លោកស្រី Hillary Clinton គឺជាជម្រើសជាក់ស្តែងសម្រាប់គណបក្សប្រជាធិបតេយ្យ មុនពេលដែលគណបក្សនេះបានតែងតាំងបេក្ខជនរបស់ខ្លួនជាបេក្ខជនប្រធានាធិបតី។
នៅក្នុងរយៈពេលមុនការបោះឆ្នោតចូលមកដល់កាលពីថ្ងៃអង្គារម្សិលមិញនេះ ការស្ទង់មតិថ្នាក់ជាតិនានាបានប៉ាន់ប្រមាណថា លោកស្រី Clinton មានប្រៀបជាងលោក Donald Trump។ លោកស្រីមានបទពិសោធន៍ផ្នែកនយោបាយ ដែលកន្លងមក បទពិសោធន៍បែបនេះអាចជួយជំរុញឲ្យបេក្ខជនឈរឈ្មោះត្រូវគេជ្រើសរើសធ្វើជាប្រធានាធិបតីបាន។
យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton បានចំណាយថវិកាច្រើនជាងយុទ្ធនាការរបស់លោក Trump ហើយទទួលបានការគាំទ្រច្រើនពីបុគ្គលិក និងអ្នកស្ម័គ្រចិត្តនានា ដែលជួយបញ្ចុះបញ្ចូលអ្នកបោះឆ្នោតតាមរដ្ឋនីមួយៗនៅទូទាំងសហរដ្ឋអាមេរិក ដែលកត្តានេះហើយធ្វើឲ្យគេរំពឹងថា លោកស្រី Clinton នឹងអាចយកឈ្នះលោក Trump នៅក្នុងការបោះឆ្នោតនេះ។
ប៉ុន្តែ នៅពេលដែលអ្នកបោះឆ្នោតមានឱកាសក្នុងការសម្រេចចិត្តតាមរយៈសន្លឹកឆ្នោតរបស់ខ្លួន លោកស្រី Clinton បានបរាជ័យនៅក្នុងការប្រកួតប្រជែងប្រធានាធិបតីស្ត្រីដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក។
លោក John Podesta ដែលជាប្រធានយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកស្រី Clinton បានប្រាប់អ្នកគាំទ្រដែលជួបជុំគ្នានៅក្នុងទីក្រុងញូវយ៉ក ថា៖ «ខ្ញុំចង់ឲ្យអ្នករាល់គ្នានៅក្នុងសាលជួបជុំនេះ និងមនុស្សទូទៅនៅទូទាំងសហរដ្ឋអាមេរិកដឹងថា សំឡេងរបស់អ្នក និងសេចក្ដីជ្រោមជ្រែងសាទររបស់អ្នក មានន័យខ្លាំងណាស់សម្រាប់លោកស្រី Clinton និងលោក Tim Kaine ក៏ដូចជាសម្រាប់យើងទាំងអស់គ្នាផងដែរ។ ពួកយើងមានមោទនភាពណាស់ចំពោះអ្នកទាំងអស់គ្នា ហើយពួកយើងទាំងអស់គ្នាក៏មានមោទនភាពដែរចំពោះលោកស្រី Clinton»៕