​ឲ្យ​ត្រួត​ពិនិត្យ​ទីតាំង​ល្បែង​ផ្សង​សំណាង​នៅ​ទូទាំង​ប្រទេស

លោក អូន ព័ន្ធ​មុនីរ័ត្ន ដែល​ជា​ប្រធាន​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ណែនាំ​ឱ្យប្រតិបត្តិករ​ អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​សៀវ​ភៅ​បន្ទុក​ស្តីពី​លក្ខខណ្ឌ​នៃការ​ផ្តល់​អាជ្ញាបណ្ណ​ល្បែងផ្សង​សំណាង ពោល​គឺ​ត្រូវលើក​ស្លាកយីហោ​ឱ្យបាន​ត្រឹម​ត្រូវ​នៅគ្រប់​ទីតាំង​អាជីវកម្ម​ បន្ទាប់ពី​ទទួល​បានអាជ្ញា​បណ្ណល្បែង​ផ្សង​សំណាង ​ត្រូវ​ដាក់​តាំងបង្ហាញ​អាជ្ញា​បណ្ណល្បែង​ផ្សង​សំណាង​ច្បាប់ដើម​នៅទីតាំង​ក្រុមហ៊ុន​ និង​ត្រូវ​ដំណើរ​ការ​តែ​ប្រភេទ​ល្បែង​ និង​ឧបករណ៍​ល្បែង​ដែល​មាន​ការអនុញ្ញា​ពី គ.ល.ក​។ នេះបើតាម​សេចក្តី​ណែនាំ​របស់​គណៈ​កម្មការ​គ្រប់​គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (គ.ល.ក)​។​ ​

លោក អូន ព័ន្ធ​មុនីរ័ត្ន បញ្ជាក់ក្នុង​សេចក្តី​ណែនាំ​នោះ​ថា៖ ​«​ក្នុង​ករណី​ប្រតិបត្តិករ ដែល​កាន់​អាជ្ញា​បណ្ណ​ល្បែង​ផ្សង​សំណាង ឬអាជ្ញា​បណ្ណ​សាខា​ល្បែងផ្សង​សំណាង​ ឬ​លិខិត​អនុញ្ញាត​ប៉ុស្តិ៍​សេវា​ល្បែង​ផ្សង​សំណាង មិន​អនុវត្ត​តាមការ​ណែនាំ​ខាង​លើនេះ ​ឬ​លួចលាក់​បង្កប់​ការ​លេងល្បែង​ ដែល​មិន​មាន​ការ​អនុញ្ញាត​ពី គ.ល.ក ​ត្រូវចាត់​ទុកថា ​បាន​ប្រព្រឹត្ត​ល្មើស​ទៅ​នឹង​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ល្បែង​ពាណិ​ជ្ជកម្ម និង​ត្រូវ​ប្រឈម​នឹង​ការ​ពិន័យ​អន្តរ​កាណ៍»។ ​

ប្រធាន​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា​ ក៏ព្រមាន​ដកហូត​អាជ្ញាបណ្ណ​ ឬ​ព្យួរ​អាជ្ញា​បណ្ណ​ និងផ្តន្ទា​ទោសតាម​ច្បាប់ស្តី​ពី​ការបង្ក្រាប​ល្បែងស៊ីសង​ផងដែរ ប្រសិនបើ​មាន​ករណី​បំពាន​។

កាលពី​ពេលថ្មីៗ​នេះ ​ប្រជា​ពលរដ្ឋ បាន​រិះគន់​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​ល្បែង​អនឡាញ​មួយ​ឈ្មោះ​ថា ​DIG88 តាមរយៈតារា​កំប្លែង​ល្បី​ឈ្មោះ​ម្នាក់ ឈ្មោះ​នាយ ​គ្រឿន ដែល​បាន​ចូល​រួម​ផ្សព្វផ្សាយ​ក្នុង​វីដេអូ​បទ​ចម្រៀងមួយ​រួច​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក។ ​ក្រោយ​មាន​ប្រតិ​កម្ម​ពី​មហាជន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុកនាយ​គ្រឿន ​ក៏​បាន​ប្រកាស​ជា​សាធា​រណៈ​ថា​ លោក​ឈប់​ផ្សាយ​ពាណិជ្ជ​កម្មឱ្យក្រុមហ៊ុន​ល្បែងនោះ និង​ក្រុមហ៊ុនស្រាបៀ​ផ្សេង​ទៀត។

អគ្គលេខា​ធិការ​នៃ​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា លោក ​រស់ ភីរុណ ​បាន​ឱ្យដឹង​ដែរ​ថា ​គ.ល.ក​ មិន​ដែលផ្តល់អាជ្ញាបណ្ណ​សម្រាប់​អាជីវកម្ម​ល្បែង​អនឡាញ​ ​និង​ការផ្សព្វផ្សាយ​ពាណិជ្ជ​កម្ម​ល្បែង​អនឡាញនោះទេ ហើយ​សកម្មភាព​ទាំងនោះ​ គឺ​ខុស​ច្បាប់។

លោកបន្តថា ទាក់ទង​នឹងបញ្ហាទាំង​អស់នេះ ​ក្រុមការងារ​របស់​គណៈ​កម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជ​កម្ម​កម្ពុជា ​នឹង​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់ពលរដ្ឋ​ និង​អ្នកដែល​មាន​ឥទ្ធិពល​តាម​បណ្តាញ​សង្គម ​(influencers) ឱ្យ​យល់​ដឹង​បន្ថែម​ទៀត​។ ​

លោកបន្ថែម​ថា៖ ​«ការផ្សាយល្បែង​ខុសច្បាប់ គឺ​គាត់​ចូលរួម​ធ្វើទង្វើ​ខុសច្បាប់។ អ៊ីចឹង​មានតែការ​ផ្សព្វផ្សាយ​ឱ្យគាត់យល់បន្ថែមទៀត ព្រោះកន្លងមក​គាត់​អត់បាន​យល់​ច្បាស់ គាត់គិតថា​អាហ្នឹង​ស្របច្បាប់ អីអ៊ីចឹង​ គឺវាជា​ការ​គិតខុស»។​

​លោក សេក សុជាតិ​ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត ​និង​ការ​ស្រាវជ្រាវ​ថ្លែងថា​ ដើម្បី​គ្រប់​គ្រង​ប្រតិបត្តិការល្បែង​ស៊ី​សង​ក្នុងប្រទេស​ឱ្យ​មានប្រសិទ្ធិភាព​ រដ្ឋាភិបាល​ គួរតែបញ្ចប់​ការ​ផ្តល់​អាជ្ញាបណ្ណ ហើយអាជ្ញាធរ ត្រូវ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំ​ទូលាយ​ចំពោះ​ទីតាំង​ល្បែងផ្សង​សំណាង​ជា​សាធារណៈ​ និង​ដើម្បី​ឱ្យ​ពលរដ្ឋ​អាច​រាយការណ៍ ​ពេល​ឃើញ​មាន​ការ​បើក​អាជីវកម្ម​ល្បែង​ខុស​ច្បាប់​។

​លោកប្រាប់​វីអូអេ​ថា៖ ​«ដូច្នេះ​បញ្ហា​ទាំងអស់​នេះ គឺជា​កាតព្វកិច្ច​មួយ​ដែល​ខ្ញុំគិតថា រាជ​រដ្ឋាភិបាល និង​អាជ្ញាធរ​គួរតែធ្វើ​ការ​ត្រិះ​រិះពិចារណា​ឡើងវិញ​ ហើយ​គួរតែបិទ​បញ្ចប់​ការ​ផ្តល់​អាជ្ញាបណ្ណ​ដល់​ក្រុម​ហ៊ុន​ឯកជន​ទាំង​ឡាយ​ណា​ ដែល​មាន​បំណង​រក​ស៊ី ទាក់​ទង​ជា​មួយ​នឹង​ល្បែង​ស៊ីសង​អន​ឡាញ​ ឬ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​នៅ​កម្ពុជា​»។​

លោក​បន្ថែម​ថា៖ ​«បើសិនជា​គ្មាន​ជម្រើស​ថា​រដ្ឋាភិបាល​ដាច់ខាត​ត្រូវតែផ្តល់​អាជ្ញា​បណ្ណ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ឯកជន​ អ៊ីចឹង​យើង​ត្រូវតែ​បញ្ជាក់​អំពី​អត្តសញ្ញាណ​របស់​បុគ្គល​ដែលរក​ស៊ីហ្នឹងឱ្យ​បាន​ច្បាស់​លាស់ មាន​ប្រវត្តិរូប មាន​ឈ្មោះ​ក្រុមហ៊ុន​ មានទីតាំង​នៅកន្លែង​ណាខ្លះ​ ហើយ​ត្រូវធ្វើការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅក្នុង​បណ្តាញ​សង្គម បណ្តាញសារ​ព័ត៌មាន គ្រប់​ទាំងអស់ ​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បានដឹង​ថា​ល្បែង​ណាខ្លះ? ក្រុម​ហ៊ុន​ណាខ្លះ? ឬក៏​បុគ្គល​ណាខ្លះ រកស៊ី​ល្បែង​ស៊ីសង​ស្របច្បាប់?»។

បើតាម​លោក សេក សុជាតិ ក្នុង​ក​រណី​រកឃើញ​ថា មន្ត្រី​មូលដ្ឋាន​ ឬមន្ត្រី​មានអំណាច​រូប​ណា​ដែល​ធ្វើ​ជា​ខ្នង​បង្អែក​ កាង​នៅពី​ក្រោយ​ល្បែងស៊ី​សង​ខុសច្បាប់​ទាំងនោះ​ ពួកគេ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខច្បាប់​ ដោយ​គ្មាន​ការ​លើក​លែង​។​

អតីត​នាយក​រដ្ឋមន្ត្រី ​លោក ហ៊ុន សែន ​នៅពេល​កាន់​តំណែង​ បាន​ព្រមាន​ដកមន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ ក៏ដូច​ជា​មន្ត្រី​ក្នុង​ជួរ​កងកម្លាំង​ប្រដាប់​អាវុធ​ ចេញ​ពី​មុខ​តំណែងភ្លាមៗ​ ប្រសិន​បើ​នៅ​តែ​អសកម្ម ឬ​មិន​អាច​បង្ក្រាប​ល្បែង​ស៊ី​សង​ខុស​ច្បាប់​ ដូច​ជា​ជល់មាន់ កន្ទុយ​លេខ​ ឬ​ហៅថា​ឆ្នោត​វៀត​ណាម​ ក្នុង​មូល​ដ្ឋាន​នីមួយៗ​នោះ​។

នាពេលថ្មីៗនេះ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ ស សុខា​ ក៏​បញ្ជា​ឱ្យ​រដ្ឋបាល​រាជធានី​ ខេត្តក្រុង ​ស្រុក ​ខណ្ឌ ​យក​ចិត្ត​ទុក​ដាក់​ត្រួត​ពិនិត្យ​ និង​បង្ក្រាប​ឱ្យអស់​ទីតាំង​បញ្ចាំ​ និង​ទីតាំង​លេង​ល្បែង​ស៊ីសង​ខុស​ច្បាប់​ទូទាំង​ប្រទេស​ ​ដើម្បី​អនុវត្ត​គោល​នយោបាយ​ភូមិ-ឃុំ-សង្កាត់​មាន​សុវត្ថិភាព​ផងដែរ​៕