ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ហាមឃាត់​ការ​លក់​អាវុធ​ទៅ​ឱ្យ​មីយ៉ាន់ម៉ា

ក្រុម​បាតុករ​នាំ​គ្នា​កាន់​បដា ហើយ​លើក​ម្រាម​ដៃ​បី​ឡើង ក្នុង​អំឡុងពេល​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ប្រទេស​មីយ៉ាន់ម៉ា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១។

អង្គការ​សង្គម​ស៊ីវិល និង​សិទ្ធិ​មនុស្ស​ជាង​ ២០០ មក​ពី​ជុំវិញ​ពិភពលោក​បាន​អំពាវនាវ​ឱ្យ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ដាក់​ទណ្ឌកម្ម​ដោយ​ហាមឃាត់​ការ​លក់​អាវុធ​ទៅ​ឱ្យ​មីយ៉ាន់ម៉ា​ ក្នុង​ក្តី​សង្ឃឹម​ការពារ​កុំ​ឱ្យ​យោធា​សម្លាប់​មនុស្ស​ និង​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​កាន់​តែ​ច្រើន។

លោក Louis Charbonneau នាយក​ដែល​តែងតាំង​ដោយ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស Human Rights Watch បាន​ប្រាប់​អ្នកសារព័ត៌មាន​កាលពី​ថ្ងៃទី០៥ ខែឧសភា​ នៅ​ក្នុង​ការ​អំពាវនាវ​មួយ​ជាមួយ​នឹង​ក្រុម​អង្គការ​ផ្សេង​ទៀត​ដែល​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​ដែល​អំពាវនាវ​ថា «បរាជ័យ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ក្នុង​ការ​ពិភាក្សា​លើ​ការ​ហាមឃាត់​ការ​លក់​អាវុធ​ទៅ​ឱ្យ​របប​យោធា​គឺ​ជា​បរាជ័យ​ដ៏​អាក្រក់​មួយ​ចំពោះ​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ចំពោះ​ប្រជាជន​មីយ៉ាន់ម៉ា។ សេចក្តីថ្លែងការណ៍​ពី​ក្តី​បារម្ភ​ដែល​យូរៗ​ធ្វើ​ឡើង​ម្តង​របស់​ក្រុមប្រឹក្សា​នេះ​ក្នុង​ការ​ឆ្លើយតប​ចំពោះ​ការ​បង្ក្រាប​ហិង្សា​ទៅ​លើ​អ្នក​តវ៉ា​ដែល​ភាគច្រើន​ជា​អ្នក​តវ៉ា​ដោយ​សន្តិវិធី​គឺជា​យន្តការ​ការទូត​ដែល​គ្រាន់​តែ​មាន​ន័យ​ថា ញាក់​ស្មា​របស់​ពួកគេ និង​ដើរ​ចេញ​តែ​ប៉ុណ្ណោះ»។

ក្រុមប្រឹក្សា​នេះ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ពី​ក្តីបារម្ភ​ចំនួន​ ៤ ចាប់​តាំង​ពី​ពេល​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​មក​កាលពី​ថ្ងៃទី០១ ខែកុម្ភៈ ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​ក្រុម​ស៊ីវិល​ចេញ​ពី តំណែង និង​បាន​ចាប់​ខ្លួន​សមាជិក​មួយ​ចំនួន​របស់​រដ្ឋាភិបាល។ កាលពី​ថ្ងៃទី២៤ ខែមេសា សមាគម​អាស៊ាន​បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​មួយ​ស្តីពី​ស្ថានភាព​នេះ ដោយ​បាន​ចេញ​សេចក្តីថ្លែងការណ៍​ស្តីពី​ផែនការ​ប្រាំ​ចំណុច។

