អតីតរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Colin Powell បានស្លាប់នៅថ្ងៃចន្ទនេះ ក្នុងវ័យ ៨៤ ឆ្នាំ ដោយសារអាការៈធ្ងន់ធ្ងរនៃជំងឺកូវីដ១៩។ លោក គឺជាពលរដ្ឋអាមេរិកស្បែកខ្មៅដំបូងគេបង្អស់ដែលបានកាន់តំណែងជារដ្ឋមន្ត្រីការបរទេស និងធ្លាប់បានកាន់តំណែងជាប្រធានក្រុមសេនាធិការកងទ័ពនៃក្រសួងការពារជាតិ។ តួនាទីរបស់លោកនៅក្នុងថ្នាក់ដឹកនាំជាតិក្នុងរដ្ឋបាលអាមេរិកជាច្រើនបានរួមចំណែកខ្លាំងដល់គោលនយោបាយការបរទេសសហរដ្ឋអាមេរិកនៅចុងសតវត្សរ៍ទី២០និងដើមសតវត្សទី២១។
ក្រុមគ្រួសាររបស់លោក Powell បានប្រកាសអំពីមរណភាពរបស់លោកនៅលើទំព័រ Facebook ដោយបាននិយាយថា៖ «យើងបានបាត់បង់ស្វាមី ឪពុក ជីតាម្នាក់ដ៏អស្ចារ្យនិងដែលផ្តល់ក្តីស្រឡាញ់ ក៏ដូចជាបាត់បង់ពលរដ្ឋអាមេរិកដ៏អស្ចារ្យម្នាក់ផងដែរ»។
ក្រុមគ្រួសាររបស់លោកបានបន្ថែមថា លោកបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញរួចហើយ និងបានថ្លែងអំណរគុណបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យ Walter Reed National Medical Center នៅជាយក្រុងវ៉ាស៊ីនតោន «សម្រាប់ការព្យាបាលដ៏យកចិត្តទុកដាក់» ក្នុងអំឡុងពេលលោកសម្រាកព្យាបាលនៅទីនោះ។
លោក Powell ធ្លាប់ធ្វើជារដ្ឋមន្ត្រីការបរទេសពីឆ្នាំ ២០០១ ដល់ឆ្នាំ ២០០៥ ក្នុងអាណត្តិដំបូងរបស់លោកប្រធានាធិបតី George W. Bush។
ពីមុន លោកក៏ធ្លាប់ធ្វើជាប្រធានក្រុមសេនាធិការកងទ័ពនៃក្រសួងការពារជាតិពីឆ្នាំ ១៩៨៩ ដល់ឆ្នាំ ១៩៩៣ ផងដែរ នៅក្រោមអាណត្តិរបស់លោកប្រធានាធិបតី George H.W. Bush។
ក៏ប៉ុន្តែ កិត្តិនាមរបស់លោកបានធ្លាក់ចុះខ្លាំងនៅឆ្នាំ ២០០៣ នៅពេលដែលលោកថ្លែងការពារការសម្រេចរបស់សហរដ្ឋអាមេរិកនៅក្នុងការចូលលុកលុយប្រទេសអ៊ីរ៉ាក់នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ នៅពេលនោះ លោកបានយោងលើព័ត៌មានមិនត្រឹមត្រូវដែលអះអាងថា លោក Saddam Hussein ដែលជាប្រធានាធិបតីអ៊ីរ៉ាក់នៅពេលនោះ បានលាក់ទុកអាវុធប្រល័យលោក៕
ព័ត៌មាននៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់បន្ថែមមកពីទីភ្នាក់ងារព័ត៌មាន Associated Press