ទីភ្នាក់ងារស៊ើបការសម្ងាត់ស.រ.អ. CIA និយាយថា អាគារមានកំផែងព័ទ្ធជុំវិញក្នុងប្រទេសប៉ាគីស្ថាន ដែលនៅទីនោះ Osama bin Laden បានត្រូវសម្លាប់ដោយកងកុម្មង់ដូអាមេរិកាំងកាលពីថ្ងៃចន្ទទី២ឧសភាជាមជ្ឈមណ្ឌលបញ្ជាការនិងត្រួតត្រាដ៏សកម្មមួយសម្រាប់អង្គការ al-Qaida ហើយថា bin-Laden មិនមែនគ្រាន់តែជាមេដឹកនាំយុទ្ធសាស្ត្រ ឬជាមេដឹកនាំបំផុសគំនិតសម្រាប់ក្រុមភេរវជននេះទេ។ មន្ត្រីផ្នែកស៊ើបការសម្ងាត់ជាន់ខ្ពស់ម្នាក់ បានធ្វើអត្ថាធិប្បាយទាំងនេះ នៅក្នុងការនិយាយត្រួសៗមួយ នៅឯក្រសួងការពារប្រទេសស.រ.អ កាលពីពេលថ្មីៗនេះ ដែលនៅពេលនោះលោកក៏បានផ្សាយវីដេអូ៥របស់ bin-Laden ដែលបានត្រូវរឹបអូសយកបានក្នុងការឆ្មក់វាយប្រហារនោះ។
មន្ត្រីរូបនេះ ដែលបាននិយាយដោយមានលក្ខខ័ណ្ឌមិនឱ្យគេបញ្ចេញឈ្មោះ បានថ្លែងថាសម្ភារៈដែលបានត្រូវយកដោយពួកអ្នកធ្វើការវាយប្រហារនោះ ជាការប្រមូលព័ត៌មានដ៏ធំបំផុត ដែលបានត្រូវរឹបអូសយកបាន ពីមេដឹកនាំភេរវជនជាន់ខ្ពស់ម្នាក់។ លោកបានពោលថាមានសម្ភារៈច្រើនណាស់ដែលពួកមន្ត្រីកំពុងរៀបចំជាក្រុម។
មន្ត្រីរូបនេះនិយាយថាសម្ភារៈនេះផ្តល់រួចស្រេចហើយ នូវអ្វីដែលលោកហៅថាព័ត៌មាន «សំខាន់ៗខ្លះ» និង “ការយល់ធ្លុះជ្រៅ» អំពីកិច្ចប្រតិបត្តិការរបស់ពួក al-Qaida។ លោកមិនបាននិយាយចំៗទេ ក៏ប៉ុន្តែលោកបានថ្លែងថា ព័ត៌មានបញ្ជាក់ថា bin Laden មានទាក់ទិននឹងការបំផុសគំនិត សម្រាប់ការវាយប្រហារភេរវកម្មលើស.រ.អ. និងនៅទូទាំងពិភពលោក ដោយផ្តល់ការណែនាំខាងកលយុទ្ធនិងខាងកិច្ចប្រតិបត្តិការ ព្រមទាំងបានបញ្ជាកិច្ចប្រតិបត្តិការប្រចាំថ្ងៃផងដែរ។ លោកបានថ្លែងថា bin Laden មិនមែនគ្រាន់តែជាមេដឹកនាំតែឈ្មោះ ឬជាអ្នកយុទ្ធសាស្ត្រដូចដែលមនុស្សខ្លះ បានគិតនោះទេ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយជាលាយល័ក្ខអក្សរ លោក Leon Panetta នាយកទីភ្នាក់ងារ CIA បានមានប្រសាសន៍ថា «រឿងទាំងអស់នេះបញ្ជាក់ថែមទៀត អំពីសារៈសំខាន់នៃការតាមរក bin Laden»។
មន្ត្រីរូបនេះដែលនិយាយដោយមានល័ក្ខខណ្ឌមិនឱ្យគេបញ្ចេញឈ្មោះ បានពោលថា bin Laden នៅតែយកចិត្តទុកដាក់ ជាពិសេសដល់ការវាយប្រហារលើកន្លែងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធឯទៀតៗ គឺទីដៅដែលពួក al-Qaida បានវាយប្រហារកាលពីពេលមុនៗ។ លោកបាននិយាយថា bin Laden បានចាត់ចែងអង្គការរបស់គាត់ តាមរយៈពួកអ្នកនាំសារដែលដោយអចេតនាបាននាំពួកអ្នកស៊ើបអង្កេតស.រ.អ. ទៅកាន់អាគារមានកំផែងព័ទ្ធជុំវិញនោះ ដែលគ្មានទូរសព្ទឬ Internet ទេ។
