ក្រុមអង្គការសង្គមស៊ីវិល ដែលតាមដានការវិវត្តនយោបាយនៅកម្ពុជាចុងក្រោយនេះបានរួមគ្នារិះគន់លើការវាយប្រហារផ្ទួនលើគណបក្សជំទាស់ ដោយចាត់ទុកថា វាជាការបង្ក្រាប និងជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ ហើយវាជាទង្វើដែលមាននិន្នាការនយោបាយ។
លោក សម រង្ស៉ី ត្រូវចោទប្រកាន់ និងត្រូវក្រុមសមាជិកសភារបស់គណបក្សប្រជាជនកម្ពុជាក្នុងគណៈអចិន្ត្រៃយ៍ដកហូតតួនាទីជាអ្នកតំណាងរាស្ត្រកាលពីថ្ងៃសុក្រ ហើយលោកជាប់ពិរុទ្ធត្រូវចាប់ខ្លួនភ្លាមៗ ពេលមកដល់កម្ពុជា។ លោក សម រង្ស៊ី បានលើកពេលធ្វើដំណើរវិលមកកម្ពុជាវិញកាលពីយប់ថ្ងៃច័ន្ទ។
ថ្មីៗនេះលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវគេដកតំណែងអនុប្រធានសភា មកត្រឹមតែសមាជិកសភាធម្មតា ហើយតំណាងរាស្ត្រគណបក្សជំទាស់ពីររូបត្រូវគេវាយដំ ទាត់ធាក់ រីឯសមាជិកព្រឹទ្ធសភាម្នាក់ត្រូវជាប់គុកដោយសារការបញ្ចេញមតិ ដូចសកម្មជន២០នាក់ទៀតដែរ។ ក្រុមអង្គការសង្គមស៊ីវិលបានថ្កោលទោសទង្វើដែលជាការបង្រ្កាបលើក្រុមជំទាស់នេះ។
លោក Phil Robertson នាយករងអង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី បានថ្លែងប្រាប់ VOA ថា នេះជាការចោទប្រកាន់ និងការកាត់ទោសដោយហេតុផលនយោបាយ ដែលគេចង់ឲ្យលោក សម រង្ស៉ី មានការលំបាក។
«ល្បែងនេះបង្ហាញថា គ្មានអ្វីកើតឡើងនៅកម្ពុជាត្រូវគេគិតគូរពីច្បាប់ទេ។ រឿងទាំងអស់គឺមានតែច្បាប់របស់លោក ហ៊ុន សែន ហើយលោក ហ៊ុន សែន គ្រប់គ្រងតុលាការ ដែលលោកគ្រប់គ្រងទាំងស្រុង។ វាជាសម័យដ៏សែនសង្វេគសម្រាប់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា»។
លោក នី ចរិយា នៃសមាគមសិទ្ធិមនុស្សអាដហុក បានថ្លែងថា វាជារឿងនយោបាយ និងជាការព្យាយាមបិទមាត់ក្រុមអ្នកជំទាស់។
«អញ្ចឹងប្រសិនបើរដ្ឋាភិបាលកំពុងប្រើប្រាស់ប្រព័ន្ធតុលាការក៏ដូចជារដ្ឋសភាដើម្បីគំរាមកំហែង ចាប់ដាក់គុក ធ្វើឲ្យប៉ះពាល់ដល់សកម្មភាពរបស់គណបក្សប្រឆាំងបែបនេះ ហ្នឹងហើយដែលធ្វើឲ្យប៉ះពាល់ប្រជាធិបតេយ្យ និងច្បាប់»។
លោក នី ចរិយា បានបន្តថា ការរារាំង និងការចោទប្រកាន់លោក សម រង្ស៊ី ជាការរំលោភដល់ច្បាប់លើសំណុំរឿងរ៉ាវដែលបានចប់ហើយ ហើយដែលទទួលស្គាល់ដោយច្បាប់បោះឆ្នោត និងសភាផងដែរ។
លោកថ្លែងថា សង្គមមួយអាចមានប្រជាធិបតេយ្យទៅបានទាល់តែសង្គមនោះនៅមានគណបក្សជំទាស់ធ្វើកិច្ចការដោយគ្មានការភ័យខ្លាច និងមានសុវត្ថិភាព។
លោកស្រី ស្រី សុធាវី ប្រធានក្រុមការងារដើម្បីដោះស្រាយទំនាស់ បានថ្លែងថា មេដឹកនាំគណបក្សទាំងពីរត្រូវដោះស្រាយគ្នាដោយសន្តិវិធីដើម្បីផលប្រយោជន៍ជាតិជាធំ ហើយចៀសវាងការវាយប្រហារគ្នា ដែលឥតប្រយោជន៍។
«បើសិនជានៅតែមានទំនាស់ ការវាយបក ការប្រើនយោបាយវាយប្រហារគ្នាដោយពាក្យសម្តី ដោយកម្លាំងនៃអ្នកគាំទ្រ ដោយការធ្វើបាតុកម្មអីហ្នឹង ប្រហែលជាដូចជាមិនមានប្រយោជន៍អីដល់សង្គមជាតិទេ។ អញ្ចឹង ជាសំណូមពរពីអង្គការសង្គមស៊ីវិលក្តី ចង់ឲ្យប្រមុខរាជរដ្ឋាភិបាលយើងហ្នឹង ចង់ឲ្យប្រមុខរដ្ឋាភិបាលជួបគ្នា រកដំណោះស្រាយរួមមួយ ដោះស្រាយបញ្ហារួមគ្នា ព្រោះមានបញ្ហាជាតិច្រើនផ្សេងៗទៀត។ អញ្ចឹងសូមឲ្យគិតគូរពីផលប្រយោជន៍រាស្ត្រជាធំ»។
ក្រុមអង្គការសង្គមស៊ីវិលបានរៀបរាប់លម្អិតក្នុងសេចក្តីប្រកាសព័ត៌មានរួមអំពីបញ្ហាគំរាមគណបក្សជំទាស់ ហើយក៏បានទទូចឲ្យម្ចាស់ជំនួយធ្វើអន្តរាគមន៍អំពីរឿងនេះ ហើយចង់ឃើញថា មេដឹកនាំទាំងពីរមានការអត់ធ្មត់ ហើយបញ្ចៀសអំពើហិង្សាដែលអាចកើតឡើងជាយថាហេតុណាមួយ៕