លោក Colin Powell បាន​ធ្វើការ​ជូន​ប្រធានាធិបតី​អាមេរិក​និង​បាន​ជួយ​រៀបចំ​គោលនយោបាយ​ការបរទេស​អាមេរិក

រូប​ឯកសារ៖ នៅ​ក្នុង​រូបថត​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០០១ នេះ អតីត​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Colin Powell ថ្លែង​ក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្រសួង​ការបទេស​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

លោកឧត្តមសេនីយ៍ ​Colin Powell ដែល​បាន​ទទួលអនិច្ចកម្មកាល​ពី​ថ្ងៃ​ចន្ទ​ទី១៨ ខែ​តុលាដោយ​សារ​ផលវិបាក​នៃ​ជំងឺកូវីដ​១៩ ក្នុង​ជន្មាយុ​៨៤​ឆ្នាំ ជា​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាមេរិក​ស្បែកខ្មៅ​ទី​មួយ​និង​ជាអតីត​ប្រធាន​ក្រុម​នាយសេនាធិការ​កងទ័ព​នៃ​កង​យោធពល​សហរដ្ឋ​អាមេរិក។ លោក​ធ្លាប់បាន​ធ្វើការ​ជូន​ប្រធានាធិបតី​អាមេរិក និង​ជួយ​រៀបចំ​គោលនយោបាយ​ការបរទស​របស់​សហរដ្ឋអាមេរិក​អស់ពេល​ជាច្រើនឆ្នាំ។

គ្រួសារលោក ​Colin Powell បាន​ប្រកាសអំពី​មរណភាព​លោក តាម​ Facebook ថា៖ «យើង​បាន​បាត់​បង់ស្វាមី​បិតា​ ជីតាជា​ស្រឡាញ់​និងមហា​បុរសអាមេរិកាំង​ម្នាក់»។

គ្រួសារលោកបាន​និយាយ​ថាលោក​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ប្រឆាំងនឹង​វីរុសនេះ។ ពួកគេ​អរគុណក្រុម​បុគ្គលិក​ពេទ្យ​នៅ​ឯ​មជ្ឈមណ្ឌលវេជ្ជសាស្ត្រ​ជាតិ Walter Reed​នៅ​ជិត​រដ្ឋធានីវ៉ាស៊ីនតោន​«ដល់ការ​ព្យាបាល​ដោយ​យក​ចិត្តទិកដាក់របស់​ពួក​គេ»​នៅថ្ងៃចុង​ក្រោយនៃ​ជីវិត​លោក។

បណ្តាញផ្សាយ​ព័ត៌មាន​នៅ​សហរដ្ឋ​អាមេរិក​បាន​រាយការណ៍​ថា​លោក Powell ​មាន​ជំងឺ​មហារីកឈាម​ដែល​រាំង​ខ្ទប់ការ​ឆ្លើយ​តបរបស់​ប្រព័ន្ធ​ការពារ​រាង​កាយ​នឹង​ជំងឺ។ ​ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូសប្រឆាំង​នឹងកូវីដ១៩ហើយក៏​ដោយ​ក៏មនុស្សដែល​មានបញ្ហាខាងប្រព័ន្ធ​ការពារ​រាង​កាយនឹង​ជំងឺ​អាច​មានគ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដែរ។

លោក ​Powell ជារដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិកពី​ឆ្នាំ​២០០១​ដល់​២០០៥នៅ​ក្នុង​អាណត្តិ​ទី​មួយ​របស់​រដ្ឋបាល​លោក​ប្រធានាធិបតី George W. Bush ខាង​គណបក្ស​សាធារណរដ្ឋ។

នៅ​ក្នុង​ការ​សម្តែង​ការ​គោរព​លោក Bush បានមាន​ប្រសាសន៍​ថា​លោក​និងលោកស្រី​ជា​ភរិយា​លោក​«មានទុក្ខ​ព្រួយ​យ៉ាង​ក្រៀមក្រំ»​ដោយសារ​មរណភាព​របស់​លោក Powell។