វីដេអូមួយក្នុងបណ្តាវីដេអូ ដែលបានត្រូវផ្សាយដែលបានថត ក្នុងពេលមិនប្រុងប្រយ័ត្នមួយ បង្ហាញឱ្យឃើញ bin Laden មានពុកចង្កាស្កូវកំពុងមើលទូរទស្សន៍។គាត់ពាក់មួកកន្តិបខ្មៅមួយ ហើយដណ្តំផួយប្រផេះមួយ។គាត់បានធ្វើកាយវិការឱ្យអ្នកកាន់ camera ថតទូរទស្សន៍ដែលគាត់ជ្រើសរើសប៉ុស្តិនានា ដែលកំពុងផ្សាយដំណឹងខ្លះអំពីគាត់។ ទីភ្នាក់ងារ CIA បានលប់ចោលសំទ្បេងពីវីដេអូទាំងនេះ។
វីដេអូមួយទៀត ជាសារមួយទៅកាន់ស.រ.អ. ដែលមន្ត្រីផ្នែកស៊ើបការសម្ងាត់នេះនិយាយថា មានរួមបញ្ចូលការរិះគន់ជាធម្មតា ដល់គោលនយោបាយស.រ.អ.និងប្រព័ន្ធសេដ្ឋកិច្ចមូលធននិយម។ នៅក្នុងវីដេអូនោះពុកចង្កាមានព៌ណខ្មៅ ដែលមន្ត្រីនេះនិយាយថាបញ្ជាក់ថា bin Laden បានលាបដើម្បីថែរក្សាមុខមាត់សាធារណៈរបស់គាត់។ មន្ត្រីរូបនេះនិយាយថា ពុកចង្ការបស់ bin Laden មានស្កូវនៅពេលគាត់ត្រូវសម្លាប់។ មន្ត្រីនេះថ្លែងថាវីដេអូនោះបានត្រូវថត កាលពីចុងឆ្នាំទៅមិញ ក៏ប៉ុន្តែគ្មានថ្ងៃខែទេ នៅលើការដកស្រង់ឯទៀតៗ។ វីដេអូបីទៀតបង្ហាញការហាត់សមអានសារ ឬរូបភាពដែលកាត់ចេញពីសារក្នុងវីដេអូ។
មន្ត្រីស៊ើបការសម្ងាត់ស.រ.អ.ជាន់ខ្ពស់រូបនេះនិយាយថា ក្រុមទាហាននេះ ក៏បានយកសំណៅក្នុង computer និងសំណៅជាក្រដាសនៃសំបុត្រផ្ទាល់ខ្លួន មកកាន់ bin Laden និងពី bin Laden។ លោកបានថ្លែងថា វីដេអូនិងឯកសារបែបនេះមិនទំនងជារបស់នរណា ក្រៅពីរបស់ bin Laden ខ្លួនឯងទេ។ មន្ត្រីរូបនេះក៏បានផ្តល់សេចក្តីល្អិតល្អន់ អំពីការរកអត្តសញ្ញាណជាផ្លូវការ នៃសាកសពរបស់ bin Laden នៅក្រោយពួកកុម្មង់ដូអាមេរិកាំង បានសម្លាប់គាត់។ លោកថ្លែងថា software ដ៏ទំនើបដើម្បីពិនិត្យមើលមុខ បានផ្តល់ភាពដូចគ្នា ៩៥ភាគរយ នឹងរូបថតរបស់ bin Laden។ហើយលោកបានរាយការណ៍ថា ការធ្វើវិភាគពីរដាច់ដោយទ្បែកពីគ្នា នៃ DNA ពីសាកសពនេះ ត្រូវគ្នានឹងប្រវត្តិខាងពន្ធុ ប្រមូលមកពីសមាជិកមួយចំនួន នៃគ្រួសារ bin Laden ជាមួយអ្វីដែលលោកហៅថា ឱកាសខុសមួយក្នុងមួយលានពាន់លាន។
ប្រែសម្រួលដោយ ឈឹមសុមេធ