នៅទិវាសិទ្ធិនារី ក្រុមអង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលធានាសិទ្ធិសេរីភាពសម្រាប់ស្ត្រី

អ្នកចូលរួមក្នុងពិធីអបអរទិវាអន្តរជាតិនារីលើកទី១១៣ លើកក្រណាត់ចងរុំក្បាលពណ៌ក្រហមសរសេរថា «ជីវិតថ្លៃថ្នូរ» នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ក្រុម​អង្គការ​សង្គម​ស៊ីវិល​និង​អ្នក​ពាក់ព័ន្ធ​ដែល​ធ្វើ​ការ​លើ​ការ​លើក​កម្ពស់​ស្រ្តី​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​ នា​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​អបអរ​ទិវា​អន្តរជាតិ​នារី និង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធានា​សេរីភាព​សម្រាប់​ក្មេង​ស្រី និង​ស្ត្រី។

នៅ​ក្នុង​ពិធី​អបអរ​ទិវា​អន្តរជាតិ​នារី​លើក​ទី​ ១១៣ មាន​ការ​ចូល​រួម​ពី​ប្រជាពលរដ្ឋ​ទូទៅ សកម្មជន​សង្គម មេ​ដឹកនាំ​សហជីព និង​ក្រុម​អង្គការ​សង្គម​ស៊ីវិល​រាប់​រយ​នាក់ ក្រោម​ប្រធានបទ​«ធានា​សិទ្ធិ​សេរីភាព​ស្ត្រី និង​ក្មេងស្រី​ដើម្បី​ស្ថិរភាព​សេដ្ឋកិច្ច​ និង​យុត្តិធម៌​សង្គម»។

នៅ​ថ្ងៃទី​ ៨ ខែ​មីនា ឆ្នាំ​ ២០២៤ ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​២១​ដែល​ធ្វើ​ការ​លើ​ការ​លើក​កម្ពស់​សមភាព​យេន​ឌ័រ និង​ការ​ចូល​រួម​របស់​ស្រ្តី​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ ដែល​បាន​ដាក់​ស្នើ​ចំនួន​១៦​ចំណុច​ទៅ​កាន់​រដ្ឋាភិបាល​ពិនិត្យ​មើល និង​អនុវត្ត​គោល​នយោបាយ​ការពារ​ស្រ្តី​ឱ្យ​ល្អ​ប្រសើរ​ជាង​មុន។

តម្រូវការ​ទាំង​១៦​ចំណុច​ដែល​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​បាន​ដាក់​ស្នើ​រួមមាន ជំរុញ​ពន្លឿន​ទាំង​បរិមាណ​នៃ​ការ​បង្កើត​មត្តេយ្យ​សហគមន៍ និង​ទារកដ្ឋាន​ឱ្យ​មាន​គុណភាព​នៅ​តាម​សហគមន៍ និង​កន្លែង​ការងារ ចាត់​វិធានការ​ផ្លូវ​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធភាព និង​តឹងរ៉ឹង​ចំពោះ​អំពើ​ហិង្សា និង​ការ​បៀតបៀន​គ្រប់​ទម្រង់​មក​លើ​ស្ត្រី ឬ​ស្រ្តី​អ្នក​ការពារ​សិទ្ធិ​មនុស្ស សិទ្ធិ​ដីធ្លី សិទ្ធិ​បរិស្ថាន និង​សិទ្ធិ​ការងារ​ដោយ​គ្មាន​ការ​លើក​លែង ពង្រឹង និង​ពង្រីក​វិសាលភាព​នៃ​ប័ណ្ណ​សមាជិក ប.ស.ស សម្រាប់​កម្មករ​ក្នុង​វិស័យ​សំណង់ រោងចក្រ​កាត់​ដេរ​វាយនភ័ណ្ឌ ដោយ​ធានា​ថា​ ពួកគេ​មាន​សម្ភារៈ​សុខភាព និង​សុវត្ថិភាព​ត្រឹមត្រូវ​តាម​ច្បាប់។ សង្គម​ស៊ីវិល​ក៏​ស្នើ​រដ្ឋាភិបាល​ត្រូវ​ផ្តល់​សេវា​ជួយ​ដល់​ស្ត្រី ពិសេស​ស្ត្រី​មាន​ពិការភាព​ក្នុង​ការ​ទទួល​សេវា​គំាពារ​ផ្នែក​សុខភាព​ផ្លូវ​ចិត្ត និង​ផ្លូវ​ច្បាប់​ជាដើម។

