សហមេធាវីការពារក្តីលោក កឹម សុខា ស្នើឱ្យពន្លឿនការជំនុំជម្រះក្តីរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះនៅសាលាឧទ្ធរណ៍ដើម្បីកុំឱ្យប៉ះពាល់សិទ្ធិសេរីភាពរបស់លោក ខណៈការកំណត់យកថ្ងៃទី ១៩ កញ្ញា ឆ្នាំ ២០២៤ ជាថ្ងៃចេញសេចក្តីសន្និដ្ឋានមុនការប្រកាសសាលាដីកា ត្រូវបានសាលាឧទ្ធរណ៍លើកពេល។
ក្នុងសវនាការលើកទី១២នៅសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការជាន់ខ្ពស់បានបិទបញ្ចប់សវនាការសួរដេញដោលបណ្តឹងសាទុក្ខរបស់លោក កឹម សុខា ដែលត្រូវបានតុលាការជាន់ទាបកាត់ទោសពីបទក្បត់ជាតិកាលពីឆ្នាំមុន។
អ្នកស្រី ម៉េង សុភារី សហមេធាវីលោក កឹម សុខា ប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា សំណុំរឿងរបស់មេដឹកនាំនយោបាយជំទាស់រូបនេះមានរយៈពេល ៧ ឆ្នាំហើយ គិតត្រឹមឆ្នាំ ២០២៤ នេះ ដែលអ្នកស្រីថា ជារយៈពេលមួយដែលយូរសម្រាប់លោក។ អ្នកស្រីបញ្ជាក់ឱ្យដឹងទៀតថា ការលើកពេលធ្វើសេចក្តីសន្និដ្ឋានសំណុំរឿងរបស់លោក កឹម សុខា កាលពីទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤ នេះក៏បានរួមចំណែកធ្វើឱ្យលោក កឹម សុខា បាត់បង់សិទ្ធិធ្វើនយោបាយ និងសិទ្ធិជាពលរដ្ឋផងដែរ។
អ្នកស្រីថ្លែងថា៖ «ពិតជាប៉ះពាល់ហើយ! ទីមួយគឺសិទ្ធិនយោបាយរបស់គាត់។ ទីពីរសិទ្ធិពលរដ្ឋរបស់គាត់។ ទីបីនោះគឺថា បានកាត់ផ្តាច់មនោសញ្ចេតនា ក៏ដូចជាទំនៀមទម្លាប់ប្រពៃណី។ ជាក់ស្តែងដូចជាបច្ចុប្បន្ននេះគឺដល់ខែ ដល់រដូវបុណ្យភ្ជុំ ប៉ុន្តែគាត់អត់អាចទៅធ្វើបុណ្យទាន។ គាត់អត់អាចទៅជួបជុំក្រុមគ្រួសាររបស់គាត់ ជាពិសេសនោះគឺគាត់អត់អាចទៅជួបម្តាយជរារបស់គាត់ដែលកំពុងតែឈឺ»។
សហមេធាវីរូបនេះបន្ថែមថា បើសិនរឿងក្តីលោក កឹម សុខា នៅបន្តអូសបន្លាយ វានឹងអាចធ្វើឱ្យលោក កឹម សុខា ទទួលរងភាពអយុត្តិធម៌។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំយល់ស្របដូចអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ធ្លាប់បានមានប្រសាសន៍ថា យុត្តិធម៌មួយដែលគេរង់ចាំយូរពេកគឺវាអយុត្តិធម៌បាត់ទៅហើយ។ បើសិនជាឯកឧត្តម កឹម សុខា គាត់មានសេរីភាពឡើងវិញ ខ្ញុំជឿថា រឿងនឹងត្រូវចប់»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ លោក ឃុន លាងម៉េង ថ្លែងថា ការលើកពេលធ្វើសេចក្តីសន្និដ្នានលើរឿងក្តីលោក កឹម សុខា កាលពីថ្ងៃទី ១៩ ខែកញ្ញា កើតឡើងដោយសារតែតំណាងខាងអយ្យការមានធុរៈ និងថា ការលើកពេលនេះក៏មិនប៉ះពាល់ដល់ដំណើរការជំនុំជម្រះក្តីរបស់លោក កឹម សុខា តាមនីតិវិធីត្រឹមត្រូវតាមច្បាប់នោះដែរ។
លោកបញ្ជាក់ថា៖ «ដូចជាមិនប៉ះពាល់ទេ ព្រោះរយៈពេលហ្នឹងគឺជារយៈពេលទុកឱ្យមេធាវី និងតំណាងអយ្យការធ្វើសេចក្តីសន្និដ្ឋាន និងខណៈពេលហ្នឹងនឹងកំណត់ពេលនៅឆាប់ៗខាងមុខ»។
