បក្ស​ប្រឆាំង​ប្រកាស​ទទួល​ជំនួយ​បង្កើត​ទូរទស្សន៍​លើក​ដំបូង

រូបឯកសារ៖ មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ធ្វើ​សន្និសីទ​ព័ត៌មាន​មួយ​នៅ​ទី​ស្នាក់ការ​កណ្តាល​គណបក្ស​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៤ អំពី​ករណី​ការ​រារាំង​ពិធី​ជួប​ប្រជុំ​សមាជិក​គណបក្ស​នៅ​ស្រុង​អន្លង់វែង​ខេត្ត​ឧត្តរមានជ័យ។

គណបក្ស​សង្គ្រោះជាតិបាន​ប្រកាស​ចាប់ផ្តើម​ទទួល​ជំនួយ​ពី​អ្នក​គាំទ្រ​និង​សប្បុរស​ជនចាប់​ពី​ចុងសប្តាហ៍​នេះ​ទៅដើម្បី​រៀបចំ​កម្មវិធី​ទូរទស្សន៍​លើក​ដំបូង​របស់​គណបក្ស​ប្រឆាំង​នៅក្នុង​ប្រទេស​កម្ពុជា។​

លោកសម រង្ស៊ី ប្រធាន​គណបក្ស​បាន​ប្រកាសតាម​ទំព័រហ្វេសប៊ុក​របស់​លោកនៅថ្ងៃ​អង្គារ​នេះថា​អ្នកគាំទ្រ​អាច​យក​«វិភាគទាន តិចក្តី ច្រើនក្តី តាមលទ្ធភាព និងតាមសទ្ធា‍»របស់ពួកគេ​មកផ្តល់ជូនគណបក្ស នៅទីស្នាក់ការនៅ​រាជធានីភ្នំពេញ‍។

អ្នក​គាំទ្រ​ក៏​អាច​ចូលរួម​ក្នុង​លក្ខណៈ ជា​ការចូលរួមធ្វើអាជីវកម្ម ដោយផ្ទាល់ឬដោយប្រយោល ក្នុងវិស័យទូរទស្សន៍នេះ តាមរយៈគណបក្សសង្គ្រោះ​ជាតិផងដែរ។​

ការទាមទារ​របស់​គណបក្ស​ប្រឆាំង​ដើម្បីបង្កើត​ទូរទស្សន៍​ដែល​មាន​ឈ្មោះ​ថា​«ទូរទស្សន៍​ព្រះអាទិត្យ‍»​ត្រូវ​បាន​រដ្ឋាភិបាល​យល់​ព្រម​ផ្តល់​ទិដ្ឋាការ​ឱ្យ​បន្ទាប់​ពីមានការ​ចរចារ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​និង​លោក​សម រង្ស៊ី​ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​មាន​រយៈ​ពេ​ល​ជិត​មួយ​ឆ្នាំ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៣។​

លោក សម រង្ស៊ី​បាន​ប្រកាស​ថា​នៅ​ថ្ងៃសៅរ៍ ទី២៧ ​ខែមិថុនា​ គឺ​រូប​លោក​ផ្ទាល់​និង​ លោក កឹម សុខា​ ដែល​ជាអនុប្រធាន​នឹង​ចាំទទួល ​សកម្មជន ​សប្បុរសជន ​និង​អ្នកគាំទ្រ​ទាំងអស់​ នៅ​ទីស្នាក់ការ​គណបក្ស​ ចាប់ពី​ម៉ោង​ ៨ ព្រឹក​ទៅ​ហើយ​ក៏​នឹង​មាន​ការថតរូប​ជា​អនុស្សាវរីយ៍​ផង​ដែរ។

គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា​ទូរទស្សន៍​នេះ​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​មុន​ដំណាច់​ឆ្នាំ​នេះ៕