កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសមានគោលដៅក្នុងការកំណត់ការកើនឡើង កំដៅផែនដីឲ្យបាននៅត្រឹមកម្រិតពីរអង្សាសេខ្ពស់ជាងកម្រិតមុនពេលមានបដិវត្តន៍ឧស្សាហកម្មដោយភាគច្រើនតាមរយៈការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។
ប្រទេសជាង១០០បានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងក្នុងពេលតែមួយឆ្នាំ ក្នុងនោះរួមមានសហរដ្ឋអាមេរិក និងប្រទេសចិន។ លោកសាស្រ្តាចារ្យ Samuel Fankhauser នៃវិទ្យាស្ថានស្រាវជ្រាវGrathamនៃការប្រែប្រួសអាកាសធាតុនៃមហាវិទ្យាល័យសេដ្ឋកិច្ចទីក្រុងឡុងដ៍ (London School of Economics' Grantham) និយាយថា មានការរីកចំរើនគួរឱ្យកត់សម្គាល់។
លោកសាស្រ្តាចារ្យបានពន្យល់ថា៖ «មូលហេតុមួយដែលយើងមានស្ថានភាពដូចដែលយើងមើលឃើញសព្វថ្ងៃ មូលហេតុដែលយើងមានកិច្ចព្រមព្រៀងក្រុងប៉ារីស និងការផ្តល់សច្ចាប័នយ៉ាងឆាប់រហ័សលើកិច្ចព្រមព្រៀងនោះគឺមកពីការដឹកនាំរបស់សហរដ្ឋអាមេរិក»។
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោកដូណាល់ត្រាំធ្លាប់បានពណ៌នាការប្រែប្រួលអាកាសធាតុតាមបណ្តាញសង្គម Twitter ថាជា ការបោកប្រាស់ដែលបង្កើតឡើងដោយប្រទេសចិន ដើម្បីធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងឧស្សាហកម្មរបស់សហរដ្ឋអាមេរិក។
នៅពេលធ្វើយុទ្ធនាការបោះឆ្នោត លោកបានប្តេជ្ញាថានឹងហែកចោលកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅក្នុងរយៈពេល១០០ថ្ងៃនៃការចូលកាន់តំណែងរបស់លោក ហើយផ្តោតអារម្មណ៍ជាថ្មីលើឯករាជ្យភាពវិស័យថាមពលរបស់សហរដ្ឋអាមេរិក។
លោកTrumpបាននិយាយថា៖ «យើងនឹងផ្តល់ការងារដល់កម្មករអណ្តូងរ៉ែឡើងវិញ យើងនឹងផ្តល់ការងារដល់កម្មករអណ្តូងរ៉ែឡើងវិញ។ យើងនឹងបើកអណ្តូងរ៉ែទាំងនោះឡើងវិញ»។
លោក Fankhauser និយាយថា ការបត់ត្រឡប់ក្រោយដោយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអាចធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងជាសាកលដើម្បីកាត់បន្ថយការបំភាយឧស្ម័ន។
លោកបាននិយាយថា៖ «ក្នុងតួនាទីជាអ្នកដឹកនាំនឹងបង្កើតឲ្យមានចន្លោះ វាច្បាស់ណាស់ដែលមានរឿងបែបនេះ។ ប៉ុន្តែប្រសិនបើមានដំណឹងល្អ ដំណឹងល្អនោះគឺថា នៅពេលដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបានអនុវត្តដូចពេលឥឡូវនេះ ហើយសហរដ្ឋអាមេរិកគឺជាសមាជិកក្នុងកិច្ចព្រមព្រៀងនោះ ការចាកចេញពីកិច្ចព្រមព្រៀងនេះគឺ ពិតជាលំបាកច្រើនជាងការមិនដែលចូលរួមសោះទៅទៀត»។
គណៈប្រតិភូដែលនឹងត្រូវមកជួបជុំនៅក្នុងកិច្ចពិភាក្សាអាកាសធាតុរបស់អង្គការសហប្រជាជាតិនាខែនេះនៅក្នុងប្រទេសម៉ារ៉ុក មានក្តីបារម្ភថា វឌ្ឍនភាពនៃកិច្ចខំប្រឹងប្រែងរបស់ពួកគេនឹងត្រូវបំបាត់ចោល។ Weram Mannasseh Chlanga គឺជាគណៈប្រតិភូមកពីម៉ាឡាវី។
សមាជិកគណៈប្រតិភូមួយរូបឈ្មោះ Chlanga បានពន្យល់ថា៖ «ប្រសិនបើលោកTrump ដកខ្លួនចេញ (ពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស) វាមានន័យថាអ្វីគ្រប់យ៉ាង គឺត្រូវដើរថយក្រោយ ហើយវានឹងមិនល្អសម្រាប់ពិភពលោក»។
ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ផលប៉ះពាល់ទាំងស្រុងនៃការទទួលជ័យជម្នះរបស់លោកTrump នឹងមិនត្រូវបានគេមើលឃើញត្រឹមតែក្នុងរយៈពេលប៉ុន្មានខែនេះឡើយ គឺអាចបន្សល់ទុកនូវអនាគតដែលមិនច្បាស់លាស់សម្រាប់កិច្ចព្រមព្រៀងទីក្រុងប៉ារីសជាប្រវត្តិសាស្ត្រនេះ៕
ប្រែសម្រួលដោយ ផន បុប្ផា