ការ​ភ្ញាក់​ផ្អើល​អំពី​រឿង​អ៊ីមែល​របស់​លោកស្រី គ្លីនតុន អាច​នឹង​មាន​ផល​ប៉ះពាល់​ខាង​នយោបាយ

  • Jim Malone

នៅ​ក្នុង​រូបថត​ឯកសារ​ថត​ថ្ងៃ​​ទី​១៨ ខែ​តុលា ឆ្នាំ​២០១១​នេះ លោកស្រី Hillary Rodham Clinton ឆែក​មើល​ទូរស័ព្ទ Blackberry នៅ​ខាង​ក្នុង​យន្តហោះ​​យោធា C-17 ក្នុង​អំឡុង​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេ​ស​លីប៊ី។

លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) អតីត​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​និង​អាច​ជា​បេក្ខជន​ប្រធានាធិបតី​ម្នាក់ កំពុង​តែ​ប្រឈម​នឹង​ភាព​ចម្រូង​ចម្រាស់​មួយ​ទាក់​ទង​នឹង​ការ​ប្រើ​ប្រាស់​អ៊ីមែល​ផ្ទាល់​ខ្លួន​សម្រាប់​ការងារ​ផ្លូវ​ការ​ក្នុង​អំឡុង​ពេល​ដែល​លោក​ស្រី​បំពេញ​ការងារ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស។ សមាជិក​គណបក្ស​សាធារណរដ្ឋ​កំពុង​ខំ​ដំឡើង​ភាព​ចម្រូង​ចម្រាស់​នេះ ខណៈ​ដែល​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​រំពឹង​រង់ចាំ​ការ​ចាប់​ផ្តើម​យុទ្ធនាការ​បោះឆ្នោត​ជា​ប្រធានាធិបតី​របស់​លោក​ស្រី Clinton នៅ​ចុង​ឆ្នាំ​នេះ។

ភាព​ចម្រូង​ចម្រាស់​នេះ​បាន​កើត​ឡើង នៅ​ពេល​ដែល​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា លោកស្រី Clinton បាន​ប្រើ​ប្រាស់​អ៊ីមែល​ផ្ទាល់​ខ្លួន ជំនួស​អ៊ីមែល​របស់​រដ្ឋាភិបាល ដើម្បី​បំពេញ​កិច្ចការ​រដ្ឋាភិបាល ក្នុង​អំឡុង​ពេល​ដែល​លោក​ស្រី​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស។

មន្ត្រី​ក្រសួង​ការ​បរទេស និយាយ​ថា ការ​ប្រើ​អ៊ីមែល​ផ្ទាល់​ខ្លួន​មិន​ត្រូវ​ហាម​ឃាត់​ទេ ហើយ​ថា លោក​ស្រី គ្លីនតុន មិន​ដែល​ចែក​រំលែក​ព័ត៌មាន​សម្ងាត់​នៅ​ក្នុង​អ៊ីមែល​នេះ​ទេ។ ប៉ុន្តែ ក្រុម​អ្នក​រិះ​គន់ និយាយ​ថា នេះ​អាច​ជា​មធ្យោបាយ​មួយ ដែល​លោក​ស្រី​លាក់​បាំង​សារគមនាគមន៍​របស់​លោក​ស្រី។

នៅ​លើ​ទំព័រ Twitter របស់​លោកស្រី Clinton លោក​ស្រី​បាន​និយាយ​ថា គាត់​ចង់​ឲ្យ​«‍សាធារណជន​មើល​អ៊ីមែល​របស់​ខ្ញុំ» ហើយ​ថា លោក​ស្រី​បាន​ស្នើ​ឲ្យ​ក្រសួងការ​បរទេស​បង្ហាញ​អ៊ីមែល​ទាំង​អស់​នោះ​ជា​សាធារណៈ។ មន្ត្រី​ក្រសួង​ការ​បរទេស ឲ្យ​ដឹង​ថា ការ​ពិនិត្យ​មើល​អ៊ីមែល​រាប់​ពាន់​នេះ​ទើប​តែ​ចាប់​ផ្តើម ហើយ​ត្រូវ​ការ​ពេល​ជា​ច្រើន​ខែ។

