សង្គម​ស៊ីវិល​បារម្ភ​ថា​កម្ពុជា​អាច​ក្លាយ​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​​បើ​មិន​មាន​វិធានការ

រូបឯកសារ៖ មន្ត្រី​ប៉ូលិស​និង​ពលរដ្ឋ​នៅ​ឯ​ពិធី​ដុត​បំផ្លាញ​​គ្រឿង​ញៀន​ដែល​ត្រូវ​​ចាប់​បាន​ នៅ​ឯ​ពិធី​មួយ​នៅរាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១២។

កង្វល់​របស់​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​នេះ​កើត​មាន​ឡើង​ ខណៈ​ដែល​បច្ចេកវិទ្យា​កាន់​តែ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ផលិត​គ្រឿង​ញៀន​ ស្រប​ពេល​ដែល​ចរាចរណ៍​គ្រឿង​ញៀន​មាន​ការ​កើន​ឡើង​ទាំង​ក្នុង​តំបន់ ​និង​ពិភពលោក​ ហើយ​មន្ត្រី​សង្គម​ស៊ីវិល​ទៀត​សោត​យល់​ថា​ សមត្ថភាព​បង្ក្រាប​គ្រឿង​ញៀន​របស់​កម្ពុជា​នៅ​មាន​កម្រិត។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​បង្ហាញ​ក្តី​បារម្ភ​ថា កម្ពុជា​អាច​ក្លាយ​ជា​គោលដៅ​ផលិត​គ្រឿង​ញៀន​នា​ពេល​អនាគត​ បើ​សិន​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មាន​ភាព​ធូរ​រលុង​ និង​មិន​មាន​យន្ត​ការ​ទប់ស្កាត់​ជាក់​លាក់។ ក៏​ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ លើក​ឡើង​ថា​ កន្លង​មក​ក្រុម​សមត្ថកិច្ច​កម្ពុជា បាន​បង្រ្កាប​ការ​ប៉ុនប៉ង​ផលិត​គ្រឿង​ញៀន​នៅ​ក្នុង​កម្ពុជា​រួច​មក​ហើយ។

កង្វល់​របស់​ក្រុម​មន្ត្រី​សង្គម​ស៊ីវិល​នេះ​កើត​មាន​ឡើង​ ខណៈ​ដែល​បច្ចេកវិទ្យា​កាន់​តែ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ការ​ផលិត​គ្រឿង​ញៀន​ ស្រប​ពេល​ដែល​ចរាចរណ៍​គ្រឿង​ញៀន​មាន​ការ​កើន​ឡើង​ទាំង​ក្នុង​តំបន់ ​និង​ពិភពលោក​ ហើយ​មន្ត្រី​សង្គម​ស៊ីវិល​ទៀត​សោត​យល់​ថា​ សមត្ថភាព​បង្ក្រាប​គ្រឿង​ញៀន​របស់​កម្ពុជា​នៅ​មាន​កម្រិត។​

លោក​ យ៉ង​ គឹមអេង ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្ដិភាព​ កត់​សម្គាល់ឃើញ​ថា ចរាចរណ៍​គ្រឿង​ញៀន​នៅ​កម្ពុជា​នា​ពេល​ចុង​ក្រោយ​នេះ​បាន​រីក​រាលដាល​ទៅ​ដល់​តំបន់​ជនបទ​ហើយ​ ដែល​កាល​ពី​មុន​ភាគ​ច្រើន​កើត​មាន​ឡើង​តែ​ក្នុង​តំបន់ទី​ប្រជុំជន​ ឬ​ក្នុង​ទី​ក្រុង​ប៉ុណ្ណោះ។ លោក​ថា​ ការណ៍​នេះ​បាន​បង្ក​គ្រោះ​ថ្នាក់​កាន់​តែ​ធ្ងន់ធ្ងរ​ដល់​សង្គម​កម្ពុជា​ ដោយសារ​ពលរដ្ឋ​នៅជនបទ​ មិន​ទាន់​យល់​ដឹង​អំពី​ផល​វិបាក​នៃ​គ្រឿង​ញៀន​នោះ​ទេ។

