សង្គម​ស៊ីវិល​បារម្ភ​ថា កង្វះ​យន្តការ​តាមដាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​ខ្លះ មិន​ទទួល​បាន​ជំនួយ​សង្គម​ពី​រដ្ឋ​ក្នុង​គ្រា​កូវីដ១៩

រូបឯកសារ៖ ពលរដ្ឋ​ម្នាក់​ងូត​ទឹក​នៅ​ក្បែរ​ផ្ទះ​របស់​ខ្លួន​ នៅ​ក្នុង​តំបន់​ក្រីក្រ​នៅ​ជាយ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០០៩។ (AP)

នៅ​ខែ​មិថុនា​ ឆ្នាំ​២០២០​នេះ ​ រដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​អត្ត​សញ្ញាណ​អ្នក​ក្រីក្រ​ចំនួន​ជាង​៥៦​ម៉ឺន​គ្រួសារ ​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​សុខា​ភិបាល​ និង​ផ្តល់​​ប្រាក់​ប្រចាំ​ខែ​ក្នុង​កម្មវិធី​ជំនួយ​សង្គម​ ក្នុង​អំឡុង​ពេល​ដែល​ពលរដ្ឋ​ក្រីក្រ​រង​ផល​ប៉ះពាល់​ដោយសារ​​ជំងឺ​កូវីដ១៩។​

ពី​មុន​អ្នកស្រី ​ពុំ ចាន់ថន ​រក​ចំណូល​បាន​ប្រមាណ​ជា​៣​ម៉ឺន​រៀល​ក្នុង​ថ្ងៃ​ខ្លះ ​ពី​របរ​ដើរ​កោស​ខ្យល់​តាម​ផ្ទះ​គេ ​ប៉ុន្តែ​ឥឡូវ​អ្នក​ស្រី ​បាត់​ចំណូល​នេះ​ទាំង​ស្រុង​ ចាប់​តាំង​ពី​រដ្ឋាភិបាល​ប្រកាស​វិធានការ​កាត់​បន្ថយ​ការ​ជួប​ជុំ ​និង​រក្សា​គម្លាត​ពី​គ្នា​ដើម្បី​ទប់​ស្កាត់​ការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ១៩។​

អ្នក​ស្រី​ចាន់ថន ដែល​ជា​ស្ត្រី​មេម៉ាយ​ ហើយ​ពិការ​ដៃ​ខាង​ស្តាំ​មួយ​ចំហៀង​ត្រឹម​ស្មា​ដោយសារ​អម្បែង​គ្រាប់​ក្នុង​អំឡុង​សង្គ្រាមរូបនេះ ​ ​បច្ចុប្បន្ន ត្រូវ​ពឹង​អាស្រ័យ​លើ​កូន​ប្រុស​របស់​អ្នកស្រី ​ដែល​ធ្វើ​ការ​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​ក្បែរ​ផ្ទះ ​ស្ថិត​ក្នុង​ភូមិ​គោក​ឃ្លាង ​សង្កាត់​គោកឃ្លាង ​ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ដើម្បី​ចិញ្ចឹម​ជីវិត។​

ស្ត្រី​វ័យ​៥៥ ​ឆ្នាំ​រូប​នេះ ​បាន​និយាយ​នៅ​ក្នុង​ផ្ទះ​ប្រក់​ស័ង្កសី​របស់​អ្នកស្រី​ថា ​គ្រួសារ​របស់​អ្នក​ស្រី​ដែល​មាន​សមាជិក​៤​នាក់​ រួម​ទាំង​កូន​ប្រសារ​ស្រី​អាយុ​២៣​ ឆ្នាំ​ម្នាក់​ ​ដែល​កំពុង​ពរពោះ​ និង​ចៅស្រី​អាយុ​បី​ឆ្នាំ​ម្នាក់​ផង ​ត្រូវ​ពឹង​លើ​ប្រាក់​ខែ​ប្រមាណ​២០០​ដុល្លារ​របស់​កូន​ប្រុស​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​នេះ។​

ជា​អ្នក​ដែល​មាន​បណ្ណ​ក្រីក្រ​ម្នាក់ ​អ្នកស្រី​ចាន់ថន​ ដឹង​ត្រឹម​ថា ​ បណ្ណ​នេះ​អាច​ឲ្យ​អ្នកស្រី​ទទួល​បាន​ការ​ព្យាបាល​ជំងឺ​ពី​មន្ទីរពេទ្យ​រដ្ឋ​ដោយ​ឥត​គិត​ថ្លៃ ប៉ុន្តែ​អ្នកស្រី​និយាយ​ថា ​អ្នក​ស្រី​មិន​ដឹង​អំពី​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​សម្រាប់​គ្រួសារ​ក្រីក្រ​ដូច​ជា​គ្រួសារ​អ្នក​ស្រី​ទេ។​

អ្នកស្រី ពុំ ចាន់ថន ដែលទទួលបានបណ្ណក្រីក្រកម្រិត២ កំពុងអង្គុយក្នុងផ្ទះជាមួយកូនប្រសាស្រី និងចៅស្រី ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/វីអូអេ)

«ខ្ញុំ​ឮ​គាត់​ [មេឃុំ] ​ថា​ ទៅ​ពេទ្យ​អត់​អស់​លុយ​ អីៗ អ៊ីចឹង​អត់​មាន​អ្នក​ណា​យក​លុយ​យក​កាក់​ទេ។​ អា​នេះ​តេជោ​គាត់​ជួយ​អ៊ីចឹងៗ។​ ខ្ញុំ​ឮ​តាម​គេ​ដែរ​ ព្រោះ​អី​ខ្ញុំ​ទៅ​ក្រោយ​គេ។​ កូន​អើយ ​ខ្ញុំ​អត់​ដឹង។ ​អត់​ដឹង​បាន​លុយ​បាន​អី។​ អ៊ុំ​អត់​ដឹង​ទេ»។​

