មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ រង​ការ​ចោទ​ពាក់ព័ន្ធ​នឹង​គ្រួសារ​និយម និង​ការ​ប្រើប្រាស់​មូលនិធិ​មិន​ត្រឹមត្រូវ

រូប Screenshot នៃ​គេហទំព័រ​​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹងជំងឺ​គ្រុន​ចាញ់​ប៉ារ៉ាស៊ីត​សាស្ត្រ និងបាណកសាស្ត្រ នៅ​​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៦

មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ​រង​ការ​ចោទ​ប្រកាន់​ជា​ថ្មី​ទៀត​ ដោយ​លើក​នេះ ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រួសារ​និយម និង​ការ​ប្រើប្រាស់​មូលនិធិ​មិន​ត្រឹមត្រូវ ដែល​លើក​មុន​គឺ​ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​ជុំ​វិញ​​ប្រាក់​ជំនួយ​បរទេស​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក។

ថ្នាក់​ដឹកនាំ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ​និង​បាណក​សាស្ត្រ​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា ត្រូវ​បាន​ចោទ​ប្រកាន់ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រួសារ​និយម​និង​ការ​ប្រើប្រាស់​មូលនិធិ​ជំនួយ មិន​ត្រឹមត្រូវ។

តំណាង​បុគ្គលិក​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ ប៉ារ៉ាស៊ីតសាស្រ្ត​និង​បាណក​សាស្ត្រ​ បាន​ចោទ​ប្រកាន់​ថ្នាក់​ដឹកនាំ​នៃ​មជ្ឈមណ្ឌល​ជាតិ​នេះ ថា​បាន​រំលោភ​បំពាន​អំណាច ដោយ​បាន​នាំ​យកសមាជិក​ក្រុម​គ្រួសារ​និង​បក្សពួក​ខ្លួន​ឯងដែល​មិន​ត្រូវ​ជំនាញ​ឬ​គ្មាន​ជំនាញ​ពេទ្យ ឲ្យ​ចូល​ធ្វើ​ការ ដើម្បី​ទទួល​បាន​លាភសក្ការៈ​ពី​មូលនិធិ​ជំនួយ​បរទេស។ នេះ​បើ​យោង​តាម​ឯកសារ​ ដែល​ VOA ទទួល​បាន​ពី​ប្រភព​ដែល​ស្នើ​សុំ​មិន​បង្ហាញ​អត្តសញ្ញាណ ដោយសារ​ការ​ព្រួយបារម្ភ​អំពី​ការ​សងសឹក​ណាមួយ​មក​លើ​ខ្លួន។

ឯកសារ​ដែល​រួម​មាន​ពាក្យ​បណ្ដឹង ចុះ​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០១៥ បាទ​ចោទ​លោកស្រី​វេជ្ជ​បណ្ឌិត មុត ស៊ីនួន អនុប្រធាន​ម្នាក់​ក្នុង​ចំណោម​អនុប្រធាន​ចំនួន​៧​នាក់​នៃ​មជ្ឈមណ្ឌល​ជាតិ​នេះ ថា​បាន​យក​សមាជិក​ក្រុម​គ្រួសារ​សាច់ញាតិ​និង​បក្សពួក​របស់​លោកស្រី មក​ធ្វើ​ការងារ​ក្នុង​គម្រោង​នានា ដែល​ផ្ដល់​មូលនិធិ​ដោយ​អង្គការ​អន្តរជាតិ​ផ្សេងៗ។

តំណាង​បុគ្គលិក​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ​ទៅ​កាន់​អង្គការ ​FHI​ 360 ​ដែល​ជា​អង្គការ​ម្ចាស់​ជំនួយ​មួយ​ បាន​លើក​ឡើង​ថា លោក​ស្រី​វេជ្ជ​បណ្ឌិត​រូប​នេះ បាន​យក​បង​ថ្លៃ ប្អូន​ថ្លៃ​និង​ក្មួយ​របស់​ខ្លួន ព្រមទាំង​បក្ស​ពួក​ដែល​មិន​មែន​ជា​បុគ្គលិក​រដ្ឋ​ ឲ្យ​ចូល​មក​ធ្វើការ​ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​គម្រោង​ការងារ ដូច​ជា​តាម​រយៈ​ការ​ចុះ​បេសកកម្ម​ទៅ​តាម​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា​ជាដើម។

