កម្មករ​ចំណាកស្រុក​ចិន​ងាក​ទៅ​វិស័យ​ដាំ​កញ្ឆា​នៅសហរដ្ឋអាមេរិក ខណៈ​ការងារ​ក្នុង​វិស័យ​សេវាកម្ម​ធ្លាក់ចុះ

រូបឯកសារ៖ ដើមកញ្ឆានៅក្នុងកសិដ្ឋានដំណាំមួយក្នុងក្រុង Gardena រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៩។

វ៉ាស៊ីនតោន — ជនអន្តោប្រវេសន៍​ចិនម្នាក់​កំពុង​ប្រឈម​នឹង​បទចោទប្រកាន់​គ្រឿង​ញៀន​ បន្ទាប់​ពី​ការ​ចុះ​ឆែកឆេរ​ដាច់​ដោយ​ឡែក​ពី​គ្នាចំនួន​ពីរករណី​នៅ​រដ្ឋ New Mexico សហរដ្ឋ​អាមេរិក បាន​រក​ឃើញ​ប្រតិបត្តិការ​ផលិត​កញ្ឆា និង​បណ្តាញ​កសិដ្ឋានដាំដុះ​កញ្ឆា​លួចលាក់​មួយ និង​បាន​រក​ឃើញ​ជនអន្តោប្រវេសន៍​ចិន​ជា​ច្រើន​នាក់​ កំពុង​ធ្វើការ​នៅ​កន្លែង​ដែល​មាន​ស្តុក​កញ្ឆា​រាប់​តោន។​

កម្មករ​មួយ​ចំនួន​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ចុះ​ឆែកឆេរ​ កាល​ពីខែ​តុលា និង​ខែ​វិច្ឆិកា​ គឺ​មក​ពី​តំបន់​ក្រុង Los Angeles ក្រុង ​Chicago និង​កន្លែង​ដទៃ​ទៀត។ ពួកគេ​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ផ្សាយ​ពាណិជ្ជកម្មមួយ ​ដែល​ស្វែង​រកកម្លាំង​ពលកម្ម​សម្រាប់​បំពេញ​ការងារ​កសិកម្ម។

វត្តមាន​របស់​ពួកគេ​នៅ​ក្នុង​វិស័យ​ផលិត​កញ្ឆា​ ដែល​កំពុង​តែ​រីកចម្រើន​បង្ហាញ​ពី​អ្វី​ដែល​កើត​មាន​នៅ​ពេល​ដែល​ការងារ​ដែល​ជា​រឿយៗ​ជា​ការងារ​របស់​ពលករ​ចំណូល​ថ្មី​បាន​បាត់បង់ ​ក្នុង​អំឡុង​ពេលរាតត្បាតជា​សាកល​នៃ​ជំងឺកូវីដ១៩។ ​ការណ៍​នេះបង្ក​ជា​ស្ថានភាព​អំណោយផល​ សម្រាប់​ការ​កេងប្រវ័ញ្ច​ដោយ​អ្នក​ជ្រើសរើស​មនុស្ស​យក​មក​ធ្វើ​ការងារ និង​និយោជក។

កម្មករ​ចិន​ម្នាក់​បានប្រាប់​គេហទំព័រ​សារព័ត៌មាន​ផ្នែក​ស៊ើបអង្កេត Searchlight New Mexico ថា៖ «គ្រប់គ្នា​បាន​បាត់បង់​ការងារ​ពី​ភោជនីយដ្ឋាន។ តើ​ខ្ញុំ​អាច​រក​ចំណូល​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន​យ៉ាង​ដូចម្តេច​ទៅ?»។​

នៅ​ក្នុង​ចំណោម​កម្មករ​ចិន​រាប់​សិប​នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ការ​ចុះ​ឆែកឆេរ​ចំនួន​ពីរ មាន​តែ​ជន​ឈ្មោះ Guoyun Liao ​ម្នាក់​ប៉ុណ្ណោះ​ ដែល​បាន​រង​ការចោទប្រកាន់មួយ​ចំនួន។​ បទចោទប្រកាន់​ទាំង​នេះ​កើត​ចេញ​ពីការ​ចុះ​ឆែកឆេរ ​កាល​ពីថ្ងៃ​ទី០៨ ខែ​តុលា នៅ​ក្រុង​ Farmington រដ្ឋ New Mexico។ បទចោទប្រកាន់​ប្រឆាំង​នឹង​កម្មករ​ដទៃ​ទៀត​ ត្រូវ​បាន​ទម្លាក់​ចោល។

យោង​តាម​ឯកសារ​តុលាការ​ដែល VOA បាន​ពិនិត្យ បទចោទប្រកាន់​ដែល​ត្រូវ​បាន​កត់ត្រា​ទុក​ភ្លាមៗ បន្ទាប់​ពី​ការ​ចុះ​ឆែកឆេរ​ទាំង​នោះ ​រួម​មាន​ដូចជា​ការ​ជួញដូរ​សារធាតុ​រឹតត្បិត និង​បទ​ឃុបឃិត​ក្នុង​ការ​ចែកចាយ​សារធាតុ​រឹតត្បិត។ សន្និសីទ​សារព័ត៌មាន​មុន​សវនាការ​ត្រូវ​បាន​កំណត់​ឡើង ​នៅ​ថ្ងៃ​ទី១៩ ខែ​មេសា​ នៅ​តុលាការ​សាលាដំបូង Farmington/Aztec។​

