កម្មការិនី​ដែល​រង​របួស​សុំ​ឲ្យ​លោក​ហ៊ុន សែន​ជួយ​ពួក​នាង​ដូច​តារា​ទូរទស្សន៍

  • នៅ វណ្ណារិន

ស្ត្រី​រង​គ្រោះ​បី​រូប​ក្នុង​ករណី​អតីត​អភិបាល​ក្រុង​បាវិត​ ឈូក​ បណ្ឌិត​ បាន​ធ្វើការ​ដាក់​ញាតិ្ត​នៅ​វិមាន​រដ្ឋសភា​និង​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ​សែន​ ជួយ​រក​យុត្តិធម៌​សម្រាប់​រូប​ខ្លួន​ ដោយ​តាម​ចាប់​ជន​ល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​ ដូច​ករណី​អតីត​​តារា​ទូរទស្សន៍ ឯក សុជាតា ផងដែរ។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ ស្ត្រី​រង​គ្រោះ​បីរូប​ ក្នុង​ករណី​បាញ់​ប្រហារ​ប្រព្រឹត្ត​ដោយ​អតីត​ចៅហ្វាយ​ក្រុង​បាវិតឈ្មោះឈូក ​បណ្ឌិត​ បាន​ដាក់​ញត្តិ​នា​វិមាន​រដ្ឋសភា​ និង​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនជួយរក​យុត្តិធម៌​សម្រាប់រូប​ខ្លួន​ ដោយ​សុំឲ្យចាប់​លោក​ឈូក បណ្ឌិត​មក​ទទួល​ទោសតាម​ច្បាប់ ដូច​លោក​សុខ ប៊ុន​ក្នុង​ករណី​នាង​ឯក សុជាតា ឬ​សាសា​ អតីត​ពិធី​ការិនី​ទូរទស្សន៍នោះ​ដែរ។​

​លោក​ឈូក បណ្ឌិត​ត្រូវ​បាន​តុលាការកម្ពុជា​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​កន្លះ​ ​ហើយ​តុលាការ​បាន​បង្គាប់​ឲ្យ​សមត្ថ​កិច្ច​ស្វែង​រក​ចាប់​ខ្លួន​ទណ្ឌិត​រូប​នេះមក​ទទួល​ទោស​តាម​ច្បាប់​ ចាប់​តាំង​ពី​ឆ្នាំ​២០១៣​មក​ម្ល៉េះ។ តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​បង់​សំណង​ជា​ប្រាក់​ដល់​ជន​រង​គ្រោះ​ទាំង​បី​នាក់​ដែល​រួម​មាន៖ ​នាង​ប៊ុន ចិន្តា​ នាង​នុត ​សាខន​ និង​នាង​កែវ នា​ពី​២.០០០​ដុល្លារ​ទៅ​៥.០០០​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ក្នុង​ម្នាក់ៗ។​

បន្ទាប់​ពី​បាន​ដាក់​ញត្តិ​របស់​ខ្លួន​នៅ​រដ្ឋ​សភា​ ជន​រង​គ្រោះ​ទាំង​បី​រូប​បានប្រាប់​អ្នក​សារ​ព័ត៌មាន​ថា ​ពួក​គាត់​នៅតែ​មិនទាន់បាន​យុត្តិធម៌​នៅ​ឡើយ​ ដោយ​អាជ្ញាធរ​មិន​ទាន់​ចាប់​ខ្លួន​លោក​ឈូក បណ្ឌិត​នៅ​ឡើយ។​ ហើយ​ពួក​គាត់​នៅ​តែ​រស់​នៅ​ក្នុង​ភាព​ភិតភ័យ​ និង​ការឈឺ​ចាប់។​

ស្ថិត​ក្នុង​ភាព​ក្តុកក្តួល​ អ្នកស្រី​នុត សាខន​បាន​ថ្លែង​ថា ​រូប​គាត់ និង​ជនរង​គ្រោះ​ពីរ​រូប​ផ្សេង​ទៀត ​ចង់​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ធ្វើ​អន្តរាគមន៍​ដូច​ករណី​កញ្ញា​សាសា​ ឬ​ឯក សុជាតា ​អតីត​ពិធី​ការិនី​ទូរទស្សន៍​ដែល​ត្រូវ​បាន​ឧកញ៉ាសុខ ប៊ុន​វាយ​ធ្វើ​បាប​កាល​ពី​ដើម​ខែ​កក្កដា​នេះ។​

