សាលាក្រុង​ភ្នំពេញ គ្រោង​បង្កើត​ទីលាន​ចាក់​សំរាម ​ ពីរ​បន្ថែម​ទៀត

រូបឯកសារ៖ ក្មេងប្រុស​ម្នាក់​អូស​សំបក​កង់​កាត់​គំនរ​សំរាម​នៅ​ស្ទឹង​មានជ័យ​ ជាយ​រាជធានី​ភ្នំពេញ។

សាលា​រាជធានី​ កំពុង​ស្វែងរក​ទីតាំង​ចាក់​សំរាម​ថ្មី​ពីរ​កន្លែង​ទៀត​​ នៅ​ក្នុង​ខណ្ឌ​ចំនួន​ពីរ​​ ដោយ​សារ​តែ​ទីតាំង​ចាក់​សំរាម​ចាស់​ក្នុង​ខណ្ឌ​ដង្កោ​​ មិន​អាច​ស្តុក​សំរាម​ច្រើន​ថែម​ទៀត។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អភិបាល​រាជធានី​ភ្នំពេញ​ និង​អ្នក​នាំ​ពាក្យ​នៃ​សាលា​រាជធានី។

សាលា​រាជធានី​ កំពុង​ស្វែងរក​ទីតាំង​ចាក់​សំរាម​ថ្មី​ពីរ​កន្លែង​ទៀត នៅ​ក្នុង​ខណ្ឌ​ចំនួន​ពីរ ដោយ​សារ​តែ​ទីតាំង​ចាក់​សំរាម​ចាស់​ក្នុង​ខណ្ឌ​ដង្កោ មិន​អាច​ស្តុក​សំរាម​ច្រើន​ថែម​ទៀត។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អភិបាល​រាជធានី​ភ្នំពេញ​ និង​អ្នក​នាំ​ពាក្យ​នៃ​សាលា​រាជធានី។

ទី​តាំង​ចាស់ ដែល​មិន​អាច​ទទួល​យក​សំរាម​បាន​បន្ត​ទៅ​ទៀត​នោះ​ គឺ​ស្ថិត​ក្នុង​សង្កាត់​ជើង​ឯក​ ខណ្ឌ​ដង្កោ​ ដែល​បាន​ផ្ទុក​សំរាម​ជាង​៣លាន​តោន​ លើ​ផ្ទៃ​ដី​ទំហំ​ជាង​៣១​ហិក​តា​ នៅ​ក្នុង​រយៈ​ពេល​៦ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ ប៉ា សុជាតិវង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​ កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ​ថា​ ដោយសារ​ទីលាន​ចាក់​សំរាម​ដង្កោ​ ដែល​ជាទីតាំង​ចាស់​មិន​អាច​ទទួល​សំរាម​ច្រើន​ថែម​ទៀត​បាន​ សាលា​រាជធានី​ភ្នំពេញ​ បាន​សិក្សា​ទីតាំង​ថ្មី​ចំនួន​ពីរ​បន្ថែម​ទៀត​នៅ​ក្បែរ​នោះ​ ដើម្បី​ចាក់​សំរាម​បន្ត។

លោក​បញ្ជាក់​ថា៖ « ជា​ជំហាន​បន្ទាប់​សាលា​រាជធានី​ភ្នំពេញ​ នឹង​សិក្សា​រក​ទី​កន្លែង​ពីរ​ផ្សេង​ទៀត​ ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វារ​ និង​ខណ្ឌ​ច្បារ​អំពៅ​ ក្នុង​គោល​បំណង​ទប់​ស្កាត់​ការ​នាំ​យក​សំរាម​ពី​ទី​ឆ្ងាយ​ ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ភាព​យឺត​យ៉ាវ​ និង​បណ្ដាល​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ ឬ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ផ្សេងៗ »។

