សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ​គ្រោង​ហែ​ក្បួន​​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​​នៅ​សប្តាហ៍​ក្រោយ

រូបឯកសារ៖ អ្នកស្រី​ ​អ៊ុក ឆាយ៉ាវី​ ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​។ (ផ្តល់​ឲ្យ​ដោយ ​អ៊ុក ឆាយ៉ាវី)

បន្ទាប់​ពី​សាលា​រាជធានី​ភ្នំពេញ​ប្រកាស​មិន​អនុញ្ញាត​ឲ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ហែ​ក្បួន ដើម្បី​ប្រារព្ធ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​ក្នុង​ថ្ងៃ​ទី​៥ ខែតុលា​ខាងមុខ​ នៅ​ថ្ងៃអង្គារ​នេះ​ ​ប្រធាន​សមាគម​គឺ​អ្នកស្រី​ ​អ៊ុក ឆាយាវី​ ​អះអាង​ថា​ ​សមាគម​នឹង​នៅ​តែ​បន្ត​ធ្វើ​តាម​គម្រោង​ ​បើទោះ​ជា​មាន​ការ​ហាម​ឃាត់។

សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ​ប្រកាស​ជំហរ​ហែ​ក្បួន​ និង​ជួប​ជុំ​នៅ​វត្ត​ភ្នំ​ ​ដើម្បី​អបអរ​ទិវា​គ្រូ​បង្រៀន​ពិភពលោក​នៅ​ថ្ងៃ​ទី​៥​ ​ខែ​តុលា​ខាងមុខ​ បើ​ទោះ​បី​ជា​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​ហាមឃាត់​ក៏​ដោយ។​

កាលពី​ថ្ងៃទី​២១​ ​ខែ​កញ្ញា​ ​សមាគមគ្រូ​បង្រៀនកម្ពុជាឯករាជ្យ​ ​បាន​ចេញលិខិត​មួយ​ច្បាប់ផ្ញើ​ទៅ​អភិ​បាលរាជធានី​ភ្នំពេញ​ ​ដោយ​ជម្រាប​ពី​គម្រោង​នៃ​ការរៀបចំ​ពិធី​អបអរ​សាទរ​ទិវា​គ្រូ​បង្រៀន​ពិភព​លោក​ ​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នាថ្ងៃទី​៥ ខែតុលា​ ​ឆ្នាំ២០១៨​ នៅ​សួនច្បារ​វត្តភ្នំ។ សមាគម​គ្រូ​បង្រៀន​ក៏​បាន​បញ្ជាក់​ថា​ ​នឹងមានការ​ដង្ហែ​ក្បួន​ចេញ​ពី​សួនច្បារ​វត្តភ្នំ​ ​ដើម្បី​ដាក់​ញ្ញត្តិ​ជូន​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​និង​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ផងដែរ។​

​លិខិត​នោះ​ត្រូវ​បាន​សរសេរ​បញ្ជាក់​ក្នុង​ន័យ​ដើម​ថា៖​

​«ទិវាគ្រូ​បង្រៀន​ពិភព​លោក​ឆ្នាំ​នេះ​ ​លើក​យក​ប្រធាន​បទ​ ​«សិទ្ធិ​ទទួល​បាន​ការអប់រំ​ ​និង​សិទ្ធិ​ទទួល​បាន​គ្រូ​បង្រៀន​មាន​គុណភាព‍» និង​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​សមាជិក​ ​សមាជិកា​សមាគម​ ​លោកគ្រូ អ្នកគ្រូ​ ​យុវជន​ ​សិស្ស​ ​និស្សិត​ ​សហជីព​ ​អង្គការ​សង្គមស៊ីវិល​ ​អន្តរជាតិ​ និង​ប្រជាពល​រដ្ឋ​សរុប​យ៉ាងតិច​ចំនួន​ ​១៥០នាក់»។​