មិន​ខុស​គ្នា​ប៉ុន្មាន​ពី​អ្នកស្រី​ ពុំ ចាន់ថន ​អ្នកស្រី ​សាក់ សូនី ​ដែល​រស់​នៅ​ចម្ងាយ​ជាង​១​គីឡូ​ម៉ែត្រ ​ពីគ្នា​ក្នុង​ភូមិ​ឃុំ​ជា​មួយ​គ្នា ​និង​ទទួល​បាន​បណ្ណ​ក្រីក្រ​កម្រិត​ពីរ​ដែរ​នោះ​ បាន​ប្រាប់​វីអូអេ​ថា​ គ្រួសារ​របស់​អ្នក​ស្រី​ ក៏​មិន​ដឹង​ថា​ អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​ដែរ​ ក្នុង​អំឡុង​ពេល​មាន​ការ​រីករាល​នៃ​ជំងឺ​កូវីដ១៩​នេះ។​

និយាយ​បណ្តើរ ​ដៃ​រាវ​រក​បណ្ណ​ក្រីក្រ​របស់​អ្នកស្រី​ក្នុង​ថង់​ក្រណាត់​បណ្តើរ អ្នកស្រី​ សាក់ សូនី ​ដែល​មាន​កូន​៥​នាក់​ក្នុង​បន្ទុក​បន្ថែម​ថា​ មិន​ត្រឹម​តែ​គ្មាន​ប្រាក់​ជំនួយ​ប៉ុណ្ណោះ​ទេ ​គ្រួសារ​របស់​អ្នក​ស្រី​ថែម​ទាំង​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​ផ្ទះ​ជួល​ ដោយ​សារ​តែ​គ្មាន​ប្រាក់​បង់​ថ្លៃ​ផ្ទះ​ថែម​ទៀត​ផង។​

«កូន​ដើរ​រក​ទៅ !​បន្តិចៗ​ទៅ! ដល់​ពេល​អត់​លុយ​ឲ្យ​គេ ​ ហើយ​ទឹក​ភ្លើង​២០​រៀល ​[ដុល្លារ] ​ទៀត​...​ ភ្លើង​ទឹក​២០​រៀល​ [ដុល្លារ] ទាំង​ផ្ទះ ​ទាំង​ភ្លើង​៧០​ដុល្លារ។ ​ចូល​ពីរ​ខែ​[អត់​ឲ្យ​ឈ្នួល​ផ្ទះ​គេ​ពីរ​ខែ] ​ពេល​អត់​លុយ​គេ​ដេញ​ខ្ញុំ​ចេញ»។​

អ្នកស្រី សាក់ សូនី និងស្វាមី គឺលោក រស់ អាន ដែលទទួលបានបណ្ណក្រីក្រកម្រិតពីរ កំពុងអង្គុយលើគ្រែក្នុងផ្ទះដែលស្នាក់អាស្រ័យជាមួយប្អូនស្រី ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/វីអូអេ)

ដោយ​បច្ចុប្បន្ន​ស្នាក់​អាស្រ័យ​បណ្តោះ​អាសន្ន​ជា​មួយ​ប្អូន​ស្រី​ នៅ​ផ្ទះ​ឈើ​ជាប់​ដី​ ដែល​មាន​ស្នាម​ធ្លុះ​ដោយ​កន្លែង​ផង​នោះ​អ្នក​ស្រី សូនី ​និយាយ​ដោយ​ទឹក​មុខ​ស្ងួត​ និង​រលីង​រលោង​ទឹក​ភ្នែក​ម្តងៗ​ថា ​អ្នក​ស្រី​មិន​ដឹង​ថា​ តើ​គ្រួសារ​របស់​អ្នក​ស្រី​នៅ​អាច​ទប់​ទល់​ក្នុង​ស្ថានភាព​ដូច​សព្វ​ថ្ងៃ​បាន​យូរ​ប៉ុណ្ណា​ទេ ​ដោយសារ​អ្នកស្រី​បាន​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ក្រពះ​ធ្ងន់​ធ្ងរ​តាំង​ពី​ឆ្នាំ​២០១៨​មក​ រហូត​ត្រូវ​សម្រាក​លើ​កន្ទេល​ ដោយ​មិន​អាច​ប្រកប​របរ​អ្វី​បាន​ដូច​មុន។​

កំពុង​អង្គុយ​លើ​គ្រែ​ដែល​ពោរពេញ​ដោយ​សម្លៀក​បំពាក់​គរ​ក្បែរៗ​នោះ ស្រ្តី​វ័យ​៤៥​ឆ្នាំ​រូប​នេះ​បន្ថែម​ថា ​ស្វាមី​របស់​អ្នកស្រី​ជា​កម្មករ​សំណង់ ​តែង​រក​ចំណូល​បាន​ពី​១​ម៉ឺន​៥​ពាន់​រៀល ​ទៅ​ពីរ​ម៉ឺន​រៀល ​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ​ ស្វាមី​របស់​អ្នកស្រី​ថ្ងៃ​ខ្លះ​ មិន​អាច​រក​ចំណូល​បាន​ ដោយសារ​មិន​មាន​គេ​ហៅ​ធ្វើ​សំណង់។​

