គណបក្សប្រឆាំងស្នើឲ្យបញ្ឈប់ការជួល​ដីតាមព្រំដែនឲ្យវៀតណាម

រូបឯកសារ៖ មន្ត្រី​ទាហាន​កម្ពុជា​ឈរ​យាម​ខណៈ​ដែល​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ដល់​ព្រំដែន​កម្ពុជា-វៀតណាម​ ក្នុង​អំឡុង​ពេល​​ទស្សនកិច្ច​​ចុះ​ត្រួត​ពិនិត្យ​ព្រំដែន​នៅ​ខេត្ត​ស្វាយរៀង​កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កក្កដា ឆ្នាំ​២០១៥។

​ក្រុម​អ្នកតំណាងរាស្ត្រ​ប្រាំ​រូប​នៃ​គណបក្ស​ប្រឆាំង​ បាន​ស្នើ​ឲ្យ​​រដ្ឋាភិបាល​ចាត់​វិធានការ​បញ្ឈប់​ការ​ជួល​ដីខ្មែរ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​​​វៀតណាម​ នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ឲ្យ​ទៅ​ជនជាតិ​វៀតណាម​ធ្វើ​ស្រែ។​

នៅ​គ្រា​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ កំពុង​បន្ត​ការ​តវ៉ាអំពី​ការ​រំលោភ​ព្រំដែន​កម្ពុជា​ ពី​ភាគី​វៀតណាម​ ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ បាន​ស្នើ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បញ្ឈប់​សកម្មភាព​ជួល​ដី​ខ្មែរ​ឲ្យ​វៀតណាម​ធ្វើ​ស្រែ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា​វៀតណាម​ក្នុង​ខេត្ត​ស្វាយរៀង។​

​ក្រុម​អ្នកតំណាងរាស្ត្រ​ប្រាំ​រូប​នៃ​គណបក្ស​ប្រឆាំង​ បាន​ស្នើ​ឲ្យរដ្ឋាភិបាល​ចាត់​វិធានការ​បញ្ឈប់​ការ​ជួល​ដីខ្មែរ​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​វៀតណាម​ នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ឲ្យ​ទៅ​ជនជាតិ​វៀតណាម​ធ្វើ​ស្រែ។​ នេះ​បើ​យោង​ទៅ​តាមលិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិផ្ញើ​ជូន​ទៅ​លោក​ ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ និងតាម​ការ​បញ្ជាក់​ពី​អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

​ការ​ស្នើ​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ កើត​មាន​ឡើង​ ​នៅ​ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បន្ត​តវ៉ា​ទាមទារ​វៀតណាម​ឲ្យ​បញ្ឈប់​ការ​រំលោភ​បំពាន​ដែនដី​កម្ពុជា​ នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា​វៀតណាម​ ដែល​ស្ថិត​ក្នុង​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​កម្ពុជា​ រួម​មាន​ខេត្ត​នៅ​ភាគ​ឥសាន្ត​ គឺ​ខេត្ត​រតនគីរី​ និង​មណ្ឌលគីរី​ និង​ខេត្ត​នៅ​ភាគ​បូព៌ា​ គឺ​ខេត្ត​ស្វាយ​រៀង​ តាកែវ​ និង​ខេត្ត​កណ្តាល។

លិខិត​ក្រុម​អ្នក​តំណាងរាស្ត្រ​បាន​បញ្ជាក់​ទៅ​លោក ស​ ខេង​ ថា ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ហាម​មិន​ឲ្យ​ជួល​ដីខ្មែរ​នៅ​តាម​ព្រំដែន​ឲ្យ​ទៅ​ជនជាតិ​វៀតណាម​ធ្វើ​ស្រែ​ក៏​ដោយ​ ក៏​សកម្មភាព​ជួល​ដី​ស្រែ​ទៅ​ឲ្យ​ជនជាតិ​វៀតណាម​នៅ​តាម​ព្រំដែន​កម្ពុជាវៀតណាម​ ​នា​ខេត្ត​ស្វាយ​រៀង​នៅ​តែ​បន្ត​កើត​មាន​តាម​រូបភាព​ឲ្យ​ជន​ជាតិ​ខ្មែរ​ធ្វើ​ជា​តំណាង​ដែល​មាន​អាជ្ញាធរ​មូលដ្ឋាន​ជួយ​បិទបាំង។​

