សង្គមស៊ីវិល សម្តែងក្តីបារម្ភ នឹងបន្តតាមដានយ៉ាងដិតដល់លើទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា ក្រោយពីដំណើរទស្សនកិច្ចរបស់លោក W. Patrick Murphy ឧបការីរងរដ្ឋមន្ត្រីក្រសួងការបទេសសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍មកកាន់កម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជាចំនួន ១ថ្ងៃ របស់លោក W. Patrick Murphy កាលពីថ្ងៃអង្គារ លោកបានជួបជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ មន្ត្រីគណបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិល អ្នកសារព័ត៌មាន អ្នកតាមដានព្រឹត្តិការណ៍សង្គម និងសិស្សនិស្សិតកម្ពុជា។
លោក W. Patrick Murphy និងក្រុមសង្គមស៊ីវិលបានពិភាក្សាអំពីការវិវត្តចុងក្រោយនៃដំណើរការការរៀបប្រព័ន្ធនៃដំណើរការបោះឆ្នោតថ្មី និងបញ្ហាសង្គមដែលពុំទាន់បានដោះស្រាយហើយ។ នេះបើតាមការឲ្យដឹងពីអ្នកស្រី ធីតា ឃឹះ នាយិកាប្រតិបត្តិនៃអង្គការសីលការ ដែលមានបេសកកម្មលើកពង្រឹងអំណាចស្ត្រីក្នុងវិស័យនយោបាយដែលមានវត្តមាននៅក្នុងកិច្ចប្រជុំជាមួយ លោក Murphy។
អ្នកស្រី ឃីតា ឃឹះ មានប្រសាសន៍ប្រាប់វីអូអេទៀតថា ចំណុចវិជ្ជមានដែលត្រូវបានគេលើកឡើងក្នុងកិច្ចពិភាក្សាជាមួយនឹងលោកឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ នោះមានដូចជា ការរីកចម្រើននៃធនធានមនុស្ស ទាំងក្នុងវិស័យសង្គមស៊ីវិល និងរចនាសម្ព័ន្ធការងារ និង បញ្ហាសង្គមដែលមិនទាន់មានដំណោះស្រាយ ដូចជាការពារឲ្យមានការគោរពសិទ្ធិមនុស្ស និងឯករាជ្យភាពនៃប្រព័ន្ធតុលាការនៅកម្ពុជាជាដើម។
អ្នកស្រី បញ្ជាក់ទៀតថា សង្គមស៊ីវិលក៏បានសួរលោក Patrick Murphy អំពីតួនាទី របស់សហរដ្ឋអាមេរិកក្នុងវិស័យទំនាក់ទំនងការទូត ក្នុងរដ្ឋបាលថ្មីដែលដឹកនាំដោយលោកដូណាល់ ត្រាំនិងព័ត៌មានទាក់ទងនឹងការកាត់ជំនួយរបស់រដ្ឋាភិបាលអាមេរិកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលរាប់បញ្ចូលទាំងកម្ពុជាផងដែរ។
«យើងសួរទៅកាន់គាត់វិញថា តើអាមេរិកមានគោលនយោបាយយ៉ាងណាដែរចំពោះកម្ពុជា ហើយគាត់និយាយថា ប្រទេសកម្ពុជា និងប្រទេសនៅក្នុងអាស៊ាននេះ នៅតែជាប្រទេសដែលសហរដ្ឋអាមេរិក យកចិត្តទុកដាក់នៅឡើយ។ ហើយរឿងដែលលោកដូណាល់ ត្រាំតម្រឹមជំនួយកិច្ចការបរទេស មកប្រទេសខាងក្រៅនោះគឺ ទាំងអស់គ្នា នៅចាំមើល ហើយអត់មាននរណាមួយដឹងទេ ព្រោះកំពុងតែជជែកគ្នា។ គាត់ក៏អត់មានឆ្លើយទៅលើបញ្ហានេះដែរ»។
កន្លងមកសហរដ្ឋអាមេរិក ដែលជាប្រទេសមហាអំណាចមួយក្នុងពិភពលោក តែងតែផ្ដល់ជំនួយដល់ប្រទេសកម្ពុជាដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស វិស័យអប់រំ វិស័យសុខភាព និងជំនួយលើការងារបោសសម្អាតមីនជាដើម។
ក្នុងជំនួបដាច់ដោយឡែករវាង លោក W. Patrick Murphy ជាមួយនឹងអ្នកសារព័ត៌មាន លោក W. Patrick Murphy ថ្លែងថារដ្ឋាភិបាលថ្មីរបស់សហរដ្ឋអាមេរិកនៅតែបន្តការតាមដានទៅលើជំនួយក្នុងវិស័យនានាជាពិសេសជំនួយលើសកម្មភាពដោះមីន។
«ជំនួយអន្តរជាតិរបស់សហរដ្ឋអាមេរិកផ្តោតទៅលើបញ្ហាទាំងនោះ ឥឡូវនេះ ដំណើរការរបស់វា គឺត្រូវចំណាយពេលវេលាវែង។ រដ្ឋបាលថ្មី ចាប់ផ្តើមដំណើរការនេះ ហើយដោយពេលនេះយើងកំពុងតែដាក់សំណើនៅក្នុងស្ថាប័នប្រតិបត្តិ។ យើងកំពុងពិភាក្សាឲ្យស៊ីជម្រៅ ថាតើគម្រោងថវិកាត្រូវបែងចែកយ៉ាងណានៅដំណាក់កាលបន្ទាប់។ ហើយការជជែកនេះបន្តនៅសភាយើង»។
លោកក៏បានបញ្ជាក់ពីអាទិភាពនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក ជាមួយបណ្តាប្រទេសអាស៊ានលើវិស័យសេដ្ឋកិច្ចក្នុងរដ្ឋបាលថ្មីដែលដឹកនាំដោយ លោក Donald Trump។