លោក Bush បាន​មាន​ប្រសាសន៍​ថា៖ «លោក Powell ជា​អ្នក​រដ្ឋការសាធារណៈ​អស្ចារ្យ​ម្នាក់ ចាប់​ផ្តើម​ពីពេល​ដែល​លោក​ជា​ទាហាន​ម្នាក់​ក្នុង​សង្គ្រាមវៀតណាម។​ប្រធានាធិបតី​ជា​ច្រើន​នាក់​បាន​ពឹងពាក់​លើការ​ឱ្យ​យោបល់និង​បទពិសោធន៍​របស់​លោក​ឧត្តមសេនីយ៍ Powell។ ប្រធានាធិបតី​នានា​ពេញ​ចិត្ត​លោក​យ៉ាងខ្លាំង​ហើយ​បាន​ផ្តល់​មេដាយ​សេរីភាពប្រធានាធិបតី​ពីរ។​លោកទទួល​ការ​គោរព​យ៉ាង​ខ្ពង់ខ្ពស់​នៅ​ក្នុង​ប្រទេសនិងក្រៅ​ប្រទេស»។

រូប​ឯកសារ៖ នៅ​ក្នុង​រូបថត​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០០០ នេះ ប្រធានាធិបតី​ George W. Bush ដែល​ទើប​ជាប់​ឆ្នោត​នៅ​ពេល​នោះ ញញឹម នៅ​ពេល​លោក​ណែនាំ​ឧត្តមសេនីយ៍​ចូល​និវត្តន៍ Colin Powell ដែលលោកទើប​បាន​ជ្រើសរើស​ជា​បេក្ខជន​រដ្ឋមន្ត្រី​ការបរទេស នៅ​ក្នុង​ពិធី​មួយ​នៅ​ទី​ក្រុង Crawford រដ្ឋ Texas។

លោក​ប្រធានាធិបតី​Joe Biden បាន​ហៅលោក Powell ថា​ជា «អ្នក​ស្នេហា​ជាតិ​ម្នាក់ដែល​មាន​កិត្តិយសនិង​សេចក្តី​ថ្លៃថ្នូរខ្ពង់​ខ្ពស់​គ្មាន​នរណា​អាច​ប្រៀប​បាន»។

លោក Biden បានមាន​ប្រសាសន៍​ថា៖ «លោក Colin មាន​ឧត្តមគតិខ្ពស់​បំផុតទាំង​ជាយុទ្ធជន​និង​ជា​អ្នកការទូត។ លោកប្តេជ្ញា​ដល់កម្លាំង​និងសន្តិសុខ​ប្រទេស​ជាតិ​យើងលើ​អ្វីៗ​ទាំង​អស់។ ដោយបាន​ប្រយុទ្ធ​ក្នុងសង្គ្រាម លោក​យល់​ជាងនរណា​ទាំង​អស់ថាកម្លាំង​យោធាតែ​មួយមិន​គ្រប់គ្រាន់ទេ​ក្នុង​ការថែរក្សា​សន្តិភាពនិងភាពសំបូរ​រុង​រឿង​របស់​យើង»។

រូប​ឯកសារ៖ អតីត​ប្រធានាធីបតី George H. W. Bush និង​ភរិយា​លោកស្រី Barbara Bush បំពាក់​មេដាយ​សន្តិភាព (Medal of Freedom) ដល់​ឧត្តមសេនីយ៍ Colin Powell ប្រធាន​ក្រុម​នាយសេនាធិការ​កងទ័ព​នៃ​កង​យោធា​សហរដ្ឋ​អាមេរិក ក្នុង​ពិធី​មួយ​នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​១៩៩១។

លោកអតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក Barak Obama ក៏​បាន​សម្តែងការ​គោរព​ដែរ។

លោក Obama បានមានប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី១៨ ខែ​តុលា​ថា៖ «លោក​ឧត្តមសេនីយ៍ Colin Powell យល់​អំពី​អ្វី​ដែល​ល្អ​បំផុត​ក្នុង​ប្រទេស​នេះ​ហើយ​លោក​បានយក​ជីវិត អាជីព​និង​សេចក្តី​ថ្លែងការណ៍​សាធារណៈ​របស់​លោកដាក់​តាម​ឧត្តមគតិ​នេះ។ Michelle និង​ខ្ញុំ​នៅ​តែ​យល់​ជានិច្ច​ថា​លោក​ជា​ឧទាហរណ៍​មួយនៃ​អ្វី​ដែល​ប្រទេសអាមេរិ​កនិងជនជាតិអាមេរិកាំងអាចនិង​គួរធ្វើតាម»។

