ខណៈអង្គការសហប្រជាជាតិប្រារព្ធទិវាទឹកពិភពលោកកាលពីថ្ងៃសុក្រទី២២មីនា អង្គការអន្តរជាតិនេះបាននិយាយថាមានកំណើនហានិភ័យនៃជម្លោះអំពីប្រភពទឹកនៅពេលមានការប្រែប្រួលអាកាសធាតុ។
ស្របពេលជាមួយគ្នានេះ ទីភ្នាក់ងារផ្តល់ជំនួយក្រៅរដ្ឋាភិបាល Oxfam បានចោទប្រកាន់សាជីវកម្មសាកលថា«ដណ្តើម»យកទឹកពីក្រុមប្រទេសក្រីក្រដើម្បីបង្កើនប្រាក់ចំណេញ។
ដោយប្រកាសប្រធានបទនៅឆ្នាំនេះថាទឹកដើម្បីសន្តិភាព អង្គការសហប្រជាជាតិព្រមានថា«នៅពេលមានទឹកតិចឬកខ្វក់ឬនៅពេលមនុស្សមានទឹកមិនស្មើគ្នាឬគ្មានទឹក ភាពតានតឹងអាចកើនឡើងខ្លាំងរវាងសហគមន៍និងប្រទេសនានា»។
អ.ស.ប.បាននិយាយថា«មនុស្សជាង៣ពាន់លាននាក់នៅទូទាំងពិភពលោកអាស្រ័យលើទឹកដែលហូរកាត់ព្រំដែនប្រទេសនីមួយៗ។ ប៉ុន្តែមានប្រទេសតែ២៤ប៉ុណ្ណោះដែលមានកិច្ចព្រមព្រៀងសហការសម្រាប់ទឹករួមគ្នារបស់ពួកគេ។ ខណៈផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុកាន់តែធ្ងន់ធ្ងរ ហើយចំនួនប្រជាជនកាន់តែកើនឡើង មានសេចក្តីត្រូវការជាបន្ទាន់ទាំងខាងក្នុងប្រទេសនិងរវាងប្រទេសនានាត្រូវរួបរួមគ្នាការពារនិងថែរក្សាប្រភពមានតម្លៃបំផុតរបស់យើង»។
នៅក្នុងក្រុងធំបំផុតនៃប្រទេសអាហ្វ្រិកខាងត្បូងគឺក្រុង Johannesburg មានកង្វះទឹកម៉ាស៊ីនជាច្រើនសប្តាហ៍មកហើយ ដែលបណ្តាលឱ្យមានផលប៉ះពាល់មិនល្អដល់មនុស្សរាប់លាននាក់។
នៅជាយក្រុងនេះគឺនៅតំបន់ Soweto មនុស្សរាប់ពាន់នាក់ឈរបន្តគ្នាដើម្បីយកទឹកដាក់ក្នុងដបនិងធុងពីឡានដឹកទឹកពីតំបន់ក្រៅក្រុង។
គេបន្ទោសដោយផ្នែកលើហេដ្ឋារចនាសម្ព័ន្ធខូចខាតថានាំឱ្យមានការខ្វះទឹកនៅក្រុង Johannesburg។ ប៉ុន្តែពួកអ្នកវិទ្យាសាស្ត្រថាការប្រែប្រួលអាកាសធាតុបាននាំឱ្យអាងទឹករីងស្ងួតនៅអាហ្វ្រិកខាងត្បូងនិងនៅផ្នែកច្រើនទៀតនៃពិភពលោក។
នៅពេលអង្គការសហប្រជាជាតិប្រារព្ធទិវាទឹកពិភពលោក អង្គការនេះបានប៉ាន់ប្រមាណថា មនុស្ស២ពាន់២រយលាននាក់រស់នៅដោយគ្មានទឹកស្អាតសម្រាប់បរិភោគទេ។
ពួកអ្នកវិទ្យាសាស្ត្រនៃក្រុមអន្តររដ្ឋាភិបាលរបស់អ.ស.ប.អំពីការប្រែប្រួលធាតុអាកាសនិយាយថាប្រមាណពាក់កណ្តាលនៃពលរដ្ឋក្នុងពិភពលោកខ្វះទឹកខ្លាំងក្នុងរយៈពេលខ្លះក្នុងមួយឆ្នាំៗ ដោយប្រទេសក្រីក្រនៅតំបន់ភាគខាងត្បូងឬ Global South មានផលប៉ះពាល់ខ្លាំងបំផុត។
ការដណ្តើម«ទឹក»
នៅក្នុងរបាយការណ៍មួយបោះពុម្ពផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី២១ ខែមីនា អង្គការ Oxfam បានចោទប្រកាន់សាជីវកម្មសាកលធំៗថា«ដណ្តើម»ប្រភពទឹកសម្រាប់ទ្រទ្រង់ជីវិត។
របាយការណ៍នេះបានលើកឡើងថា«ផ្នែកឯកជនដណ្តើមប្រភពទឹកនិងធ្វើឱ្យប្រភពទាំងនេះកខ្វក់ដោយលះបង់ប្រជារាស្ត្រមូលដ្ឋានដើម្បីឱ្យបានកម្រៃ ដែលបណ្តាលឱ្យមានកំណើនវិសមភាព។ ការរាំងស្ងួតធ្ងន់ធ្ងរជាងមុនដោយសារការប្រែប្រួលអាកាសធាតុមានផលប៉ះពាល់លើកសិកម្មនិងសេដ្ឋកិច្ចនៃពួកប្រទេសដែលពឹងផ្អែកលើប្រភពទឹកទាំងនេះ បណ្តាលឱ្យមានការកើនឡើងនៃភាពក្រីក្រ អសន្តិសុខស្បៀងនិងបញ្ហាសុខភាពដល់ប្រជារាស្ត្រ ជាពិសេសក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍»។