«ពាណិជ្ជកម្មមានសារៈសំខាន់ក្នុងរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។ ហើយរដ្ឋបាលថ្មីនេះផ្តល់ភាពសំខាន់ដល់វិស័យពាណិជ្ជកម្មដោយគ្មានការលើកលែង។ វាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកជាយូរយារណាស់មកហើយ។ ហើយនៅតំបន់អាស៊ីអាគ្នេយ៍អាស៊ាន ជាដៃគូបណ្តុំផ្នែកពាណិជ្ជកម្ម សម្រាប់សហរដ្ឋអាមេរិក»។
VOA មិនអាចទាក់ទង លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសដើម្បីសុំការអត្ថាធិប្បាយពីបច្ចុប្បន្នភាពនៃទំនាក់ទំនងសហរដ្ឋអាមេរិកនិងកម្ពុជាបន្ទាប់ពីជំនួបជាមួយនឹងឧបការីរងរដ្ឋមន្ត្រីការប្រទេសសហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក W. Patrick Murphy។
លោក អ៊ូ វីរៈ ប្រធានវេទិកាអនាគតនិងជាអ្នកវិភាគស្ថានភាពសង្គម និងនយោបាយដែលជួបពិភាក្សាក្រៅផ្លូវការពេលពិសាអាហារថ្ងៃត្រង់នឹងលោកW. Patrick Murphy ដែរនោះបានឲ្យដឹងថា ព័ត៌មានអំពីការកាត់ជំនួយរបស់សហរដ្ឋអាមេរិកឧបត្ថម្ភមកកម្ពុជា ស្របពេលដែលមន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមកធ្វើទស្សនកិច្ចនៅកម្ពុជា ជាព័ត៌មានដែលក្រៅផ្លូវការ ហើយលោកក៏ពុំបានជជែកទៅលើបញ្ហានេះដែរ។
លោកបញ្ជាក់ថា បញ្ហាពាក់ព័ន្ធនឹងការកាត់ជំនួយមិនបង្ហាញពីនយោបាយការទូត រវាងកម្ពុជា និងសហរដ្ឋអាមេរិកទេ។
«វាទាក់ទងនឹងគោលនយោបាយជំនួយជាង។ តែគោលនយោបាយជំនួយវាខុសពីទំនាក់ទំនងគោលនយោបាយការបរទេស គោលនយោបាយទំនាក់ទំនងការរកស៊ី និងយោធា ឬទំនាក់ទំនងគោលនយោបាយសន្តិសុខ ហើយមើលទៅវាមិនទាក់ទងគោលនយោបាយជំនួយដែលជាផ្នែកមួយតូចនោះទេ»។
លោកបណ្ឌិត ដេត សុខឧត្តម អ្នកស្រាវជ្រាវផ្នែកប្រវត្តិទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យហ្សាម៉ាន់ប្រាប់VOA ឲ្យដឹងថា ស្ថានភាពទូទៅនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងតំបន់អាស៊ីអាគ្នេយ៍មិនមែនជាអាទិភាពសម្រាប់សហរដ្ឋអាមេរិកក្នុងថ្មីៗនេះនោះទេ ប្រសិនបើប្រៀបធៀបទៅបណ្តាប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ីបូព៌ា។
«អាស៊ីអាគ្នេយ៍ហាក់ដូចជាមិនមែនជា តំបន់ដែលសហរដ្ឋអាមេរិកកំពុងសម្លឹងឃើញជាតំបន់អាទិភាពនៅឡើយទេ។ រដ្ឋការថ្មីរបស់សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់ Donald Trump ហាក់បីដូចជាជាប់ស្រពិចស្រពិលជាមួយកូរ៉េខាងជើងច្រើនជាង អញ្ចឹងអ្វីៗនៅអាស៊ីអាគ្នេយ៍នៅស្រពិចស្រពិលនៅឡើយទេ បើទោះជាមានការលេចឮអំពីការកាត់ជំនួយក្តី»។
អ្នកស្រី ធីតា ឃឹះ បញ្ជាក់អំពីគោលជំហរបស់វិស័យសង្គមស៊ីវិលថា អង្គការសង្គមស៊ីវិលគួរតែមាន ការត្រៀមខ្លួនពាក់ព័ន្ធនឹងការប្រឈមផ្នែកជំនួយហិរញ្ញវត្ថុដែលអាច នឹងត្រូវកាត់ដោយ សហរដ្ឋអាមេរិក។
«សង្គមស៊ីវិលប្រហែលជាដឹងខ្លួនឯងហើយថាកន្លែងណាជាការប្រឈម និងប៉ះពាល់ដល់ជំនួយ។ សង្គមស៊ីវិលត្រូវត្រៀមខ្លួន មិនមែនពឹងទៅលើតែជំនួយ ប្រភពថវិកាសហរដ្ឋអាមេរិកតែមួយទេ»។
កន្លងមក កម្ពុជាបានសម្រេចចិត្តផ្អាកសកម្មភាពរបស់ កងវរសេនាតូចកងទ័ពជើងទឹកសហរដ្ឋអាមេរិកចល័តសម្រាប់ការសាងសង់ ឬហៅកាត់ថា Seabees និងផ្អាកសមយុទ្ធយោធារួមគ្នាសំខាន់ៗរវាងកងទ័ពសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។ ហើយព្រឹត្តិការណ៍ទាំងនេះត្រូវបានគេមើលឃើញនិងបារម្ភថា មានឥទ្ធិពលលើទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ៕