អ្នក​ជំនាញ​វេជ្ជសាស្ត្រ៖ ការ​សេព​គ្រឿង​ស្រវឹងហួសហេតុ​ជា​ឃាតក​ខាង​សុខភាព​ផ្លូវកាយ​និង​ផ្លូវ​ចិត្ត

រូបឯកសារ៖ អ្នក​លក់​ស្រាបៀរម្នាក់កំពុងលើក​ស្រា​ជូន​អតិថិជន។

រាជធានី​ភ្នំពេញ — ស្រាថ្នាំ ស្រាបៀរ គ្រឿង​ស្រវឹង​ដទៃ​ទៀត បាន​រំញោច​ឲ្យ​អ្នក​ផឹក​រីករាយ រំសាយ​បញ្ហា​ក្នុង​ចិត្ត។ ប៉ុន្តែ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត អ្នក​ជំងឺ​ជាច្រើន​នាក់​កំពុងតែ​ឈឺចាប់​និង​ស្ថិត​ក្នុង​សភាព​ធ្ងន់ធ្ងរ ក្រោយពី​សេព​គ្រឿង​ស្រវឹង​យ៉ាង​ជោគជាំ​ជាច្រើន​ឆ្នាំ​រួច​មក។ ពួកគេ​បាន​ចាប់ផ្តើម​រីករាយ​ជាមួយ​គ្រឿង​ស្រវឹង​ក្នុង​ពេល​យុវវ័យ តែ​អាច​បញ្ចប់​ភាព​រីករាយ​នេះ​នៅ​លើ​គ្រែ​ក្នុង​មន្ទីរពេទ្យ នៅ​ក្នុង​មជ្ឈឹម​វ័យ។

ក្នុង​វ័យ​៤០​ឆ្នាំ លោក​ប៊ុន រឿន បាន​ចំណាយពេល​ប្រហែល​ជា​១៥​ឆ្នាំ​ ទទួល​ទាន​ស្រាបៀរ​ស្ទើរ​រាល់​ថ្ងៃ។ លោក​ពោល​ថា ក្នុង​មួយ​ខែ​៣០​ថ្ងៃ លោក​បាន​ចំណាយ​ពេល​២៥​ថ្ងៃ ដើម្បី​ស៊ីផឹក​ជាមួយ​មិត្តភក្តិ។ ហើយ​ក្នុង​ការ​ផឹក​ស្រាបៀរ​ម្តងៗ លោក​អាច​ផឹក​រហូត​ដល់​២០​កំប៉ុង។

ប៉ុន្តែ​នាពេលនេះ បុគ្គលិក​សាធារណៈ​រូប​នេះ​កំពុងស្នាក់​នៅ​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ដើម្បី​ព្យាបាល​រោគ​ថ្លើម​ក្រិន។

ជា​ឪពុក​របស់​កូនស្រីតូច​មួយ អាយុ​២ឆ្នាំ លោក​ប៊ុន រឿន និយាយ​ទាំង​អួល​ដើម​ក​ថា៖ «ហើម​ពោះ​តឹង​អង្គុយ​ហត់ ជួនកាល​យើង​បត់​ជើង​មិន​សូវ​ចេញ នោម​ខ្ញុំ​ធ្វើ​ទុក្ខ​យូរ ហើយ​ចេះ​តែ​ក្អួត ក៏ប៉ុន្តែ​ខ្ញុំ​មិន​ចាប់​អារម្មណ៍​ ថ្លើម​យើង​វា​លែង​ទទួល​ចំណី​ណា​ដែល​នេះ​ទៅ​វា​ត្រូវការ​ក្អួត​មក​វិញ ចេញ​ពី​ពេទ្យ​វិញ​ឈប់​ហើយ តែ​វា​ហួសពេល​ហើយ វា​មាន​ជំងឺ​នេះ​ទៅ​ហើយ ស្តាយ​ក៏​ហួស​ពេលដែល​យើង​ឈឺ​ខាត​ពេល តាំងពី​បងប្អូន​តាំងពី​ប្រពន្ធ​គេ​មក​ថែរក្សា​យើង គេ​មក​មើល​យើង ខាត​ទាំង​លុយ ខាត​ទាំង​ការងារ​ទាំងអស់ ការងារ​ត្រូវចោល​ទាំងអស់‍»។