ប៉ុន្តែ​ក្រុម​ឧត្តមសេនីយ៍​នៅ​មីយ៉ាន់ម៉ា​បាន​ព្រងើយ​កន្តើយ​ចំពោះ​ចំណាត់ការ​របស់​ស្ថាប័ន​ទាំង​ពីរ និង​បន្ត​ប្រើប្រាស់​ហិង្សា​ដើម្បី​ព្យាយាម​បង្ក្រាប​ការ​តវ៉ា ព្រម​ទាំង​បាន​ធ្វើ​ការ​វាយប្រហារ រួម​ទាំង​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​ក្រុម​ជាតិសាសន៍​ប្រដាប់​ដោយ​អាវុធ​ផង​ដែរ។ អ្នក​តាមដាន​សិទ្ធិ​មនុស្ស​ថា ជន​ស៊ីវិល​ជាង ៧៦០ នាក់ ត្រូវ​បាន​សម្លាប់ ក្នុង​នោះ​រួម​មាន​ក្មេងៗ​ចំនួន ៥១ នាក់ និង​មនុស្ស​ជាង ៤.៦០០​ នាក់​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​បង្រ្កាប។

អ្នកស្រី Myra Dahgaypaw នាយក​គ្រប់គ្រង​យុទ្ធនាការ​សហរដ្ឋអាមេរិក​សម្រាប់​មីយ៉ាន់ម៉ា​ថា «យោធា​មីយ៉ាន់ម៉ា​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ពួកគេ​មិន​ខ្លាច​ការ​ថ្កោលទោស​នោះ​ទេ ដូច្នេះ​នៅ​ក្នុង​ស្ថានភាព​បែប​នេះ​ មាន​តែ​សកម្មភាព​ជាក់ស្តែង​ទេ​ដែល​អាច​ជួយ​បាន»។

អ្នក​ការទូត និង​អ្នក​តស៊ូ​មតិ​លើកឡើង​ថា ចក្រភព​អង់គ្លេស​មាន​បំណង​ស្នើ​ឲ្យ​មាន​ដំណោះស្រាយ​សម្រាប់​មីយ៉ាន់ម៉ា​នៅ​ក្នុង​ក្រុមប្រឹក្សា​ទាំង​១៥ប្រទេស​នេះ ប៉ុន្តែ​ស្ទាក់ស្ទើរ​មិន​បញ្ចេញ​សេចក្តីព្រាង​នៃ​សេចក្តីសម្រេច​នោះ​ជាមួយ​នឹង​សមាជិក​ផ្សេង​ទៀត ដោយសារ​ខ្លាច ចិន និង​រុស្ស៊ី​ប្រើប្រាស់​សិទ្ធិ​វ៉េតូ។ ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​ព្យាយាម​បង្រួបបង្រួម​ក្រុមប្រឹក្សា​នេះ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​សេចក្តីថ្លែងការណ៍ដែល​ត្រូវ​ការ​មូលមតិ​គ្នា ប៉ុន្តែ​ការណ៍​នេះ​មិន​បាន​ជួយ​អ្វី​នោះ​ទេ។

លោក Lawrence Moss អ្នក​តស៊ូ​មតិ​ជាន់​ខ្ពស់​របស់​អង្គការ​សហ​ប្រជាជាតិ​នៅ​អង្គការ Amnesty International ថា «បើ​ស្ថានភាព​នេះ​នៅ​តែ​បន្ត គឺ​ស្ថានភាព​ដែល​ក្រុមប្រឹក្សា​នេះ​មិន​មាន​ឆន្ទៈ​ក្នុង​ការ​អនុម័ត​សេចក្តីសម្រេច ឬ​មិន​សូម្បី​តែ​ជជែក​ដេញដោល​លើ​សេចក្តីសម្រេច​នេះ​ដោយសារ​តែ​ខ្លាច​ការ​ប្រើប្រាស់​សិទ្ធិ​វ៉េតូ​ វា​នឹង​ផ្ញើ​សារ​ពី​និទណ្ឌភាព។ នៅ​ចំណុច​នេះ យោធា​មីយ៉ាន់ម៉ា​ច្បាស់​ជា​ដឹង​ថា មិន​មាន​សេចក្តីសម្រេច​ណា​មួយ​នោះ​ទេ ដោយសារ​តែ​ចក្រភព​អង់គ្លេស​មិន​មាន​ឆន្ទៈ​ផ្តួចផ្តើម​នោះ​ទេ»។​