ព័ត៌មាន​ដែល​ថា លោក​ស្រី Clinton បាន​ប្រើ​ប្រាស់​អ៊ីមែល​ផ្ទាល់​ខ្លួន​នេះ​បាន​បណ្តាល​ឲ្យ​មាន​ការ​រិះ​គន់​ពី​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ រួម​មាន​សមាជិក​នៃ​គណៈកម្មាធិការ​សភា​តំណាង​រាស្ត្រ​ពិសេស​មួយ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ស៊ើប​អង្កេត​លើ​ការ​វាយ​ប្រហារ​ភេរវកម្ម​ឆ្នាំ២០១២ មក​លើ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នៅ​ក្រុង Benghazi ប្រទេស លីប៊ី។ លោក Chris Stevens ឯកអគ្គ​រដ្ឋ​ទូត​សហរដ្ឋ​អាមេរិក និង​ជន​ជាតិ​អាមេរិក​៣នាក់​ទៀត​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ ហើយ​សមាជិក​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា លោកស្រី Clinton គួរ​តែ​អាច​ធ្វើ​ច្រើន​ជាង​នេះ​ក្នុង​នាម​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស ដើម្បី​ការពារ​អ្នក​ទាំង​នោះ។

លោក Trey Gowdy សមាជិក​សភា​តំណាង​រាស្ត្រ​រដ្ឋ South Carolina និង​ជា​ប្រធាន​គណៈ​កម្មាធិការ​ឲ្យ​ដឹង​ថា លោក​ចង់​មើល​អ៊ីមែល​ទាំង​អស់​នោះ។

លោក Gowdy ថា៖ «‍មាន​តែ​លោក​ស្រី Clinton ទេ​ដែល​មាន​បញ្ជី​អ៊ីមែល​ទាំង​នោះ ដូច្នេះ គណៈកម្មាធិការ​ត្រូវ​តែ​ទៅ​ជួប​គាត់ និង​មេធាវី​របស់​គាត់ និង​អ្នក​ផ្តល់​សេវាកម្ម​អ៊ីមែល​នោះ ដើម្បី​ធានា​ថា យើង​អាច​មើល​អ៊ីមែល​ទាំង​អស់​នោះ​បាន ដែល​ពលរដ្ឋ​អាមេរិក​គ្រប់​រូប​មាន​សិទ្ធិ​ដឹង​ឮ​អំពី​រឿង​នេះ»។

ភាព​ចម្រូង​ចម្រាស់​លើ​អ៊ីមែល​នេះ​កំពុង​តែ​កើត​មាន​ឡើង ខណៈ​ដែល​សមាជិក​សភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ​រំពឹង​ថា លោក​ស្រី Clinton នឹង​ប្រកាស​ការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ក្នុង​អំឡុង​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ។ លោក​ស្រី Clinton ទំនង​ជា​ផ្តល់​តម្រុយ​ម្តង​ទៀត​នៅ​ក្នុង​សប្តាហ៍​នេះ ក្នុង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​សមាគម Emily's List ដែល​ជា​ក្រុម​អ្នក​នយោបាយ​ដែល​គាំ​ទ្រ​បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​ស្ត្រី។

លោក​ស្រី Clinton មាន​ប្រសាសន៍​ថា៖ «‍តើ​អ្នក​មិន​ចង់​ឃើញ​បេក្ខជន​ជា​ស្ត្រី​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជា​តំណាង​រដ្ឋ​សភា​ទេ​ឬ? ហើយ​វា​សម​ហេតុ​ផល ដែល​ខ្ញុំ​អាច​និយាយ​បាន​ថា តើ​អ្នក​មិន​ចង់​ឃើញ​ប្រធានាធិបតី​អាមេរិក​ជា​ស្ត្រី​ទេ​ឬ»?

កាល​ពី​អតីត​កាល លោក​ស្រី Clinton និង​ស្វាមី​របស់​លោក​ស្រី គឺ​លោក Bill Clinton ដែល​ជា​អតីត​ប្រធានាធិបតី​អាមេរិក ត្រូវ​បាន​រិះ​គន់​ពី​ការ​លាក់​បាំង​ព័ត៌មាន។ លោក Larry Sabato អ្នក​វិភាគ​ខាង​នយោបាយ​ម្នាក់​នៃ​សាកល​វិទ្យាល័យ Virginia ឲ្យ​ដឹង​ថា៖

«‍យើង​ក៏​ដឹង​ថា អ្នក​ទាំង​ពីរ​មាន​ទំនោរ​ខាង​លាក់​បាំង​រឿង​សម្ងាត់ ដូច្នេះ​រឿង​តម្លា​ភាព​គឺ​មិន​ត្រូវ​គ្នា​នឹង​អ្នក​ទាំង​ពីរ​ទេ។ ជា​ញឹក​ញាប់ ពួក​គាត់​ជឿ​លើ​គំរូ​ច្បាប់​ពីរ។ មួយ​គឺ​សម្រាប់​គាត់​ទាំង​ពីរ និង​មួយ​ទៀត​គឺ​សម្រាប់​អ្នក​ផ្សេង​ទៀត»។