គំនរ​សំរាម​ជាច្រើន ត្រូវ​គេ​ឃើញ​មាន​នៅ​តាម​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ក្នុង​ពេល​រាត្រី ដោយសារ​មាន​តែ​ក្រុមហ៊ុន​ប្រមូល​សំរាម​មួយ​ប៉ុណ្ណោះ​នៅ​រាជធានី​ដ៏ចំណាស់​មួយ​នេះ។ ក្រុមហ៊ុន​ដែល​កំពុង​ប្រមូល​សំរាម​យក​ទៅ​ចោល​នៅ​ខណ្ឌ​ដង្កោ​នោះ​ គឺ​ក្រុមហ៊ុន​ស៊ីនទ្រី។ នេះ​បើ​យោង​ទៅ​តាម​ការ​បញ្ជាក់​ពី​អ្នក​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​ ឡុង​ ឌីម៉ង់​ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ថ្លែង​ប្រាប់​ VOAថា​ ​សាលា​រាជធានី​ ពុំ​ទាន់​បាន​កំណត់​ទីតាំង​ជាក់​លាក់​សម្រាប់​ការ​ចាក់​សំរាម​នៅ​ក្នុង​ខណ្ឌ​ទាំងពីរ​នោះ​ទេ​ ដោយសារ​សាលា​រាជធានី​ត្រូវ​ធ្វើ​ការ​សិក្សា​លម្អិត​បន្ថែម​ទៀត​ជាមួយ​នឹង​ក្រសួង​បរិស្ថាន។

«យើង​កំពុង​តែ​ធ្វើ​ឆាប់ៗ​ហ្នឹង​ហើយ​ ក៏ប៉ុន្តែ​យើង​កំពុង​ធ្វើ​ការ​សិក្សា​ទីតាំង។ ទីតាំង​មិនទាន់​រក​បាន​ផង​ហ្នឹង គឺ​ជា​ការ​ ធ្វើការ​ពិភាក្សា​គ្នា​ជាមួយ​ក្រសួង​បរិស្ថាន​ ក្នុង​ការ​ស្វែង​រក​ទីតាំង​សម្រាប់​ធ្វើ​ការ​ ធ្វើ​បង្កើត​ទីលាន​ចាក់​សំរាម​ហ្នឹង »។

លោក​ពន្យល់​ថា​ ការពិចារណា​លើ​ទីតាំង​ក្នុង​ខណ្ឌ​ទាំង​ពីរ​នេះ​ ធ្វើឡើង​ក្នុង​បំណង​កាត់​បន្ថយ​ពេល​វេលាក្នុង​ការ​ដឹក​ជញ្ជូន​សំរាម​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

«យើង​មិន​ចង់​ឲ្យ​មាន​ការ​ចាក់​សំរាម​ ទីតាំង​ចាក់​សំរាម​របស់​យើង​មាន​តែ​មួយ​កន្លែង ​ហើយ​អញ្ចឹង​ពង្រីក​ទីក្រុង​ធំ​ បើ​និយាយ​ពី​ភូមិសាស្ត្រ​របស់រាជធានី​ភ្នំពេញ​ វា​កាន់​តែ ​ធំ​ទៅៗ​ហើយ​ ប៉ុន្តែ​ អញ្ចឹង​ឧបមា​ថា​ សំរាម​នៅ​ម្តុំ​ព្រែក​ព្នៅ​ នៅ​ម្ដុំ​ដង្កោ​ ព្រែក​ព្នៅ​ឬ​ក៏​នេះ​ហ្នឹង​ ត្រូវ​យក​ទៅ​ចាក់​រហូតដល់​ដង្កោ​អញ្ចឹង​ វា​ឆ្ងាយ​វា​ខាត​ពេល​វេលា​ វា​អី​អញ្ចឹង។ វា​បម្រើ​ជា​លក្ខណៈ​យុទ្ធ​សាស្ត្រ​ផង​ ហើយ​សម្រាប់​ការ​ចាក់​សំរាម​ដល់​តំបន់​ដទៃ​ទៀត​ផង​ដូច​ជា​តំបន់​របស់​ខេត្ត​កណ្ដាល »។