យោង​តាម​ពាក្យ​បណ្ដឹង​ដដែល តំណាង​បុគ្គលិក​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ក៏​បាន​ចោទ​ថា លោកស្រី​អនុប្រធាន​នៃ​មជ្ឈមណ្ឌល​នេះ ក៏​បាន​ប្រើប្រាស់​បុគ្គលិក​ដែល​គ្មានជំនាញ​ពេទ្យ និង​បុគ្គលិក​ដែល​ចូលនិវត្តន៍​រួច​ទៅ​ហើយ ជំនួស បុគ្គលិក​រដ្ឋ​ដែល​កំពុង​បម្រើ​ការងារ​ជាក់​ស្ដែង​ ឲ្យ​ចុះ​បំពេញ​បេសកកម្ម​នៅ​តាម​បណ្ដា​ខេត្ត​ទាំង​នោះ។

លើស​ពី​នេះ​ទៀត ឯកសារ​មួយ​ក្នុង​ចំណោម​ឯកសារ​មួយ​ចំនួន​ដែល VOA ទទួល​បាន បង្ហាញ​ថា លោកស្រី​វេជ្ជបណ្ឌិត​ មុត ស៊ីនួន​និង​មន្ត្រី​បី​នាក់​ទៀត​នៃ​មជ្ឈមណ្ឌល​ជាតិ​នេះ មាន​ឈ្មោះ​នៅ​ក្នុង​លិខិត​ចុះ​បេសកកម្ម​នៅ​ខេត្ត​កំពត​ក្នុង​កម្មវិធី​ពីរ​ផ្សេង​គ្នា​ក្នុង​ថ្ងៃ​ជាន់គ្នា​នៅ​ចន្លោះ​ថ្ងៃ​ទី​២០ ខែ​មេសា ដល់​ទី​២៣ ខែ​មេសា​ ឆ្នាំ​២០១៥ ក្រោម​គម្រោង​ថវិកា​ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​ចំនួន​ពីរ​ផ្សេង​គ្នា​គឺ​អង្គការ FHI 360 និង​Global Fund។

បន្ថែម​ពី​នេះ​ទៀត តំណាង​បុគ្គលិក​ដែល​បាន​ដាក់​ពាក្យ​បណ្ដឹង​នេះ ក៏​បាន​ចោទ​មន្ត្រី​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់មួយ​ចំនួន​ទៀត រួម​ទាំង​លោក វេជ្ជបណ្ឌិត ថូ សុចាន់ថា អនុ​ប្រធាន​ម្នាក់​ដែរ​នៃ​មជ្ឈមណ្ឌល​ជាតិ​នេះ និង​លោក​វេជ្ជបណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន ប្រធាន​ការិយាល័យ​បច្ចេកទេស ហើយ​និង​ លោក​វេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធាន​ផ្នែក​ស្រាវជ្រាវ​សុខភាព ព្រមទាំង​ប្រធាន​រដ្ឋបាល​នៃ​មជ្ឈមណ្ឌល​នេះ​គឺ​លោក ម៉ាត់ អ៊ីមរ៉ន​ផង​ដែរ។

ប្រធាន​រដ្ឋបាល​រូប​នេះ ត្រូវ​បាន​ចោទ​ថា បាន​នាំ​កូន​ប្រុស​ កូនស្រី ក្មួយ​និង​សាច់ញាតិ​ផ្សេង​ទៀត ឲ្យ​ចូល​ធ្វើ​ការ​ក្នុង​គម្រោង​ផ្សេងៗ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​នេះ ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​នានា ពេល​ចុះ​បំពេញ​បេសកកម្ម​នៅ​តាម​ខេត្ត។

ផ្អែក​តាម​ឯកសារដែល​ VOA​ ទទួល​បាន លោក ម៉ាត់ សាហ្វារី ដែល​គេ​ស្គាល់​ថា​ ត្រូវ​ជា​កូន​របស់​លោក ម៉ាត់ អ៊ីមរ៉ន មាន​ឈ្មោះ​ចុះ​បេសកកម្ម​នៅ​ក្នុង​ខេត្ត​ចំនួន​ពីរ​គឺ​ខេត្ត​កំពង់​ចាម និង​ខេត្ត​ប៉ៃលិន​ដោយ​ជាន់​ថ្ងៃ​គ្នា ចន្លោះ​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ដល់​ថ្ងៃ​ទី​៣​ខែ​មេសា​ឆ្នាំ​២០១៥ ក្រោម​គម្រោង​ថវិកា​ផ្ដល់​ដោយ​អង្គការ FHI 360​ ផង និង​អង្គការ Global Fund ​ផង។