អង្គការ Oxfam ចោទពួកប្រទេសមានធនធានច្រើននិងក្រុមហ៊ុនពហុជាតិថាបានផ្ទេរកង្វះទឹកទៅកាន់តំបន់ក្រីក្រដោយដឹកជញ្ជូនចូលក្នុងប្រទេសពួកគេនូវផលិតកម្មប្រើទឹកច្រើនដូចជាផ្លែឈើ បន្លែ សាច់ ផ្កានិងទឹកដបពីប្រទេសក្រៅ។
សេចក្តីរាយការណ៍នេះចែងថាកសិកម្មប្រើទឹក៧០% រួមមានតាមរយៈប្រព័ន្ធធារាសាស្ត្រ សម្រាប់គាំទ្រឧស្សាហកម្មសាច់និងប្រេងជីវសាស្ត្រផងដែរ។
ការវិភាគរបស់អង្គការ Oxfam និយាយថាវិស័យឯកជនខកខានក្នុងការកាត់បន្ថយផលប៉ះពាល់របស់ខ្លួនលើប្រភពទឹកទេ។
លោក Quentin Ghesquière ជាទីប្រឹក្សាខាងកសិកម្មនិងសុវត្ថិភាពស្បៀងនៅសាខាអង្គការ Oxfam នាប្រទេសបារាំង។ លោកបាននិយាយប្រាប់វីអូអេថាក្នុងបណ្តា«សាជីវកម្ម៣៥០ដែលត្រូវបានធ្វើវិភាគតាមរយៈទិន្នន័យមូលដ្ឋាន ដែលមានប្រាក់ចំណូលពាក់កណ្តាលនៃប្រាក់ចំណូលខាងកសិកម្មក្នុងពិភពលោក-មានតែសាជីវកម្មមួយក្នុងចំណោមសាជីវកម្មបួនបានប្រកាសថាពួកគេកាត់បន្ថយការប្រើប្រាស់ទឹកនិងកាត់បន្ថយការបំពុលទឹក»។
និយ័តកម្មរបស់រដ្ឋាភិបាល
អង្គការ Oxfam ក៏បានកត់សម្គាល់ដែរថាសាជីវកម្មធំៗត្រូវបានអនុញ្ញាតឱ្យបូមទឹក ទោះជាប្រជារាស្ត្រក្នុងមូលដ្ឋានប្រឈមនឹងការរឹតត្បិតក៏ដោយ។ អង្គការនេះគូសបញ្ជាក់សកម្មភាពនៃក្រុមហ៊ុនផលិតស្បៀងអាហារពហុជាតិរបស់បារាំងឈ្មោះ Danone។
របាយការណ៍របស់អង្គការ Oxfam បាននិយាយថា«កាលពីខែឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន Danone បានបូមទឹកពីផ្ទាំងថ្មមានទឹកក្រោមដីនៅក្នុងប្រទេសបារាំងតទៅទៀតទោះជាមានការរឹតត្បិតដល់ប្រជារាស្ត្រមូលដ្ឋាន ក្នុងនីត្យានុកូលភាពពេញលេញក៏ដោយ។ នៅឆ្នាំនោះដែរ ក្រុមហ៊ុននេះមានកម្រៃជិត៩០០លានអឺរ៉ូនិងបានបង់ប្រាក់ចំណេញ១ពាន់២រយលានអឺរ៉ូឱ្យម្ចាស់ភាគហ៊ុនរបស់ខ្លួន»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយមកកាន់វីអូអេ ក្រុមហ៊ុន Danone បានពោលថា
ការចាត់ចែងទឹកប្រកបដោយចីរភាពជាអាទិភាពមួយ ដោយបន្ថែមថា«យើងបានពន្លឿននវានុវត្តន៍និងវិនិយោគរបស់យើងដើម្បីកាត់បន្ថយ ដោយស្ម័គ្រចិត្ត ការបូមទឹកពីកន្លែងដាក់ដបរបស់យើង»។
ក្រុមហ៊ុននេះបានពោលទៀតថា«ចាប់តាំងពីឆ្នាំ២០១៧មក យើងបានបណ្តាក់ទុន៣០លានអឺរ៉ូដើម្បីធ្វើទំនើបកម្មខ្សែផលិតកម្មរបស់យើង ដែលអនុញ្ញាតឱ្យយើងកាត់បន្ថយការបូមទឹក១៧%ក្នុងរយៈពេលពីឆ្នាំ២០១៧ដល់ឆ្នាំ២០២៣ ដោយរក្សាឱ្យមានដូចដើមនូវចំណុះទឹកដែលត្រូវបានលក់»។
សេចក្តីរាយការណ៍របស់អង្គការ Oxfamផ្តល់អនុសាសន៍ឱ្យមាននិយ័តកម្មខ្លាំងជាងមុននិងអំពាវនាវឱ្យមាន«ការផ្តល់ប្រាក់កាសច្រើនក្រាស់ក្រែលសម្រាប់ឱ្យមានការសម្របសម្រួលក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍន៍និងដើម្បីឱ្យមានទឹកជាសាកលសម្រាប់មនុស្សគ្រប់គ្នា»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