ជាទូទៅថ្ងៃច័ន្ទជាថ្ងៃឈប់សម្រាក ប៉ុន្តែសម្រាប់បេក្ខជនប្រធានាធិបតីសហរដ្ឋអាមេរិកដែលឃោសនារកសំឡេងឆ្នោតវិញ វាមិនមែនជាថ្ងៃឈប់សម្រាកនោះទេ។
កាលពីថ្ងៃអាទិត្យម្សិលមិញ បេក្ខជនប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ធ្វើយុទ្ធនាការរកសំឡេងឆ្នោតនៅក្នុងទីក្រុង Columbus រដ្ឋ Ohio ដែលជាគោលដៅចុងក្រោយនៃដំណើរធ្វើយុទ្ធនាការរយៈពេល ៣ ថ្ងៃ របស់លោកស្រីនៅក្នុងរដ្ឋ Ohio និងរដ្ឋ Pennsylvania ដែលរដ្ឋឧស្សាហកម្មទាំងពីរនេះត្រូវបានអ្នកជំនាញនយោបាយលើកឡើងថា ជារដ្ឋប្រជែងរកសំឡេងឆ្នោតសំខាន់បំផុតសម្រាប់ការបោះឆ្នោតនៅខែវិច្ឆិកាខាងមុខនេះ។
លោកស្រី Clinton បានប្រាប់អ្នកចូលរួមទាំងអស់ថា លោក Donald Trump នឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់លទ្ធិប្រជាធិបតេយ្យរបស់យើង។ ក្នុងពេលជាមួយគ្នានោះដែរ លោកស្រីក៏បានជំរុញពលរដ្ឋអាមេរិកាំងទាំងឡាយកុំឲ្យស្តាប់នូវសម្តីរបស់លោក Trump ដែលលោកស្រីចាត់ទុកថាមានលក្ខណៈវោហារសាស្ត្រ និងប្រជាភិថុតិនោះ។
លោកស្រី Clinton បានធ្វើទស្សនកិច្ចនៅក្នុងរោងចក្រផ្សេងៗនៅក្នុងរដ្ឋ Ohio និងរដ្ឋ Pennsylvania និងបាននិយាយថា លោក Trump គួរតែខ្មាសខ្លួនឯងដែលប្រើប្រាស់រោងចក្រនៅក្នុងប្រទេសម៉ិកស៊ិក ប្រទេសស្លូវេនី និងប្រទេសបង់ក្លាដេសដើម្បីផលិតផលិតផលដែលដាក់ផ្លាកថា Trump នោះ។
ក្នុងពេលជាមួយគ្នានោះដែរ លោក Trump បានចោទប្រកាន់គណបក្សប្រជាធិបតេយ្យថាបានរៀបចំកាលបរិច្ឆេទសម្រាប់ការដេញដោលប្រធានាធីបតីនៅក្នុងខែកញ្ញា និងខែតុលា ចំពេលនៃការប្រកួតកីឡារបស់សម្ព័ន្ធបាល់អោបជាតិ។
នៅថ្ងៃច័ន្ទនេះ លោក Trump ធ្វើយុទ្ធនាការនៅក្នុងទីក្រុង Columbus និងក្រុង Harrisburg រដ្ឋ Pennsylvania។ រីឯលោកស្រី Clinton វិញនឹងធ្វើយុទ្ធនាការនៅក្នុងទីក្រុង Omaha រដ្ឋ Nebraska និងទីក្រុង Boulder រដ្ឋ Colorado។
អង្គការ The Morning Consult បានរាយការណ៍កាលពីថ្ងៃអាទិត្យម្សិលមិញថា លោកស្រី Clinton នាំមុខលោក Trump នៅក្នុងចំណូលចិត្តរបស់អ្នកបោះឆ្នោត ក្នុងភាគរយ ៤២ លើ ៤០៕