ឯកសារ​ ដែល​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០១៦ ដោយ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង បាន​ចុះ​បញ្ជី​ឈ្មោះ លោក ម៉ាត់ សាហ្វារី ជា​អ្នក​បើកបរ​ម្នាក់​ក្នុង​ចំណោម​អ្នក​បើកបរ​សរុប​ចំនួន​៣៤​នាក់​ដែល​រួម​ទាំង​អ្នកបើកបរ​ជា​ស្ត្រី​ចំនួន​៤​នាក់​ដែរ ជា​បុគ្គលិក​ជាប់​កិច្ច​សន្យា​របស់​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នេះ ដើម្បី​ទទួល​ប្រាក់​កម្រៃ​ប្រចាំ​ខែ​ចំនួន​៤០​ម៉ឺន​រៀល ក្នុង​រយៈពេល​ពេញ​មួយ​ឆ្នាំ​២០១៦​នេះ។

ប៉ុន្តែ ប្រភព​ជាច្រើន ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​បាន​ឲ្យ​ដឹង​ថា លោក ម៉ាត់ សាហ្វារី មិន​មែន​ជា​អ្នក​បើកបរ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​នេះ​ទេ ហើយ​ថា ចំនួន​អ្នក​បើកបរ​ពិត​ប្រាកដ​ មាន​មិន​ដល់៣០​នាក់​នោះ​ទេ ហើយ​ក៏​ពុំ​មាន​អ្នក​បើកបរ​ជា​ស្ត្រី​ដែរ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​មួយ​នេះ។

ប្រភព​ជា​ច្រើន​នាក់ អះអាង​ថា ការ​ដាក់​បញ្ចូល​ឈ្មោះ​សាច់ញាតិ​និង​ក្រុម​គ្រួសារ​របស់​លោក ម៉ាត់ អ៊ីមរ៉ន និង​លោកស្រី វេជ្ជបណ្ឌិត មុត ស៊ីនួន ព្រមទាំង​ថ្នាក់ដឹកនាំ​មួយ​ចំនួន​ទៀត​នៅ​មជ្ឈមណ្ឌល​នេះ ទៅ​ក្នុង​បញ្ជី​ឈ្មោះ​បុគ្គលិក​ គឺ​ដើម្បី​ឲ្យ​ពួកគេ​ អាច​ចុះ​បេសកកម្ម​ក្នុង​គម្រោង​ការងារ​ផ្សេងៗ​បាន។

អ្នកដែល​មាន​ឈ្មោះ​ចុះ​បេសកកម្ម​ ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ចំនួន​៣៤​ដុល្លារ​អាមេរិក​ក្នុង​មួយ​ថ្ងៃ​មួយ​យប់ សម្រាប់​មនុស្ស​ម្នាក់។ នេះ​បើ​យោង​តាម​ប្រធាន​រដ្ឋបាល​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នេះ។

ចំនួន​បុគ្គលិក​ដែល​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ប្រចាំ​ឆ្នាំ​របស់​មជ្ឈមណ្ឌល​ជាតិ​នេះ គឺ​មាន​ជាង​១៨០​នាក់ ប៉ុន្តែ ចំនួន​បុគ្គលិក​ជាក់ស្ដែង​ ដែល​មក​ធ្វើ​ការ​នៅ​ក្នុង​មជ្ឈមណ្ឌល​នេះ មាន​ត្រឹមតែ​ជាង​៨០​នាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​នានា ដែល​ស្នើសុំ​មិន​បង្ហាញ​អត្តសញ្ញាណ ហើយ​ដែល​អះអាង​ថា បញ្ហា​គ្រួសារ​និយម​និង​ការ​ប្រើប្រាស់​មូលនិធិ​មិន​ត្រឹមត្រូវ​នេះ បាន​កើតឡើង​និង​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​នេះ។​