លោក​រដ្ឋមន្ត្រី​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក Lloyd Austin បាន​មាន​ប្រសាសន៍តាម Twitter ថា៖ «គ្មាន​នរណា​អាច​ជំនួសលោក​ឧត្តមសេនីយ៍ Colin Powell បាន​ទេ។ លោក​ជា​មិត្តនិង​ជា​អ្នក​ណែនាំល្អ​ប្រសើរ​របស់​ខ្ញុំ ហើយនៅ​ពេល​នេះ​ការ​បាត់បង់​រូបលោក​ជាការ​ស្រងាក​ចិត្ត​ខ្លាំង​ណាស់សម្រាប់​ខ្ញុំ»។

លោក Powell ជាឧត្តមសេនីយ៍​ផ្កាយ​បួន​នៃ​កង​ទ័ព​ជើង​គោក​សហរដ្ឋ​អាមេរិក​និង​ជាទាហាន​ជើង​ចាស់​ដែល​មាន​បទ​ពិសោធន៍​៣៥ឆ្នាំ។ លោក​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ប្រធាន​ក្រុម​នាយសេនាធិការ​កងទ័ព នៃ​កង​យោធពល​សហរដ្ឋ​អាមេរិក ពី​ឆ្នាំ​១៩៨៩​ដល់​១៩៩៣​នៅ​ពេលលោក George H.W. Bush ឪពុក​លោក George W. Bush កាន់​តំណែង​ប្រធានាធិបតី ហើយ​លោក​បាន​កាន់​តំណែង​នេះ​ជាច្រើនខែនៅ​ពេល​លោក Bill Clinton ជា​ប្រធានាធិបតី​ប្រជាធិបតី​តពី​លោក George H.W. Bush។ នៅមុន​ពេល​នោះ​លោកជា​ទីប្រឹក្សាសន្តិសុខ​ជាតិ ក្រោម​លោក​ប្រធានាធិបតី Ronald Reagan ពី​ឆ្នាំ១៩៨៧​ទៅ​១៩៨៩។

នៅក្នុង​មជ្ឈដ្ឋាន​នយោបាយ គេ​យល់​ឃើញ​ថា​លោក​ Powell ជាអ្នក​សាធារណរដ្ឋមិន​និយម​ជ្រុល​ហើយគិត​តែ​ពី​សាច់ការ។ លោក​បាន​ពិចារណា​ឈរឈ្មោះជា​បេក្ខជន​ប្រធានាធិបតីតទល់នឹង​លោក Clinton កាល​ពី ឆ្នាំ១៩៩៦ តែ​បាន​សម្រេចមិន​ឈរ​ឈ្មោះ​វិញពីព្រោះ​ភរិយា​លោក​គឺ​លោកស្រី Alma បារម្ភ​អំពី​សុវត្ថិភាព​របស់​លោក។

កាល​ពី​ឆ្នាំ​២០០៨​លោកបាន​ងាក​ចេញ​ពីគណបក្ស​សាធារណរដ្ឋ ហើយ​បាន​គាំទ្រ​បេក្ខភាព​លោក​Obama ខាង​គណបក្ស​ប្រជាធិបតេយ្យ ដែល​បាន​ក្លាយ​ជា​ជនជាតិ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិកទី​មួយ​ដែល​ជាប់​ឆ្នោត​កាន់​តំណែង​កំពូល​ក្នុង​សេតវិមាន។

យុទ្ធនាការ​យោធា

លោក ​Powell បាន​បំពេញ​មុខ​នាទី​សំខាន់កាល​ពីពីរ​ទសវត្សរ៍​មុន​នេះ​ក្នុង​សង្គ្រាមធំៗ​ខ្លះ​របស់​ប្រទេស​អាមេរិក។

រូប​ឯកសារ៖ នៅ​ក្នុង​រូបថត ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​១៩៨៥ នេះ អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Casper Weinberger ពិភាក្សា​ជាមួយ​ ឧត្តមសេនីយ៍ Colin Powell ក្នុង​អំឡុងការ​ផ្តល់​សក្ខីកម្ម​នៅ​ព្រឹទ្ធសភា​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

