ចំណង​កាន់​តែ​ជិតស្និទ្ធ​ជាង​មុន​រវាង​រុស្ស៊ី​និង​កូរ៉េខាងជើង​អាច​បង្កើត​ជា​ឱកាស​សម្រាប់​អាមេរិក​និង​ចិន

រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោកVladimir Putin (ស្តាំ) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បើកឡានរុស្ស៊ី Aurus ក្នុងអំឡុងពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ។ (រូបថតពីវិមានក្រឹមឡាំងតាមរយៈ AP)

អ្នកវិភាគ​ខ្លះ​និយាយ​ថា កិច្ចព្រមព្រៀង​ការពារ​ជាតិ​កាល​ពី​ពេល​ថ្មីៗ​នេះ​រវាង​រុស្ស៊ី​និង​កូរ៉េខាងជើង​អាច​នាំ​ឱ្យ​មាន​ឱកាស​ការទូត​សម្រាប់​សហរដ្ឋ​អាមេរិក​និង​ចិន​ក្នុង​ការ​ធ្វើការ​រួម​គ្នា​ដើម្បី​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ ដែល​ជា​បញ្ហា​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​រួម​ទាំង​សម្រាប់​សហរដ្ឋ​អាមេរិក​និង​ចិន។

អនុរដ្ឋមន្រ្តី​ការបរទេស​អាមេរិក​លោក Kurt Campbell បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី២៤ ខែ​មិថុនា​ថា ចិនទំនង«មាន​ក្តី​កង្វល់»​ អំពី​កិច្ច​សហប្រតិបត្តិការ​ខ្លាំង​ជាង​មុន​រវាង​រុស្ស៊ី​និង​កូរ៉េខាងជើង ដោយ​បន្ថែម​ថា មន្រ្តី​ចិន​ «បាន​បង្ហាញ​ដូច្នេះ​នៅ​ក្នុង​កិច្ច​សន្ទនា​ខ្លះ​ជាមួយ​ភាគី​អាមេរិក ហើយ​យើង​អាច​ឃើញ​ភាព​តានតឹង​ខ្លះ​ពាក់ព័ន្ធ​នឹង​រឿង​នេះ»។

អ្នកនាំពាក្យ​ផ្នែក​សន្តិសុខ​ជាតិ​ប្រចាំ​សេតវិមាន​លោក John Kirby បានប្រាប់​អ្នកសារព័ត៌មាន​ បន្ទាប់​ពី​កិច្ចប្រជុំ​កំពូល​រុស្ស៊ី​និង​កូរ៉េខាងជើង​កាល​ពីពាក់កណ្តាល​ខែ​មិថុនា​នៅ​ក្រុង​ព្យុងយ៉ាង​ថា ការ​ព្រួយបារម្ភ​អំពី​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ថ្មី​រវាង​ប្រទេស​ទាំងពីរ «នឹង​ត្រូវ​ចែករំលែក​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន» ដែល​ជា​ឈ្មោះ​ផ្លូវការ​របស់​ចិន។

អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​ដែល​ត្រូវ​បាន​គេ​តាមដាន​យ៉ាង​ដិតដល់​ ប្រធានាធិបតី​រុស្ស៊ី​លោក Vladmir Putin និង​មេដឹកនាំ​កូរ៉េខាងជើង​លោក Kim Jong Un បាន​ចុះ​ហត្ថលេខា​លើក​សន្ធិសញ្ញា​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​ពេញលេញ ដោយ​ប្តេជ្ញា​តតាំង​នឹង​រចនាសម្ព័ន្ធ​សណ្តាប់​ធ្នាប់​ពិភពលោកដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

នៅ​ក្រោម​សន្ធិសញ្ញា​នេះ ប្រទេស​ទាំង​ពីរ​ ដែល​មាន​ព្រំដែន​ខ្លី​រួម​គ្នា​តាម​បណ្តោយ​ទន្លេ Tumen ខាង​ក្រោម ឥឡូវ​នេះ​ត្រូវ​តម្រូវ​ឱ្យ​ផ្តល់​ជំនួយ​យោធា ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​មាន ប្រសិន​បើ​ប្រទេស​ណា​មួយ​ត្រូវ​រង​ការ​វាយប្រហារ​ពី​សំណាក់​ប្រទេស​ទី​បី។