អ្នកស្រី ចាន់ នឿន អ្នក​ជំងឺ​ក្រិន​ថ្លើម​ដោយសារ​គ្រឿង​ស្រវឹង កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូរៀត រាជធានី​ភ្នំពេញ។ (ធីតា វីន/VOA)

នៅក្នុង​បន្ទប់​មួយ​ទៀត​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត អ្នកស្រី​ចាន់ នឿន អាយុ​៤២​ឆ្នាំ ស្ថិត​នៅក្នុង​សភាព​ស្គមស្គាំង ស្លេកស្លាំង ស្បែក​ដណ្តប់​ឆ្អឹង និង​គ្មាន​កម្លាំង​កំហែង​នោះ​ទេ។ អតីត​អ្នក​លក់​ដំឡូង​ស្ងោរ​រូបនេះ​បាន​ផឹក​ស្រា​ថ្នាំ ក្នុង​មួយ​ថ្ងៃ​មួយ​លីត្រ​ជា​ប្រចាំ​កាលពី​ជាង​ដប់​ឆ្នាំ​មុន។

ប៉ុន្តែ​នាពេលនេះ អ្នកស្រី ចាន់ នឿន ត្រូវ​សណ្តូក​ខ្លួន​លើ​គ្រែមួយ ដែល​មាន​ទទឹង​ប្រមាណ​ជា​៨០សង់ទីម៉ែត្រ គ្រប​ដោយ​កម្រាល​កៅស៊ូ​ពណ៌ខ្មៅ ក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត នៅ​ទីក្រុង​ភ្នំពេញ។

អ្នកស្រី​មិនអាច​ក្រោក​អង្គុយ​បាន​ទេ។ សូម្បីតែ​និយាយ​ក៏​អ្នកស្រី​ស្ទើរតែ​មិនអាច​ហើប​មាត់​និយាយ​បាន​ផង។ មាន​កូន​បួន​នាក់ អ្នកស្រី ចាន់ នឿន កំពុង​រួមរឹត​ដោយ​ជំងឺ​ជា​ច្រើន ដែល​គ្រូពេទ្យ​អះអាង​ថា​បណ្តាល​មកពី​ការ​សេព​សុរា​ជាច្រើនឆ្នាំ​របស់​គាត់។ នោះ​គឺ​ជំងឺក្រិនថ្លើម ទាច​ទឹក ហើម​ពោះ ហើម​ដៃ និង​ហើម​ជើង។

អ្នកស្រី​បាន​ថ្ងូរ​ថា៖ «វា​ឈឺ ធ្វើ​ទុក្ខ​ក្នុង​ខ្លួន ខ្លួនឯង​គ្មាន​នរណា​គេ​មក​មើល​យើង​ទេ ដឹងចឹង​ក៏​មិន​ផឹក​ដែរ ដឹង​ថា​ពិបាក​ចឹង​ក៏​មិន​ផឹក​ដែរ ស្តាយ​ក្រោយ​ណាស់ វា​ឈឺ​ក្នុង​ពោះ ក្បាល​ពោះ​ខ្លាំង​បាន​ស្រែក​ឲ្យ​គេ​ឮ យប់​មិញ​គ្មាន​បាន​ដេក​ទេ បងប្អូន​ជិតខាង​កុំ​ឲ្យ​ផឹក​ដូច​ខ្ញុំ‍»។

នៅតាម​អគារ​សម្រាក​ព្យាបាល​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត អ្នក​ជំងឺ​មួយ​ចំនួន​កំពុងតែ​ដេក​ថ្ងូរ​ដោយសារ​ការ​ឈឺចាប់។ អ្នក​ជំងឺ​ខ្លះ​មាន​សភាព​ស្គម​នៅសល់​តែ​ស្បែក​ដណ្តប់​ឆ្អឹង តែ​ពោះ​មាន​លក្ខណៈ​ប៉ោង​ណែន​ធំ។ ហើយ​អ្នកជំងឺ​ខ្លះទៀត​មាន​សភាព​ធាត់​ជ្រុល រួមទាំង​មាន​ការ​ហើម​មុខ ដៃ ជើង​ផង​ដែរ។ រីឯ​អ្នក​ជំងឺ​មួយ​ចំនួន​ទៀត​កំពុង​មាន​ដុំសាច់​មហារីក​នៅថ្លើម​ក្នុង​ដំណាក់កាល​ចុងក្រោយ។ អ្នក​ជំងឺ​ទាំងអស់​នេះ​គឺ​ឈឺ​បណ្តាលមក​ពី​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ជ្រុល​ហួសហេតុ​ជាច្រើន​ឆ្នាំ។ នេះ​បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

លោកវេជ្ជ​បណ្ឌិត ឆាយ គឹមប៉ាវ ឯកទេសថ្លើម ក្រពះ ពោះវៀន ឬសដូងបាត និង​ជា​នាយក​ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូរៀត រាជធានី​ភ្នំពេញ។ (ធីតា វីន/VOA)

លោកវេជ្ជបណ្ឌិត ឆាយ គឹមប៉ាវ ឯកទេស​ថ្លើម ក្រពះ ពោះវៀន ឫសដូងបាត និង​ជា​នាយក​ផ្នែក​ជំងឺ​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត មាន​ប្រសាសន៍​ថា គ្រឿង​ស្រវឹង ឬ​សុរា ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​យូរ​អង្វែង។ ហើយ​អ្នកជំងឺ​ដែល​ប៉ះពាល់​ដោយ​សារ​គ្រឿង​ស្រវឹង​ដែល​ចូលមក​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ ភាគច្រើន​មាន​បញ្ហា​ទាក់ទង​ទៅនឹង​ថ្លើម ដូចជា​រលាក​ថ្លើម ទាច​ទឹក ក្រិនថ្លើម និង​មហារីកថ្លើម​ជា​ដើម។

«ជាទូទៅ នៅក្នុង​មន្ទីរពេទ្យ​នេះ យើង​មាន​ទទួល​ជំងឺក្រិនថ្លើម​មាន​ច្រើន សុរា​នៅតែ​ជា​តួនាទី​ទី១​នៅក្នុង​ការ​ដែល​ធ្វើឲ្យ​អ្នក​ជំងឺក្រិន​ថ្លើម ហើយ​រាល់អ្នក​ដែល​ក្រិន​ថ្លើម​មក​ដេក​ពេទ្យ គឺ​សុរា​នាំមុខ។ មិនមែន​គាត់​មិន​ដឹង​ទេ គ្រាន់តែ​គាត់​មិនទាន់​ធ្វើ​ទុក្ខ គាត់​មិន​ទទួល​ស្គាល់​នូវ​ផលវិបាក​មកពី​សុរា​ទេ គាត់​ឮ ធ្លាប់​ដឹង​ ​គេ​ប្រាប់​ថា​ចឹង តែ​គាត់​មិន​ជឿ ហើយ​គាត់​អត់ទាន់​ឈឺ​ទៀត គាត់​ម៉េច​ជឿ»។

ក្រុម​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ថា សុរា​បណ្តាល​ឲ្យ​អ្នក​ផឹក​ច្រើន​ជាប្រចាំ​ប្រឈម​មុខ​នឹង​ជំងឺ​មហារីក​បំពង់ក មាត់ បំពង់អាហារ ថ្លើម ពោះវៀន ដោះ ហើយ​ក៏​ប៉ះពាល់​ដល់​បេះដូង ដាច់​សរសៃ​ឈាម ក្រិនថ្លើម រលាក​ក្រពះ រលាក​លំពែង បាត់បង់​ការ​ចងចាំ មាន​វិបត្តិ​នៃ​ការ​គេង​មិន​លក់ មាន​ជំងឺ​ភ័យខ្លាច​តក់ស្លុត ថប់​ដង្ហើម ជំងឺ​ធ្លាក់ទឹក​ចិត្ត និង​វិកល​ចរិក​ជាដើម។

