ក្រុមអង្គការសង្គមស៊ីវិលបានថ្កោលទោសអាជ្ញាធរកម្ពុជា ដែលបានបដិសេធជាបន្តបន្ទាប់ក្នុងពេលកន្លងមក មិនឱ្យសកម្មជនសិទ្ធិមនុស្ស បានទទួលសេវាព្យាបាលជំងឺ បើទោះបីជាសុខភាពរបស់ពួកគេធ្លាក់ដុនដាបហើយក៏ដោយ។
ក្រុមអង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ជនរងគ្រោះដោយសារការរំលោភដីធ្លីចំនួន៣៣ បាន ចេញសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃពុធ ដោយចាត់ទុកថា ការបដិសេធនេះមានលក្ខណៈ«រើសអើង» និង«តាមទំនើងចិត្ត» ដោយសារតែអ្នកជាប់ឃុំទាំងនោះធ្វើការងារជាអ្នកការពារសិទ្ធិមនុស្ស។
អ្នកការពារសិទ្ធិមនុស្សចំនួន ៣នាក់គឺ លោកនី សុខា លោកណៃ វ៉ង់ដា និងលោកយី សុខសាន្តមានបញ្ហាសុខភាពធ្លាក់ដុនដាប ដោយសារតែការរឹតបន្តឹងមិនឱ្យទទួលសេវាព្យាបាលសុខភាព និងសួរសុខទុក្ខចាប់តាំងពីខែមេសាមក។ ទើបតែពេលថ្មីៗនេះ ដែលពួកគេទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យរបស់អង្គការលីកាដូ។ នេះបើតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់។
សកម្មជនសិទ្ធិមនុស្សទាំងបីនាក់ដែលមកពីអង្គការអាដហុករួមទាំងសហការីម្នាក់ទៀតគឺអ្នកស្រីលឹម មុន្នីនិងលោកនី ចរិយាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានជាប់ឃុំឃាំងជាងមួយឆ្នាំមកហើយពាក់ព័ន្ធនឹងសំណុំរឿងសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់សាក្សីក្នុងរឿងអាស្រូវស្នេហាអ្នកនយោបាយគណបក្សប្រឆាំង។
នៅថ្ងៃពុធនោះដែរ តុលាការកំពូលបានគ្រោងប្រកាសសាលដីកាបណ្តឹងសុំនៅក្រៅឃុំរបស់មន្រ្តីទាំងនោះ ប៉ុន្តែបានលើកពេលដោយមិនកំណត់។
លោកស្រី ណាលី ភីឡុក នាយិការងផ្នែកតស៊ូមតិរបស់អង្គការលីកាដូបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «យ៉ាងហោចណាស់អាជ្ញាធរកម្ពុជាគួរតែពិចារណាពីបញ្ហាសុខភាពរបស់ពួកគេដែលកំពុងតែធ្លាក់ចុះខ្សោយជាខ្លាំង និងបញ្ឈប់ការឃុំខ្លួនបណ្តោះអាសន្ន អូសបន្លាយពេលយូរ ដែលគ្មានមូលដ្ឋានគ្រប់គ្រាន់តាមរយៈការប្តឹងជំទាស់នឹងការបដិសេធសំណើសុំនៅក្រៅឃុំ»៕