សហស្ថាបនិកគណបក្សកែទម្រង់កម្ពុជាលោក អ៊ូ ច័ន្ទរ័ត្ន មានការស្តោកស្តាយចំពោះសំណុំរឿងលោក កឹម សុខា ក្នុងនាមលោកជាអ្នកនយោបាយជំទាស់ ព្រោះលោកសង្កេតឃើញថា ការចាប់ខ្លួនលោក កឹម សុខា ការរំលាយគណបក្សសង្រ្គោះជាតិ បូករួមនិងការអូសបន្លាយពេលក្នុងសំណុំរឿងលោក កឹម សុខា បានធ្វើឱ្យប៉ះពាល់ដល់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា។
លោកបន្ថែមថា មានតែការសម្របសម្រួលខាងនយោបាយតែប៉ុណ្ណោះ ទើបអាចបញ្ចប់ក្តីក្តាំរបស់លោក កឹម សុខា នៅតុលាការបាន និងថា ដំណើរការប្រជាធិបតេយ្យនៅកម្ពុជានឹងរងការរិះគន់ ហើយសេដ្ឋកិច្ចប្រទេសនេះនឹងរងផលប៉ះពាល់ បើសិនរឿងក្តីនេះបន្តអូសបន្លាយយូរទៀតនោះ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «បើមិនដូច្នោះទេ អាចនឹងនៅអូសបន្លាយអ៊ីចឹង។ ខ្ញុំគិតថា បើសិនជាសាលាឧទ្ធរណ៍សម្រេច ហើយបើមេធាវី ឬក៏លោកប្រធាន កឹម សុខា នៅតែបន្តទៅដល់កំពូលទៀត ខ្ញុំជឿថា វាអាចនឹងនៅបន្តអ៊ីចឹង រាប់ឆ្នាំនៅហ្នឹងទៅ! ហើយវាប៉ះពាល់ខ្លាំងណាស់ ប៉ះពាល់ដល់កម្ពុជា ទាំងរឿងប្រជាធិបតេយ្យ ទាំងរឿងសេដ្ឋកិច្ចអីជាដើមដែល អ្នកបញ្ជាទិញ វិនិយោគទុនហ្នឹងមើលមកវាពិបាកនឹងមានការទុកចិត្ត»។
ចំណែកលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លើកឡើងថា ជាគោលការណ៍នៃច្បាប់អន្តរជាតិ និងច្បាប់ជាតិ សិទ្ធិរបស់ជនត្រូវចោទ ត្រូវទទួលការជំនុំជម្រះយ៉ាងលឿនដែលអាចធ្វើទៅបាន ដើម្បីចៀសវាងការប៉ះពាល់ទៅដល់សិទ្ធិរបស់ជនជាប់ចោទចំពោះមុខច្បាប់។ លោកថា ករណីរបស់លោក កឹម សុខា ក៏អាចប៉ះពាល់ដល់សិទ្ធិរបស់លោកដែលជាជនជាប់ចោទផងដែរ។
លោកថ្លែងថា៖ «បើយើងនិយាយអំពីសិទ្ធិទទួលបានការជំនុំជម្រះឱ្យបានលឿនដែលអាចធ្វើទៅបាន វាមានការអូសពេលអូសបន្លាយ។ វាអាចប៉ះពាល់សិទ្ធិរបស់លោក កឹម សុខា ព្រោះលោក កឹម សុខា ក៏ជាអ្នកដឹកនាំគណបក្សនយោបាយ អតីតអ្នកដឹកនាំគណបក្សនយោបាយមួយ។ អ្វីដែលគេចង់ឃើញគឺថា សវនាការហ្នឹងធ្វើម៉េចឱ្យបានឆាប់ លឿនដើម្បីឱ្យបានឃើញថា តើលោក កឹម សុខា មានទោស ឬគ្មានទោសដើម្បីឱ្យមានភាពយុត្តិធម៌ចំពោះមុខច្បាប់»។
លោកបន្ថែមថា ចំពោះរឿងក្តីលោក កឹម សុខា នីតិវិធីផ្លូវច្បាប់ជារឿងមួយ ប៉ុន្តែបើអ្នកនយោបាយទាំងអស់មានការចរចាគ្នា ដោយតម្កល់ឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ រកច្រកនយោបាយដើម្បីបញ្ចប់នូវវិបត្តិនយោបាយដែលនៅសេសសល់ វាជារឿងល្អ។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬគប់គិត ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលស្មើនឹងអំពើក្បត់ជាតិ និងដាក់ឃុំខ្លួននៅក្នុងផ្ទះរបស់លោកនៅទីក្រុងភ្នំពេញ។ តុលាការក៏បានដកហូតសិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខា និងមិនអនុញ្ញាតឱ្យលោកជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។ អង្គការសិទ្ធិមនុស្ស និងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យធំៗមួយចំនួនបានរិះគន់ការផ្តន្ទាទោសនេះ និងស្នើឱ្យកម្ពុជាសា្តរលទ្ធិប្រជាធិបតេយ្យឡើងវិញ៕