ទោះ​ជា​បែបនេះ​ក្តី​គ្រឿង​ស្រវឹង ជាពិសេស​ស្រាបៀរ​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​តាម​កញ្ចក់​ទូរទស្សន៍ តាម​វិទ្យុ និង​តាម​បណ្តាញ​ផ្សព្វផ្សាយ​ដទៃ​ទៀត រួមទាំង​តាម​ប៉ាណូ​ពាណិជ្ជម្ម​តាមទីសាធារណៈ​ទៀត​ផង។ ការ​ផ្សព្វផ្សាយ​ជាច្រើន​បាន​បង្ហាញ​ពី​រង្វាន់​រហូត​ដល់​៤០លានរៀល ឬ​ស្មើនឹង​ប្រមាណ​១ម៉ឺនដុល្លារ​អាមេរិក ឬ​រង្វាន់​ជា​រថយន្ត​ដែល​មាន​តម្លៃ​ប្រមាណ​ជា​៥​ម៉ឺន​ដុល្លារ​អាមេរិក។

ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ពី​គ្រឿង​ស្រវឹង ដែល​ត្រូវបាន​ហាមឃាត់ ឬ​រឹត​ត្បិត​ក្នុង​ប្រទេស​មួយ​ចំនួន បាន​ស្រូប​យក​ក្រុម​យុវជន​និង​មនុស្ស​វ័យកណ្តាល​ឲ្យ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ទាំងនេះ។ ក្រុម​យុវជន​និង​មនុស្ស​វ័យ​កណ្តាល ជា​ស្នូល​នៃ​កម្លាំង​ពលកម្ម​ដ៏​មាន​សក្តានុពល​ក្នុង​ប្រទេស។

លោក ស៊ីម រី ជា​ឱពុក​របស់​អ្នក​ជំងឺ​វិកល​ចរិក​ដោយសារ​គ្រឿង​ស្រវឹង​ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូរៀត រាជធានី​ភ្នំពេញ។ (ធីតា វីន/VOA)

កូន​ប្រុស​របស់​លោក ស៊ីម រី ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យមិត្តភាព​ខ្មែរ-សូរៀត រាជធានី​ភ្នំពេញ។ (ធីតា វីន/VOA)

លោក​ស៊ឹម រី កសិករ​មក​ពី​ខេត្ត​តាកែវ កំពុង​មើលថែ​កូន​របស់​គាត់ នៅក្នុង​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ-សូវៀត ។ កូន​របស់​គាត់​ត្រូវបាន​ចងដៃ ចងជើង ជាប់​នឹង​គ្រែ ហើយ​ជារឿយៗ​កូន​របស់​គាត់​តែងតែ​បោក​ក្បាល​ទៅ​នឹង​ជញ្ជាំង កាច់ដៃ​កាច់ជើង​ខ្លួនឯង ផ្តួលខ្លួន​ទៅ​នឹង​ដី រត់​ចុះ រត់ឡើង​គ្មាន​គោលដៅ និយាយ​មិនដឹង​ខុសត្រូវ រវើរវាយ និង​និយាយ​តែ​ម្នាក់ឯង។