មជ្ឈមណ្ឌល​ជាតិ​ប្រឆាំង​នឹង​ជំងឺ​គ្រុន​ចាញ់​នេះ ធ្លាប់​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយម្ដង​ហើយ​កាល​ពី​ចុង​ឆ្នាំ២០១៣ ដោយ​របាយការណ៍​មួយ​របស់​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការ​ Global Fund បាន​រក​ឃើញ​ថា នៅ​ចន្លោះ​ឆ្នាំ​២០០៦ ដល់​២០១១ មន្ត្រី​ពីរ​នាក់​គឺ​អតីត​ប្រធាន​និង​អនុប្រធាន​ម្នាក់​នៃ​មជ្ឈមណ្ឌល​ជាតិ​នេះ បាន​ទទួល​ប្រាក់​កម្រៃ ជាង​៤១​ម៉ឺន​ដុល្លារ​អាមេរិក ជា​ថ្នូរ​នឹង​ការ​ផ្ដល់​កិច្ចសន្យា​ដល់​ក្រុមហ៊ុន​ចំនួន​ពីរ​ដែល​ផ្គត់ផ្គង់​មុង​ជ្រលក់​ថ្នាំ​ក្នុង​កម្មវិធី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​គ្រុនចាញ់​ក្នុង​ប្រទេស​កម្ពុជា។

លោកស្រី​វេជ្ជ​បណ្ឌិត មុត ស៊ីនួន ដែល​រង​ការ​ចោទ​ប្រកាន់​ថ្មី​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រួសារ​និង​បក្សពួក​និយម ព្រមទាំង​ការ​ប្រើប្រាស់​មូលនិធិ​ជំនួយ​មិន​ត្រឹមត្រូវ​នេះ បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ទេ។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ម៉ាត់ អ៊ីមរ៉ន ប្រធាន​រដ្ឋបាល​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​ នឹង​ជំងឺ​គ្រុន​ចាញ់​ដែល​រង​ការ​ចោទ​ប្រកាន់​ដែរ​នោះ មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា លោក​ពិត​ជា​មាន​កូន​និង​ប្អូន ចូល​ធ្វើការ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​នេះ​ ជា​មួយ​គ្នា​មែន។

លោក​ក៏​ទទួល​ស្គាល់​ដែរ​ថា កូន​ប្រុស​របស់​លោក គឺ​ពិត​ជា​មិនមែន​ជា​អ្នក​បើកបរ​ក្នុង​មជ្ឈមណ្ឌល​នេះ​ទេ តែ​ជា​អ្នក​កត់ត្រា​ឯកសារ​ម្នាក់​ក្នុង​ស្ថាប័ន​នេះ។

ប៉ុន្តែ លោក​ថា ការ​សម្រេច​ដាក់​ឈ្មោះ​កូន​របស់​លោក​នៅ​ក្នុង​បញ្ជី​ឈ្មោះ ទទួល​ប្រាក់​កម្រៃ​ប្រចាំ​ខែ និង​ក្នុង​លិខិត​ចុះ​បេសកកម្ម​នានា​កន្លង​មក​នេះ គឺ​ធ្វើ​ឡើង​តាម​ឋានានុក្រម​និង​មាន​ការ​អនុម័ត​ពី​ផ្នែក​ពាក់ព័ន្ធ​ផ្សេងៗ​ក្នុង​រចនាសម្ព័ន្ធ​ការងារ​នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នេះ​ប៉ុណ្ណោះ។

លោក ម៉ាត់ អ៊ីមរ៉ន បន្ថែម​ថា ការ​មាន​ឈ្មោះ​កូន​របស់​លោក​នៅ​ក្នុង​លិខិត​ចុះ​បេសកកម្ម​ជាន់​ថ្ងៃ​គ្នា ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​មូលនិធិ​គម្រោង​ពីរ​ផ្សេងគ្នា​នេះ ​អាច​ជា​កំហុស​ដែល​កើតឡើង​ម្ដងម្កាល​ជា​ធម្មតា​ប៉ុណ្ណោះ​នៅ​ក្នុង​កិច្ចការ​រដ្ឋបាល។