លិខិត​ដដែល​នោះ​បន្ត​ថា​ ការ​ជួល​ដី​ឲ្យ​ទៅ​ជនជាតិ​វៀតណាម កំពុង​កើត​មាន​នៅ​ក្នុងឃុំ​ និង​ស្រុក​មួយ​ចំនួនក្នុង​ខេត្ត​ស្វាយរៀង​ រួមមាន​ការ​ជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម​ធ្វើ​ស្រែ​ចំនួន​ ១៩៦​ ហិកតា​ នៅ​ឃុំ​ទួលស្តី​ និង​ចំនួន​ ២០០​ហិកតា​នៅ​ឃុំ​ចន្ទ្រា​ ​ក្នុង​ស្រុក​ចន្ទ្រា​ ហើយ​និង​នៅ​សង្កាត់​ប្រាសាទ​ ក្រុង​បាវិត​ ​ចំនួន​ ៤០​ហិកតា។​

ក្រុម​អ្នកតំណាងរាស្ត្រ​បាន​សរសេរ​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ថា៖​

«អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​ យើង​ខ្ញុំ​សូម​ សម្តេច​ក្រឡាហោម​ ចាត់​វិធាន​ការ​បញ្ឈប់​កុំ​ឲ្យ​មាន​ការ​ជួល​ដី​ខ្មែរ​នៅ​តាម​បណ្តោយ​ព្រំ​ដែន​កម្ពុជា​វៀតណាម​ នៅ​ក្នុង​ខេត្ត​ស្វាយរៀង​ឲ្យ​ទៅ​ជន​ជាតិ​វៀតណាម​ធ្វើ​ស្រែ​ ​ដើម្បី​ការពារ​បូរណភាព​ទឹកដី​កម្ពុជា​កុំ​ឲ្យ​មាន​ការ​បាត់​បង់​ដោយសារ​តែ​ការ​ជួល​ដី​ស្រែ»។​

លោក​ ងឹម ញេង​ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​ពោធិ៍សាត់​បាន​ប្រាប់​ VOA​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ការដាក់​លិខិត ទៅ​កាន់​លោក ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ នេះ​គឺ​ជា​ការ​បញ្ជាក់​ម្តង​ទៀត​ពី​សកម្មភាព​ជួល​ដី​ខ្មែរ​ឲ្យ​ទៅ​ឲ្យ​វៀតណាម​ ហើយ​ថា​ សកម្មភាព​នេះ​ អាច​នឹង​ត្រូវ​បាន​បញ្ឈប់​ឬ​ក៏​បន្ត​ទៀត​នោះ​ គឺ​អាស្រ័យ​លើ​ឆន្ទៈ​នយោបាយ​របស់​រាជរដ្ឋាភិបាល។

«អាហ្នឹង​គឺ​អាស្រ័យ​ទៅ​លើ​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​របស់​ថ្នាក់​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា​យើង​បាទ​ ព្រោះ​យើង​ជា​ម្ចាស់​ទឹក​ម្ចាស់​ដី​នៃ​ប្រទេស​នេះ»។​

នៅ​ពេល​សួរ​អំពី​ការ​ប្រមូល​ព័ត៌មាន​អំពី​ការ​បន្ត​ជួល​ដី​ពី​ភាគី​ខ្មែរ​ឲ្យ​ទៅ​ភាគី​វៀតណាម​នោះ​ លោក​ ងឹម ញេង​ បាន​បង្វែរ​សំណួរ​ទៅ​លោក​ គង់ សភា​ អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​ស្វាយរៀង។ តែ​ VOA​ មិន​ទាន់​អាច​ទាក់​ទង​ លោក​ គង់ សភា​ បាន​ទេ​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