«មុខ​របួស​ពួក​ខ្ញុំ​រាល់ថ្ងៃ​នៅ ​សូម្បីតែ​ធ្វើ​ការ​រាល់​ថ្ងៃ​ក៏​មិន​បាន​ពេញ​ដែរ​ ពេលណា​ឈឺ​ឈប់​ នៅ​តែ​សម្តេច​ហ៊ុន សែន​មិន​ជួយ​ស្រែក​សោះ។​ ពួក​ខ្ញុំ​ឈឺ​ចាប់ណាស់​ សូម្បី​តែ​កញ្ញា​សាសា​ហ្នឹងតែ​មួយ​អាទិត្យ​សោះ ​ អាច​ដោះស្រាយ​បាន​ តែ​ពួក​ខ្ញុំ​បី​ឆ្នាំ​មក​ហើយ​នៅតែ​មិន​ទាន់​បាន​យុត្តិធម៌​ទៀត។ ​ពួក​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​សម្តេច​ហ៊ុន សែន​ជួយ​ស្រែក​ដូច​ករណី​កញ្ញា​សាសា»។​

អ្នកស្រី​បាន​បន្ថែម​ថា ​ទោះ​បី​ពួក​គាត់​ជា​កម្មការិនី​រោងចក្រ​ក៏​ដោយ​ ក៏​ពួក​គាត់គួរ​ទទួល​បាន​យុត្តិធម៌​ដូច​ជន​គ្រប់​គ្នា​ដែរ។​

ជាមួយ​គ្នា​នោះ​ដែរ​ ជន​រង​គ្រោះ​ម្នាក់​ទៀត​ លោកស្រី​កែវ នា​ថ្លែង​ថា ​ករណី​របស់​ខ្លួន​គឺ​មាន​រយៈ​ពេល​បី​ឆ្នាំ​កន្លង​មក​ហើយ​ ហើយ​បាន​រស់​ក្នុង​ភាព​ឈឺ​ចាប់ ​និង​ភាព​អយុត្តិធម៌។​

«ពេល​ដែល​ឃើញ​រដ្ឋាភិបាលឱប​ដៃមើល...​ ​មិន​មើល​ជន​រង​គ្រោះ​ទាំង​បី​នាក់​ហ្នឹង​មាន​អារម្មណ៍​ភ័យ​ខ្លាច​ នឹក​ឃើញ​ថា ​គាត់​ ចៅ​ហ្វាយ​ក្រុង​បាវិត​ គាត់​មាន​លុយ​ គាត់​អាច​ជួល​មនុស្ស​មក​បាញ់​សម្លាប់​ពួក​ខ្ញុំ​ពេល​ណា​ក៏​បាន​ដែរ។​ អញ្ចឹង​ពួក​ខ្ញុំ​ជា​ជន​ក្រីក្រ ​មាន​តែ​លើក​ម្រាមដៃ​ដប់​សំណូម​ពរ​ឲ្យ​រដ្ឋាភិបាល​ទាំងអស់​ និង​សម្តេច​តេជោ​ហ៊ុន សែន​និង​ឯក​ឧត្តម​ជួយ​រក​យុត្តិធម៌​ជូន​ពួក​ខ្ញុំ​ទាំង​បីនាក់​ហ្នឹង​ ព្រោះ​ពួក​ខ្ញុំ​មាន​អារម្មណ៍​ឈឺ​ចាប់​ណាស់»។​