«ធម្មតា​ឯកសារ​វា​ត្រូវ​តែ​គង​ហើយ​បង ព្រោះ​ធម្មតា​ឯកសារ​វា​តែង​តែ​ម្ដងម្កាល​ ដោយសារ​យើង យើង​អ្ហា យើង​មិន​អាច​ទៅ​លុប​អា​ចាស់​ចេញ​បាន​ទេ ព្រោះ​អា​ចាស់ វា​មាន​បុគ្គលិក​ខ្លះ​គេ​ទៅ​ធ្វើ​ការ ព្រោះ​បេសកកម្ម​វា​រួម។ ឧបមា​ថា បេសកកម្ម​មាន​គ្នា​៥​នាក់​អញ្ចឹង​ វា​ជាប់​ឈ្មោះ​ទាំង​៥​ហើយ ហើយ​ម្នាក់​ទៀត​ គាត់​មាន​ការ​ត្រូវ​ត្រឡប់​មក​មុន​ ដូច្នេះ មិន​អាច​ទៅ​លុប​បេសកកម្ម​ទាំង​៥​នាក់​ហ្នឹង​បាន​ទេ។ ដូច្នេះ ​គេ​កាត់​លុយ​តែ​អ្នក​អត់​បាន​ចូល​រួម​ទេ»។

លោក​ប្រធាន​រដ្ឋបាល​រូប​នេះ​ បន្ត​ថា គម្រោង​ខ្លះ​ ត្រូវ​ការ​បុគ្គលិក​បន្ថែម ទៅ​តាម​តម្រូវ​ការ​ជាក់ស្ដែង​នៃ​គម្រោង​នីមួយៗ​ដែល​មជ្ឈមណ្ឌល​របស់​លោក​មាន​ក្នុង​មួយ​ឆ្នាំៗ ហើយ​លោក​លើកឡើង​ថា មិនមែន​មាន​តែ​រូប​លោក​ម្នាក់​ទេ ដែល​មាន​សមាជិក​ក្រុម​គ្រួសារ​ មក​ធ្វើការ​ក្នុង​កន្លែង​ជាមួយ​គ្នា​ក្នុង​មជ្ឈមណ្ឌល​ជាតិ​នេះ។

«វា​ធម្មតា​ទេ​បង ការងារ​កន្លែងណា​ក៏​ដូច​កន្លែង​ណា​ដែរ។ វា​គ្រាន់​តែ​ថា ខ្ញុំ​មិន​ដឹង​ច្បាស់​ទេ តែ​បើ​ថា មក​កាន់​តំណែង​ធំ​ដុំ​អី​អត់​ទេ តែ​បើ​ជា​មន្ត្រី​ជាប់​កិច្ច​សន្យា​មួយ​ឆ្នាំ​ម្ដង​អី​មាន»។

លោក​វេជ្ជ​បណ្ឌិត ថូ សុចាន់ថា អនុ​ប្រធាន​មជ្ឈមណ្ឌល​នេះ​ម្នាក់​ទៀត​ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​គ្រួសារ​និយម​នេះ​ដែរ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ណា​មួយ​ទេ​ ដោយ​លោក​លើក​ហេតុផល​ថា លោក​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ មិន​អាច​ឆ្លើយឆ្លង​តាម​ទូរស័ព្ទ​បាន​ទេ។

VOA ​បាន​ព្យាយាម​ទាក់ទង​លោក​វេជ្ជបណ្ឌិត​នៅ​ពេល​ក្រោយ​ទៀត ប៉ុន្តែ លោក​មិន​បាន​លើក​ទូរស័ព្ទ។

ចំនែក​ឯ​ លោក​វេជ្ជ​បណ្ឌិត ស៊ីវ សុវណ្ណរ័ត្ន ប្រធាន​ការិយាល័យ​បច្ចេកទេស​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់ ដែល​រង​ការ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រួសារ​និយម​នេះ​ដែរ បាន​ទាម​ទារ​ឲ្យ​អ្នក​យក​ព័ត៌មាន​បង្ហាញ​ប័ណ្ណ​ព័ត៌មាន​និង​ស្ថាប័ន​ព័ត៌មាន​ដល់​រូបលោក ជាមុន​សិន មុន​នឹង​លោក​ ឆ្លើយតប​នឹង​សំណួរ​ទាក់ទង​នឹង​ការ​ចោទ​ប្រកាន់​លើ​រូប​លោក។