លោក Putin ថែម​ទាំង​បាន​ពង្រឹង​គោលជំហរ​នៃ​ទំនាក់ទំនង​រវាង​រុស្ស៊ី​និង​កូរ៉េខាងជើង​ដែល​ត្រូវ​បាន​រឹត​បន្តឹង​នា​ពេល​ថ្មីៗ​នេះ ដោយ​និយាយ​ថា លោក​នឹង​មិន​លុប​ចោលលទ្ធភាព​ដែល​រុស្ស៊ី​ផ្តល់​អាវុធ​វាយប្រហារ​ចំ​គោលដៅ​ឥត​ខ្ចោះ​ ទៅ​កាន់​កូរ៉េខាងជើង​នោះ​ទេ។

យោង​តាម​អ្នក​វិភាគ​ខ្លះ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ភាព​តឹងតែង​អារម្មណ៍​របស់​ចិន​ជាមួយ​នឹង​ប្រទេស​ជិតខាង​ទាំងពីរ​អាច​បង្ក​ឱ្យ​មានឱកាស​សម្រាប់​កិច្ចប្រឹងប្រែង​រវាង​ចិន​និង​សហរដ្ឋ​អាមេរិក​ក្នុង​ការ​បញ្ចុះបញ្ចូល​រុស្ស៊ី​និង​កូរ៉េខាងជើង​កុំ​ឱ្យ​ជំរុញ​ទៅ​មុខ​ជាមួយ​នឹង​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ថ្មីថ្មោង​រវាង​ប្រទេស​ទាំង​ពីរ។

លោក Patrick Cronin ប្រធាន​ផ្នែក​សន្តិសុខ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកប្រចាំ​វិទ្យាស្ថាន​ Hudson បាន​ថ្លែង​ប្រាប់​វីអូអេ​ភាសា​កូរ៉េ​កាល​ពីចុង​ខែ​មិថុនា​ថា មាន​មាគ៌ា​មួយ​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ស្វែងរក «ចំណុច​រួម» ជាមួយ​ចិន​លើ​បញ្ហា​នេះ។

រូបឯកសារ៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ឆ្វេង) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ញញឹមនៅពេលពួកគេដើរបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ ២០២៤។ (រូបថត វិមានក្រឹមឡាំង តាមរយៈ AP)

លោក​បាន​បកស្រាយ​ថា វា​ជា​ប្រយោជន៍​របស់​ចិន​នៅ​ក្នុង​ការ​បញ្ចៀស​ការ​បញ្ជូន​បច្ចេកវិទ្យា​វាយប្រហារ​យោធា​ទំនើប​របស់​រុស្ស៊ីទៅ​កាន់​កូរ៉េខាងជើង ដែល​នេះ​អាច​បង្ក​ឱ្យ​មាន​អស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ។

លោក​បាន​ថ្លែង​ថា៖ «នេះ​បាន​បើក​ឱ្យ​មាន​ចំណុច​រួម​សម្រាប់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ដោះស្រាយ​ជាមួយ​ចិន​ ដើម្បី​ដាក់​កំហិត​លើ​ការ​បញ្ជូន​បច្ចេកវិទ្យា​ដែល​បង្ក​ឱ្យ​មាន​អស្ថិរភាព​មក​លើ​ឧបទ្វីប​កូរ៉េ»។

​លោក Joseph DeTrani ដែល​បាន​បម្រើការ​ជា​ប្រេសិត​ពិសេស​សម្រាប់​កិច្ចពិភាក្សា​រំលាយ​នុយក្លេអ៊ែរ ដែល​មាន​ប្រាំមួយ​ភាគី​ចូលរួម​ ជាមួយកូរ៉េខាងជើង​ចាប់​ពី​ឆ្នាំ​២០០៣ ដល់ ២០០៦​ បាន​ថ្លែង​ប្រាប់​វីអូអេ​ភាសា​កូរ៉េ​កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា​ថា នេះ​ជាបញ្ហា​ដែល​សហរដ្ឋ​អាមេរិក​និង​ចិន​ត្រូវ​សហការ​គ្នា។