«មកពី​វា​ផឹក​ហ្នឹង​បាន​សតិអារម្មណ៍​បែក​អស់ បាន​ខ្ញុំ​ថា​ដូច​កូន​ខ្ញុំ ដូច​ពេទ្យ​ទាំង​គ្រាប់​មាស​ទាំង​តម្លឹង​ចឹង ឥឡូវ​វា​ស្តាយ​កូន ដែល​ពេល​អា​កន្លែង​ហ្នឹង កម្លាំង​ខ្ញុំ​អាយុ៦២​ហើយ​ខ្ញុំ​ស្តាយ​កូនខ្ញុំ​ណាស់ ចឹង​បាន​ថា បងប្អូន​កុំ​ធ្វើ​តម្រាប់​តាម​កូន​ខ្ញុំ នៅក្នុង​ផ្ទះ​មាន​គ្នាតែ​៣នាក់​ហ្នឹង ដល់​ពេល​វា​ឈឺ​ទៀត ខ្ញុំ​ខំ​ធ្វើ​បន្លែ សុំដី​គេ​ដាំ​បន្លែ​បន្លុក​ដើម្បី​ចិញ្ចឹម​ជីវិត​២​នាក់​យាយ​តា​ខ្ញុំ​ហ្នឹង ដើម្បី​តស៊ូ​ទៅ​មុខ​ទៀត‍»។

លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា និង​ជា​ប្រធាន​ផ្នែក សុខភាព​ផ្លូវចិត្ត និង​ការ​បំពាន​គ្រឿង​ញៀន​នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត បាន​មាន ប្រសាសន៍​ថា អ្នក​ផឹក​ជា​ច្រើន​បាន​ដឹង​ថា​សុរា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្នែក​រាងកាយ ប៉ុន្តែការ​យល់​ដឹង​របស់​ពួកគេ​អំពី​ផល​ប៉ះពាល់​នៃ​សុរា​លើ​ផ្នែក​សុខភាព​ផ្លូវចិត្ត នៅ​មាន​តិចតួច​ណាស់។

«អ្នក​ដែល​មក​ព្យាបាល​ហ្នឹង​ច្រើន​តែ​រហូត​ដល់​វិកល​ចរិក ដោយសារ​គ្រឿង​ស្រវឹង​កាច​ឡូឡា​នៅផ្ទះ​គាត់​បញ្ចូន​មក​ខួរក្បាល​យើង​បញ្ជា​តួ​កាយ​យើង​ទាំងមូល​ចឹង សរីរាង្គ​កាយ​បងប្អូន​ត្រូវតែ​មាន​ការ​ប្រែប្រួល ដោយសារ​តែ​សារជាតិ​ស្រវឹង​ហ្នឹង​ប្រើ​ទៅ វា​ប៉ះពាល់​ទៅ​ប្រសាទ​កណ្តាល ទៅជា​មាន​ការ​ព្រួយភ័យ ការ​ចងចាំ ការ​គិត​ពិចារណា ការ​ផ្ចង់​អារម្មណ៍​ប៉ះពាល់​ទៅលើ​ដំណេក មិនមែន​ពិសារ​ស្រា​ទៅ​ឲ្យ​គេង​ទេ មិនមែន​ចឹង​ទេ យើង​ត្រូវរក​មូលហេតុ​អី​ឲ្យ​គេង​មិន​លក់‍»។

លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត យឹម សុបុត្រា ឯកទេស​វិកលវិទ្យា និង​ជា​ប្រធាន​ផ្នែក​សុខភាព​ផ្លូវចិត្ត និង​ការ​បំពាន​គ្រឿងញៀន នៃ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូរៀត រាជធានី​ភ្នំពេញ។ (ធីតា វីន/VOA)

ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅក្នុង​ប្រទេស​កម្ពុជា គេ​សង្កេត​ឃើញ​មាន​នៅ​តាម​ពិធី​មង្គលការ ពិធីបុណ្យ ការ​ជួបជុំ​មិត្តភ័ក្តិ​នៅតាម​ភោជនីយដ្ឋាន តាម​ផ្ទះ កម្មវិធី​ជប់លៀង​ផ្សេងៗ ស្របពេល​ដែល​ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​នៅក្នុង​ប្រទេស​នេះ​បាន​បើក​យ៉ាង​ទូលំ​ទូលាយ។

