កម្លាំងសន្តិសុខក្នុងទីក្រុងភ្នំពេញបានចាប់ខ្លួនគរុនិស្សិតកម្រិតមូលដ្ឋានឯកទេសអប់រំកាយ និងកីឡាម្នាក់ អំឡុងពេលនៃការតវ៉ាជំទាស់នឹងការលុបឈ្មោះចេញពីការបណ្តុះបណ្តាលក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក កែវ សុវណ្ណឫទ្ធិ អាយុ២០ឆ្នាំ ត្រូវកម្លាំងសន្តិសុខខណ្ឌដូនពេញចាប់អូសទាញចូលក្នុងរថយន្ត កាលពីព្រឹកថ្ងៃទី២១ ខែសីហា នៅពេលលោកកំពុងឈរលើកបដាទាមទារយុត្តិធម៌ពីក្រសួងអប់រំ ដែលលោកចោទថា បានកាត់ឈ្មោះគាត់ចេញកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។
នេះបើតាមឃ្លីបវីដេអូខ្លីមួយដែលត្រូវបានគេចែករំលែកលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក។
លោកប្រាប់វីអូអេនៅថ្ងៃពុធនេះថា ក្រសួងអាងលើហេតុផលដែលលោកមានកម្ពស់មិនត្រូវនឹងលក្ខណៈសម្បត្តិសម្រាប់ការបណ្តុះបណ្តាលគរុនិស្សិត ទោះបីលោករៀនបានមួយខែទៅហើយក្តី។
ជុំវិញការចាប់ខ្លួនលោកទៅកាន់សាលាខណ្ឌដូនពេញ លោក សុវណ្ណឫទ្ធិ អះអាងថា កម្លាំងសន្តិសុខបានបំពានសិទ្ធិរបស់លោកក្នុងការតវ៉ាដោយសន្តិវិធី ព្រោះលោកមិនបានបង្កចលាចលអំឡុងពេលតវ៉ានោះទេ។ លោកត្រូវបានដោះលែងមកវិញ ក្រោយសន្យាជាមួយអាជ្ញាធរមានសមត្ថកិច្ចថានឹងមិនធ្វើការតវ៉ាបែបនេះទៀត។
លោកថ្លែងថា៖ «ពេលពួកគាត់អូសពួកខ្ញុំដោយកំរោល គាត់មិនបានសុំសិទ្ធិខ្ញុំ។ គាត់អូសហ្នឹងគឺធ្វើយ៉ាងណាក៏ដោយធ្វើឱ្យចាប់ខ្ញុំប្រៀបដូចនឹងចោរ ឬក៏អ្នកដែលធ្វើចារកម្មអីផ្សេងៗអ៊ីចឹង។ គាត់ចាប់ខ្ញុំរបៀបហ្នឹង។ អ៊ីចឹងធ្វើឱ្យពួកខ្ញុំត្រូវរងគ្រោះ មានរបួស អ៊ីចឹង។ ពេលហ្នឹងមិត្តភក្តិខ្ញុំ គាត់ឃើញរឿងរ៉ាវបែបនេះ គាត់ភ័យខ្លាច គាត់ក៏គេចខ្លួនទៅ។ គាត់រត់បានឆ្ងាយដែរ។ ពួកខណ្ឌប៉ូលិសសណ្តាប់ធ្នាប់អីហ្នឹងគឺចោទថា គាត់ចោរ ស្រែកថា ចោរៗ ហើយវ៉ៃគាត់»។
លោកបន្ថែមថា កម្លាំងសន្តិសុខគ្មានហេតុផលណាមួយដែលត្រូវមកចាប់ខ្លួនគាត់ ចំពោះការតវ៉ាដែលមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនោះទេ។
លោករៀបរាប់ថា៖ «អត់មានហេតុផលអីត្រូវចាប់ខ្ញុំទេ ព្រោះដោយសារតែខ្ញុំលើកបដាឈរម្នាក់ឯង ហើយនឹងអ្នកកាន់កាំមេរ៉ា២នាក់។ អ៊ីចឹងខ្ញុំគិតថា ខ្ញុំមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់អីទេ។ ហើយពួកគាត់ថា ខ្ញុំហ្នឹងបំពុលសង្គម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ប្រទេសជាតិ»។
លោកពន្យល់ទៀតថា ការតវ៉ារបស់លោកមានបំណងស្នើឱ្យក្រសួងអប់រំចេញមុខចូលមកបំភ្លឺបន្ថែមជុំវិញការលុបឈ្មោះរបស់លោក ដោយអះអាងថា លោកមិនបានក្លែងបន្លំឯកសារអ្វី ដូចទៅនឹងសេចក្តីបំភ្លឺរបស់ក្រសួងអប់រំកាលពីថ្ងៃទី១៩ សីហានោះឡើយ។