លោក DeTrani បាន​និយាយ​ថា កូរ៉េខាងជើង​ត្រូវ​តែ​ស្ថិត​នៅ​ក្នុង​បញ្ជី​ «បញ្ហា​ក្តី​កង្វល់​រួម» ​រវាង​ប្រទេស​មហាអំណាច​ទាំងពីរ ស្រប​ពេល​សហរដ្ឋ​អាមេរិក​ស្វះស្វែង​រក​កិច្ចពិភាក្សា​ជាមួយ​ចិន​នៅ​លើ​បញ្ហា​ផ្សេងៗ​ដូចជា បញ្ញា​សិប្បនិម្មិត​ និង​ពាណិជ្ជកម្ម។

លោក Dennis Wilder ដែល​បម្រើការ​ជា​នាយក​ជាន់ខ្ពស់​ផ្នែក​កិច្ចការ​អាស៊ី​បូព៌ា​នៅ​ក្រុមប្រឹក្សា​សន្តិសុខជាតិ​ប្រចាំ​សេតវិមាន​អំឡុង​ពេល​រដ្ឋបាល​ប្រធានាធិបតី​លោក George W. Bush បង្ហាញ​ជា​ការ​ប្រយ័ត្នប្រយែង​ជាងជុំវិញ​លទ្ធភាព​នៃ​ការ​សម្របសម្រួល​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។

លោក Wilder បាន​ថ្លែងប្រាប់​វីអូអេភាសា​កូរ៉េ​កាល​ពី​ចុង​ខែ​មិថុនា​ថា ស្ថានភាព​នា​ពេល​បច្ចុប្បន្ន​នៃ​ទំនាក់ទំនង​សហរដ្ឋ​អាមេរិក​និង​ចិន​បាន​ធ្វើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មិន​ចង់​ធ្វើការ​ជាមួយរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង​នោះ​ទេ។

​លោក Wilder បាន​ថ្លែង​៖ «ទេ ពួកគេ​មិន​មាន​ចំណង់​ក្នុង​ការ​ចួលរួម​ជាមួយ​យើង​នោះ​ទេ បើ​គិត​ពី​ការណ៍​ដែល​ពួកគេ​គិត​ថា យើង​កំពុង​ប្រព្រឹត្ត​ដាក់​ពួកគេ។​ ខ្ញុំ​មិន​គិត​ថា ចិន​មាន​ចំណង់​ចូលរួម​នោះ​ទេ។ លទ្ធភាព​ដ៏​ឆ្ងាយ​មួយ​អាច​ថា ពួកគេ​ប្រហែល​ចង់​ចែករំលែក​ព័ត៌មាន ប៉ុន្តែ​គឺ​មាន​តែ​ត្រឹម​នេះ​ប៉ុណ្ណោះ​ទេ»។

លោក Robert Gallucci ​ប្រធាន​ផ្នែកចរចា​ពី​ភាគី​សហរដ្ឋ​អាមេរិក​អំឡុង​ពេល​វិបត្តិ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ឆ្នាំ ១៩៩៤ បាន​ផ្តល់​ជា​ទស្សនៈ​ស្រដៀង​គ្នា។

លោក​បាន​ថ្លែង​កាល​ពី​ចុង​ខែ​មិថុនា​ថា៖ «យើង​មិនមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នា​ពេល​ឥឡូវ​នេះ​ក្នុង​កម្រិត​ដែល​យើង​អាចពឹង​ផ្អែក​បាននោះ​ទេ»។

