លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរអាចនឹងត្រូវឃាត់ខ្លួនក្នុងថ្ងៃសាកសួរ ប្រសិនបើតុលាការរកឃើញថា លោកប្រើមធ្យោបាយទុច្ចរិតដើម្បីស្វែងរកព័ត៌មាន។ អ្នកជំនាញផ្នែកសារព័ត៌មានលើកឡើងថា ប្រសិនបើលោក ជុន ច័ន្ទបុត្រ ត្រូវបានតុលាការចោទប្រកាន់ដោយសារការបន្លំខ្លួនចូលយកព័ត៌មានពីក្នុងពន្ធនាគារ នោះនឹងធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នកសារព័ត៌មានផ្សេងទៀត។
អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃច័ន្ទនេះ លើកឡើងថា តុលាការអាចនឹងឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ក្នុងថ្ងៃបើកការសាកសួរ ប្រសិនបើរកឃើញថា ការចូលក្នុងពន្ធនាគារជាមួយតំណាងរាស្រ្តគណបក្សប្រឆាំងកាលពីសបា្តហ៍មុន គឺជាសកម្មភាពផ្ទុយនឹងច្បាប់ព្រហ្មទណ្ឌ។
កាលពីថ្ងៃសុក្រសប្តាហ៍មុន សាលាដំបូងរាជធានីភ្នំពេញបានកោះហៅឈ្មោះ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ក្នុងនាមជាជនសង្ស័យ ឲ្យចូលបំភ្លឺនៅតុលាការ នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ដើម្បីសាកសួរពីដំណើររឿង ផ្តល់សេចក្តីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលក្នុងពន្ធនាគារ។ ការចេញដីកាកោះហៅនេះ កើតឡើងបន្ទាប់ពីលោក ហួត ឃីនវុទ្ធី ដែលត្រូវបានគេស្គាល់ជាទូទៅថាជាលោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ បានចូលទៅក្នុងពន្ធនាគារព្រៃសជាមួយក្រុមតំណាងរាស្រ្តគណបក្សប្រឆាំង នៅពេលតំណាងរាស្រ្តទាំងនោះចូលសួរសុខទុក្ខសកម្មជនទាំង១៦នាក់របស់បក្សដែលកំពុងជាប់ឃុំ។
លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ VOA នារសៀលថ្ងៃច័ន្ទនេះថា ការចេញចូលពន្ធនាគារ ត្រូវអនុវត្តតាមច្បាប់ ជៀសវាងភាពអសន្តិសុខណាមួយកើតឡើង ដូច្នេះលោកថា រាល់ការបន្លំខ្លួនចូលក្នុងពន្ធនាគារ ជាសកម្មភាពធ្វើឲ្យប៉ះពាល់ដល់សង្គម។ លោកបន្ថែមថា តុលាការអាចឃាត់ខ្លួនលោក ជុន ច័ន្ទបុត្រ នៅថ្ងៃសាកសួរ ប្រសិនបើតំណាងអយ្យការរកឃើញភស្តុតាងពាក់ព័ន្ធនឹងសកម្មភាពចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ ថាជាបទល្មើសព្រហ្មទណ្ឌ បើទោះបីជាការចូលក្នុងពន្ធនាគារនោះ ធ្វើឡើងក្នុងគោលបំណងប្រមូលព័ត៌មានក៏ដោយ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖
«អ្នកសារព័ត៌មាន មានសិទ្ធិនៅក្នុងការស្វែងរកព័ត៌មានរបស់ខ្លួន ក៏ប៉ុន្តែមធ្យោបាយស្វែងរកព័ត៌មានទាំងនោះត្រូវតែជាមធ្យោបាយស្របច្បាប់ ប្រសិនជាមធ្យោបាយនេះ ជាមធ្យោបាយទុច្ចរិត មិនថាមធ្យោបាយណាមួយនោះទេ ឲ្យតែមធ្យោបាយទុច្ចរិត នោះនឹងប្រឈមទៅនឹងច្បាប់ហើយ»។