«ជួន​កាល​ទៅ​គេ​ហៅ​ទៅ​ធ្វើ​ទៅ ​បាន​ទៅ​១​ម៉ឺន​ ២​ម៉ឺន​រៀល​ទៅ។​ ពេល​គេ​ហៅ​ យើង​ធ្វើ ​បាន​បាន។ ​បើ​គេ​អត់​ហៅ ​ក៏​អត់​ហូប​ទៅ។​ ហើយ​តាំង​ពី​កូវីដ​ហ្នឹង​មក ​អត់​មាន​អី​ហូប​ផង​ហ្នឹង។​ គេ​អត់​ហៅ​ធ្វើ​សំណង់​ទេ ។​ អត់​មាន​គេ​ហៅ​ទេ។ ​ អ៊ីចឹង​អត់ ​...​ អត់​មាន​អីហូប។​ ខ្ញុំ​មិន​ទាន់​មាន​បាយ​ហូប​ផង។ ​អត់​បាយ»។​

ស្វាមី​របស់​អ្នកស្រី ​សាក់ សូនី​ គឺ​លោក​ រស់ អាន ​ដែល​កំពុង​អង្គុយ​ក្បែរ​ប្រពន្ធ​ទាំង​ជើង​ប្រឡាក់​ស៊ីម៉ង់ត៍​ និយាយ​ថា ​លោក​បាន​ ឮ​ អំពី​បណ្ណ​ក្រីក្រ ​ហើយ​ថែម​ទាំង​បាន​ទៅ​ទទួល​បណ្ណ​នេះ​ពី​ចៅ​សង្កាត់​ផង​ដែរ​ ប៉ុន្តែ​លោក​និយាយ​ថា​ លោក​មិន​ត្រូវ​បាន​ប្រាប់​ឲ្យ​ដឹង​អំពី​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​សម្រាប់​គ្រួសារ​ក្រីក្រ ​ដូច​គ្រួសារ​របស់​លោក​ទេ។​

«អត់​បាន​ប្រាប់​ផង ​គ្រាន់តែ​ថា អំណោយ​ពី​សម្តេច​មក​ហ្នឹង​អាច​មក​ដល់​ដៃ​អ្នក​ក្រីក្រ។ ​ហើយ​អ៊ីចឹង​ឲ្យ​យើង​ថែ​រក្សា​ទុក​ទៅ​ ព្រោះ​សម្តេច​មិន​ឲ្យ​ងាប់​ទេ​អ្នក​ក្រីក្រ​ហ្នឹង»។

គ្រួសារ​អ្នក​ស្រី ​ពុំ ចាន់ថន ​និង​គ្រួសារ​លោក ​រស់ អាន ​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ក្រីក្រ​ចំនួន​២០៤​គ្រួសារ ​ក្នុង​សង្កាត់​គោកឃ្លាង​ដែល​គ្រប់​លក្ខណៈ​សម្បត្តិ​ក្នុង​ការ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​រដ្ឋ​ក្នុង​គ្រា​កូវីដ១៩​នេះ។ នេះ ​បើ​យោង​តាម​លោក ​គង់ សំបូរ ​ចៅសង្កាត់​រង​ទី​១​ នៃ​សង្កាត់​នេះ។​

លោក​ គង់ សំបូរ​ បាន​ប្រាប់ ​VOA ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​មួយ​ នៅ​ថ្ងៃ​ទី​៨​ ខែ​កក្កដាថា​ រហូត​មក​ដល់​ពេល​នេះ​ក្នុង​ចំណោម​គ្រួសារ​ទាំង​២០៤​ មាន​គ្រួ​សារ​មួយ​ចំនួន​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​រួច​រាល់ ​និង​មួយ​ចំនួន​ទៀត​មិន​ទាន់​បាន​ទទួល​នៅ​ឡើយ ​ប៉ុន្តែ​លោក​មិន​ទាន់​មាន​តួលេខ​ជាក់​លាក់​នៅ​ឡើយ។​ លោក​ចៅ​សង្កាត់​រង​ទី​១​រូបនេះ​បន្ថែម​ថា ​ក្នុង​ពេល​បច្ចុប្បន្ន ​ក៏​នៅ​មាន​ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្នើ​សុំ​បណ្ណ​ក្រីក្រ​ជា​បន្តបន្ទាប់​ផង​ដែរ។​

លោក​ចៅ​សង្កាត់​រង​ទី​១ ​គង់ សំបូរ​ បន្ថែម​ថា ​នៅ​រាល់​ពេល​ពលរដ្ឋ​ទៅ​ធ្វើ​បណ្ណ​ក្រីក្រ ​និង​នៅ​ពេល​ចែក​បណ្ណ ​សង្កាត់​តែង​ប្រាប់​ពួក​គេ​ថា​ នេះ​ជា​អំណោយ​សម្រាប់​ជួយ​ប្រជាជន​ក្រី​ក្រ ​និង​បាន​ប្រាប់​ថា​ ជា​ថវិកា​របស់​រដ្ឋ​ផង​ដែរ។​

«ប្រាប់​ថា​ជា​អំណោយ​សង្គ្រោះ​ដល់​អ្នក​ក្រីក្រ ​ដែល​ក្នុង​កូវីដ​នេះ ​សម្តេច​លោក​លះ​បង់​ រាជ​រដ្ឋាភិបាល​លះ​បង់ ​មក​ជួយ​ប្រជាជន​ក្រីក្រ ​សម្រាប់​ប្រជាជន​ក្រីក្រ។ ​បញ្ជាក់ [ថា ​ជាថវិកា​រដ្ឋ]»។​