ក្រោយ​ការដាក់លិខិត ​អ្នកនាំពាក្យសាលា​រាជធានី​ភ្នំពេញ​ ​លោក​ ម៉េត មាសភក្តី​ ​បានប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ថា​ សាលា​រាជធានី​មិន​អនុញ្ញាត​ឲ្យសមាគម​គ្រូ​បង្រៀន​ឯករាជ្យ​ជួប​ជុំនៅ​វត្តភ្នំ និង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ហែ​ក្បួនដើម្បី​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភព​លោក​នៅ​ថ្ងៃទី​៥​ ​ខែតុលា​ ​ឆ្នាំ​២០១៨នោះ​ទេ។​

អ្នកស្រី​ ​អ៊ុក ឆាយ៉ាវី​ ​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ​ប្រាប់​ ​VOA​ ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ​ការ​ហាម​ឃាត់​មិន​ឲ្យ​សមាគម​ប្រារព្ធ​ទិវាគ្រូ​បង្រៀនពិភព​លោក​នៅ​វត្តភ្នំ​ ​និង​មិន​ឲ្យ​ហែក្បួន​ដើម្បី​ដាក់​ញត្តិ​ទៅ​ក្រសួង​ ​គឺ​ជា​ការ​រឹត​ត្បិត​សេរីភាព​ ​និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គ្រូ​បង្រៀន​នៅ​កម្ពុជា។​ ​អ្នកស្រី​បន្ថែម​ថា​ ​លិខិត​នោះ​ជា​ការ​ជូន​ដំណឹង​ ​ដូច្នេះ​បើទោះបី​ជា​សាលា​រាជធានី​មិន​អនុញ្ញាត​ ​សមាគម​របស់​អ្នកស្រី​នឹង​នៅ​តែ​ប្រារព្ធ​តាម​ការ​គ្រោង​ទុក។​

អ្នកស្រី​បញ្ជាក់​ថា៖​

«បើ​សាលា​ក្រុង​រាជធានី​មិន​ឲ្យ​អនុញ្ញាត​បាន​ន័យ​ថា​ ​សិទ្ធិ​សេរី​ភាព​នៅ​ប្រទេសកម្ពុ​ជា​ត្រូវ​បាន​ហាម​ឃាត់​បាត់​ទៅ​ហើយ។​ ​នេះ​សូម្បី​តែ​យើង​ខ្ញុំ​ជាគ្រូ​បង្រៀន​ ​ក៏​យើង​ខ្ញុំ​អត់​បាន​ហែ​ក្បួន​ ​ទាមទារ​សិទ្ធិ​សេរី​ភាព​ ​ក្នុងការ​ជួយ​ធ្វើ​ឲ្យ​សង្គម​ជាតិ​ដើម្បីផ្លាស់ប្តូរ​បាន​គុណភាព​អប់រំ​ផង។​ ​ចុះ​ទម្រាំ​ប្រជា​ពលរដ្ឋ?​ ​តើ​សិទ្ធិ​សេរី​ភាពនៅ​ត្រង់ណា​សម្រាប់​ពួកគាត់?​ ​នេះ​ធ្វើ​ឲ្យ​ឆាក​អន្តរជាតិ​កាន់​តែ​ឃើញ​ថា​ សិទ្ធិ​រឹតត្បិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​បាត់​បង់​បាត់​ទៅ​ហើយ»។​

VOA​ ​បាន​ព្យាយាម​ទាក់ទង​សុំ​ការ​បញ្ជាក់​ពី​លោក​ ​ម៉េត មាសភក្តី​ ​ជា​ច្រើន​ដង​ ​ប៉ុន្តែ​លោកមិន​ទទួល​ទូរស័ព្ទ​រហូត​ដល់​ល្ងាច​ថ្ងៃអង្គារ​នេះ។​ ​ចំណែក​លោក​ ​មាន ច័ន្ទយ៉ាដា​ ​អភិបាល​រង​សាលា​រាជធានី ប្រាប់​ថា​ លោក​មិនមាន​តួនាទី​ឆ្លើយ​ជាមួយ​អ្នកសារ​ព័ត៌មាន​ក្រៅ​តែ​ពី​អ្នក​នាំពាក្យ​នោះទេ៕