ពលរដ្ឋមួយចំនួននៅទីក្រុងភ្នំពេញបានដឹងតិចតួចអំពីការមកបំពេញទស្សនកិច្ចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងភ្នំពេញ ខណៈពួកគេគិតគូរជាសំខាន់លើការរកប្រាក់ចំណូលប្រចាំថ្ងៃ។
ក៏ប៉ុន្តែ ពួកគេនិយាយថា វត្តមានរបស់លោក Biden នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងទីក្រុងភ្នំពេញ បានបង្ហាញពីការរក្សាបានសន្តិសុខ និងសន្តិភាព ពេញលេញសម្រាប់ប្រទេសកម្ពុជា។
រីឯសកម្មជនមួយចំនួនយល់ស្របនឹងការលើកឡើងរបស់ពលរដ្ឋ តែថាមេដឹកនាំសហរដ្ឋអាមេរិកអាចមានការទទួលខុសត្រូវមួយចំនួន ក្នុងការជួយសម្រាលការរឹតត្បិតសិទ្ធិ និងលម្ហស៊ីវិល ដែលកំពុងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាស្ថិតក្នុងភាពមិនច្បាស់លាស់។
លោក ហម ពៅ អាយុ ៣១ ឆ្នាំ ជាអ្នករត់ម៉ូតូកង់បី នៅមុខអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និយាយថា វត្តមានប្រធានាធិបតីសហរដ្ឋអាមេរិកនៅប្រទេសកម្ពុជា មិនស្ថិតក្នុងការតាមដានរបស់លោកប៉ុន្មានទេ ដោយលើកហេតុផលថា លោកជាប់រវល់ក្នុងការរកប្រាក់ចិញ្ចឹមកូន ៣ នាក់ក្នុងបន្ទុក។ ទោះយ៉ាងណាក្តី ក៏លោកថាជាមោទនភាពសម្រាប់ប្រទេសកម្ពុជា នៅពេលលោក Joe Biden និងមេដឹកនាំឯទៀតមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានក្នុងទីក្រុងភ្នំពេញ។
បើតាមលោក ហម ពៅ វត្តមានរបស់លោក Biden ក៏បង្ហាញពីស្ថិរភាព និងសន្តិសុខពេញលេញក្នុងប្រទេស។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «គាត់មកអ៊ីចឹង រៀងអរ មានអារម្មណ៍សប្បាយចិត្តដែរ ប្រទេសអាចមានមោទនភាពដែលដូចថា នាយករដ្ឋមន្ត្រី[ប្រធានាធិបតី]ដែលមានមុខមាត់ ដែលធំលើលោក ពិភពលោកអ៊ីចឹង គាត់ចូលមកទឹកដីយើង គឺជា[ការ]ល្អអ៊ីចឹងដែរ»។
អ្នករត់ម៉ូតូកង់បីរូបនេះរំពឹងថា ទាំងប្រធានាធិបតី និងមេដឹកនាំផ្សេងទៀត ក៏គួរបន្តជួយប្រជាជនខ្មែរ ឱ្យមានជីវភាពរស់នៅសមរម្យ។
លោក ហម ពៅ បន្ថែមថា៖ «គឺនិយាយរួមទៅ ចង់ឱ្យគាត់ហ្នឹង ជួយដំណោះស្រាយប្រជាពលរដ្ឋទាំងអស់ ឱ្យគាត់មានប្រាក់ខែសមរម្យ ឱ្យគាត់មានមុខរបរត្រឹមត្រូវណាមួយដែលស្របច្បាប់ ដែលគាត់អាចរកចំណូលបានចិញ្ចឹមគ្រួសារបាទ»។
ស្រដៀងគ្នានេះដែរ អ្នករត់ម៉ូតូកង់បីម្នាក់ទៀត គឺ លោកស៊ុម សឿន អាយុ ៣៦ ឆ្នាំ យល់ថា វត្តមានរបស់មេដឹកនាំសហរដ្ឋអាមេរិក និងមេដឹកនាំមកពីតំបន់ផ្សេងៗទៀត បង្ហាញថា កម្ពុជាជាប្រទេសដែលមានសុវត្ថិភាព ហើយចង់ឱ្យមេដឹកនាំទាំងនោះមកកាន់ប្រទេសកម្ពុជាឱ្យបានញឹកញាប់ ដើម្បីបានដឹងពីស្ថានភាពនៃការអភិវឌ្ឍជាក់ស្តែង។