នៅ​ខែ​មិថុនា​ ឆ្នាំ​២០២០​នេះ ​ រដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​អត្ត​សញ្ញាណ​អ្នក​ក្រីក្រ​ចំនួន​ជាង​៥៦​ម៉ឺន​គ្រួសារ ​ឬ ​ស្មើ​នឹង​ចំនួន​មនុស្ស​ប្រមាណ​២​លាន​ ៣​សែន​នាក់ ​នៅ​ទូទាំង​ប្រទេស ​ដើម្បី​ផ្តល់​ការ​គាំទ្រ​ផ្នែក​សុខា​ភិបាល​ និង​ផ្តល់ប្រាក់​ប្រចាំ​ខែ​ក្នុង​កម្មវិធី​ជំនួយ​សង្គម​ ក្នុង​អំឡុង​ពេល​ដែល​ពលរដ្ឋ​ក្រីក្រ​ទទួល​រង​ផល​ប៉ះពាល់​ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ១៩។​

រូបឯកសារ៖ ជន​ក្រីក្រ​អង្គុយ​ខាង​ក្រៅ​រងចាំ​ទទួល​អាហារ​ថ្ងៃ​ត្រង់​ បន្ទាប់​ពី​ព្រះសង្ឃ​ឆាន់​រួច​នៅ​វត្ត​កោះ​ ក្នុង​ក្រុង​ភ្នំពេញ​ ថ្ងៃ​អង្គារ ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

ក្នុង​តារាង​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​គ្រោះ​ដែល​កំណត់​ក្នុង​កម្មវិធី​ជំនួយ​សង្គម​របស់​រដ្ឋាភិបាល ​គ្រួសារ​ក្រីក្រ​តាម​ទី​ប្រជុំ​ជន​នៅ​ភ្នំពេញ ​និង​នៅ​ទី​ប្រជុំ​ជន​តាម​ខេត្ត​នានា ​នឹង​ទទួល​បាន​១២​ម៉ឺន​រៀល ​ក្នុង​មួយ​គ្រួសារ។ ​បន្ថែម​ពី​នោះ​ សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ​៤​ម៉ឺន​រៀល​ ទៅ​៥២០០០​រៀល​ ហើយ​កុមារ​អាយុ​ក្រោម ​៥​ឆ្នាំ​ នឹង​ទទួល​បាន ​៤​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ។ ​ចំណែក​គ្រួសារ​ក្រីក្រ ​និង​ងាយ​រង​គ្រោះ​នៅ​តាម​ជន​បទ​ក្នុង​បណ្តា​ខេត្ត​នានា ​មួយ​គឺ​គ្រួសារ​នឹង​ទទួល​បាន​ចំនួន​៨​ម៉ឺន​រៀល។​ សមាជិក​គ្រួសារ​ម្នាក់​ទទួល​បាន ​២៤០០០​រៀល​ និង​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ ​ទទួល​បាន​២៤០០០​រៀល។

ប៉ុន្តែ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​លើក​ឡើង​ថា ​នីតិវិវិធី​ស្មុគស្មាញ​ និង​កង្វះ​យន្តការ​តាម​ដាន​និង​ត្រួត​ពិនិត្យ​ត្រឹមត្រូវ ​បាន​ធ្វើ​ឲ្យ​មាន​ចន្លោះ​ប្រហោង​នៅ​ក្នុង​ការ​អនុវត្ត​វិធានការ​ជួយ​គ្រួសារ​ក្រីក្រ ​ក្នុង​អំឡុង​ពេល​វិបត្តិ​កូវីដ​១៩​នេះ។​

លោក​ សន ជ័យ ​ នាយក​ប្រតិបត្តិ​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​សម្ព័ន្ធ​ភាព​គណនេយ្យ​សង្គម ​បាន​ប្រាប់​វីអូអេ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ កាល​ពី​ថ្ងៃ​ទី​២៨ ​ខែ​មិថុនាថា ​ លោក​បារម្ភ​ថា​ ការ​កំណត់​អត្ត​សញ្ញាណ​ជន​ក្រីក្រ​ដែល​ធ្វើ​ឡើង​ដោយ​មាន​តែ​រដ្ឋាភិបាល មិន​មាន​ភាគី​ឯករាជ្យ​ចូលរួម​ អាច​ធ្វើ​ឲ្យ​ការ​កំណត់​មាន​ភាព​លម្អៀង​ទៅ​រក​បក្ខពួក ​និង​និន្នាការ​នយោបាយ។​

«បាន​ន័យ​ថា ​គណៈ​កម្មការ​មួយ​ដែល​មាន​សមាជិក​ចម្រុះ ​ពេល​នោះ​វា​អាច​ចូល​រួម​កាត់​បន្ថយ​នូវ​ការ​រើស​អើង​នយោបាយ​នៅ​ក្នុង​ការ​ដាក់​បញ្ចូល​សមាស​ភាព ​ឬ​ ក៏​អត្ត​សញ្ញាណ​អ្នក​ក្រីក្រ​ដើម្បី​ទទួល​បាន​បណ្ណ​សមធម៌​ហ្នឹង។​ អ៊ីចឹង​បើ​សិន​ជា​មិន​មាន​គណៈ​កម្មការ​ចម្រុះ​ដែល​មាន​តួ​អង្គ​ឯករាជ្យ​ចូលរួម​ទេ ​យើង​នៅ​តែ​មាន​មន្ទិល​អំពី​លទ្ធភាព​កើត​មាន​នូវ​ការ​រើស​អើង​និន្នាការ​នយោបាយ​ហ្នឹង​ដែរ ព្រោះ​អី​យើង​ដឹង​ហើយ​ប្រជា​ពលរដ្ឋ​នៅ​មូលដ្ឋាន​ គាត់​មាន​និន្នាការ​នយោបាយ​ផ្សេងៗ​គ្នា​ដែរ»។​

