អតីតគណបក្សប្រឆាំងបានសម្រេចឱ្យលោកសមរង្ស៊ីប្រធានស្តីទីនិងថ្នាក់ដឹកនាំដែលកំពុងរស់នៅនីរទេសខ្លួនក្រៅប្រទេស និងអ្នកគាំទ្រព្រមទាំងមន្ត្រីបរទេសមួយចំនួនជួបជុំគ្នានៅថ្ងៃទី៥ខែវិច្ឆិកានៅប្រទេសមួយក្នុងតំបន់អាស៊ីមុននឹងពួកគេធ្វើដំណើររួមគ្នាចូលក្នុងប្រទេសកម្ពុជានៅថ្ងៃទី៩ខែវិច្ឆិកា។
ការសម្រេចនេះធ្វើឡើងក្រោយពីគណៈអចិន្ត្រៃយ៍នៃគណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នានៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសិត សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍កន្លងមកនេះដើម្បីកំណត់យុទ្ធសាស្រ្តចុងក្រោយមុននឹងធ្វើមាតុភូមិនិវត្តន៍ដើម្បីទៅស្តារលទ្ធិប្រជាធិបតេយ្យដែលបានធ្លាក់ចុះអស់ជាង២ឆ្នាំមកហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានស្តីពីការសម្រេចនេះ។
ប៉ុន្តែមន្ត្រីគណបក្សនៅមិនទាន់បញ្ជាក់ឱ្យដឹងថាប្រទេសមួយណាឡើយក្នុងតំបន់អាស៊ីនេះដោយសារតែហេតុផលសន្តិសុខ។
សេចក្តីសម្រេចដែលបានចេញផ្សាយកាលពីថ្ងៃច័ន្ទមាន៥ចំណុច ក្នុងនោះមានការត្រៀមថវិកាសម្រាប់ផ្គត់ផ្គង់កងកម្លាំងប្រដាប់អាវុធដែលពួកគេរំពឹងថានឹងផ្តាច់ខ្លួនចេញពីរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមកការពារពលរដ្ឋដែលចេញមកស្វាគមន៍ប្រតិភូនេះផងដែរ។
លោកស្រីមូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិនិងជាអ្នកទទួលបន្ទុករៀបចំមាតុភូមិនិវត្តន៍បានបញ្ជាក់ប្រាប់វីអូអេថា៖
«យើងជឿជាក់ច្បាស់ណាស់ថានៅពេលមាតុភូមិនិវត្តន៍នៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩ខាងមុខនេះនៃលោកប្រធានស្តីទីសមរង្ស៊ីនិងយើងខ្ញុំទាំងអស់គ្នានេះគឺច្បាស់ណាស់អ្នកស្នេហាជាតិនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធនិងមន្ត្រី រាជការក៏នៅតែទុករក្សាឧត្តមគតិជាអ្នកស្នេហាជាតិ។ ដូច្នេះយើងខ្ញុំជឿជាក់ច្បាស់ណាស់ថាប៉ូលិសទាហានទាំងនោះនឹងដាក់អាវុធចុះដើម្បី ការពារប្រជាពលរដ្ឋ ការពារអ្នកប្រជាធិបតេយ្យ»។
មន្ត្រីគណបក្សជាច្រើនរូបបានរត់ភៀសខ្លួនចេញពីប្រទេសកម្ពុជាដើម្បីគេចចេញពីការធ្វើទុក្ខបុកម្នេញពីគណបក្សកាន់អំណាចនៅមុននិងក្រោយពីតុលាការបានរំលាយគណបក្សសង្គ្រោះជាតិកាលពីខែវិច្ឆិកាឆ្នាំ២០១៧។ លោកកឹម សុខាដែលជាប្រធានគណបក្សកំពុងជាប់ឃុំឃាំងនៅលំនៅដ្ឋានជាង២ឆ្នាំដោយគ្មានការកាត់ទោស។ លោកត្រូវបានចោទប្រកាន់ពីបទក្បត់ជាតិដោយឃុបឃិតជាមួយនឹងសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលប៉ុន្តែអាជ្ញាធរមានសមត្ថកិច្ចមិនបានបង្ហាញភស្តុតាងអ្វីដើម្បីដាក់បន្ទុកលើការចោទប្រកាន់នោះឡើយ។
លោកអេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនីរទេសខ្លួននៅ សហរដ្ឋអាមេរិកបានថ្លែងប្រាប់ក្នុងអ្នកចូលរួមកាលពីចុងសប្តាហ៍ថា៖
«ខ្លួនខ្ញុំជាបុគ្គលបានរៀបចំខ្លួនរួចហើយអត់មានរាថយទេ។ ពាក្យស្លាប់ ពាក្យជាប់គុកអត់មាននៅក្នុងខ្លួនខ្ញុំទៀតទេ។ អត់មានទាល់តែសោះបងប្អូនព្រោះពេលវេលាមកដល់ហើយ។ អត់មានអ្នកណាស្លាប់ពីរដងទេ ស្លាប់តែម្តងទេ។ ដូច្នេះយើងបានប្តេជ្ញាចិត្តទាំងអស់គ្នា។ លោកប្រធានសមរង្ស៊ីក៏លោកបានប្តេជ្ញាចិត្តហើយ»។
យុទ្ធនាការគាំទ្រនៅឆាកអន្តរជាតិរបស់គណបក្សសង្គ្រោះជាតិបាននាំឱ្យមានអ្នកតំណាងរាស្ត្រសហភាពអឺរ៉ុបមួយចំនួនបានសម្រេចចិត្តថានឹងអមដំណើរលោកសមរង្ស៊ីវិលទៅប្រទេសកម្ពុជាផងដែរ។
ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធនៅមិនទាន់ឆ្លើយតបនឹងការសម្រេចនេះនៅឡើយទេជាពិសេសពាក់ព័ន្ធនឹងការឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធប៉ុន្តែអាជ្ញាធរបានបង្កើនសម្ពាធលើអតីតអ្នកគាំទ្របាន។
អាជ្ញាធរមានសមត្ថកិច្ចបានឃុំឃាំងខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៩នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះពាក់ព័ន្ធនឹងការជួបប្រជុំរៀបចំយុទ្ធសាស្រ្តក្នុងពេលកន្លងមកដើម្បីត្រៀមចាំស្វាគមន៍លោកសមរង្ស៊ី។
ចាប់ពីដើមឆ្នាំនេះគឺមានអតីតសកម្មជនគណបក្សនៅថ្នាក់មូលដ្ឋានចំនួន២៦នាក់ត្រូវបានចាប់ដាក់ពន្ធនាគារនិងមានជាង១៥០នាក់ទៀតត្រូវបានតុលាការកោះហៅបំភ្លឺ។
សេចក្តីសម្រេចកាលពីចុងសប្តាហ៍នេះក៏អំពាវនាវឱ្យពលករខ្មែរដែលកំពុងធ្វើការនៅក្រៅប្រទេសវិលត្រឡប់ចូលកម្ពុជាជាកម្លាំងជាមួយនឹងគណបក្សសង្គ្រោះជាតិផងដែរដើម្បីការផ្លាស់ប្តូរ៕