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​វេជ្ជបណ្ឌិត លាង ឬទ្ធា ប្រធាន​ផ្នែក​ស្រាវជ្រាវ​សុខភាព ដែល​រង​ការ​ចោទ​ថា​បាន​នាំ​ប្អូន​ប្រុស​ ដែល​គ្មាន​ជំនាញ​ពេទ្យ ចូល​ធ្វើ​ការ​ក្នុង​ស្ថាប័ន​ជាមួយ​គ្នា មាន​ប្រសាសន៍​ឆ្លើយ​តប​ថា ការ​ជ្រើសរើស​បុគ្គលិក​ក្នុង​ស្ថាប័ន​របស់​លោក ផ្អែក​លើ​សមត្ថភាព ដោយ​មិន​ប្រកាន់​ថា មាន​ជាប់​សាច់ញាតិ​បងប្អូន ធ្វើ​ការ​ក្នុង​ស្ថាប័ន​ជាមួយ​គ្នា​នេះ​ស្រាប់​ឬ​អត់​នោះ​ទេ។

«កាល​ណា​គេ​សម្ភាសន៍​ជាប់​ទៅ គេ​ត្រូវ​ជំនាញ​គេ​ជាប់​គេ​ធ្វើ​ការ​ទៅ។ ដូច្នេះ​ មិន​ប្រកាន់​ថា​ជា​បងប្អូន​ឬ​ស្អី​ទេ មិន​ប្រកាន់​អញ្ចឹង​ទេ។ បើ​គេ​ប្រឡង​ជាប់​ គេ​មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ ហើយ​គេ​ប្រឡង​ជាប់ ហើយ​គេ​អាច​ធ្វើ​ការ​បាន អា​ហ្នឹង​គេ​ធ្វើ​ទៅ។ អញ្ចឹង​ ពាក្យ​ថា បងប្អូន​ឬ​អី​ហ្នឹង ដូច​ជា​មិន​មែន​ជា​ការ​មួយ​ដូច​ថា មិន​ត្រូវ​យក​គាត់​ឬ​អី​ទេ។ សំខាន់​ការ​ប្រឡង។ អ្នកណា​ប្រឡង​ជាប់​គឺ​បាន​ធ្វើការ»។

VOA បាន​ព្យាយាម​តាម​ទូរស័ព្ទ​ជាច្រើន​ដង​ប៉ុន្តែ​មិន​ទាន់​អាច​ទាក់ទង​លោក​វេជ្ជបណ្ឌិត​ ហ៊ុយ រ៉េកុល នាយក​បច្ចុប្បន្ន​នៃ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នេះ​ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ។​ ការ​ស្នើ​សុំ​ការ​អត្ថាធិប្បាយ​តាម​អ៊ីមែល​របស់​លោក ក៏​មិន​មាន​ការ​ឆ្លើយតប​ណាមួយ​ដែរ​រហូត​មក​ដល់​ពេល​នេះ។

ប៉ុន្តែ អ្នក​នាង Alexia Lewnes នាយក​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ FHI 360 ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ សហរដ្ឋ​អាមេរិក បាន​ថ្លែង​ប្រាប់ ​VOA តាម​អ៊ីមែល​ថា អង្គការ​របស់​អ្នក​នាង បាន​ធ្វើ​ការ​ស៊ើបអង្កេត​ទៅលើ​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​មូលនិធិ​មិន​ត្រឹម​ត្រូវ​នេះ​ហើយ ប៉ុន្តែ អង្គការ​របស់​អ្នក​ស្រី មិន​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ណា​មួយ​ឡើយ។​

ទោះ​ជា​យ៉ាង​នេះ​ក្ដី លោក Seth Faison, នាយក​ផ្នែក​ទំនាក់ទំនង​នៃ​អង្គការ​ Global Fund បាន​ថ្លែង​ប្រាប់ VOA​ ពី​ទីក្រុង​ញូយ៉ក​ កាល​ពី​ថ្ងៃ​ពុធ​ ទី​១១​ ខែ​ឧសភា​នេះ​ថា អង្គការ​របស់​លោក ក៏​កំពុង​ស៊ើប​អង្កេត​លើ​ករណី​ចោទ​ប្រកាន់​នេះ​ដែរ។

«វា​អាច​មាន​លក្ខណៈ​ធ្ងន់ធ្ងរ ហើយ​យើង​ត្រូវ​តែ​ធ្វើ​ឲ្យ​ដៃគូ​របស់​យើង ទទួល​ខុសត្រូវ។ ប្រសិន​បើ​លទ្ធផល​នៃ​ការ​ស៊ើបអង្កេត​របស់​យើង​ បង្ហាញ​ថា វា​ធ្ងន់ធ្ងរ​ យើង​នឹង​ចាត់​វិធានការ​ដ៏​ម៉ឺងម៉ាត់​ដែរ»។