ចំណែក​លោក ​អ៊ឹម នរិន្ទ ​ប្រធាន​កម្មវិធី​នៃ​អង្គការ​តម្លាភាព​កម្ពុជា ​ប្រាប់ ​VOA​ នៅ​ថ្ងៃ​ទី​៧​ ខែ​កក្កដា​ នេះ​ថា​ បើ​តាម​ការ​សង្កេត​របស់​លោក​លោក​ឃើញ​មាន​ពលរដ្ឋ​មួយ​ចំនួន ​ដែល​មាន​ជីវភាព​គ្រាន់​បើ​ក៏​ទទួល​បាន​បណ្ណ​ក្រីក្រ​ផង​ដែរ។​ លោក​បន្ថែម​ដោយ​បារម្ភ​អំពី​នីតិវិធី​នោះ​ថា​ អាច​មាន​ការ​ប្រកាន់​និន្នា​ការ​នយោបាយ។​

«អ្នក​ដែល​យើង​ព្រួយ​បារម្ភ​ គឺ​អ្នក​ដែល​គាត់​មាន​និន្នាការ​ផ្ទុយ​ពី​ហ្នឹង។ ​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​អាច​បង្ក​ជា​ឧបសគ្គ​សម្រាប់​គាត់​ក្នុង​ការ​ទទួល​បាន​សេវា​ការ​ឧបត្ថម្ភ​ហ្នឹង​ពី​រដ្ឋាភិបាល។ ​ជួនកាល​យើង​ធ្លាប់​ឮ​ហើយ ​គាត់​តែង​ប្រើប្រាស់​ពាក្យ​សម្តី​ថា​ហេតុ​អី​គាំទ្រ​គណ​បក្ស​ដទៃ។​ ប៉ុន្តែ​ដល់​ពេល​មាន​បញ្ហា​ ត្រូវ​ការ​ជួយ​ ហេតុ​អី​មក​រក​គណបក្ស​កាន់​អំណាច​អី​អ៊ីចឹង។​ អ៊ីចឹង​បញ្ហា​ហ្នឹង​ធ្លាប់​មាន​លើក​ឡើង​កន្លង​មក​ដែរ»។​

លោក​បន្ថែម​ថា ​អាជ្ញាធរ​ដែល​កំណត់​អត្ត​សញ្ញាណ ​និង​ផ្តល់​បណ្ណ​ក្រីក្រ​ដល់​ពលរដ្ឋត្រូវ​ប្រាប់​ពលរដ្ឋ​ឲ្យ​ច្បាស់​អំពី​ប្រភព​ថវិកា​ និង​ថា ​មិន​ត្រូវ​ប្រើប្រាស់​ឱកាស​នោះ​ដើម្បី​កេង​ចំណេញ​នយោបាយ​នោះ​ទេ។​

«អ្នក​នយោបាយ​គាត់​តែង​តែ​ប្រើ​ប្រាស់​ឱកាស​ដើម្បី​ផល​ប្រយោជន៍​នយោបាយ​របស់​គាត់។ ​ឧទាហរណ៍ ​ដូច​ជា​ថវិកា​ ឬ ​ក៏​គម្រោង​អភិវឌ្ឍន៍​អី​ផ្សេងៗ​ជា​របស់​រដ្ឋ​ ប៉ុន្តែ​យើង​ប្រើ​ពាក្យ​ថា​ ពី​សម្តេច​ ពី​អី​អ៊ីចឹង​ ហើយ​ជួន​កាល​ទៅ​មាន​អ្នក​ខ្លះ​ផ្សារ​ភ្ជាប់​ជាមួយ​គណបក្ស​ទៀត​ ដែល​នេះ ​វា​ផ្ទុយ​ពី​គោល​ដៅ​នៃ​ការ​ប្រើ​ប្រាស់ថវិកា​ជាតិ ​ ព្រោះ​ថវិកា​ជាតិ​សម្រាប់​បម្រើ​ប្រជា​ពលរដ្ ឋ​ហើយ​មិនមែន​ជា​ថវិកា​របស់​បុគ្គល​ណា​ម្នាក់​ទេ ​គឺ​ជា​ថវិកា​របស់​រដ្ឋ​សម្រាប់​កសាង​ប្រទេស​ជាតិ​ទាំង​មូល»។

កម្មវិធី​កំណត់​អត្តសញ្ញាណ​អ្នក​ក្រីក្រ​ ធ្វើ​ឡើង​ដោយ​មាន​ការ​គាំទ្រ ​និង​សហការ​ពី​សហភាព​អឺរ៉ុប​ អង្គការ​ UNICEF ​និង​អង្គការ​ GIZ ​ដែល​ជា​អង្គការ​គាំទ្រ​ដោយ​រដ្ឋាភិបាល​អាល្លឺម៉ង់ ​និង​អូស្រ្តាលី។​

