លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យបានហៅការបោះឆ្នោតនៅថ្ងៃអង្គារនេះថា ជាការសាកល្បងនៃពេលវេលារបស់យើង ខណៈដែលលោក Donald Trump ខាងគណបក្សសាធារណរដ្ឋដែលជាគូប្រកួតប្រជែងរបស់លោកស្រី ប្រកាសថា«ថ្ងៃនេះជាថ្ងៃឯករាជ្យរបស់យើង»។
បេក្ខជននីមួយៗបានធ្វើសុន្ទរកថារបស់ខ្លួននៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីយុទ្ធនាការឃោសនាបោះឆ្នោតដ៏មមាញឹករបស់ពួកគេបានបញ្ចប់កាលពីពាក់កណ្តាលយប់ថ្ងៃចន្ទ។
យ៉ាងណាក៏ដោយ យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton នៅក្នុងរដ្ឋ North Carolina និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Donald Trump ក្នុងរដ្ឋ Michiganនឹងបន្តធ្វើនៅពេលដែលលទ្ធផលនៃការបោះឆ្នោតនៅថ្ងៃអង្គារនេះត្រូវបានផ្សព្វផ្សាយ។ លោកស្រី Clinton ទទួលបានសន្លឹកឆ្នោតភាគច្រើននៅក្នុងទីក្រុង Dixville Notch នៃរដ្ឋ New Hampshire ដោយលោកស្រីបានឈ្នះលោក Trump ក្នុងចំនួនសំឡេងគាំទ្រ៤ភាគទល់នឹង២ភាគ។
លទ្ធផលនៃការបោះឆ្នោតមកពីរដ្ឋ New Hampshire រដ្ឋ៤៩ផ្សេងទៀត និងនៅ District of Columbia នឹងមិនត្រូវប្រកាសទេ រហូតទាល់តែបន្ទាប់ពីមណ្ឌលបោះឆ្នោតនីមួយៗបានបិទនៅក្នុងរដ្ឋនីមួយៗ។ នៅម៉ោង៨យប់ ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន ការបោះឆ្នោតនឹងត្រូវបិទនៅក្នុងតំបន់ភាគច្រើននៃផ្នែកខាងលិច និងផ្នែកកណ្តាល រដ្ឋទាំងនោះ ដែលមានសំឡេងច្រើនជាងពាក់កណ្តាលនៃអាសនៈសរុប៥៣៨។
លោកស្រី Clinton បានអំពាវនាវឲ្យមានសាមគ្គីភាពនៅក្នុងសុន្ទរកថាចុងក្រោយបង្អស់របស់លោកស្រីនៅក្នុងរដ្ឋ North Karolina ដោយបានប្រាប់ពួកអ្នកគាំទ្រថា លោកស្រីចង់ធ្វើជាប្រធានាធិបតីសម្រាប់អ្នកដែលបោះឆ្នោតឲ្យលោកស្រី និងអ្នកដែលមិនបោះឆ្នោតឲ្យលោកស្រី។
លោក Trump បានប្រាប់ហ្វូងមនុស្សនៅរដ្ឋ Michiganថា ការឈ្នះឆ្នោតរបស់លោកនឹងធ្វើឲ្យមានការផ្លាស់ប្តូរពិតប្រាកដនៅក្នុងសហរដ្ឋអាមេរិក និងអនុញ្ញាតឲ្យជនអាមេរិកាំងថ្នាក់កណ្តាលកំចាត់អ្វីដែលលោកនិយាយថាជា អ្នកនយោបាយពុករលួយនិងអ្នកទទួលផលប្រយោជន៍ពិសេស ដែលដឹកនាំប្រទេស៕