លោកស្រីរដ្ឋមន្រ្តីការបរទេស ហ៊ីលឡារី គ្លីនតុន (Hillary Clinton) មានប្រសាសន៍ថា មរណភាពកាលពីសប្តាហ៍មុននៃបុរសម្នាក់ ដែលត្រូវបានគេសង្ស័យថាបានរៀបចំការដាក់គ្រាប់បែកទៅលើស្ថានទូតសហរដ្ឋអាមេរិកនៅក្នុងប្រទេសកេនយ៉ានិងប្រទេស តាំងហ្សានី កាលពីឆ្នាំ១៩៩៨ គឺជាការវាយប្រហារដ៏ខ្លាំងក្លាមួយទៅលើពួកអាល់កៃដា។
លោកស្រីរដ្ឋមន្រ្តី គ្លីនតុន មានប្រសាសន៍ថា មរណភាពរបស់ ហារុន ហ្វាហ្សុល (Harun Fazul) គឺជាការវាយប្រហារយ៉ាងខ្លាំងក្លាមួយទៅលើពួកអាល់កៃដា ក្រុមសម្ព័ន្ធមិត្តជ្រុលនិយមរបស់ពួកគេ និងប្រតិបត្តិការរបស់ពួកគេនៅអាហ្រ្វិកខាងកើត។ បន្ទាប់ពីដាក់ផ្កានៅឯបូជនីយដ្ឋានមួយសម្រាប់ជនជាតិ តាំងហ្សានី ចំនួន១២នាក់ ដែលត្រូវបានសម្លាប់ ក្នុងទីក្រុង ដារេស សាឡាម (Dar es Salaam) លោកស្រី គ្លីនតុនបាននិយាយទៅកាន់បុគ្គលិកស្ថានទូតមួយក្រុមដែលបានមកជួបជុំគ្នាថា៖
«ក្នុងចំណោមអ្នកទាំងអស់ មានអ្នកខ្លះ បានបាត់បង់មិត្តភក្តិនិងមនុស្សជាទីស្រឡាញ់របស់អ្នកហើយប្រជាពលរដ្ឋអាមេរិកាំងទាំងអស់សូមចូលរួមទុក្ខសោកជាមួយអ្នក ហើយយើងមិនបានភ្លេចចំពោះការបាត់បង់នេះទេ។ ហើយយើងក៏មិនបានភ្លេចនូវការសន្យារបស់យើង ក្នុងការស្វែងរកយុត្តិធម៌ប្រឆាំងនឹងជនទាំងឡាយដែលបានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរបែបនេះដែរ»។
លោកស្រី គ្លីនតុន មានប្រសាសន៍ថា ពួកអាល់កៃដាទទួលរងការបរាជ័យដ៏ធំមួយ ដោយការស្លាប់របស់ អូសាម៉ា ប៊ិនឡាឌិន (Osama bin Laden) ហើយឥឡូវនេះបានទទួលការវាយប្រហារយ៉ាងខ្លាំងក្លាមួយទៀតដោយការស្លាប់បាត់បង់ជីវិតរបស់ ហារុន ហ្វាហ្សុល នៅក្នុងប្រទេសសូម៉ាលី។
«ទោះជាមិនមែនជាមេដឹកនាំក្តី ក៏គាត់ពិតជាមនុស្សម្នាក់នៅក្នុងចំណោមបុរសទាំងឡាយ ដែលទទួលខុសត្រូវចំពោះការវាយប្រហារទៅលើស្ថានទូតនេះនិងការបំផ្ទុះគ្រាប់បែកទៅលើស្ថានទូតរបស់យើងនៅក្នុងប្រទេស ណៃរ៉ូប៊ី (Nairobi) និងអំពើដ៏គួរឱ្យស្អប់ខ្ពើមជាច្រើនផ្សេងទៀតដែលបានសម្លាប់មនុស្សរាប់រយនាក់ និងធ្វើឱ្យរបួសរាប់ពាន់នាក់ ដែលរួមមានជនជាតិ តាំងហ្សានី កេនយ៉ា សូម៉ាលី និងបុគ្គលិកស្ថានទូតរបស់យើង»។
លោកស្រី គ្លីនតុន មានប្រសាសន៍ថាមិនមានអ្វីដែលអាចជំនួសឱ្យអ្នកទាំងឡាយដែលត្រូវបានសម្លាប់ដោយអ្វីដែលលោកស្រីហៅថា «អំពើហិង្សាដែលមិនសមហេតុផល»។ ប៉ុន្តែ លោកស្រីមានប្រសាសន៍ថា លោកស្រីដឹងថាយុត្តិធម៌ត្រូវបានផ្តល់ជូនហើយសង្ឃឹមថាប្រការនេះនឹងផ្តល់ឱ្យនូវវិធានការមួយចំនួនក្នុងការធ្វើឱ្យស្រាកស្រាន្តផ្លូវចិត្ត។
ក្រុមអាជ្ញាធររបស់ប្រទេស សូម៉ាលី និយាយថាបុរសដែលត្រូវបានគេជឿជាក់ថាជាមេដឹកនាំអាល់កៃដានៅអាហ្រ្វិកខាងកើត និងដែលត្រូវបានគេស្គាល់ផងដែរថាជា ហ្វាហ្សូល ម៉ូហាមេដ (Fazul Mohammed) ត្រូវបានសម្លាប់នៅក្នុងការប្រឈមមុខមួយជាមួយប៉ូលិស នៅក្នុងទីក្រុង ម៉ូហ្គាឌីស៊ូ (Mogadishu)។ ប៉ូលិសនិយាយថា គាត់បានកាន់លុយរាប់ពាន់ដុល្លារ និងឯកសារសម្គាល់ខ្លួនជាច្រើនប្រភេទ ដែលរួមទាំងលិខិតឆ្លងដែនអាហ្រ្វិកខាងត្បូងដ៏គួរឱ្យសង្ស័យមួយទៀតផង៕
ប្រែសម្រួលដោយ ឌី ខាំបូលី