លោកនិយាយថា៖ «បើគាត់មកញឹកញាប់ល្អ ចុះមកមើលប្រទេសយើងថាការរីកចម្រើនយ៉ាងណា យ៉ាងណី»។
ដោយឡែក ពលរដ្ឋខ្លះទៀតដែលវីអូអេបានសម្ភាសនៅថ្ងៃចន្ទនេះ និយាយថា ពួកគេមិនបានយកចិត្តទុកដាក់នឹងវត្តមានប្រធានាធិបតីអាមេរិក ឬមេដឹកនាំផ្សេងទៀត និងកិច្ចប្រជុំកំពូលអាស៊ាននោះទេ ក្រោមហេតុផលមមារញឹកនឹងការលក់ដូរ។
អាជីវករតាមចិញ្ចើមផ្លូវក្នុងទីក្រុងភ្នំពេញ អ្នកស្រី ពុធ កែវ និយាយថា៖ «និយាយទៅ អត់ដឹង អត់ចាប់អារម្មណ៍ ចង់និយាយអ៊ីចឹង ដោយសារតែអត់សូវបានមើលព័ត៌មាន ដឹងតែលក់ប៉ុណ្ណឹងឯងច៎ា!»។
សេតវិមានប្រធានាធិបតីអាមេរិកប្រកាសឱ្យដឹងកាលពីខែតុលាថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នឹងធ្វើទស្សនកិច្ចទៅក្រៅប្រទេសរយៈពេលមួយសប្ដាហ៍នៅថ្ងៃទី ១១ ខែវិច្ឆិកាខាងមុខ ទៅកាន់ប្រទេសចំនួនបី ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលៗមួយចំនួន។
អ្នកនាំពាក្យសេតវិមាន អ្នកស្រី Karine Jean-Pierre បានបញ្ជាក់ថា ដំបូងលោក Biden នឹងធ្វើដំណើរទៅកាន់ទីក្រុង Sharm el-Sheikh ប្រទេសអេហ្ស៊ីបនៅថ្ងៃទី ១១ ខែវិច្ឆិកា ដើម្បីចូលរួមនៅក្នុងសន្និសីទលើកទី ២៧ របស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP27) មុនពេលធ្វើដំណើរទៅកាន់ទីក្រុងភ្នំពេញនៃប្រទេសកម្ពុជា ដើម្បីចូលរួមជំនួបកំពូលអាមេរិក-អាស៊ាន (U.S.-ASEAN Summit) និងកិច្ចប្រជុំអាស៊ីបូព៌ា។ បន្ទាប់មក លោកប្រធានាធិបតីនឹងធ្វើដំណើរទៅកាន់កោះBali នៃប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រទេស G-20 ដែលជាក្រុមប្រទេសអ្នកមាន។
សកម្មជនសង្គមមួយរូបនៃសមាគមនិស្សិតបញ្ញវន្តខ្មែរ គឺកញ្ញា សូ មេត្តា មើលឃើញពីបញ្ហានៃការរឹតត្បិតសិទ្ធិពលរដ្ឋក្នុងការជួបជុំប្រមូលផ្តុំសម្តែងមតិ និងគំនាបលើសកម្មជននយោបាយជំទាស់ក្នុងប្រទេសកម្ពុជា ដែលកញ្ញាចង់ឱ្យសហរដ្ឋអាមេរិកផ្តល់កិច្ចអន្តរាគមន៍។
កញ្ញាថ្លែងថា៖ «ខ្ញុំមានការរំភើបដែរ ដែលបានលោកអញ្ជើញមកប្រជុំអាស៊ានកំពូលនៅក្នុងប្រទេកម្ពុជា។ ខ្ញុំយល់ឃើញថា បើសិនជាលោកអញ្ជើញមកក្នុងឱកាសនេះ វាជាឱកាសល្អដែរ ព្រោះប្រទេសកម្ពុជាកំពុងតែមានការរំលោភសិទ្ធិមនុស្ស ការចាប់ចង...អ៊ីចឹងវាជាឱកាសល្អដែលប្រជាពលរដ្ឋយើងបានផ្ញើសារទៅដល់លោក លោកជួយគិតគូរជួយជំរុញរឿងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា»។