លោក​ យ៉ង​ គឹមអេង ថ្លែង​ប្រាប់ VOA ថា៖

​«នៅ​ក្នុង​គ្រួសារ​មួយ​ កាល​ណា​មាន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ គឺ​អស់​រលីង​ហើយ​ ក្រីក្រ ​អសន្តិសុខ​សង្គម​ផង​ ហើយ​និង​គ្រួសារ​ផង។​ យុវជន​ទៅ​ញៀន​គ្រឿង​ញៀន​ ហើយ​សង្គម​អសន្តិសុខ​ ធនធាន​មនុស្ស​សម្រាប់​អភិវឌ្ឍ​សង្គម​ខ្វះ​ខាត​ ហើយ​យើង​មិន​អាច​បង្កើន​ការ​អភិវឌ្ឍ​ និង​ជំរុញ​សេដ្ឋកិច្ច​ទេ»។​

លោក​បន្ថែម​ថា​ លោក​ក៏​មាន​ក្តី​បារម្ភ​ថា ​ក្រុម​ឧក្រិដ្ឋជន​គ្រឿង​ញៀន​អាច​នឹង​ប្រើ​ប្រាស់​កម្ពុជា​ មិន​ត្រឹម​តែ​ជា​ទី​ឆ្លង​កាត់​សម្រាប់​ចែក​ចាយ​គ្រឿង​ញៀន​ប៉ុណ្ណោះ​ទេ​ ក៏​ប៉ុន្តែ​ក៏​អាច​ធ្វើ​ជា​ទី​ផលិត​គ្រឿង​ញៀន​ដែរ​ បើ​សិន​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​ មាន​ភាព​ធូរ​រលុង​ និង​មិន​មាន​យន្តការ​ទប់ស្កាត់​ជាក់​លាក់​នោះ។ ​ជាង​នេះ​ទៅ​ទៀត​ លោក​ថា​នៅ​កម្ពុជា​ថែម​ទាំង​មាន​ការ​ជួញដូរ​គ្រឿង​ញៀន​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា​ទៀត​ផង។

អ្នក​តាមដាន​រូប​នេះ​ពន្យល់​ថា៖​

​«យើង​ឃើញ​ថា ​បញ្ហា​គ្រឿង​ញៀន​ជា​បញ្ហា​ធំ​ ជា​ពិសេស​មេ​ខ្លោង​ធំៗ​មិន​ទាន់​បង្ក្រាប​បាន​ជា​ដុំ​កំភួន​បាន​តែ​មេ​ល្មមៗ​ ឬ​កូន​ចៅ។ ​ហើយ​តុលាការ​ដាក់​ទោសទណ្ឌ​ក៏​មិន​ទាន់​ដល់​កម្រិត​ទោស​មួយ​ដែល​សម​ស្រប។ រឿង​ទី២​ទៀត​ នៅ​ក្នុង​ពន្ធនាគារ​ទៀត​ធ្វើ​ឲ្យ​គាត់​អាច​ទាក់ទង​គ្នា​ ជួញ​ដូរ​ពី​ក្នុង​ពន្ធនាគារ​ទៀត​កន្លង​មក​ ជា​រឿង​មួយ​មិន​គួរ​កើត​ឡើង»។

លោក​ ពិន សុខុម ​អ្នក​សម្រប​សម្រួល​កម្មវិធី​សង្គ្រោះ​ជីវិត​នៃ​អង្គការ​មិត្ត​សម្លាញ់​ ឲ្យ​ដឹង​ថា ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​ទំនើប​ ធ្វើ​ឲ្យ​ការ​ផលិត​គ្រឿង​ញៀន​កាន់​តែ​មាន​ភាព​ងាយ​ស្រួល​ ដែល​នេះ​បាន​បង្ក​ឲ្យ​សមត្ថកិច្ច​មាន​ការ​លំបាក​ក្នុង​ការ​បង្ក្រាប។​

«អញ្ចឹង​វិទ្យាសាស្ត្រ​កាន់​តែ​ទំនើប​ ការ​ផលិត​កាន់​តែ​ងាយ​ស្រួល។ ដូច​ជា​ការ​ផលិត​យ៉ាម៉ា​ទឹក​កក​ ឬ​គ្រឿង​ញៀន​ផ្សេង​ទៀត​ គឺ​គេ​អាច​ផលិត​ មិន​បាច់​ដល់​មាន​ដល់​ក្នុង​កន្លែងធំ​ដុំ​ទេ គេ​អាច​ផលិត​ក្នុង​ឡាន ក្នុង​រថយន្ត​អី​បាន។​ ចឹង​ខ្ញុំ​គិត​ថា ​កម្ពុជា​អាច​អនាគត​ក្លាយ​ជា​ទីតាំង​ដើម្បី​ផលិត​វា​ គួប​ផ្សំ​កម្ពុជា​យើង​មិន​ទាន់​មាន​សម្ភារៈ​ទំនើប​ដើម្បី​ចាប់»។