ប៉ុន្តែ លោក Sabato បន្ថែម​ទៀត​ថា យើង​មិន​អាច​ដឹង​ពី​ផល​ប៉ះ​ពាល់​នៃ​ភាព​ចម្រូង​ចម្រាស់​នេះ​មក​លើ​លោក​ស្រី Clinton នៅ​ឡើយ​ទេ ខណៈ​ដែល​លោក​ស្រី Clinton រៀប​ចំ​ខ្លួន ដើម្បី​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​ឆ្នាំ២០១៦ ដែល​មនុស្ស​ជា​ច្រើន​បាន​រំពឹង​ទុក​នោះ។

លោក Sabato ឲ្យ​ដឹង​ថា៖ «‍ប្រតិកម្ម​ខាង​នយោបាយ​ដ៏​សំខាន់​មួយ​គឺ ក្នុង​ករណី​អ៊ីមែល​ដែល​នឹង​ផ្សព្វផ្សាយ​នោះ​មាន​ផ្ទុក​នូវ​ព័ត៌មាន​ដ៏​គ្រោះ​ថ្នាក់​អ្វី​មួយ។ បើ​សិន​ជា​អ៊ីមែល​ទាំង​នោះ​គ្មាន​ព័ត៌មាន​អ្វី​សំខាន់​ទេ​នោះ ភាព​ចម្រូង​ចម្រាស់​នេះ​នឹង​សាប​រលាប​ទៅ​វិញ ដូច​គ្នា​នឹង​បញ្ហា​ផ្សេងៗ​ដែល​ហាក់​ដូច​ជា​សំខាន់​នៅ​ពេល​នោះ​តែ​ប៉ុណ្ណោះ»។

អ្នក​វិភាគ​ផ្សេងៗ​ទៀត​ឲ្យ​ដឹង​ថា ភាព​ចម្រូង​ចម្រាស់​លើ​អ៊ីមែល​នេះ​អាច​នឹង​ជា​សញ្ញា​នៃ​បញ្ហា​នយោបាយ​សម្រាប់​លោក​ស្រី Clinton។ លោក Tom DeFrank អ្នក​វិភាគ​នយោបាយ​ជើង​ចាស់​ម្នាក់​នៃ​ទិន្នានុប្បវត្តិ​ជាតិ បាន​ធ្វើ​ជា​ភ្ញៀវ​កិត្តិយស​ក្នុង​កម្មវិធី «‍បញ្ហា​ជុំវិញ​សារព័ត៌មាន»​របស់​ VOA។

លោក Tom ឲ្យ​ដឹង​ថា៖ «‍ការ​និយាយ​ដែល​ថា​ទាំង​លោក​ស្រី Clinton និង​ស្វាមី​របស់​លោក​ស្រី​មាន​ទំនោរ​ទៅ​លើ​ការ​លាក់​បាំង​ព័ត៌មាន​សម្ងាត់​អាច​ជា​ការ​និយាយ​បន្ថយ។អ្នក​ទាំង​ពីរ​គិត​តែ​ពី​ការ​លាក់​បាំង​ព័ត៌មាន ហើយ​វា​ត្រូវ​តាម​ការ​លើក​ឡើង​ដែល​ថា អ្នក​ទាំង​ពីរ​តែង​តែ​មិន​អា​កាត់​សេចក្តី​ឲ្យ​ដាច់​អំពី​បញ្ហា​វិបត្តិ និង​គ្រោះ​មហន្ត​រាយនោះ។ ខ្ញុំ​គិត​ថា នេះ​មិន​បង្ហាញ​ការ​ឈ្លាស​វៃ​ទេ»។

ការ​សិក្សា​ថ្មី​មួយ បង្ហាញ​ថា លោកស្រី Clinton គឺជា​បេក្ខជន​ពេញ​និយម​ជាង​គេ​សម្រាប់​ការតែងតាំង​ជា​បេក្ខនារីប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ។ ក៏​ប៉ុន្តែ ភាព​ចម្រូង​ចម្រាស់​លើ​អ៊ីមែល​នេះ​បាន​ធ្វើ​ឲ្យ​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ​ខ្លះ​ព្រួយ​បារម្ភ ហើយ​អាច​នឹង​ស្វែង​រក​សមាជិក​បម្រុង​ម្នាក់​ជំនួស​លោក​ស្រី Clinton ។ ក្នុង​ចំណោម​សមាជិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន​ចំណាប់​អារម្មណ៍​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានា​ធិបតី គឺ​លោក Joe Biden អនុប្រធានាធិបតី លោក Martin O'Malley អតីត​អភិបាល​រដ្ឋ Maryland លោក Jim Webb អតីត​សមាជិក​ព្រឹទ្ធសភា​រដ្ឋ Virginia និង​លោក Bernie Sanders សមាជិក​ព្រឹទ្ធសភា​ឯករាជ្យ​ម្នាក់​តំណាង​ឲ្យ​រដ្ឋ Vermont៕

ប្រែ​សម្រួល​ដោយ ទែន សុខស្រីនិត