នៅ​ក្នុង​សវនាការ​សភា​កាលពី​ថ្ងៃទី០៤ ខែឧសភា ឯកអគ្គរដ្ឋទូត​មីយ៉ាន់ម៉ា​ប្រចាំ​អង្គការ​សហប្រជាជាតិ​ ដែល​តំណាង​ឱ្យ​រដ្ឋាភិបាល​ស៊ីវិល នៅ​តែ​ទទូច​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ហាមឃាត់​ការ​លក់​អាវុធ​ជា​សាកល​ភ្លាមៗ ព្រម​ទាំង​ចំណាត់ការ​ផ្សេងៗ​ទៀត​ប្រឆាំង​នឹង​យោធា។

លោក​ឯកអគ្គរដ្ឋទូត Kyaw Moe Tun បាន​ថ្លែង​ប្រាប់​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​ថា «យើង​ទាំង​អស់​គ្នា​កំពុង​រស់នៅ​ក្រោម​ភាព​ភ័យខ្លាច»។

លោក Tom Andrews អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​ប្រទេស​មីយ៉ាន់ម៉ា​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ហាមឃាត់​ការ​លក់​អាវុធ​ ចាប់​តាំង​ពី​ពេល​ចាប់​ផ្តើម​នៃ​វិបត្តិ​នេះ ហើយអ្នកស្រី Christine Schraner ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ក៏​បាន​ជំរុញ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​នេះ​ផង​ដែរ។

ប្រទេស​ចិន​មាន​ផលប្រយោជន៍​ច្រើន​នៅ​មីយ៉ាន់ម៉ា។ ប្រទេស​នេះ​មាន​ព្រំប្រទល់​ជាមួយ​នឹង​មីយ៉ាន់ម៉ា​ប្រវែង ១.៨០០ គ.ម. និង​មាន​ការ​វិនិយោគ​ជាច្រើន​នៅ​ទីនោះ។ ស្ថិរភាព​នៅ​មីយ៉ាន់ម៉ា​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ប៉ុន្តែ​ប្រទេស​នេះ​ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រឈម​ជាមួយ​នឹង​ឧត្តមសេនីយ៍​ទាំង​នោះ ដោយ​បាន​អំពាវនាវ​ឱ្យ​មាន​យន្តការ​ការទូត​កាន់​តែ​ច្រើន ទោះ​បី​ជា​មាន​ក្តីបារម្ភ​កាន់​តែ​ច្រើន​ឡើងៗ​ក្តី។

លោក Zhang Jun ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា «ជាមួយ​នឹង​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង នឹង​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ច្រើន។ ជាមួយ​នឹង​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាន់​តែ​ច្រើន នឹង​មាន​អំពើ​ហិង្សា​កាន់​តែ​ច្រើន។ ជាមួយ​នឹង​អំពើ​ហិង្សា​កាន់​តែ​ច្រើន នឹង​មាន​មនុស្ស​ស្លាប់​កាន់​តែ​ច្រើន។ ហើយ​យើង​អាច​នឹង​ដើរ​ផ្លូវ​ខុស។ វា​ក៏​អាច​មាន​ន័យ​ថា មីយ៉ាន់ម៉ា​ធ្លាក់​ក្នុង​ស្ថានភាព​ចលាចល​ ឬ​អាច​ឈាន​ដល់​សង្គ្រាម​ស៊ីវិល​ផង»៕​

ប្រែសម្រួល​ដោយ​អ្នកនាង ស្រេង លក្ខិណា