កាលពី​ឆ្នាំ១៩៩១ នៅពេល​លោកជានាយ​ទាហាន​ជាន់ខ្ពស់​លោក George H.W. Bush បាន​បញ្ជូន​ទាហាន​សហរដ្ឋ​អាមេរិក​ទៅ​បណ្តេញ​កង​កម្លាំងអ៊ីរ៉ាក់​ចេញ​ពី​ប្រទេស​កូវ៉ែត​ក្នុង​សង្គ្រាម​ខ្លីមួយដែល​នៅ​ពេល​នោះ​បាន​ធ្វើ​ឱ្យប្រជាប្រិយភាព​នយោបាយ​របស់​លោក Bush កើនឡើង​ច្រើនក្នុង​ប្រទេស។

តែក្នុង​ឆ្នាំ២០០៣ នៅពេល​លោក​កាន់តំណែងជា​រដ្ឋមន្ត្រី​ការបរទេស លោក Powell បាន​បំពេញមុខ​នាទី​សំខាន់​មួយក្នុង​ការ​នាំ​សហរដ្ឋ​អាមេរិក​ចូល​លុក​លុយ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​ដែល​មាន​ជោគវាសនា​អាក្រក់ដោយ​ផ្អែក​លើព័ត៌មាន​នៃ​ការ​ស៊ើបការ​សម្ងាត់​ខុស​ថា Saddam Hussein បុរសមាន​អំណាច​ខ្លាំង​នៃ​ប្រទេស​នេះ​មានស្តុក​អាវុធ​មហាប្រល័យ​គឺ​អាវុធ​គីមី​និង​អាវុធ​ជីវសាស្ត្រដែល​នាំ​ឱ្យ​មានការ​គំរាមកំហែងដល់​សន្តិភាព​ពិភពលោក។

កាល​ពី​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០០៣​ លោក Powell​ បាន​ថ្លែង​សុន្ទរកថាក្នុង​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដោយ​ជំរុញ​ករណី​ធ្វើ​សង្គ្រាម​ដែល​លោក​ប្រធានាធិបតី George W. Bush និងមន្ត្រីសំខាន់ៗ​ក្នុង​រដ្ឋបាល​អាមេរិកាំងដោយ​មាន​រួម​បញ្ចូល​ទាំងលោក​អនុប្រធានាធិបតី Dick Cheney​ ផង​ចង់ឱ្យ​មាន។

លោក Powell​បាន​អះអាងថា៖​ «មិន​អាច​មាន​ការ​សង្ស័យ​ទេ​ថា​ Saddam Hussein មាន​អាវុធជីវសាស្ត្រនិង​សមត្ថភាពក្នុង​ការ​ផលិត​អាវុធ​បែប​នេះ​ច្រើន​ថែមទៀត»។

រូប​ឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​ Colin Powell លើក​បង្ហាញ​កូនដប​មួយ​ដែល​លោក​អះអាង​ថា​អាច​មាន​សារជាតិ​ anthrax ក្នុង​អំឡុង​បទបង្ហាញ​របស់​លោក​អំពី​ប្រទេស​អ៊ីរ៉ាក់​នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​ទី​ក្រុង​ New York កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ​ ឆ្នាំ​២០០៣។

ក៏ប៉ុន្តែ​នៅ​ខែ​កញ្ញា ឆ្នាំ​២០០៥​លោក​បាន​ទទួល​ស្គាល់​ថា​សុន្ទរកថា​របស់​លោក​នៅអង្គការ​សហប្រជាជាតិ​មាន​ការ​មិន​ត្រឹមត្រូវ​ច្រើន​ដោយផ្អែក​លើព័ត៌មាន​ខុស​របស់​ការ​ស៊ើបការសម្ងាត់​របស់​សហរដ្ឋ​អាមេរិក។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​តាមទូរទស្សន៍​លោក​បាន​ពណ៌នា​ការ​លុក​លុយប្រទេសអ៊ីរ៉ាក់​ថា​ជា​«ស្នាម​ប្រឡាក់»​មួយនៅក្នុង​ប្រវត្តិ​របស់​លោក។ សហរដ្ឋ​អាមេរិក​មិន​បាន​រក​ឃើញអាវុធ​មហា​ប្រល័យក្នុង​ប្រទេស​អ៊ីរ៉ាក់​ទេ។

លោក Powell បានមាន​ប្រសាសន៍​ថា៖ «ការ​លុក​លុយនេះនឹងនៅជា​ផ្នែក​មួយ​នៃប្រវត្តិរបស់​ខ្ញុំ​ជានិច្ច។​វា​ជា​ការ​ឈឺចាប់​នៅពេលនោះ។ វា​ជា​ការ​ឈឺចាប់នៅ​ពេល​នេះ»។

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