ក្រសួង​ការបរទេស​កម្ពុជា​ កាល​ពី​សប្តាហ៍​មុន​ មិន​បាន​បញ្ជាក់​ពី​ការ​ជួល​ដីខ្មែរ​ឲ្យ​វៀតណាម​នៅ​ក្នុង​លិខិត​របស់​ខ្លួន​ផ្ញើ​ទៅ​ភាគី​វៀតណាម​ប្រឆាំង​នឹង​ការរំលោភ​ដែន​ដីកម្ពុជា​នោះ​ទេ។​ ប៉ុន្តែ​លិខិត​នោះ បាន​បញ្ជាក់​ព័ត៌មាន​លម្អិត​ធ្វើ​ឡើងដោយ​ភាគី​កម្ពុជា​ អំពី​ការ​រំលោភ​បំពាន​នានា​ពី​សំណាក់​ភាគី​វៀតណាម​ រួមមាន​ការ​ជីក​ស្រះ​៩​កន្លែង​ និង​ការ​សង់​អគារ និង​ផ្លូវ​បេតុង​ក្នុង​ខេត្ត​រតនគីរី​ ការ​ធ្វើ​ផ្លូវ​ និង​ប៉ុស្តិ៍​រដ្ឋបាល​នៅ​តំបន់​ដាក់ដាង ​ដាក់ហ៊ូត​ ខេត្ត​មណ្ឌលគីរី ការ​ធ្វើ​ផ្លូវ​នៅ​ខេត្ត​ស្វាយរៀង ការ​សាង​សង់​បុស្តិ៍​យោធា​ ​នៅ​ខេត្ត​កណ្តាល​ និង​ការ​ធ្វើ​ប៉ុស្តិ៍​នៅ​ច្រកទា្វរ​ហួយដុង​ ​ជាប់​បង្គោល​ព្រំដែន​លេខ​ ២៦០​ ទល់​មុខ​ច្រក​ទ្វារ​កំពង់​ក្រសំាង​ស្រុក​បូរីជលសារ​ខេត្ត​តាកែវ។​

លោក​ អ៊ូ វីរៈ​ ប្រធាន​វេទិកា​អនាគត​ ដែល​ជា​មជ្ឈមណ្ឌល​សិក្សា​ស្រាវ​ជ្រាវ​គោលនយោបាយ​ក្នុង​ស្រុក​ បាន​ប្រាប់​ VOAថា​ រាជរដ្ឋាភិបាល​អាច​មាន​សមត្ថភាព​គ្រប់​គ្រាន់​នឹង​បញ្ចប់​ការ​ជួល​ដី​នេះ​បាន​ ក្នុង​រយៈ​ពេល​ខ្លី។​ លោក​ថា​ ប្រសិន​បើ​រាជរដ្ឋាភិបាល​ចង់​បញ្ឈប់​រឿង​នេះ​ទាំងស្រុង​បាន​នោះ​ ទាល់​តែ​ភាគី​កម្ពុជា​ និង​វៀតណាម​កំណត់​ឲ្យបាន​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជាវៀតណាម​ជាក់​លាក់​មួយ​ជាមុន​សិន។​ ​

«ខ្ញុំ​ថា​ រឿង​ជួល​ដី​ហ្នឹង​គឺ​ ខ្ញុំ​មើល​ទៅ​រដ្ឋាភិបាល​ជា​អាច​ធ្វើ​កើត​ បើ​សិន​ជា​មាន​ការ​ទាមទារ​ខ្លាំង​ពី​ប្រជាពលរដ្ឋ។ ​ប៉ុន្តែ​មិន​មាន​ប្រសិទ្ធភាព​ទាំងស្រុង​ទេ​ ទោះបី​ធ្វើ​កើត​ក៏ដោយ​ ព្រោះ​អី​រឿង​ជួល​ដី​នេះ​ ជា​ផ្នែក​មួយ​ដោះស្រាយ​ក្នុង​រយៈពេល​ខ្លី​ទេ​ ដល់​ ដល់​រយៈពេល​វែង​ ទាល់​តែ​មាន​ព្រំដែន​មួយ​ជាក់​លាក់​ ហើយ​មាន​ការ​អភិវឌ្ឍ​នៅ​តាម​បណ្តោយ​ព្រំដែន​ ទើប​អាច​ការពារ​បាន​បាទ»។​

​លោក​នាយ​ឧត្តមសេនីយ៍​ ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ ​បាន​មានប្រសាសន៍​ប្រាប់​ VOA នា​ល្ងាចថ្ងៃ​ព្រហស្បតិ៍​នេះថា​ ក្រសួង​ពុំ​ទាន់​ទទួល​បាន​លិខិត​របស់​ក្រុម​អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​នោះ​នៅឡើយ​ទេ។​

«ក្នុង​នាម​ខុទ្ទកាល័យ​លោក​ ពូ​ មិន​ទាន់​បាន​ឃើញ​នៅ​ឡើយ​ទេ​ ថ្មើរ​ហ្នឹង​ក្មួយ​ណាស់។​ ហើយ​ចាំ​បាន​ឃើញ​ពូ​នឹង​ដាក់​ជូន​សម្តេច​ សម្តេច​លោក​មាន​ប្រសាសន៍​ថា​ ម៉េច​ហ្នឹង​ហើយ»។​