បើ​តាម​របាយការណ៍​របស់​អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ក្នុង​រយៈពេល​៨​ខែ​នៃ​ឆ្នាំ​២០១៦​ បង្ហាញ​ថា កម្ពុជា​មាន​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ចំនួន​ប្រមាណ​១៧.០០០​នាក់ ​ក្នុង​នោះ​៧០%​នៃ​បទ​ល្មើស​ក្នុង​សង្គម​ដូច​ជា​ការ​ឆក់​ប្លន់​ជា​ដើម​ ​ត្រូវ​បាន​បង្ក​ដោយ​បុគ្គល​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។

កាល​ពី​ឆ្នាំ​២០១៥​ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​សរុប​ចំនួន​ជាង​៣.០០០​ករណី។ ចំនួន​នេះ​មាន​ការ​កើន​ឡើង​ប្រហែល​១២៨%​ធៀប​នឹង​ឆ្នាំ​២០១៤។​

លោក​ ខៀវ ​សាម៉ន​ ប្រធាន​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀន​ក្រសួង​មហា​ផ្ទៃ​បញ្ជាក់​ប្រាប់​ VOA ​ថា​កន្លង​មក​ ក៏​ធ្លាប់​មាន​ការ​ប៉ុនប៉ង​ផលិត​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ ក៏​ប៉ុន្តែ​ក្រុម​ជន​ខិលខូច​ទាំង​នោះ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​បង្ក្រាប​ជា​បន្តបន្ទាប់​ និង​បាន​បញ្ជូន​ពួកគេ​ទៅ​តុលាការ។​

«កន្លង​មក​រក​តែ​ផលិត​ យើង​ចាប់​បាន​រហូត​ហ្នឹង​ មាន​ដែល​ផលិត​អី​កើត។​ បង្ក្រាប​បាន​បន្តបន្ទាប់​ធំៗ​ប៉ុន្មាន​លើក​ហើយ​ តាំង​ពី​ឆ្នាំ២០០៧​ ក្រោយ​មក​បង្ក្រាប​នៅ​ឆ្នាំ​២០១៤ ឬ​ក៏​២០១៣​ទេ ហ្នឹង​ផែនការ​ចង់​ផលិត​ ហើយ​យើង​ចាប់​បញ្ជូន​ទៅ​តុលាការ។ សមត្ថកិច្ច​យើង​ក៏​គួរ​សម​ដែរ»។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ តុលាការ​ក្រុង​ភ្នំពេញ​បាន​បើក​សវនាការ​ចំពោះ​ករណី​ជួញ​ដូរគ្រឿង​ញៀន​របស់​បុរស​ជនជាតិ​ចិន​២រូប​ ដែល​សមត្ថកិច្ច​បាន​រឹបអូស​សារធាតុ​ញៀន​ចំនួន​ជាង​៤០​គីឡូក្រាម​ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​ នៅ​ក្នុង​ខណ្ឌ​ទួលគោក​ រាជធានី​ភ្នំពេញ។

លោក ​លី សុផាណា​ អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បញ្ជាក់​តាម​រយៈ​សារ​អេឡិចត្រូនិក​តេឡេក្រាម​ថា​ តុលាការ​កំពុង​សួរ​ចម្លើយ​ជន​សង្ស័យ​ និង​ពិនិត្យ​លើ​ឯកសារ​សំណុំ​រឿង​គ្រឿង​ញៀន​ រួម​ទាំង​ភស្តុតាង​នានា​ផង​ដែរ។

យោង​តាម​របាយ​ការណ៍​គ្រឿងញៀន​ពិភពលោក​របស់​ការិយាល័យ​អង្គការ​សហ​ប្រជាជាតិ​ ទទួល​បន្ទុក​កិច្ចការ​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋកម្ម ​(UNODC) ​ក្នុង​ឆ្នាំ​កន្លង​មក​នេះ ​ការ​ដាំដុះ​ ការ​ផលិត ​ការ​ចរាចរ ​និង​ការ​ប្រើប្រាស់​គ្រឿងញៀន​មាន​ការ​កើន​ឡើង​ទាំង​ក្នុង​កម្រិត​ថ្នាក់​តំបន់ ​និង​សាកលលោក៕