ប៉ុន្តែសម្រាប់សាស្ត្រាចារ្យ និងអ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា វត្តមានរបស់លោក Joe Biden គឺមិនស្ថិតក្នុងក្របខណ្ឌពង្រឹងចំណងទ្វេភាគីកម្ពុជាអាមេរិកទេ តែនឹងអាចរួមចំណែកមួយផ្នែកដល់វិស័យទេសចរណ៍ ហើយនិងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហរដ្ឋអាមេរិក។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «កាលណាគាត់មកស្រុកខ្មែរ មានអត្ថប្រយោជន៍ច្រើន ទី ១ សម្រាប់វិស័យទេសចរណ៍ហ្នឹង អាចជួយ promote [លើកកម្ពស់] ឬក៏ជួយទាក់ទាញធ្វើឱ្យវិស័យទេសចរណ៍ហ្នឹងមានភាពរស់រវើកឡើងវិញបាន»។
លោករៀបរាប់បន្ថែមថា៖ «ទី ២ ពាក់ព័ន្ធទៅនឹងជំហរនយោបាយការបរទេសរបស់រដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹងជំហរអព្យាក្រឹត ពង្រឹង ឬគេហៅថា រក្សានូវកិច្ចព្រមព្រៀងដែលកម្ពុជា រួមទាំងអាស៊ាន ជាមួយនឹងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាកាលពីថ្ងៃទី ១២ និងទី ១៣ ខែឧសភា ឆ្នាំ ២០២២ នេះ នៅទីក្រុងវ៉ាស៊ីនតោនហ្នឹង»។
បើតាមលោកឯម សុវណ្ណារ៉ា ដំណើរទស្សនកិច្ចរបស់លោក Biden មកកម្ពុជា បង្ហាញពីការតាំងចិត្តរបស់សហរដ្ឋអាមេរិកដែលចង់បានភាពជាអ្នកនៅកណ្តាលរបស់អាស៊ាន ក្នុងជម្លោះនានាដែលកំពុងកើតឡើងក្នុងតំបន់អាស៊ី និងតំបន់ឯទៀត រួមមានវិបត្តិនៅភូមា ជម្លោះនៅសមុទ្រចិនភាគត្បូង និងភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ជាដើម។
លោកថ្លែងថា៖ «អាស៊ាន ឬក៏សហរដ្ឋអាមេរិកហ្នឹង គឺចង់បាន ហៅថាអនុវត្តនូវភាពជាកណ្តាលរបស់អាស៊ានហ្នឹង គេចង់បានណាស់ ចង់បានថា យើងដាក់នូវគេហៅថា រួមគ្នាដោះស្រាយធ្វើ ហើយនៅក្នុងចំណុចហ្នឹងមានគោលការណ៍ សំខាន់មួយគឺមជ្ឈភាពរបស់អាស៊ាន។ អ៊ីចឹង ភាពជាកណ្តាលរបស់អាស៊ានហ្នឹងជាចំណុចដែលចាប់អារម្មណ៍ដែលសហរដ្ឋអាមេរិកចង់បាន ហើយចង់ឱ្យកម្ពុជា ឬក៏អាស៊ានទាំងអស់ហ្នឹង រក្សាឱ្យបាននៅកន្លែងនេះឯង»។
ប្រទេសកម្ពុជាគ្រោងនឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ផ្តើមពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកា។
នៅក្នុងការរៀបកិច្ចប្រជុំកំពូលអាស៊ាន កាលពី ១០ ឆ្នាំមុន រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ក៏បានទទួលស្វាគមន៍ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកBarack Obama ដែលជាប្រធានាធិបតីអាមេរិកទី ១ ស្ថិតក្នុងតំណែងដែលបានមកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា៕