សង្គម​ស៊ីវិល​និង​អ្នក​នយោបាយ​ជំទាស់​រំឭក​ខួប​៨ឆ្នាំ​នៃ​ឃាតកម្ម​លោក កែម ឡី

យុវជនចូលរួមពិធីរំឭកខួបទី៨ឆ្នាំនៃឃាតកម្មលើលោកកែម ឡី ទីក្រុងភ្នំពេញនាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

តំណាង​អង្គការ​សង្គម​ស៊ីវិល​ យុវជន​ និង​អ្នកនយោបាយ​ជំទាស់​ជាច្រើន​នាក់បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ហាង​លក់​ទំនិញ​របស់​ស្ថានីយ៍​ប្រេង​ឥន្ទនៈ​កាល់តិច​ ស្តូប​បូកគោ នៅទីក្រុង​ភ្នំពេញ ដើម្បី​រំឭកខួប​លើក​ទី ឆ្នាំនៃ​ឃាត​កម្ម​លើ​អ្នកវិភាគ​នយោបាយ​លោក​កែម ឡី​។

នៅ​មុន​ការ​ជួបជុំ​គ្នា​នៅ​មុខ​ស្ថានីយ៍​ប្រេងឥន្ទនៈ​ កាល់តិច យុវជន​មួយ​ក្រុម​បាន​ដង្ហែ​ក្បួន​តាម​ដង​វិថី​មួយ​ចំនួន​របស់​ទីក្រុង​ភ្នំពេញ ដោយ​មាន​ការ​ចូលរួម​ពី​ព្រះសង្ឃ​ ហើយ​មាន​ការលើក​បដា​ទាម​ទារ​រក​យុត្តិធម៌​ជូន​លោក​ កែម​ ឡី​ ដែល​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាលពី​ថ្ងៃទី​ ១០ ខែ​កក្កដា​ ឆ្នាំ​ ២០១៦​។

កំពុង​ចូល​រួមពិធី​រំឭកខួប​នោះ ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក​ រ៉ុង ឈុន​ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​វែក​មុខ​រក​ឃាតករ​ពិត និង​អ្នករៀប​ចំ​ផែន​ការ​សម្លាប់​លោក កែម ឡី​ និង​អ្នក​ដែល​ត្រូវ​បាន​គេ​បាញ់​សម្លាប់​ផ្សេង​ទៀត ដូច​ជា​អតីត​មេដឹកនាំ​សហជីព​សេរីកម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ ​លោក​ជា វិជ្ជា និង​អ្នកការពារ​ព្រៃឈើ​លោក​ឈុត វុទ្ធី​ជាដើម​។ លោក​បន្ថែម​ថា ការ​បន្ត​តាម​រក​ឃាតករ​ និង​មេ​គំនិត​នៅ​ពី​ក្រោយឃាតកម្ម​ទាំង​នោះ​ មាន​ភាព​ចាំបាច់​ដើម្បី​លុប​បំបាត់​វប្បធម៌ និទណ្ឌ​ភាព​នៅ​កម្ពុជា​។

លោក​ថ្លែង​ថា៖​ «​លើស​ហ្នឹង​ថែម​ទៀត​ យើង​ចង់​ឃើញ​កម្ពុជា​ត្រូវ​តែ​លុប​បំបាត់​នូវ​និទណ្ឌ​ភាព​ មិន​ត្រូវ​ឱ្យ​មាន​បញ្ហា​និទណ្ឌភាព​នេះ​ បន្តទៅ​ទៀត​ទេ​ បើសិន​ជាស្ថានភាព​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទេ​ សេដ្ឋកិច្ច​នៅ​កម្ពុជា​យើង​មិន​អាច​ស្តារ​ឡើង​វិញ​បាន​ទេ​ ដូច្នេះ​ រដ្ឋាភិបាល​ត្រូវ​តែ​ពិនិត្យ​ ពិចារណា​ឡើង​វិញ​ ករណី​ទាំង​អស់​នេះ​ដើម្បី​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ ក៏​ដូចជា​ផល​ប្រយោជន៍ជាតិ»។​

លោក​ រ៉ុង ឈុន ជឿ​ថា អ្នកដឹកនាំ​ជំនាន់​ថ្មី​របស់​គណបក្ស​កាន់​អំណាច​ មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​រក​មុខ​ឃាតករ​ ឬ​អ្នករៀបចំ​ផែនការ​សម្លាប់​លោក​ កែម ឡី​ បើ​សិន​ពួកគេ​ផ្តោត​លើ​ការ​កសាង​យុត្តិធម៌​សង្គម​ ជា​ជាងការការ​ពារ​ផល​ប្រយោជន៍​នយោបាយ។ ​