ប៉ុន្តែ លោក​បដិសេធ​ មិន​បញ្ជាក់​ថា​តើ​អង្គការ​របស់​លោក កំពុង​ស៊ើប​អង្កេត​នរណា​ខ្លះ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នេះ​ទេ។

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ការ​ស៊ើបអង្កេត​របស់ ​Global Fund រក​ឃើញ​ថា ពិត​ជា​មាន​ការ​ប្រើប្រាស់​មូលនិធិ​ជំនួយ​មិន​ត្រឹម​ត្រូវ​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុនចាញ់​នេះ​ម្ដង​ទៀត​នោះ ការណ៍​នេះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រទេស​កម្ពុជា​ទាំង​មូល។

«បើសិនជា​យើង​ចាយ​ខុស​ខ្ទង់ យើង​មាន​បញ្ហា​ខ្វះ​តម្លាភាព​ហើយ​ឈាន​ទៅដល់​ការ​រក​ឃើញ​ថា បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​តាម​រូប​ភាព​ណា​មួយ​ទៀត​នោះ វា​រឹត​តែ​ធ្វើ​ឲ្យ​ប៉ះពាល់ គឺ​ប៉ះពាល់​ដល់​ការ​ជឿ​ទុក​ចិត្ត​ពី​អ្នក​ផ្ដល់​ជំនួយ​ផង វា​ប៉ះពាល់​ដល់កិត្តិនាម​និង​កេរ្តិ៍ឈ្មោះ​នៃ​ប្រទេស​យើង​ផង ហើយ​យើង​គិត​ថា វា​ប៉ះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ទទួល​សេវា និង​គម្រោង​ដែល​ម្ចាស់​ជំនួយ​គេ​បាន​ផ្ដល់​ហ្នឹង​បាទ»។​

លោក សន ជ័យ នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​ កម្ពុជា ក៏​មានប្រសាសន៍​ដែរ​ថា ថ្វី​ត្បិត​តែ​ថវិកា​នៅ​ក្នុង​គម្រោង​ជាច្រើន​ គឺ​ជា​ថវិកា​ជំនួយ​បរទេស​ក៏​ពិត​មែន ក៏​ប៉ុន្តែ​ជំនួយ​ទាំង​នេះ គឺមិន​មែន​សម្រាប់​តែ​ក្រុម​គ្រួសារ​បុគ្គល​និង​ថ្នាក់​ដឹកនាំ​ស្ថាប័ន​ណាមួយ​នោះ​ទេ។

«ក្នុង​ហ្នឹង បើ​យើង​មើល​ទៅ​ វា​ជា​ជំនួយ​បរទេស​មែន ប៉ុន្តែ​ការ​ដែល​គេ​ឲ្យ​មក​កម្ពុជា​ហ្នឹង​ គឺ​គេ​ឲ្យ​មក ដើម្បី​បម្រើ​ដល់​សេចក្ដី​ត្រូវ​ការ ជា​សេវា​ដល់​ប្រជាពលរដ្ឋ។ បាន​ន័យ​ថា វា​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​ឲ្យ​មក​ពលរដ្ឋ​កម្ពុជា មិនមែន​ឲ្យ​ទៅ​ក្រុម​មួយ​ណា ឬ​គ្រួសារ​ណា​មួយ​នោះ​ទេ​នៅ​ក្នុង​ការ​ចាយវាយ​ហ្នឹង។ »

ដូច្នេះ អ្នក​តស៊ូ​មតិ​ប្រឆាំង​អំពើពុករលួយ​រូប​នេះ បន្ថែម​ថា គេ​គួរ​ស៊ើបអង្កេត​ឲ្យ​បាន​ម៉ត់ចត់​អំពី​ករណី​ដែល​មាន​ការ​ចោទ​ប្រកាន់​ថ្មី​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​គ្រុន​ចាញ់​នេះ ដើម្បី​ឲ្យ​ដឹង​ពិត​ប្រាកដ​ថា​តើ​ ស្ថាប័ន​រដ្ឋ​មួយ​នេះ ពិត​ជា​មាន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​បញ្ហា​គ្រួសារ​និយម​និង​ការប្រើប្រាស់​មូលនិធិ​ជំនួយ​មិន​ត្រឹមត្រូវ​មែន​ដែរ​ឬ​យ៉ាង​ណា៕