យ៉ាងណាក៏ដោយ​ ទំព័រ​ហ្វេសប៊ុក​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដែល​ស្ថិត​ក្នុង​អំណាច​ជាង​បី​ទសវត្ស​មក​នេះ​ បាន​លើក​ពី​សារ​នយោបាយ​អំពី​ការ​ហាម​មិន​ឲ្យ​មាន​ការ​ជួល​ដីខ្មែរ​ទៅ​ឲ្យ​វៀតណាម ដោយ​សំដៅ​ទៅ​ខេត្ត​តាកែវ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា​ថា៖​

«ខេត្ត​តាកែវ​ជាប់​ព្រំដែន​វៀតណាម​ ដូច្នេះ​អាជ្ញាធរ​ខេត្ត​ត្រូវ​បង្កើន​ទំនាក់ទំនង​សហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​ណែនាំ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​ឲ្យ​ចេះ​យោគ​យល់គ្នា»។​ ​

សារ​នយោបាយ​របស់​លោក​ ហ៊ុន​ សែន​ បាន​សង្កត់​ធ្ងន់​ថា៖​

«ហាម​ដាច់ខាត​ការ​ជួល​ដី​ឲ្យ​ប្រជាជន​វៀតណាម។ នេះ​មិន​មែន​សម្រាប់​តែ​ខេត្ត​តាកែវ​មួយ​ទេ​ គឺ​សម្រាប់​ខេត្ត​ទាំង​អស់​ដែល​មានព្រំ​ប្រទល់​ជាមួយ​វៀតណាម»។​

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ ​សែន​ ​ក៏បាន​ថ្លែង​បញ្ជាក់​សារ​ជា​ថ្មី​ អំពី​ការ​ការពារ​ព្រំដែន​នៅ​ក្នុងវេទិកា​ស្តី​ពី​«ការ​ការពារ​និង​អភិរក្ស​ធនធាន​ធម្មជាតិ»​ រៀបចំឡើង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​ថា លោក​បាន​ណែនាំ​ឲ្យ​ធ្វើ​ការ​ដាក់​ពង្រាយ​ប្រជាជន​ខ្មែរ​ ​អភិវឌ្ឍ​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ដើម្បី​ការពារ​ទល់ដែន​កម្ពុជា​ ដែល​មិន​មាន​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ប្រទេស​ក្បែរ​ខាង។​ លោក​ថ្លែង​នា​ពេល​នោះ​ថា៖​ ​

«បាន​ណែនាំ​ ខេត្ត​តាកែវ​ថ្ងៃមុន​ ហើយ​បាន​ណែនាំ​បណ្តា​ខេត្ត​ វិធី​ដែល​ល្អ​ជាង​គេ​ គឺ​ពង្រាយប្រជាជន​ទៅ​តាម​ទល់ដែន​ ទាំង​ខាង​កើត​ ទាំង​ខាង​លិច​ ទាំង​ខាង​ជើង»។​

​ដើម្បី​ឈាន​ដល់​ការ​បញ្ចប់​វិវាទ​ព្រំដែន​កម្ពុជា​វៀតណាម​ដែល​នៅ​សេសសល់​ ​ថ្នាក់​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​បក្សកុម្មុយនីស្ត​វៀតណាម​បាន​ព្រមព្រៀង​គ្នា កាល​ពី​ថ្ងៃ​ទី​ ១៩​ ខែ​មីនា ឆ្នាំ​ ២០១៦ នា​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​ ថា នឹងស្នើសុំ​ប្រទេស​បារំាង​ឲ្យផ្តល់​អ្នក​ជំនាញ​បច្ចេកទេស​ខាង​ផែនទី​ក្នុង​ការផ្ទៀង​ផ្ទាត់​ចំណុច​ព្រំដែនដែល​នៅ​មាន​ការ​ខ្វែង​គំនិត​គ្នា​សម្រាប់ការ​ខ័ណ្ឌ​សីមា​និង​បោះ​បង្គោល​ព្រំដែន។​

មន្ត្រី​បក្ស​ប្រឆាំង​ បាន​លើក​ឡើង​កាល​ពី​ពេល​កន្លង​មក​ថា​ តុលាការ​អន្តរជាតិ​ ​ជា​ជម្រើស​ល្អ​មួយ​ទៀត​សម្រាប់​ដោះស្រាយ​វិវាទ​ព្រំដែន​ជាមួយ​ប្រទេស​ក្បែរ​ខាង​ ​ប្រសិន​បើ​ប្រទេស​ទីបី​ ​មិន​អាច​ដោះស្រាយ​បញ្ហា​នេះ​ ​បាន​ទេ​នោះ៕