លោក ​ប៉ា​ សុជាតិ​វង្ស បាន​បញ្ជាក់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ របស់​លោក​ថា​ ក្នុង​ឆ្នាំ​២០១៥​នេះ​ សំរាម​ជា​មធ្យម​ប្រមាណ​២​ពាន់​តោន ត្រូវ​បាន​ដឹក​យក​មក​ចាក់​នៅ​ទីលាន​ចាក់សំរាម​ក្នុង​ខណ្ឌ​ដង្កោ​ជា​រៀង​រាល់​ថ្ងៃ​ ដែល​មាន​សមាស​ធាតុ​ដូចជា​៖​ ៥៧,៤%​ ជា​សំរាម​ម្ហូបអាហារ​ ១៨,១​%​ ជា​ថង់​ប្លាស្ទិក​ ៦%​ជា​ក្រដាស​ ០,២​%​ ជា​កៅស៊ូ​ និង​ស្បែក​ និង​១៨,៣%​ ជា​ស្មៅ​ ឈើ​ ដែក​ ក្រណាត់​ និង​ថ្ម​ផ្សេងៗ។

VOA​ ព្យាយាម​ទាក់​ទង​លោក​ សៅ​ សុភាព​ អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​ ដើម្បី​សុំ​ការ​អធិប្បាយ​ តែ​នៅ​មិន​ទាន់​អាច​ទាក់​ទង​បាន​ទេ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ VOA​ ក៏​ពុំ​អាច​ទាក់​ទង​តំណាង​ក្រុម​ហ៊ុន ​ស៊ីនទ្រី​បាន​ដែរ។

ប្រទេស​កម្ពុជា​សម្បូរ​ទៅ​ដោយ​សំរាម ​ដែល​ភាគច្រើន​ជា​ថង់​ប្លាស្ទិក។ ប្រជាជន​ខ្មែរ​កាន់​តែ​ច្រើន​ឡើង​ចាប់​ផ្ដើម​ព្រួយបារម្ភ​អំពី​ផល​ប៉ះ​ពាល់​របស់​ថង់​ប្លាស្ទិក​មក​លើ​សុខភាព​មនុស្ស និង​បរិស្ថាន។ ក៏​ប៉ុន្តែ វា​ត្រូវ​ការ​ពេល​វេលា​យូរ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

អ្នក​ជំនាញ​ក្នុង​ផ្នែក​គីមី​សាស្ត្រ​ ឲ្យ​ដឹង​ថា​ថង់​ប្លាស្ទិក ត្រូវ​បាន​បង្កើត​ឡើង​ពី​សារធាតុ​គីមី​ដែល​អាច​បង្ក​គ្រោះថ្នាក់។ ថង់​ប្លាស្ទិក​មួយ​ចំនួន​ ផ្ទុក​នូវ​សារជាតិ​គីមី ដែល​អាច​បង្កើត​ជំងឺ​មហារីក ហើយ​អាច​ប៉ះពាល់​ដល់​សមាសភាព​បន្ត​ពូជ និង​ការ​អភិវឌ្ឍន៍​មិន​ប្រក្រតី​របស់​ទារក។

ថង់​ប្លាស្ទិក​នេះ​ ក៏​មាន​ផល​ប៉ះពាល់​ដល់​សត្វ​ក្នុង​ទឹក​ដែល​ស៊ី​ប្លាស្ទិក​ជា​ចំណី​អាហារ ហើយ​ប្រសិន​បើ​ថង់​ប្លាស្ទិក​នេះ​ទុក​រយៈពេល​យូរ​នៅ​លើ​ដី​នោះ វា​អាច​បញ្ចេញ​ជា​កម្ទេច​ម៉ត់ៗ​មួយ​ចំនួន​ដែល​ហៅ​ថា (Leaching of Chemical)។

ដោយ​ឡែក​ លោក ​ឡុង​ ឌីម៉ង់​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ ឲ្យ​ដឹង​ថា​ សាលា​រាជធានី ​កំពុង​ទាក់​ទង​ជាមួយ​ក្រុមហ៊ុន​ចំនួន​៥​ ដើម្បី​ពិនិត្យ​មើល​លទ្ធ​ភាព​នៃ​ការ​បំប្លែងសំរាម​ដែល​បាន​ចាក់​ទៅ​ទី​លាន​ចាក់​សំរាម​ដង្កោ មក​ធ្វើ​ជា​ថាមពល​ដែល​អាច​ប្រើ​ប្រាស់​បាន៕​