លោក Gallucci បាន​ថ្លែង​ប្រាប់​វីអូអេ​ភាសា​កូរ៉េ​ថា ចិន​មិន​សាទរ​លទ្ធភាព​ដែល​ឥទ្ធិពល​របស់​ខ្លួន​មក​លើ​កូរ៉េខាងជើង​ត្រូវ​បាន​ធ្វើ​ឱ្យ​ថមថយ​នោះ​ទេ។

លោក Gary Samore ដែល​បាន​បម្រើការ​ជា​អ្នក​សម្របសម្រួល​របស់សេតវិមាន​សម្រាប់​ការ​គ្រប់គ្រង​យុទ្ធភណ្ឌ និង​អាវុធ​ប្រល័យ​ទ្រង់ទ្រាយ​ធំ អំឡុង​ពេល​ពេល​រដ្ឋបាលប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​ (Barack Obama) បាន​ថ្លែង​ប្រាប់​វីអូអេ​ភាសា​កូរ៉េ​តាម​សារអ៊ីមែល កាល​ពី​ថ្ងៃ​ទី២៦ ខែ​មិថុនា​ថា ចិន​ប្រហែល​មាន​ឥទ្ធិពល​មាន​កម្រិត​មក​លើ​អ្វី​កំពុងតែ​កើត​ឡើង​រវាង​រុស្ស៊ី​និង​កូរ៉េខាងជើង បើ​ទោះ​បី​ជា​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ប្រយោជន៍​រួម​ក្នុង​ការ​រក្សា​អ្វីៗ​ឱ្យ​នៅ​ស្ងប់ស្ងាត់​នៅ​ឧបទ្វីប​កូរ៉េ​ក៏ដោយ។

លោក​បាន​ថ្លែង​ថា៖ «ខ្ញុំ​រំពឹង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នឹង​មិន​គាំទ្រ​ជំនួយ​យោធា​ណា​មួយ​ពី​រុស្ស៊ី​ទៅ​កាន់​កូរ៉េខាងជើង​ដែល​អាច​បង្ក​អស្ថិរភាព​នោះ​ទេ។ តែ​ខ្ញុំ​មិន​អាច​និយាយ​បាន​នោះ​ទេ​ថា​តើ​លោក​ Putin ឬ​លោក Kim Jong Un នឹង​គោរព​តាម​បំណង​របស់​ចិន​ឬទេ»។

លោក Liu Pengyu អ្នក​នាំពាក្យ​ស្ថានទូត​ចិន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន បាន​ថ្លែង​ប្រាប់​វីអូអេ​ភាសា​កូរ៉េ​តាម​សារ​អ៊ីមែល​កាល​ពី​ចុង​ខែ​មិថុនា​ថា៖ «ជា​គោលការណ៍​ ចិន​ស្វាគមន៍​រុស្ស៊ី​នៅ​ក្នុង​ការ​ពង្រឹង​និង​បង្កើត​ទំនាក់ទំនង​មិត្តភាព​ប្រពៃណី​ជាមួយ​បណ្តា​ប្រទេស​ពាក់ព័ន្ធ» ដោយ​អ្នក​នាំ​ពាក្យ​នោះមិន​សំដៅចំៗ​ទៅ​លើកូរ៉េខាងជើង។

ស្របពេល​ដូចគ្នា​នេះ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​ប្រកាន់​ក្តី​សង្ឃឹម​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​តែ​អាច​ប្រើទំនាក់ទំនង​បែប​ប្រវត្តិសាស្រ្ត​ជាមួយ​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ដើម្បី​ជំរុញ​ឱ្យ​មាន​ជា​ដំណោះស្រាយ​មួយ។

អ្នកនាំ​ពាក្យ​ក្រសួង​ការបទេស​អាមេរិក​បាន​ថ្លែង​ប្រាប់​វីអូអេ​ភាសា​កូរ៉េ​កាល​ពី​ថ្ងៃ​ទី ខែ២៦​មិថុនា​ថា៖ «យើង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ដើម្បី​ជំរុញ​ឱ្យ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ងាក​ពី​ឥរិយាបថ​បង្ក​អស្ថិរភាព​និង​វិលត្រឡប់​មក​កាន់​តុ​ចរចាវិញ»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា