ប្រធានាធិបតីប្រទេសកូឡុំប៊ីលោក Gustavo Petro បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលលោកនឹងផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍នេះ ជាការឆ្លើយតបនឹងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សា។
ថ្លែងនៅក្នុងការដើរក្បួនមួយក្នុងរដ្ឋធានីបូហ្គោតា លោក Petro បានពណ៌នាពួកមេដឹកនាំអ៊ីស្រាអែលថា «ប្រល័យពូជសាសន៍»។
អត្ថាធិប្បាយរបស់លោកនាំឱ្យមានការឆ្លើយតបឆាប់រហ័សពីរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz ដែលហៅសេចក្តីសម្រេចរបស់លោក Petro ថា ជាកាដូមួយដល់ក្រុមហាម៉ាស់។
នៅពេលអ៊ីស្រាអែលប្រុងប្រៀបធ្វើប្រតិបត្តិការយោធាមួយនៅក្នុងក្រុង Rafah រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បាននិយាយទូរសព្ទកាលពីថ្ងៃពុធជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant។
អ្នកនាំពាក្យម្នាក់នៃក្រសួងការពារជាតិអាមេរិកបាននិយាយថា លោក Austin បាន«សង្កត់ធ្ងន់លើសេចក្តីត្រូវការសម្រាប់កិច្ចប្រតិបត្តិការយោធាអ៊ីស្រាអែលនៅ Rafah ឱ្យមានរួមផែនការមួយគួរជឿទុកចិត្តបានដើម្បីជម្លៀសក្រុមជនស៊ីវិលប៉ាឡេស្ទីននិងរក្សាឱ្យមានលំហូរជំនួយមនុស្សធម៌ផងដែរ»។
ការពិភាក្សាគ្នានេះមានឡើងក្រោយទស្សនកិច្ចមួយដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken នៅអ៊ីស្រាអែលនៅពេលមានការប្រឹងប្រែងដោះស្រាយសេចក្តីលម្អិតនៃកិច្ចព្រមព្រៀងឈប់បាញ់គ្នាមួយ។
លោក Blinken បានជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និងពួកមន្ត្រីអ៊ីស្រាអែលឯទៀតៗ ព្រមទាំងគ្រួសារនៃចំណាប់ខ្មាំងខ្លះដែលកំពុងជាប់ឃុំឃាំងដោយក្រុមហាម៉ាស់ក្នុងតំបន់ហ្កាហ្សា៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។