អ្នកស្រី ​Erna Ribar ​ប្រធាន​ផ្នែក​គោល​នយោបាយ​សង្គម​នៃ​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​ ប្រាប់​ VOA​ ថា​ យូនីសេហ្វ ​និង​អង្គការ​ដៃ​គូ​មួយ​ចំនួន​ទៀត​បាន​គាំទ្រ​កម្មវិធី​ជំនួយ​សង្គម​នា​ពេល​កន្លង​មក ​ដោយ​ផ្តល់​សាច់​ប្រាក់​ទៅ​ស្រ្តី​មាន​ផ្ទៃពោះ​ និង​កុមារ​អាយុ​ក្រោម​ពីរ​ឆ្នាំ​ជាដើម។​

អ្នកស្រី​បន្ថែម​ថា​ បច្ចុប្បន្ន​ យូនីសេហ្វ​បាន​សហការ​ជាមួយ​រដ្ឋាភិបាល ​និង​ដៃគូ​ពាក់ព័ន្ធ​ រៀបចំ​ប្រព័ន្ធ​នេះ​ឡើង​វិញ​ ដើម្បី​ផ្ទេរ​សាច់​ប្រាក់​ដល់​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ដោយ​ជំងឺ​កូវីដ១៩ ​តាមរយៈ​ការ​ផ្តល់​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស ​និង​ហិរញ្ញ​វត្ថុ​សម្រាប់​ការ​រចនា​កម្មវិធី​ ប្រព័ន្ធ​គ្រប់​គ្រង​ព័ត៌មាន ​កម្មវិធី​បណ្តុះ​បណ្តាល ​និង​ក្របខណ្ឌ​ក្នុង​ការ​ត្រួត​ពិនិត្យ ​និង​វាយ​តម្លៃ។ ​

អ្នកស្រី​បញ្ជាក់​តាម​ន័យ​ដើម​ជា​ភាសា​អង់គ្លេស ​និង​ត្រូវ​បាន​ប្រែ​សម្រួល​ជា​ភាសាខ្មែរ​ថា៖​

«យើង​សង្ឃឹម​ថា​ សង្គម​ស៊ីវិល​នឹង​ចូលរួម​តាមដាន​ ឃ្លាំ​មើល ​និង​គាំទ្រ​ដល់​កម្មវិធី​ផ្ទេរ​សាច់​ប្រាក់​សម្រាប់​កូវីដ១៩​ និង​លើស​ពីនេះ​ដោយ​ផ្អែក​លើ​គំរូ​វិជ្ជមាន​នៃ​ការ​ចូលរួម​ក្នុង​វិស័យ​ផ្សេងៗ​តាមរយៈ​ក្របខ័ណ្ឌ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ​និង​កម្មវិធី​សម្ព័ន្ធ​ភាព ​និង​បណ្តាញ​ដែល​មាន​ស្រាប់​ផ្សេង​ទៀត»។​

ចំណែក​លោក ​អូល័រ ឌឺធីនឆែម ​(Ole Doetinchem)​ ប្រធាន​គម្រោង​អង្គការ​ GIZ ​សម្រាប់​ការ​គាំទ្រ​អូស្ត្រាលី ​និង​អាល្លឺម៉ង់​ចំពោះ​អត្ត​សញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ​នៅ​កម្ពុជា​ ប្រាប់ ​VOA​ តាម​រយៈ​សារ​អេឡិចត្រូនិច​ ឬ​ អ៊ីមែល​ថា​ ការ​កំណត់​អត្ត​សញ្ញាណ​អ្នក​ក្រីក្រ​មាន​ការ​លំបាក​ ដោយសារ​ព័ត៌មាន​ជា​ច្រើន​ មិន​អាច​មើល​ឃើញ ​និង​មិនមែន​គ្រាន់​តែ​ស្តាប់​នោះ​ទេ។​

លោក​បញ្ជាក់​ថា៖​ «ក្នុង​ករណី ​IDPoor ​[អត្ត​សញ្ញាណ​ក្រីក្រ] ​វិធីសាស្ត្រ​សំខាន់​ដែល​ត្រូវ​បាន​ប្រើ​ គឺ​ប្រូកស៊ី ​មាន​ន័យ​ថា​ ការ​ធ្វើ​តេស្ត។ ​នេះ​ជា​បទ​សម្ភាសន៍​មួយ​ដែល​ក្រុម​គ្រួសារ​ត្រូវ​បាន​សួរ​អំពី​ស្ថានភាព​របស់​ពួកគេ ​ទាក់ទង​នឹង​ទិដ្ឋភាព​ជា​ច្រើន ​រួមទាំង​ទ្រព្យ​សម្បត្តិ​ដែល​ពួកគេ​មាន ​ជម្រក​ដែល​ពួកគេ​រស់នៅ។ ​តើ​ពួកគេ​ឈឺ​រឺ​អត់​ ។ល។»។​

ក្នុង​សន្និសីទ​មួយ​នៅ​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី​ស្តី​ពី ​«នីតិវិធី ​និង​ដំណើរការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ប្រាក់​ជូន​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​អំឡុង​ពេល​ជំងឺ​កូវីដ១៩» ​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនា ​លោក ​សំហេង បុរស ​រដ្ឋលេខាធិការ​ក្រសួង​សង្គម​កិច្ច​ថ្លែង​ថា​ ការ​កំណត់​អត្ត​សញ្ញាណ​ពលរដ្ឋ​ក្រីក្រ​ដើម្បី​ផ្តល់​បណ្ណ​សមធម៌ ​នឹង​នៅ​តែ​បន្តធ្វើ​ជាបន្ត​បន្ទាប់ ​ដោយ​លោក​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​ចង់​បាន​បណ្ណ​ក្រីក្រ ​ទៅ​ទាក់​ទង​សុំ​ពី​មេឃុំ ​ឬ​ ចៅ​សង្កាត់​ ដើម្បី​ឆ្លង​កាត់​ការ​សួរ​នាំ​អំពី​ស្ថានភាព​របស់​ខ្លួន។​

លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិច្ចថ្លែងក្នុងសន្និសីទស្តីពី «នីតិវិធី និងដំណើរការអនុវត្តកម្មវិធីឧបត្ថម្ភប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលជំងឺកូវីដ១៩» នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០។ (កាន់ វិច្ឆិកា/វីអូអេ)

«គ្រួសារ​ក្រីក្រ​របស់​យើង​ផ្សេង ​ដែល​លោក​គិត​ថា​ ស្ថានភាព​គ្រួសារ​បាន​ប្រែប្រួល​ហើយ​ អ៊ីចឹង​គាត់​អាច​ស្នើ​សុំ​របប​ណា​មួយ​ពី​រដ្ឋាភិបាល​យើង​បាន​ តាម​រយៈ​ការ​ដាក់​ពាក្យ​មក​ឃុំ​ ហើយ​ពេល​ហ្នឹង​ឃុំ ​នឹង​មាន​នីតិវិធី​មួយ​ចំនួន​ដើម្បី​កំណត់​គាត់។ ដូច្នេះ​ខ្ញុំ​គិត​ថា ​ ដំណាក់​កាល​នេះ ​គឺ​យើង​មាន​២​លាន ​៣​សែន​នាក់ ​ហើយ​នឹង​៥៦​ម៉ឺន​គ្រួសារ​នេះ​ទៅ​សិន។ ​ដំណាក់​កាល​បន្ទាប់ ​គឺ​យើង​នឹង​បន្ត​ទទួល​ការ​ស្នើ​សុំ​ជា​បន្ត​បន្ទាប់​ទៀត»។​

របាយ​ការណ៍​របស់​ធនាគារ​ពិភព​លោក​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​ឧសភា ​ឆ្នាំ​២០២០ ​បញ្ជាក់ថា ​ ជំងឺ​កូវីដ១៩​ធ្វើ​ឲ្យ​ការងារ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​យ៉ាង​តិច​ ១លាន​៧៦​ម៉ឺន​នាក់ ​ស្ថិត​ក្នុង​ហានិភ័យ ​ហើយ​ថា​ ភាព​ក្រីក្រ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ ​អាច​នឹង​កើន​ឡើង​ពី​៣​ ទៅ​១១​ ភាគ​រយ ​ដោយ​សារ​ជំងឺ​កូវីដ១៩ ​នេះ​ ​ប្រសិន​បើ​អ្នក​ដែល​ស្ថិត​ក្នុង​វិស័យ​រង​ផល​ប៉ះពាល់​ បាត់​បង់​ចំណូល​អស់​៥០​ភាគ​រយ ​ក្នុង​រយៈ​ពេល​៦ខែ​ជាប់​គ្នា។​

លោក​ ថេង បញ្ញាធន ​ប្រតិភូរាជ​រដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​អគ្គ​នាយក​ផែនការ​នៃ​ក្រសួង​ផែនការ​ ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មិថុនាថា ​អ្នក​ដែល​ចង់​បាន​បណ្ណ​ក្រីក្រ ​ត្រូវ​ទៅ​ជួប​មេឃុំ​ ចៅ​សង្កាត់ ​ដើម្បី​បញ្ជាក់​ពី​ស្ថាន​ភាព​គ្រួសារ​ជាមុន​ ហើយ​នៅ​ពេល​ទទួល​បាន​បណ្ណ​ក្រីក្រ ពួកគេ​ត្រូវ​សួរ​ទៅ​មេឃុំ​ដើម្បី​ទទួល​បាន​លេខ​កូដ​គណនី​វីង ​ដើម្បី​បើក​ប្រាក់​ឧបត្ថម្ភ​ជា​រៀង​រាល់​ខែ។​

«ប្រជាជន​ទាំងអស់​ដែល​មាន​បណ្ណ​សមធម៌ ​ពេល​នេះ​គាត់​ត្រូវ​តែ​យក​ទៅ​ចុះ​បញ្ជី​នៅ​ឃុំ​សង្កាត់ ​ដើម្បី​បង្កើតជា​ account [គណនី]​ វីង។​ បើ​គាត់​អត់​យក​ទៅ​ចុះ​ទេ​ គឺ​បណ្ណ​នេះ ​នៅ​មាន​តម្លៃ​នៃ​ការ​ប្រើ​ប្រាស់​ហ្នឹង ​គឺ​គ្រាន់តែ​បាន​ទៅ​ពេទ្យ​ ទៅ​អី​តែ​ប៉ុណ្ណឹង​ទេ។​ ប៉ុន្តែ​ សម្រាប់​ទទួល​ថវិកា​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​កម្ពុជា​ គឺ​អត់​មាន​ទេ»។

លោក​ ថេង បញ្ញាធន ​បន្ថែម​ថា ​ ប្រជា​ពលរដ្ឋ​ក្រីក្រ​ដែល​បាន​បើក​ប្រាក់​ឧបត្ថម្ភ​ដំបូង​គេ​ គឺ​ជា​អ្នក​ទទួល​បាន​បណ្ណ​ត្រឹម​ថ្ងៃ​ទី​១ ​ខែ​មិថុនា ​ហើយ​ថា ​ពលរដ្ឋ​ដែល​ទទួល​បាន​បណ្ណ​ក្រីក្រ​បន្ទាប់​ពី​ថ្ងៃ​ទី​១​ខែ​មិថុនា ​នឹង​ត្រូវ​បើក​ប្រាក់​ឧបត្ថម្ភ​នា​ខែ​បន្ត​បន្ទាប់។​