បើ​តាម​សេចក្តី​ថ្លែង​ការណ៍​រួម​ដដែល​បញ្ជាក់​ថា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ទទួល​ស្គាល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​ស្រ្តី​ និង​សមភាព​យេនឌ័រ​កន្លង​មក ប៉ុន្តែ​ពួក​គេ​អះអាង​ថា​ សកម្មភាព​នៃ​ការ​រើស​អើង​មក​លើ​ស្ត្រី​នៅ​តែ​បន្ត​កើត​ឡើង​មាន​ដដែល។

សេចក្តី​ការណ៍​រួម​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖ «យើង​ខ្ញុំ​សង្កេត​ឃើញ​ថា​ការ​រើស​អើង​មក​លើ​ស្រ្តី​នៅ​តែ​បន្ត​កើត​មាន​ឡើង​ស្ទើរ​តែ​គ្រប់​វិស័យ គ្រប់​ទម្រង់ និង​គ្រប់​ទីកន្លែង​រួមមាន​នៅ​ក្នុង​ផ្ទះ​ នៅ​ក្នុង​សហគមន៍ នៅ​តាម​កន្លែង​ធ្វើការ និង​នៅ​តាម​ទី​សាធារណៈ​ដែល​មាន​ដូចជា​ការ​ប្រើ​អំពើ​ហិង្សា​ផ្អែក​លើ​យេនឌ័រ​មក​លើ​ស្រ្តី ក្មេង​ស្រី និង​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ និង​គំរាមកំហែង​មក​លើ​ស្ត្រី​ដែល​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល សហជីព សកម្មជន​ដីធ្លី និង​សកម្មជន​នយោបាយ​គ្រប់​រូបភាព»។

អ្នកចូលរួមក្នុងពិធីអបអរទិវាអន្តរជាតិនារីលើកទី១១៣ ជួយគ្នាពាក់ក្រណាត់ចងរុំក្បាលពណ៌ក្រហមសរសេរថា «ជីវិតថ្លៃថ្នូរ» នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ប្រធាន​សហព័ន្ធ​សហ​ជីព​កម្ពុជា​ អ្នក​ស្រី​ យ៉ាង សុភ័ណ្ឌ ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​ទិវា​អន្តរជាតិ​នារី​ថា​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​នារី​នេះក្នុង​គោល​បំណង​រឭក​ដល់​វីរភាព​របស់​ស្រ្តី​ដែល​បាន​តស៊ូ និង​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​របស់​ខ្លួន ក៏​ដូច​ជា​ការ​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អង្គការ​សង្គម​ស៊ីវិល និង​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ​ផង​ដែរ។ អ្ន

កស្រី​បន្ត​ថា ​អ្នកស្រី​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​មាន​ការ​អនុវត្ត​សិទ្ធិ​ចំនួន ​៣ ដែល​សំខាន់​សម្រាប់​ក្រុម​សហជីព រួមមាន​សិទ្ធិ​នៅ​ក្នុង​ការ​ចង​ក្រង​បង្កើត​សហជីព សិទ្ធិ​នៅ​ក្នុង​ការ​ចរចា​ជា​សមូហភាព​ និង​សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី។

អ្នកស្រី​ថ្លែង​ថា៖ «ទីបី​គឺ​សិទ្ធិ​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី តើ​សិទ្ធិ​នេះ​សំខាន់​ទេ? យើង​មើល​ករណី​នៃ​ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព​មាន​លោកស្រី ឈឹម ស៊ីថរ ដែល​ជា​មេដឹកនាំ​សហជីព​គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​នៅ​ក្នុង​ការ​គំាទ្រ​សិទ្ធិ​របស់​កម្មករ​និយោជិត​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អយុត្តិធម៌ មែន​ទេ? មួយ​ទៀត​លោកស្រី សេង ធារី គាត់​គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​ក្នុង​នាម​ដែល​មាន​សិទ្ធិ​ទៅ​តាម​ច្បាប់​ត្រូវ​បាន​ចាប់​ខ្លួន​គាត់​ដូចគ្នា​ដែរ។ មួយ​ទៀត​មេដឹកនាំ​សហជីព​លោក ជា ចាន់​ ដែល​ជា​ថ្នាក់​ដឹក​នាំ​សហជីព​នៅ​រោងចក្រ​វីងស្តារស៊ូ​ គ្រាន់​តែ​ប្រើប្រាស់​សិទ្ធិ​នៅ​ក្នុង​ការ​ចងក្រង​បង្កើត​សហជីព​ស្រប​ទៅ​នឹង​ច្បាប់​ដែល​យើង​មាន​ ត្រូវ​បាន​ចាប់​ខ្លួន​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ទៅ​ទៀត»។

តំណាង​មេដឹកនាំ​សហជីព​រូប​នេះ ក៏​បាន​ស្នើ​ដល់​រដ្ឋាភិបាល​ឱ្យ​មាន​ការ​ដោះ​លែង​មេដឹកនាំ​សហជីព​ទាំង​នោះ និង​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ឱ្យ​បាន​ពេញ​លេញ​ផង​ដែរ។

Your browser doesn’t support HTML5

ទិវាសិទ្ធិនារី៖ អង្គការសង្គមស៊ីវិលស្នើរដ្ឋាភិបាលបើកលម្ហសេរីភាព និងធានាសិទ្ធិស្រ្តី

អ្នកស្រី រី សុវណ្ណឌី អាយុ៤២​ឆ្នាំ ​ពី​សហជីព​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) ​ប្រាប់​វីអូអេ​ថា​ការ​ដែល​អ្នកស្រី​មក​ចូលរួម​ក្នុង​ពិធី​អបអរ​ទិវា​អន្តរជាតិ​នារី​នេះ គឺ​ដើម្បី​អបអរ​ការ​តស៊ូ​ទាមទារ​សិទ្ធិ​របស់​ស្រ្តី និង​ការ​ខិត​ខំ​តវ៉ា​របស់​ក្រុម​កូដករ​ណាហ្គាវើលដ៍​ដែល​អូស​បន្លាយ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ។

អ្នកស្រី​ថ្លែង​ថា៖ «ប៉ុន្តែ​ក្រឡេក​មក​ពួកខ្ញុំ​វិញ យើង​តស៊ូ​ដូចគ្នា យើង​តស៊ូ​ដើម្បី​បាន​សិទ្ធិ​សេរីភាព​កន្លែង​ការងារ​ បែរ​ជា​ត្រូវ​មាន​ប្រធាន​សហជីព​ចូល​ពន្ធនាគារ​ ហើយ​កូដករ​ដែល​គាត់​ចេញ​តស៊ូ​មតិ​ហ្នឹង​គឺ​ត្រូវ​រង​ទុក្ខបុកម្នេញ​សព្វ​បែប​យ៉ាង​ ដែល​ថ្មី​ហ្នឹង​រឿង​ដែល​គួរ​ឱ្យ​សោក​ស្តាយ​គឺ​សមាជិក​ដែល​នៅ​ក្នុង​កន្លែង​ធ្វើ​ដែល​កំពុង​ធ្វើការ​ដែល​ជា​ស្ត្រី​ហ្នឹង​គឺ​ត្រូវ​បាន​ថៅកែ​ធ្វើ​ទុក្ខបុកម្នេញ​បញ្ឈប់​ពី​ការងារ»។

លោក អេនដ្រេ ហ្ស៊ើប្រាក (Andreas Zurbrugg) ភារធារី​នៃ​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ដែល​បាន​ចូល​រួម​នៅ​ក្នុង​ពិធី​អបអរ​ទិវា​អន្តរជាតិ​នារី​នេះ លើក​ឡើង​ថា​ការ​រៀប​ចំ​ព្រឹត្តិការណ៍​នេះ ដើម្បី​ទទួល​ស្គាល់​អំពី​សិទ្ធិ​ស្រ្តី និង​បញ្ហា​នានា​ដែល​ស្រ្តី​បាន​ជួប​ប្រទះ ដោយ​ធ្វើ​យ៉ាង​ណា​សម្រេច​ឱ្យ​បាន​ក្នុង​ការ​លើក​កម្ពស់​សមភាព​យេនឌ័រ។ លោក​បន្ត​ថា​អូស្ត្រាលី​តែង​តែ​ធ្វើការ​ជាមួយ​ស្ថាប័ន​អង្គការ​នានា​នៅ​កម្ពុជា ដោយ​ផ្តល់​ជំនួយ​ក្នុង​ការ​លើក​កម្ពស់​ការ​ចូល​រួម​របស់​ស្ត្រី​នៅ​ក្នុង​សង្គម។

លោក​ថ្លែង​តាម​រយៈ​អ្នក​បកប្រែ​ថា៖ «ប្រទេស​អូស្ត្រាលី​មាន​មោទកភាព​នៅ​ក្នុង​ការ​គំាទ្រ​ទៅ​ដល់​កម្មវិធី​ដែល​គាំទ្រ​ដោយ​ប្រទេស​អូស្ត្រាលី ហើយ​កម្មវិធី​ទាំង​អស់​នេះ​គឺ​បាន​ធ្វើការ​គាំទ្រ​ទៅ​ដល់​សហគមន៍​ ហើយ​និង​ក្រុម​នានា​ដែល​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយ​ផ្ទាល់។ កម្មវិធី​មួយ​ចំនួន​គឺ​ទាក់​ទង​ជាមួយ​នឹង​ការ​ធ្វើការ​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​គំាទ្រ​ ហើយ​ការ​ការពារ​របស់​សិទ្ធិ​ស្រ្តី ការ​ពង្រឹង​ផ្នែក​សេដ្ឋកិច្ច​ទៅ​ដល់​ស្ត្រី​នៅ​ក្នុង​សហគ្រាស​ខ្នាត​តូច កម្មវិធី​ដែល​ទទួល​បាន​នូវ​សេវា​សុខភាព​ផ្លូវ​ភេទ​ និង​សេវា​សុខភាព​បន្តពូជ​សម្រាប់​ស្ត្រី​ និង​ការ​បណ្តុះ​បណ្តាល​ ហើយ​និង​បង្រៀន​ជំនាញ​បំណិន​ជីវិត​ទៅ​ដល់​យុវជន​វ័យ​ក្មេង»។

លោក អេនដ្រេ ហ្ស៊ើប្រាក (Andreas Zurbrugg) ភារធារីនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា កំពុងថ្លែងសុន្ទរកថាក្នុងពិធីអបអរទិវាអន្តរជាតិនារីលើកទី១១៣ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

លោក អេនដ្រេ ហ្ស៊ើប្រាក បញ្ជាក់​ទៀត​ថា ​អូស្រ្តាលី​នឹង​នៅ​តែ​បន្ត​ជួយ​កម្ពុជា​ក្នុង​ការ​ពង្រឹង​សមភាព​យេនឌ័រ ការ​លើក​កម្ពស់​សិទ្ធិ និង​ការ​ចូលរួម​របស់​ស្ត្រី​គ្រប់​វិស័យ និង​បញ្ឈប់​រាល់​ទម្រង់​នៃ​ការ​រើសអើង​មក​លើ​ស្ត្រី​ផងដែរ។

​សេចក្តី​ថ្លែងការណ៍​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ទាំង​២១​បាន​លើក​ឡើង​ថា​ ទាំង​ស្ត្រី​នៅ​ជនបទ ស្ត្រី​ចំណាកស្រុក កម្មករ​ស្ត្រី និង​ស្ត្រី​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ តែង​ជួប​នូវ​បញ្ហា​លំបាក​ពេល​លក់​ដូរ​តាម​ដង​ផ្លូវ និង​បំពេញ​ការងារ ដោយ​ពួកគេ​ត្រូវ​ដាក់​កូន​តូច​តាម​រទេះ​រុញ កណ្តៀត​កូន​បណ្តើរ​ធ្វើ​ការងារ​បណ្តើរ ឬ​ត្រូវ​ផ្ញើ​កូន​ជាមួយ​អ្នក​ជិតខាង ឬ​ទុក​ចោល​ឱ្យ​នៅ​ផ្ទះ​ម្នាក់​ឯង និង​ទុក​ឱ្យ​នៅ​ជាមួយ​ឪពុក​ម្តាយ​ចាស់​ជរា ឬ​សាច់ញាតិ​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សុវត្ថិភាព សុខភាព និង​ការ​លូត​លាស់​របស់​កុមារ។

ស្រ្តី​ដែល​ធ្វើការ​ក្នុង​វិស័យ​សេវា​កម្សាន្ត និង​ស្ត្រី​ជា​សកម្មជន​ ក៏​ត្រូវ​បាន​ប្រឈម​នឹង​ការ​បៀត​បៀន​រាង​កាយ ហិង្សា​ផ្លូវភេទ ការ​គំរាម​កំហែង​ពី​អាជ្ញាធរ​មូលដ្ឋាន​ពេល​ដែល​ពួកគេ​ធ្វើការ​ជួបជុំ និង​ដើរ​ក្បួន​នៅ​ទី​សាធារណៈ ដើម្បី​ទាមទារ​រក​យុត្តិធម៌​លើ​បញ្ហា​របស់​ពួកគេ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ដដែល។

អ្នកស្រី អ៊ូ ទេពផល្លីន ប្រធាន​សហព័ន្ធ​សហជីព​ចំណី​អាហារ​និង​សេវា​កម្ម​នៅ​កម្ពុជា ថ្លែង​បិទ​បញ្ចប់​នៅ​ក្នុង​កម្មវិធី​នេះ​ថា​ពលរដ្ឋ​ទាំង​អស់​រួមគ្នា​ចង​ក្រង​ជា​សហជីព ឬ​សហគមន៍​ដើម្បី​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា។ អ្នកស្រី​បន្ត​ថា​ពលរដ្ឋ​ត្រូវ​ព្យាបាល​ជំងឺ​ផ្លូវ​ចិត្ត​ទាំង​អស់​គ្នា​ដើម្បី​ទម្លុះ​ភាព​ភ័យ​ខ្លាច និងចែក​រំលែក​នូវ​បញ្ហា​សង្គម និង​រឿង​មាន​ប្រយោជន៍​ផ្សេង​ទៀត។

អ្នកស្រី​ថ្លែង​ថា៖ «ចុង​ក្រោយ​ខ្ញុំ​ចង់​ឱ្យ​សង្ខេប​ខ្លី ទោះ​បី​យើង​មក​ជួប​ជុំ​គ្នា​ថ្ងៃ​នេះ​សូម​ឱ្យ​ចង​ចាំ​ថា យើង​លើក​ឡើង​ពី​តម្រូវ​ការ សូម​ឱ្យ​ចងចាំ​ថា ​បក​ទៅ​វិញ​កុំ​បញ្ឈប់​ការ​ទាម​ទារ​សិទ្ធ​របស់​យើង។ ​ឥឡូវ​ខ្ញុំ​សូម​ឱ្យ​យើង​និយាយ​ទាំង​អស់​គ្នា​មួយ រួម​គ្នា​ព្យាបាល​ជំងឺ​បាក់ស្បាត»។

នៅ​ក្នុង​ឱកាស​ទិវា​អន្ដរជាតិ​នារី លោក​នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា ​វត្តមាន​ស្ត្រី​កម្ពុជា​ពិត​ជា​សំខាន់ នៅ​ក្នុង​ការ​ជួយ​សម្រួល​ជីវភាព​គ្រួសារ និង​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​សង្គម។

លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​វីដេអូ​មួយ​ថា៖ «ស្ត្រី​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម និង​ជា​តួអង្គ​ដ៏​សំខាន់ នៅ​ក្នុង​ការ​លើក​កម្ពស់​ស្ថាន​ភាព​ជីវភាព​គ្រួសារ និង​កំណើន​សេដ្ឋកិច្ច​គ្រួសារ និង​សង្គម​ជាតិ»។

លោក ហ៊ុន ម៉ាណែត បន្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​រៀប​ចំ​ដាក់​ចេញ​នូវ​គោល​នយោបាយ​ជាតិ​ស្ដី​ពី​សមភាព​យេនឌ័រ​ គោល​នយោបាយ​គាំទ្រ​ដល់​សហគ្រិន​ស្រ្ដី គោល​នយោបាយ​ត្រួត​ពិនិត្យ​បន្ថែម​ទៅ​លើ​ប្រព័ន្ធ​គាំពារ​សង្គម គោល​នយោបាយ​ដោះស្រាយ​បញ្ហា​គម្លាត​យេនឌ័រ​លើ​វិស័យ​ឌីជីថល និង​លើក​កម្ពស់​ស្រ្ដី​ក្នុង​វិស័យ​ផ្សេងៗ​និង​ក្នុង​គ្រួសារ​ផង​ដែរ៕