លោក ហេង សាវឿន សាស្ត្រាចារ្យ​ប្រចាំ​សាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ​ផ្នែក​គីមី​វិទ្យា ធ្លា​ប់បាន​សិក្សា​ស្រាវជ្រាវ​ពី​ផលប៉ះពាល់​គ្រឿង​ស្រវឹង​នេះ​ដែរ។ លោក​បាន​ឲ្យ​ដឹងថា ការ​ស្រាវ​ជ្រាវ​នេះ​បាន​បញ្ចូល​ទៅក្នុង​កម្មវិធី​សិក្សា​បង្រៀន​របស់​លោក ដើម្បី​ឲ្យ​កូន​សិស្ស​យល់ដឹង​ពី​ផល​ប៉ះពាល់នៃ​គ្រឿង​ស្រវឹង​នេះ។

សេចក្តី​ព្រាង​ច្បាប់​ស្តី​អំពី​ការ​គ្រប់គ្រង​គ្រឿង​ស្រវឹង​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ដាក់ក្នុង​ការ​ពិចារណា​ជា​យូរ​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​សេចក្តី​ព្រាងច្បាប់​នោះ​នៅ​មិន​ទាន់​ចេញ​ជា​រូបរាង​នៅ​ឡើយ។ ទន្ទឹម​នឹង​ពេល​នេះ​ដែល​ការ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង​ការ​ជំរុញ​ឲ្យ​មាន​ការ​ប្រើប្រាស់​ឲ្យ​បាន​កាន់តែ​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន​លក់​គ្រឿង​ស្រវឹង​កំពុងតែ​មាន​ការ​ប្រជែង​គ្នា​យ៉ាង​ខ្លាំង។

លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​គួរតែ​មាន​ច្បាប់​គ្រប់គ្រង​គ្រឿង​ស្រវឹង​នេះ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ដល់​ប្រជា​ពលរដ្ឋ។

VOA សំឡេង​សហរដ្ឋអាមេរិក​មិន​អាច​សុំ​សេចក្តី​អត្ថាធិប្បាយ​ជុំវិញ​ការ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព ដែល​បង្ក​ឡើង​ដោយ​ការ​សេព​គ្រឿង​ស្រវឹង​ពី​ក្រសួង​សុខាភិបាល​បាន​ទេ អស់​រយៈពេល​ជាង​មួយ​សប្តាហ៍​មក​ហើយ។

ទាំង​លោក​ស្រី ឱ វណ្ណឌីន អគ្គ​នាយក​បច្ចេកទេស​និង​អ្នកនាំពាក្យ​នៃ​ក្រសួង​សុខាភិបាល ទាំង​លោកស្រី ឈៀ ឆដាភា ប្រធាន​មជ្ឈមណ្ឌល​ជាតិ​លើក​កម្ពស់​សុខភាព​នៃ​ក្រសួង​សុខាភិបាល ក៏ដូចជា​លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​នៃ​ក្រសួង​សុខាភិបាល សុទ្ធតែ​បាន​បដិសេធ​ផ្តល់​កិច្ចសម្ភាសន៍។

លោក ម៉ម ប៊ុនហេង ថ្លែងថា លោក​ជាប់​រវល់​ប្រជុំ ‍«ខ្ញុំជាប់ប្រជុំ‍»។

យ៉ាងណា​ក៏ដោយ យោងតាម​តួលេខ​ពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ក្នុង​ចំណោម​អ្នកមាន​ជំងឺ​សរសៃ​ប្រសាទ​ដែល​មក​ពិនិត្យ​ជំងឺ ១.០០០ នាក់​ក្នុង​មួយថ្ងៃ មាន​១៥​ភាគរយ​កើត​ជំងឺ​សរសៃ​ប្រសាទ ដោយសារ​ការ​សេព​គ្រឿង​ស្រវឹង។ ដោយ​ឡែក​ក្នុង​ចំណោម​មនុស្ស​វិកល​ចរិក ១.០០០ នាក់​ដែល​បាន​ចូល​ពិគ្រោះ​យោបល់ មាន​៧នាក់​វិកល​ចរិក​ដោយសារ​ប្រើប្រាស់​គ្រឿង​ស្រវឹង​យូរ​ឆ្នាំ៕