លោក​បន្ថែម​ថា៖ «ពាក់​ព័ន្ធ​រឿង​នយោបាយ​នៅ​ពីក្រោយ​ ចំណុច​នេះ​ហើយ​ដែល​លំបាក​នឹង​រក​ វែក​មុខ​ឃាតករ​ ដូច​ករណី​លោក​ ជា វិជ្ជា ក្តីកន្លង​មក​ នៅពេល​ដែល​គំរាម​កំហែង​ខ្ញុំ​បាន​ទៅ​ជួប​ មន្ត្រី​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ រាជធានី​ភ្នំពេញ​ គាត់​បាន​ជម្រាប​ថា​ មិន​អាច​ប៉ះពាល់​ម្ចាស់​លេខ​ទូរសព្ទ​ហ្នឹង​បាន​ទេ​ ដែល​មាន​ឋានៈ​តួនាទី​ធំណាស់​!។​ អ៊ីចឹង រាល់​ឃាតកម្ម​ បើយើងមើល​ទៅ​វា​ពាក់​ព័ន្ធនឹង​អ្នកមាន​អំណាច​នៅ​ពី​ក្រោយ​»

ក្បួនដង្ហែរបស់យុវជនក្នុងទីក្រុងភ្នំពេញនាថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ ដើម្បីរំឭកដល់មរណភាពលោកកែម ឡី ដែលត្រូវបានគេបាញ់ស្លាប់កណ្តាលទីក្រុងភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០១៦។ (ហ៊ុល រស្មី/វីអូអេ)

ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន ថ្លែងទៅកាន់អ្នកកាសែតនៅមុខហាងលក់ទំនិញរបស់ស្ថានីយ៍ប្រេងឥន្ទនៈកាល់តិច ស្តូបបូកគោ ទីក្រុងភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

ក្រោយ​ឃាត​កម្ម​ដែល​បាន​កើតឡើង​លើ​លោក កែម ឡី​ ទាំង​កណ្តាល​ថ្ងៃ​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ ​ឆ្នាំ​មុន​ បុរស​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ​ ហើយ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ថា​ មាន​ឈ្មោះ ​អឿត​ អាង​ ហៅ ​ជួប​ សម្លាប់។ ជួប សម្លាប់ ដែល​អះអាង​ថា​លោក ​កែម ឡី​ ជំពាក់​លុយ​ខ្លួន​ចំនួន ​៣០០០ ​ដុល្លារ​នោះ​ ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​មួយ​ជីវិត។

ប៉ុន្តែ​តុលាការ​ក្រោយ​មកបាន​បំបែក​សំណុំ​រឿង​នេះ​ជា​ពីរ​ គឺ​ការ​ដាក់​ទោស​លោក ​ជួប​ សម្លាប់ ឱ្យ​ជាប់​ពន្ធនា​គារ​មួយ​ជីវិត និង​សំណុំ​រឿង​ពាក់​ព័ន្ធ​បុគ្គល​ដទៃ​ទៀត​ចំពោះ​ឃាត​កម្ម​លើ​លោក កែម ឡី។ សំណុំ​រឿង​ពាក់​ព័ន្ធ​បុគ្គល​ដទៃ​នេះ ​មិន​ទាន់​មាន​តម្រុយ​អ្វី​នៅ​ឡើយ​ទេ។ នេះ​បើ​យោង​តាម​ក្រុម​អ្នកការពារ​សិទ្ធិ​មនុស្ស។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​អង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត​ ប្រាប់​អ្នក​សែត​នៅ​ក្នុង​ពិធី​រំឭក​ខួប​៨​ឆ្នាំនៃ​ឃាតកម្ម​លើ​លោក​ កែម ឡី ថា អាជ្ញាធរ​ត្រូវ​បន្ត​រកជន​ដែល​ផ្តល់​អាវុធ​ដល់​ឃាតករ​ឱ្យធ្វើ​សកម្មភាព​បាញ់​សម្លាប់​លោក កែម​ ឡី។

​លោក​លើក​ឡើងទៀតថា បើ​ទោះ​បី​ជា​លោក អឿត អាង​ ឬ​ហៅ​ថា ជួប សម្លាប់​ ត្រូវ​តុលា​ការ​ផ្តន្ទា​ទោស​អស់​មួយ​ជីវិត​ពី​បទ​មនុស្ស​ឃាត​គិត​ទុក​ជា​មុន​ក៏​ដោយ​ ក៏អ្នក​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿងអ្នកផ្តល់​អាវុធគឺ​នៅ​មិន​ទាន់ត្រូវបានរក​ឃើញនៅ​ឡើយ។