លោកបញ្ជាក់ថា៖ «ពីដំបូងវាស់ខ្ញុំឃើញ១ម៉ែត្រ៦២ហើយឱ្យខ្ញុំទៅផ្ទះ ក៏ខ្ញុំទៅផ្ទះទៅហើយ២ ទៅ៣ថ្ងៃក្រោយមកបានខលឱ្យខ្ញុំដាក់ពាក្យចូលរៀនវិញ ប្រហែលជាបាន១ខែក៏មានការលុបឈ្មោះហ្នឹង ហើយដើមចមដំបូងដោយសារតែខ្ញុំបានរៀនរយៈពេល១ខែហើយ»។
ដើម្បីអាចរៀនយកឯកទេសអប់រំកាយ និងកីឡាកម្រិតមូលដ្ឋានបាន គរុនិស្សិតត្រូវមានកម្ពស់ ១,៦៥ម៉ែត្រ។ នេះបើតាមលោក កែវ សុវណ្ណឫទ្ធិ ដែលបានជំរុញឱ្យក្រសួងអប់រំមានការពិនិត្យមើលបញ្ហាទាំងអស់ឡើងវិញ ដើម្បីជាការដោះស្រាយមួយមានភាពយុត្តិធម៌សម្រាប់លោក។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត យល់ឃើញថា ករណីនេះគឺជាការរំលោភបំពាន សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ដែលមិនស្របតាមគោលការណ៍ប្រជាធិបតេយ្យ។ លោកលើកទឹកចិត្តឱ្យមានការសម្របសម្រួល ឬការដោះស្រាយគ្នាដោយសន្តិវិធីជាជាងការប្រើប្រាស់អំពើហិង្សាដែលអាចនាំឱ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសជាតិ។
លោកបញ្ជាក់ថា៖ «គួរណាស់តែមានការសម្របសម្រួលណាមួយ ជាពិសេសក្រសួងអប់រំជាក្រសួងសាមីខ្លួនឯងគួរតែមានការជជែកគ្នាដើម្បីឱ្យមានការយល់ ឱ្យមានការពន្យល់អំពីបញ្ហាទាំងអស់ហ្នឹង ដើម្បីស្វែងរកដំណោះស្រាយមួយដោយសន្តិវិធី ជាជាងការដែលទៅបង្រ្កាបមនុស្សម្នាក់ ២នាក់ហ្នឹង គឺវាធ្វើឱ្យមានការរិះគន់ទាក់ទងទៅនឹងការរំលោភទៅនឹងសិទ្ធិសេរីភាពរបស់ពលរដ្ឋ ឬក៏រឿងសិទ្ធិមនុស្សទៅវិញ»។
បើតាមអ្នកការពារសិទ្ធិមនុស្សរូបនោះ មន្រ្តី ឬកម្លាំងសន្តិសុខដែលចុះទៅអនុវត្តច្បាប់គួរទទួលបានការបណ្តុះបណ្តាលអប់រំត្រឹមត្រូវទាំងផ្នែកសីលធម៌ និងជំនាញទំនាក់ទំនង និងសម្របសម្រួលដើម្បីកាត់បន្ថយការប្រើប្រាស់អំពើហិង្សាផ្សេងៗទៅលើប្រជាពលរដ្ឋ។
លោកបន្ថែមថា៖ «ករណីហ្នឹងហើយដែលយើងជាអង្គការសង្គមស៊ីវិល យើងគិតថា ទោះបីជាសន្តិសុខក៏ដោយ ក៏ត្រូវតែមានការហ្វឹកហ្វឺនខ្លះអំពីសីលធម៌ ក៏ដូចជាជំនាញដើម្បីបង្ការអំពើហិង្សាកើតមានឡើង ដែលនាំឱ្យមានការរិះគន់»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា លើកឡើងថា ភាគីក្រសួងអប់រំគួរតែកោះហៅយុវជនរូបនោះទៅពិភាក្សា និងសម្របសម្រួលឱ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសការប្រឈមមុខនឹងសកម្មភាពមិនសមរម្យរបស់សមត្ថកិច្ចនៅពេលមានការតវ៉ា។
វីអូអេពុំទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា និងប្រធានសន្តិសុខខណ្ឌដូនពេញ លោក គឹម វុត្ថា បាននៅឡើយទេ។
គួររំឭកថា កាលពីថ្ងៃទី១៩ខែនេះ ក្រសួងអប់រំបានសេចក្តីបំភ្លឺមួយពាក់ព័ន្ធទៅនឹងការលុបឈ្មោះរបស់គរុនិស្សិតឈ្មោះ កែវ សុវណ្ណឫទ្ធិ ដែលបានជ្រើសរើសប៉ុស្តិ៍បម្រើការងារនៅវិទ្យាល័យហ៊ុនសែនពញាក្រែក ខេត្តត្បូងឃ្មុំថា មកពីកម្ពស់ជាក់ស្ដែងរបស់កែវ សុវណ្ណឫទ្ធិគឺ ១,៦២មខុសនឹងកម្ពស់ដែលបេក្ខជនបានបំពេញក្នុងពាក្យស្នើសុំប្រឡងគឺ១,៦៥ម៉ែត្រ៕