លោកស្រី Hillary Clinton បេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនឹងផ្តល់សក្ខីកម្មនៅខាងមុខគណៈកម្មការសភាពិសេសនៅថ្ងៃព្រហស្បតិ៍នេះ ដែលកំពុងស៊ើបអង្កេតការវាយប្រហារភេរវកម្មឆ្នាំ២០១២ដែលបានសម្លាប់ជនជាតិអាមេរិកាំង៤នាក់នៅក្នុងទីក្រុង Benghazi នៃប្រទេសលីប៊ី។
លោកស្រី គ្លីនតុន ជារដ្ឋមន្រ្តីក្រសួងការបរទេសនៅពេលនោះហើយការផ្តល់សក្ខីកម្មរបស់លោកស្រី អាចមានផលប៉ះពាល់ដល់សេចក្តីសង្ឃឹមនៃការប្រកួតប្រជែងដើម្បីតំណែងប្រធានាធិបតីនៃសេតវិមាន។ ពួកសាធារណរដ្ឋ ត្រូវគេរំពឹងនឹងឈ្លេចសួរ លោកស្រីអតីតរដ្ឋមន្រ្តីការបរទេស Hillary Clinton អំពីការវាយប្រហារភេរវកម្មដែលបានផ្តាច់ផ្តិលជីវិតជនជាតិអាមេរិកាំង៤នាក់ រួមមានលោក Chris Steven ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសលីប៊ីផង។
ក៏ប៉ុន្តែ លោកស្រី គ្លីនតុន បានចាប់យកសេចក្តីអត្ថាធិប្បាយរបស់គណៈកម្មការ Benghazi នៃគណបក្សសាធារណរដ្ឋដែលកំពុងវាយប្រហារខាងផ្នែកនយោបាយលើលោកស្រី។
«មនុស្សគ្រប់គ្នា គិតថា លោកស្រី Hillary Clinton មិនអាចឈ្នះបានទេ មែនឬ? ក៏ប៉ុន្តែ យើងបង្កើតគណៈកម្មការ Benghazi ពិសេសមួយ។ តើចំនួនសំឡេងឆ្នោតនៃការស្ទង់មតិរបស់លោកស្រីយ៉ាងដូចម្តេចដែរ?»
លោកស្រី គ្លីនតុន បានបន្តការវាយប្រហារក្នុងការជជែកដេញដោលបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅពេលថ្មីៗនេះ។
«តាមពិត គណៈកម្មការនេះ ជាអាវុធរបស់គណៈកម្មាធិការជាតិខាងគណបក្សសាធារណរដ្ឋ។គណៈកម្មការនេះ ជាឧបករណ៍របស់គណបក្សដូចដែលបានសារភាពដោយលោក Kevin McCarthy មេដឹកនាំសំឡេងភាគច្រើនខាងគណបក្សសាធារណរដ្ឋនៅក្នុងសភាតំណាងរាស្រ្ត ដើម្បីធ្វើឲ្យចំនួនសន្លឹកឆ្នោតរបស់ខ្ញុំធ្លាក់ចុះ នេះជាការភ្ញាក់ផ្អើលដ៏ខ្លាំងមួយ ហើយនេះជាអ្វីដែលពួកគណបក្សសាធារណរដ្ឋ បានប៉ុនប៉ងធ្វើ»។
លោក Trey Gowdyប្រធានគណៈកម្មាធិការជាតិខាងគណបក្សសាធារណរដ្ឋ បានទទួលស្គាល់ថា គណៈកម្មាធិការរបស់លោក កំពុងត្រូវគេពិនិត្យពិច័យ។
«ខ្ញុំ បានប្រាប់សហការីនិងមិត្តភ័ក្តិខាងគណបក្សសាធារណរដ្ឋរបស់ខ្ញុំផ្ទាល់ កុំឲ្យនិយាយអំពីបញ្ហាអ្វីដែលអស់លោក អ្នក មិនបានដឹងនោះ»។
លោក John Boehner ប្រធានសភាតំណាងរាស្រ្ត និយាយថា ការស៊ើបអង្កេត គឺដើម្បីស្វែងរកការពិត មិនទាក់ទិននឹងនយោបាយទេ។
«គណៈកម្មការស្តីពី Benghazi កំពុងស្វែងរកអំពីអ្វីដែលបានកើតមានឡើងមុន ក្នុងអំឡុងពេលហើយនឹងបន្ទាប់ពីការវាយប្រហារភេរវកម្មនៅក្នុងប្រទេសលីប៊ីដែលនៅទីនោះជនជាតិអាមេរិកាំង៤នាក់ស្លាប់។ពលរដ្ឋអាមេរិកាំង សមនឹងទទួលបានការពិតអំពីអ្វីដែលបានកើតឡើង»។
លោក Ford O’ Connell អ្នកយុទ្ធសាស្រ្តខាងគណបក្សសាធារណរដ្ឋ និយាយថា ផលប្រយោជន៍ខាងនយោបាយរបស់លោកស្រី គ្លីនតុន ធំសម្បើមណាស់។
«ហើយ ខ្ញុំ គិតថា ការបង្ហាញនេះ ប្រាកដអាចប៉ះពាល់ដល់លោកស្រី Hillary Clinton ដោយមិនគិតអំពីថាតើលទ្ធផលនៃការធ្វើសវនាការនោះទៅជាយ៉ាងដូចម្តេច»។ លោក John Fortier និយាយថា ក៏ប៉ុន្តែ លោកស្រី គ្លីនតុន នៅតែគួរឲ្យខ្លាច។
«ខ្ញុំគិតថា ការណ៍នេះ ជាការលំបាកមួយសម្រាប់លោកស្រី Hillary Clinton ដើម្បីផ្លាស់ប្តូរទស្សនៈដ៏ធំរបស់សាធារណជនមកលើលោកស្រី។ លោកស្រី ជាមនុស្សល្បីល្បាញណាស់ ក៏ប៉ុន្តែ ការណ៍នេះ មានវិជ្ជមាននិងអវិជ្ជមាន។ លោកស្រី នឹងមានអវិជ្ជមានខ្លាំង។ លោកស្រី មានបញ្ហានេះជាយូរយាណាស់មកហើយ ហើយមានមនុស្សជាច្រើនដែលស្គាល់លោកស្រី ហើយនឹងមិនចូលចិត្តលោកស្រី។ ក៏ប៉ុន្តែ លោកស្រី ក៏មាន អ្នកគាំទ្រដ៏ខ្លាំងដែរ»។
លោកស្រី គ្លីនតុន បានទទួលពិន្ទុខ្ពស់នៅក្នុងការជជែកដេញដោលកាលពីពេលថ្មីៗនេះហើយបានបន្តនាំមុខលោក Bernie Sanders គូប្រកួតប្រជែងដ៏សំខាន់របស់លោកស្រីនៅក្នុងការស្ទង់មតិថ្នាក់ជាតិ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន