ទោះបីជាប្រទេសទើបតែងើបចេញពីការបិទខ្ទប់រយៈពេល៣ឆ្នាំ នៃជំងឺកូវីដ១៩យ៉ាងណាក្តី ក៏ពលរដ្ឋចិនជាច្រើននាក់ កំពុងប្រឈមមុខនឹងបញ្ហាថ្មីមួយ គឺភាពលំបាកខាងផ្នែកសេដ្ឋកិច្ច នោះគឺការកាត់បន្ថយប្រាក់ចំណូលជាច្រើន ក្នុងចំណោមមន្ត្រីរដ្ឋការស៊ីវិលជាច្រើនលាននាក់នៅក្នុងប្រទេសនេះ។
បុគ្គលិកអាជ្ញាធរលំនៅដ្ឋានក្នុងស្រុកមួយរូប ដែលមានអាយុ៣៨ឆ្នាំ ហើយដែលសុំឱ្យបង្ហាញឈ្មោះលោកត្រឹមថា Chen ប៉ុណ្ណោះ ដោយសារតែខ្លាចមានការសងសឹកពីអាជ្ញាធរចិននោះ បាននិយាយថា៖ «ប្រាក់រង្វាន់ចុងឆ្នាំរបស់ខ្ញុំត្រូវបានកាត់យ៉ាងហោចណាស់ក៏ពីចំនួន២ម៉ឺនទៅ៣ម៉ឺនយ័នលុយចិន (ឬប្រហែលពី២.៨០០ ទៅ៤.២០០ដុល្លារ លុយអាមេរិក)»។
ដូចពលរដ្ឋគ្រប់ៗគ្នានៅក្នុងប្រទេសចិនផងដែរ លោក Chen ភរិយា និងកូនប្រុស២នាក់ បានជួបការលំបាកខ្លាំងក្នុងរយៈពេល២ឆ្នាំកន្លងទៅ។ ការគ្រប់គ្រងដ៏តឹងរឹងលើជំងឺឆ្លងរាតត្បាតកូវីដ១៩ បានធ្វើឱ្យគ្រួសារលោករស់នៅក្នុងជីវិតស្ទើរតែឯកោ ដោយត្រូវបានកម្រិតសកម្មភាពសង្គម គ្មានការសម្រាកលំហែកាយ ហើយការទៅសួរទុក្ខបងប្អូនក៏ក្លាយជារឿងដ៏កម្រមួយផងដែរ។
ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ដ៏តឹងរ៉ឹងនោះ ត្រូវបានលុបចេញជាចុងក្រោយកាលពីឆ្នាំមុន ក៏ប៉ុន្តែពេលនេះ លោក Chen ត្រូវប្រឈមនឹងការបាត់បង់ប្រាក់ចំណូលដ៏សំខាន់បន្ថែមទៀត ដែលការណ៍នេះកើតឡើងដោយសារតែការងើបឡើងវិញនៃសេដ្ឋកិច្ចចិន មានល្បឿនយឺតជាងការរំពឹងទុក។
ទីក្រុង Suzhou ដែលស្ថិតនៅក្បែរនោះ ហើយជាទីក្រុងមួយ ដែលមានឈ្មោះល្បីខាងអភិវឌ្ឍន៍សេដ្ឋកិច្ចនិងវិបុលភាពនោះ បានកាត់បន្ថយប្រាក់រង្វាន់ចុងឆ្នាំរបស់ខ្លួន ច្រើនជាងនេះទៅទៀត។ នេះបើតាមការបញ្ជាក់របស់លោក Chen។ លោកបន្ថែមដូចនេះថា៖ «មន្ត្រីសាធារណៈក្នុងក្រុង Suzhou ប្រហែលជាត្រូវបាត់ប្រាក់រង្វាន់ពីចំនួន៥ម៉ឺនទៅ៦ម៉ឺនយ័នលុយចិន (ឬប្រហែលពី៥ពាន់ទៅ៨ពាន់៥រយដុល្លារ លុយអាមេរិក)»។
ដូចមន្ត្រីសាធារណៈជាច្រើននាក់ក្នុងប្រទេសចិនផងដែរ ប្រាក់ខែផ្លូវការដែលលោក Chen ទទួលបាន គឺមានចំនួនប្រហាក់ប្រហែល១ពាន់ដុល្លារលុយអាមេរិក ក្នុងមួយខែ ដែលជាប្រាក់ចំណូលតែមួយរបស់លោក។ ប៉ុន្តែមន្ត្រីរដ្ឋការទទួលបានជំនួយមិនផ្លូវការជាច្រើនដូចជាប្រាក់រង្វាន់ ប្រាក់ឧបត្ថម្ភពិសេស និងអាហារធូរថ្លៃនៅភោជនីយដ្ឋាននៅកន្លែងធ្វើការ។
លោកChen ក៏មានច្បាប់ឈប់សម្រាក់ប្រចាំឆ្នាំរយៈពេល១៥ថ្ងៃក្នុងមួយឆ្នាំ ដោយទទួលបានប្រាក់បៀវត្សរ៍ពេញ ប៉ុន្តែលោកបានទទួលប្រាក់រង្វាន់ប្រចាំឆ្នាំប្រមាណ២.៥០០ដុល្លារអាមេរិក ដោយធ្វើការជំនួសថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់លោក។ លោកនិយាយថា «ពេលនេះប្រាក់ដែលខ្ញុំធ្វើការជំនួសថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់ខ្ញុំនៅសល់តែប្រមាណ១.៣០០ដុល្លារអាមេរិកតែប៉ុណ្ណោះ»។
លោកបន្ថែមទៀតថា «ការកាត់បន្ថយប្រាក់ដែលត្រូវទទួលបាន ទោះជាប្រាក់រង្វាន់ឬប្រាក់ផ្សេងៗទៀតក៏ដោយ គឺជានិន្នាការមួយ ដែលកើតមានឡើងនៅទូទាំងប្រទេស»។
សេចក្តីរាយការណ៍ពីការកាត់បន្ថយប្រាក់បៀវត្សរ៍របស់មន្ត្រីរាជការស៊ីវិលនៅក្នុងប្រទេសចិន បានចាប់ផ្តើមកើតឡើងនៅក្នុងអំឡុងឆ្នាំ២០២១ ខណៈពេលដែលរដ្ឋាភិបាលមូលដ្ឋានកំពុងជួបនឹងបញ្ហាទីផ្សារអចលនទ្រព្យ និងបំណុលដ៏ច្រើនលើសលប់ ដែលកើតឡើងដោយការគ្រប់គ្រងដ៏តឹងតែងបំផុត ក្នុងរយៈពេល៣ឆ្នាំនៃជំងឺរាតត្បាតកូវីដ១៩នោះ។
គេឃើញមានការបង្ហោះសារនៅលើបណ្តាញសង្គមនានារបស់ចិន ដែលធ្វើឱ្យមានការផ្ទុះការចាប់អារម្មណ៍ជាខ្លាំងកាលពីដើមខែកក្កដាកន្លងទៅ ដោយសារនោះនិយាយថា «ខេត្ត Guangdong នឹងកាត់បា្រក់ខែមន្ត្រីរាជការស៊ីវិលចំនួន២៥ភាគរយ»។
រដ្ឋាភិបាលមូលដ្ឋានក្នុងខេត្ត Guangdong ដែលជាខេត្តមួយដែលមានការរីកចម្រើនខ្លាំងបំផុតក្នុងប្រទេសចិននោះ មិនដែលបដិសេធឬបញ្ជាក់ថាព័ត៌មានបង្ហោះនេះជាការពិតឬយ៉ាងណានោះឡើយ។ បើទោះបីជាយ៉ាងនេះក្តី ក៏ការបង្ហោះសារនោះ ធ្វើឱ្យមានការពិភាក្សាគ្នានិងមានការត្អូញត្អែរជាច្រើននៅលើបណ្តាញសង្គមអនឡាញផងដែរ៕
ប្រែសម្រួលដោយលោក ជ្រា វណ្ណារិទ្ធ