លោក​ឈូក បណ្ឌិត ​អតីត​អភិបាល​ក្រុង​បាវិត ​បាន​រត់​គេច​ខ្លួន​ បន្ទាប់​ពី​បាន​បាញ់​កម្មការិនី​ចំនួន​បី​នាក់​រង​របួស​ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​បង្រ្កាប​ការ​តវ៉ា​របស់​ក្រុម​កម្មករ​ ដែល​បាន​ធ្វើ​បាតុកម្មទាម​ទារ​លក្ខខណ្ឌ​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ស្វាយរៀង​ ​កាល​ពី​ថ្ងៃ​ទី​២០​ខែ​កុម្ភៈ​ឆ្នាំ​២០១២។​

លោក​នាយ​ឧត្តម​សេនីយ៍​ខៀវ សុភ័គ​ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ មាន​ប្រសាសន៍​ថា​ រដ្ឋា​ភិបាល​កម្ពុជា​គាំទ្រ​ការ​ដាក់​ញតិ្ត​របស់​ជន​រង​គ្រោះ​ទាំង​បីរូប​ ដើម្បី​រក​យុត្តិធម៌​ ក៏​ប៉ុន្តែ​ករណី​កញ្ញា​សាសា​គឺ​ខុស​ពី​ករណី​របស់​កម្មការិនី​ទាំងបី ​ព្រោះ​ឈូក បណ្ឌិត​ជា​ជន​ល្មើស​មិន​បាន​មក​សារភាព​នៅ​ឡើយ។​ ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​នាយ​ឧត្តម​សេនីយ៍​ បាន​បញ្ជាក់​ថា​ អាជ្ញាធរ​មាន​សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​ទណ្ឌិតឈូក បណ្ឌិត​ដើម្បី​មក​ទទួលទោស​តាម​ច្បាប់។​

«ជា​រួម​ខ្ញុំ​គាំទ្រ​នូវ​អ្វីដែ​លក្មួយ​ទាំង​បីនាក់​ហ្នឹង​បាន​ដាក់​ជូន​ទៅ​រដ្ឋ​សភា​រួច​ហើយ​ ហើយ​នេះ​មិនត្រឹម​តែ​ក្មួយៗ​ដាក់​ទេ​ តែ​សមត្ថ​កិច្ច​របស់​យើង​នឹង​កំពុង​តែ​តាម​រក​ចាប់​ខ្លួន​ឲ្យ​ខាងតែ​បាន។​ នេះគឺ​ជា​ការ​ណែ​នាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​ក្រឡា​ហោម​ឧប​នាយក​រដ្ឋមន្ត្រី។​ សំខាន់​គឺ​យើង​មិន​ទាន់​បាន​ដឹង​ទី​តាំង​ជន​ល្មើស​ វា​លាក់​ខ្លួន​នៅ​ទី​ណា​ទេ។ ​ហើយ​ឈ្លាត​ឱកាស​នេះ ​សូម​អំពាវ​នាវ​ដល់​មិត្ត​អ្នក​ស្តាប់ ​VOA ​ហ្នឹង​បើ​ដឹង​ជន​ល្មើស​ឈូក បណ្ឌិត​នៅ​ទីណា ​សូម​ឲ្យ​សមត្ថកិច្ច​បានដឹង​ផង»។​

ដោយឡែក​លោក​ស្រីឆន សុខា​ មន្ត្រី​កម្ម​វិធី​សិទ្ធិ​ការងារ​នៃ​មជ្ឈ​មណ្ឌល​អប់រំ​ច្បាប់សម្រាប់សហគមន៍​ បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​លោក​ស្រីក៏​ដូច​ជា​ជន​គ្រប់​រូប​ជឿ​ជាក់​ថា អន្តរាគមន៍​ពី​សំណាក់​មន្រ្តី​កំពូល​ក្នុង​ជួរ​រដ្ឋាភិបាល​នឹង​អាច​ធ្វើ​ឲ្យ​មាន​យុត្តិធម៌​យ៉ាង​ឆាប់​រហ័ស​ ដូច​ក្នុង​ករណី​អតីត​ពិធី​ការិនី​សាសា​នោះ​ដែរ។​ ហើយ​លោក​ស្រី​យល់​ថា​ កម្មការិនីទាំង​បី​រូប​នេះ​គួរ​តែ​បាន​ទទួល​យុត្តិធម៌​ផង​ដែរ៕​