លោកថ្លែង​ថា​៖ «អីចឹង​ ​ហើយ​សំណុំ​រឿង​ទី​ពីរ​នេះ​ ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ពន្លឿន​ ហើយ​ឱ្យ​មាន​ការ​ស៊ើប​អង្កេត​ដើម្បី​ឱ្យ​មាន​យុត្តិ​ធម៌​ពេញ​លេញ​សម្រាប់​លោក​ កែម​ ឡី​ បាទ​»

លោក​ សាន់ ម៉ាឡា ប្រធាន​កម្ម​វិធី​បណ្តាញ​ និង​តស៊ូ​មតិ​នៃ​អង្គការ​ភាព​ជា​ដៃ​គូ​ដើម្បី​បរិស្ថាន​ និង​ការ​អភិវឌ្ឍន៍​ (PEE) ថ្លែងថា​ យុវជន​ជំនាន់​ថ្មី​ដែល​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា អាច​នឹង​មាន​លទ្ធភាព​ផ្តល់​យុត្តិធម៌​ជូន​ក្រុម​គ្រួសារ​លោក កែម ឡី​ ដោយ​សារ​ពួកគេ​សុទ្ធ​តែ​មាន​ឧត្តម​គតិ ហើយ​ក៏​ចង់​បង្កើតប្រវត្តិសាស្ត្រ​នយោបាយ​ផ្ទាល់​ខ្លួន​។​

លោក​លើក​ឡើង​ថា​៖​ «​ដូច្នេះ​ តិច​ឬ​ច្រើន យូរ​ឬឆាប់​ ខ្ញុំ​ជឿ​ជាក់​ថា អ្នក​ដឹក​នាំ​ជំនាន់​ថ្មី​ច្បាស់​ជា​មាន​ឆន្ទៈ​ និង​ឧត្តម​គតិ​ក្នុង​ការ​ផ្តល់​យុត្តិ​ធម៌​ទៅ​ដល់​ក្រុម​គ្រួសារ​នៃ​ជន​រងគ្រោះ​ទាំង​អស់​ដែល​បាន​បាត់​បង់​សមាជិក​គ្រួ​សារ​ខ្លួន​ដោយ​សារ​តែ​អំពើរ​ឃាត​កម្ម​យ៉ាង​សាហាវ​យង់​ឃ្នង​នៅ​ក្នុង​ប្រទស​កម្ពុជា​យើង​នេះ​»​។

ដោយ​ឡែក​ យុវជន​មួយ​ក្រុម​ដែល​បាន​ចូលរួម​ពិធី​រំឭក​ខួប​នៃ​ឃាតកម្ម​លើ​លោក ​ កែម ឡី​ នៅ​ថ្ងៃពុធ​នេះ​ បាន​លើក​បង្ហាញ​សម្រង់​សម្តី​មួយ​ចំនួន​របស់​អ្នកវិភាគ​រូប​នោះ​ កាល​លោក​នៅ​មាន​ជីវិត​ និង​សារ​ទាម​ទារ​យុត្តិ​ធម៌​។ ក្រុម​យុវជន​ក៏ទាមទារ​ឱ្យ​មាន​ការ​ផ្តល់​យុត្តិធម៌​ដល់​សកម្មជន​បរិស្ថាន​នៃ​ចលនា​មាតា​ធម្មជាតិ​ដែល​ទើប​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ជា​ច្រើន​ឆ្នាំ​កាល​ពី​ពេល​ថ្មីៗ​នេះ​។

កញ្ញា រៀម ស្រីពេជ្ររតនា (នៅកណ្តាល) ថ្លែងសារទៅកាន់អ្នកចូលរួមពិធីរំឭកខួបទី៨ឆ្នាំនៃឃាតកម្មលើលោកកែម ឡី នាទីក្រុងភ្នំពេញ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

រូបឯកសារ៖ ជួប សម្លាប់​ ឬ​គេ​ស្គាល់​ឈ្មោះ​ពិត​ថា​ អឿត អាង​ (ខាង​ក្រោយ​ខ្នង) នៅ​ក្នុង​រថយន្ត​ដឹក​អ្នកទោស​មក​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃទី​២៣​ ខែ​មីនា​ ឆ្នាំ​២០១៧។