កាល​ពី​ថ្ងៃទី​២៤​ ខែ​ មិថុនា​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ បាន​ប្រកាស​ថា​ កម្មវិធី​ឧបត្ថម្ភ​សាច់​ប្រាក់​ជូន​ប្រជា​ពលរដ្ឋ ​ដែល​មាន​ជីវភាព​ក្រីក្រ​ និង​ងាយ​រង​គ្រោះ​ ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩​ មិន​មែន​ជា​ការ​ផ្តល់​ប្រាក់​អចិន្ត្រៃយ៍​នោះ​ទេ ​ហើយ​ថា​រដ្ឋាភិបាល​ នឹង​បន្ត​តាម​ដាន ​និង​វាយ​តម្លៃ​ផល​ប៉ះពាល់​ជាក់​ស្តែង ​រៀង​រាល់​ពីរ​ខែ​ម្តង។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ព្រមាន​ចាត់​វិធាន​ការ​ក្តៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់​ប្រសិន​បើ​ហ៊ាន​ឃុំឃិត​គ្នា​ដាក់​បញ្ចូល​សាច់​ញាតិ​ខ្លួន​ឯង​ដែល​មិនមែន​ជា​គ្រួសារ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ពិតប្រាកដ​ដើម្បី​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ។

លោក​សរសេរ​បញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ ​ខែ​ មិថុនា ​ក្នុង​សារ​លើ​ទំព័រ​ហ្វេសបុក​របស់​លោក​ថា៖ ​«ខ្ញុំ​នឹង​ចាត់​វិធាន​ការ​ក្តៅ ​ហើយ​នឹង​មិន​មាន​ការ​លើក​លែង​ឡើយ​ ប្រសិន​បើ​រក​ឃើញ​ថា ​នៅ​ក្នុង​ភូមិ ​និង​ឃុំ/សង្កាត់​មួយ​ណា​មាន​ករណី​មិន​ប្រក្រតី​នេះ​ កើត​មាន​ឡើង»។​

ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​លើ​អំពី​ភាព​មិន​ប្រក្រតី ​និង​ការ​តវ៉ា​ទាក់ទង​នឹង​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​ប្រាក់ ​ជូន​ពលរដ្ឋ​ក្រីក្រ ​និង​ងាយ​រងគ្រោះ​ដោយសារ​ជំងឺ​កូវីដ១៩ ​នា​ថ្ងៃទី​២ ​ខែ​កក្កដា​លោក ​វង សូត្រ ​រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ទទួល​ស្គាល់​ថា​មាន​មន្ដ្រី​ឃុំ-សង្កាត់​មួយ​ចំនួន​បាន​ធ្វើ​ការងារ​មិន​ប្រក្រតី​ក្នុង​ការ​ចែក​បណ្ណ​ជូន​គ្រួសារ​ក្រីក្រ ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ទេ​ថា​ តើ​រដ្ឋាភិបាល​បាន​ចាត់​វិធាន​ការ​ជាក់​ស្តែង​អ្វី​ខ្លះ​ទៅ​លើ​មន្ត្រី​ទាំង​នោះ។

លោក​គ្រាន់​តែ​បន្ថែម​ថា ​គិត​ត្រឹម​ថ្ងៃទី​២​ខែ​កក្កដា ​មាន​គ្រួសារ​ក្រីក្រ​ជាង​៤២​ម៉ឺន​គ្រួសារ ​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​ពី​រាជ​រដ្ឋាភិបាល​ស្មើ​នឹង​៨១% ​នៃ​គ្រួសារ​ក្រីក្រ​៥៦​ម៉ឺន​គ្រួសារ។​

តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី សម្រាប់​អ្នកស្រី​ សាក់ សូនី ​ដែល​កំពុង​មាន​ជំងឺ​ក្រពះ​និង​មាន​ស្វាមី​ជា​កម្មករ​សំណង់​ ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ផង​នោះ ​មិន​ទាន់​ទទួល​បាន​ទឹក​ប្រាក់​ឧបត្ថម្ភ​នៅ​ឡើយ។

និយាយ​បណ្តើរ​ យក​ដៃ​ជូត​ទឹក​ភ្នែក​បណ្តើរ អ្នកស្រី​ សាក់ សូនី ​សង្ឃឹម​ថា ​ អ្នកស្រី​នឹង​ទទួល​បាន​ប្រាក់​ដែល​រដ្ឋាភិបាល​ឧបត្ថម្ភ​ ដើម្បី​អាច​ជួយ​គ្រួសារ​អ្នកស្រី​ក្នុង​អំឡុង​ពេល​អត់​មាន​ការងារ​ធ្វើ​ ឆាប់ៗ​នេះ។​

«បើ​បាន​លុយ​ហ្នឹង​មក​ខ្ញុំ​យក​ទិញ​បាយ​ហូប ​ហើយ​ខ្ញុំ​ទិញ​ថ្នាំ​មើល​ខ្លួន​ហ្នឹង។​ ខ្ញុំ​អត់​មាន​មួយ​រៀល​ក្នុង​ខ្លួន​ទេ។ ​ខ្ញុំ​ទិញ​បាយ​សម្រាប់​ហូប​ ផ្គង់ផ្គង់​គ្រួសារ​កូន»៕​