ក្រសួងមហាផ្ទៃបញ្ជាក់ថា លោក ជុន ច័ន្ទបុត្រ បានក្លែងឈ្មោះ និងតួនាទី ដើម្បីចូលក្នុងពន្ធនាគារ ជាមួយតំណាងរាស្រ្តគណបក្សប្រឆាំង ដែលក្រសួងអះអាងថា ជាទង្វើខុសនឹងច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា ច្បាប់ស្តីពីពន្ធនាគារ និងក្រមព្រហ្មទណ្ឌ។
ទោះជាយ៉ាងណា លោក ជុន ច័ន្ទបុត្រ បានច្រានចោលការចោទប្រកាន់នេះ។
លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរ ថា លោកបានត្រៀមខ្លួនឆ្លើយបំភ្លឺនៅតុលាការទៅតាមកាលបរិច្ឆេទនៃការកោះហៅ។ លោកបន្ថែមថា លោកនឹងឆ្លើយទៅតាមការពិតពាក់ព័ន្ធនឹងសកម្មភាព និងមូលហេតុនៃការចូលក្នុងពន្ធនាគារក្នុងពេលនោះ។
លោក ជុន ច័ន្ទបុត្រ ពន្យល់ប្រាប់ VOA ថា៖
«ជាអ្នកកាសែតគ្រាន់តែចង់ប៉ុណ្ណឹងថា តើអ្នកទោសនយោបាយ ឬមួយក៏អ្នកទោសដែលគេចោទថា មានប្រព្រឹត្តបទឧក្រិដ្ឋ ហើយម្ខាងទៀតចោទថា មិនមែនជាអ្នកទោសឧក្រិដ្ឋទេ ជាអ្នកទោសនយោបាយ ថាតើស្ថានភាពពួកគាត់យ៉ាងម៉េច?»។
នេះមិនមែនជាលើកទី១ទេ ដែលអ្នកសារព័ត៌មាននៅកម្ពុជារងបណ្តឹងតុលាការពីរដ្ឋាភិបាល។ អ្នកសារព័ត៌មានផ្សេងទៀតដែលរងបណ្តឹងដែរនោះ ជាអ្នកដែលសរសេរ និងផ្សព្វផ្សាយព័ត៌មានពីភាពអវិជ្ជមាននៃការដឹកនាំរបស់រដ្ឋាភិបាល។
លោក មឿន ឈានណារិទ្ធ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន លើកឡើងថា អ្នកសារព័ត៌មានមានតួនាទីស្វែងរកការពិតយកមកផ្សព្វផ្សាយ ដើម្បីជួយដល់រដ្ឋាភិបាលអាចដោះស្រាយបញ្ហាបានទាន់ពេល។ លោកបន្ថែមថា ប្រសិនបើលោក ជុន ច័ន្ទបុត្រ ត្រូវបានតុលាការចោទប្រកាន់ ឬឃុំខ្លួនដោយសារការបន្លំខ្លួនចូលយកព័ត៌មានពីក្នុងពន្ធនាគារមកផ្សព្វផ្សាយ នោះនឹងធ្វើឲ្យប៉ះពាល់ដល់ការងាររបស់អ្នកសារព័ត៌មានផ្សេងទៀត។
លោកមានប្រសាសន៍ថា៖
«ករណីលោក ជុន ច័ន្ទបុត្រ មិនគួរមានការដាក់ទោសចំពោះគាត់ទេ ព្រោះអីបើសិនជាគាត់មានគោលបំណងតែមួយគត់ដើម្បីស្វែងរកព័ត៌មាន ដូចជាការជួយដល់ទាំងមន្រ្តីពន្ធនាគារផង ជួយដល់ក្រសួងមហាផ្ទៃផង ជួយដល់រាជរដ្ឋាភិបាលផង កុំឲ្យគេចេះតែចោទដល់រាជរដ្ឋាភិបាល ឬក៏ក្រសួងមហាផ្ទៃ ក៏ដូចជាពន្ធនាគារថា ធ្វើទុក្ខបុកម្នេញអ្នកទោស ឬសកម្មជនសិទ្ធិមនុស្សជាដើម។ អញ្ចឹងបានលោក ជុន ច័ន្ទបុត្រ ចូលទៅ គាត់នឹងស្វែងរកការពិតជួយបំភ្លឺដល់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងពន្ធនាគារវិញ»។
ពាក់ព័ន្ធនឹងសំណុំរឿងនៃការចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ នេះ សាលាដំបូងរាជធានីភ្នំពេញក៏បានកោះហៅតំណាងរាស្រ្តគណបក្សប្រឆាំង២រូប គឺលោកស្រី មូរ សុខហួរ និងលោក ឡុង រី ឲ្យធ្វើជាសាក្សីផងដែរ៕