កញ្ញា​ រៀម ស្រី​ពេ​ជ្រ​រតនា​ យល់​ឃើញ​ថា ​ជន​ជាប់​ចោទ​ អឿត​ អាង​ ហៅ​ជួប សម្លាប់ ​មិន​មែន​ជា​ឃាតករ​ដែល​បាន​បាញ់​សម្លាប់​លោក ​កែម ឡី ដោយសារ​តែ​រឿង​ជំពាក់​លុយ​មិន​ព្រម​សង​នោះ​ទេ​។

កញ្ញា​ថ្លែង​ថា​៖ «ហើយ​មាន​រឿង​ជាច្រើន​ ដែល​ពួក​យើង​មិន​ទាន់​មាន​ការ​សុខចិត្ត​ ទើប​ពួក​យើង​នៅតែគោរព​ខួប​របស់​លោក​បណ្ឌិត ​កែម ឡី​ ហើយ​នៅ​តែ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ ឱ្យ​តុលាការ​នៅ​តែ​បើក​ការ​ស៊ើប​អង្កេត​ដើម្បី​ទាម​ទារ​រក​យុត្តិធម៌​ជូន​លោក​បណ្ឌិត ​កែម ឡី»។​

ទោះ​យ៉ាង​ណា​ រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក​ ខៀវ សុភ័គ​ បាន​ប្រាប់​វីអូអេ​កាលពី​ពេល​ថ្មីៗនេះថា ជុំវិញ​ការ​បាញ់​សម្លាប់​លោក កែម ឡី សមត្ថកិច្ច​បាន​ចាប់​ជន​ល្មើស​យក​ទៅ​សាក​សួរ​ និង​ផ្តន្ទាទោស​ទៅ​តាម​នីតិវិធី​របស់​តុលាការ​រួចរាល់​ហើយ ដូច្នេះ​គ្មាន​អ្វី​ដែល​ត្រូវ​តាម​ដាន​ស្រាវ​ជ្រាវ​បន្តនៅ​ក្នុង​ករណី​នេះ​ទៀត​នោះ​ទេ​។

ការ​បាញ់​សម្លាប់​លោក ​កែម ឡី​ កើត​ឡើង ​ក្រោយ​ពី​លោក​បាន​ធ្វើ​សេចក្តី​អត្ថា​អធិ​ប្បាយ​ក្នុង​ការ​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​របស់​អង្គការ​ការពារ​បរិស្ថាន​ឈ្មោះ​ Global Witness​ ដែល​រិះគន់​អំពើ​ពុក​រលួយ​ទាក់ទង​នឹង​សមាជិក​គ្រួសារ​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក​ហ៊ុន សែន​។​

លើស​ពី​នេះ​ លោក ​កែម ឡី​ បាន​ចូល​រួម​ធ្វើ​បទ​វិភាគ​លើ​បញ្ហា​ជា​ច្រើន​នៅ​ក្នុង​សង្គម​តាម​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល និងស្ថាប័ន​សារព័ត៌មាន​ផ្សេងៗ។ លោក​បាន​វិភាគ​បញ្ហា​រសើបៗ ​ដែល​មាន​ដូច​ជា​បញ្ហា​ព្រំដែន ​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ បរិស្ថាន​ បក្ខពួក​និយម​ និង​អំពើ​ពុក​រលួយ​ក្នុង​សង្គម​ខ្មែរ។

ភ្លាមៗ​ក្រោយ​ការ​បាញ់​សម្លាប់​លោក ​កែម ឡី អតីតនាយក​រដ្ឋមន្ត្រី​លោក​ ហ៊ុន សែន​ ចាត់​ទុក​ថា​ការ​ធ្វើ​ឃាត​លោក ​កែម ឡី បានធ្វើ​ឲ្យ​«ប៉ះពាល់​មុខ​មាត់​រដ្ឋា​ភិបាល​និង​ជា​ការ​ផ្ចាញ់​ផ្ចាល់​រដ្ឋាភិបាល»។​ លោក​អំពាវនាវ​កុំ​ឲ្យ​យក​ការ​បាញ់​សម្លាប់​នេះ ​«ធ្វើ​ជា​រឿង​នយោបាយ»។

ការ​ធ្វើ​ពិធី​រំឭក​ខួប​ការ​ស្លាប់​លោក​កែម ឡី​ ត្រូវបាន​ធ្វើ​ឡើង​នៅ​ទីតាំង​ផ្សេង​ៗទៀត​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ក៏​នឹង​មាន​ការ​រៀបចំ​ពិធី​នេះ​នៅ​ក្រៅ​ប្រទេស​ផងដែរ​៕