មេធាវី​របស់​លោក Liao មិន​បាន​ឆ្លើយ​តបទៅ​នឹង​សំណើ​សុំ​អត្ថាធិប្បាយ​ពី​ VOA នោះ​ទេ។

ការ​ចុះ​ឆែកឆេរ​នៅ​រដ្ឋ New Mexico

ដោយ​ចាត់​វិធានការឆ្លើយតប​ទៅ​នឹង​តម្រុយ​មួយ​ដែល​ផ្ដល់​ឲ្យ​អាជ្ញាធរ​បាន​ចុះ​ឆែកឆេរ​ផ្ទះសំណាក់មួយ​នៅ​ក្រុង Farmington រដ្ឋ New Mexico កាល​ពី​ថ្ងៃ​ទី០៨ ខែ​តុលា។ ប្លាស្ទិក​ក្រាស់​ពណ៌​ខ្មៅត្រូវ​បាន​ដាក់គ្រប​លើ​ឥដ្ឋ​ក្នុង​បន្ទប់​ចំនួន​បី ដោយ​ទំនង​ដូចជា​មាន​កញ្ឆា​រៀប​ដាក់​ពី​លើ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Albuquerque Journal។

អាជ្ញាធរ​បាន​រក​ឃើញ​កញ្ឆា​រៀប​ហាល​នៅ​លើ​ផ្ទាំង​បា្លស្ទិក​នៅ​ក្នុង​បន្ទប់​ចំនួន​បួន​ផ្សេង​ទៀត ហើយ​ថង់​សំរាម​ធំៗ​ចំនួន​ជាង ២៥ មាន​ដាក់​កញ្ឆា។ ការ​ធ្វើ​តេស្ត​ដោយ​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​បញ្ជាក់​ថា វា​ជា​កញ្ឆា​ពិតប្រាកដ​មែន។ នេះ​បើ​យោង​តាម​ឯកសារ​តុលាការ។​

អាជ្ញាធរ​បាន​រឹប​អូស​កញ្ឆា​នោះ ហើយ​ពួកគេ​បាន​ចាប់ខ្លួន​កម្មករ​ចិន​ចំនួន ១៧​ នាក់។ ​កម្មករ​ម្នាក់ៗ​មាន​ក្រដាសស្នាម​បង្ហាញ​ថា ពួកគេ​មាន​សិទ្ធិ​ធ្វើការ​នៅ​ក្នុង​សហរដ្ឋអាមេរិក។

នៅ​ក្នុង​ចំណោម​ពួកគេ ​គឺ​មាន​អ្នកស្រី Wei Wen ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត Guangxi ប្រទេស​ចិន។ ការងារ​របស់​អ្នកស្រី​ជា អ្នក​ម៉ាស្សា និង​អ្នក​មើលថែ​មនុស្ស​ចាស់ជរា​បាន​បាត់បង់​ នៅ​ពេលមាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩ នៅ​តំបន់​ក្រុង​ Los Angeles រដ្ឋ California។​

ដោយ​ត្រូវ​ការ​ការ​ងារ អ្នកស្រី​បាន​ឆ្លើយតប​នឹង​ការ​ផ្សាយពាណិជ្ជកម្មស្វែងរក​កម្មករ​នៅ​លើ​កម្មវិធី​ផ្ញើ​សារ WeChat ដែល​មាន​ប្រជាប្រិយភាព​នៅ​ក្នុង​ចំណោម​ជន​អន្ដោប្រវេសន៍​ចិន។ ការ​ផ្សាយពាណិជ្ជកម្ម​នោះ​សន្យា​ថា ​នឹង​ផ្តល់​ប្រាក់​ឈ្នួល ២០ ​ដុល្លារ​ក្នុង​មួយ​ម៉ោង​ សម្រាប់​ការងារ ១០ ម៉ោង​ក្នុង​មួយ​ថ្ងៃ។

អ្នកស្រី Wei បាន​និយាយ​ថា៖ «តើ​នរណា​ដែលមិន​ចង់​ទៅ​ធ្វើ​ការងារ​នោះ?»។

អ្នកស្រី និង​កម្មករ​ដទៃ​ទៀត​ដែល​បាន​និយាយ​ជាមួយ​ VOA ​ភាសា​ចិន ​បាន​ថ្លែង​ថា ពួកគេ​មិន​ស្គាល់​ច្បាស់​ពី​កញ្ឆា​នោះ​ទេ ហើយ​ក៏មិន​ដឹង​ថា ការងារ​នៅ​ក្នុង​ផ្នែក​ដាំ​ដំណាំ​នេះ​អាច​នាំ​ឲ្យ​មាន​ការ​ចាប់ខ្លួន​នោះ​ដែរ។

អ្នកស្រី Wei​ បាន​និយាយ​ថា៖ «ខ្ញុំ​អាយុ​ជិត ​៦០ ​ឆ្នាំ​ហើយ។ នេះ​ជា​លើកដំបូង​ដែល​ខ្ញុំ​ជាប់​ខ្នោះ។ ប្រសិន​បើ​សាច់​ញាតិ​របស់​ខ្ញុំ​នៅ​ស្រុក​ចិន​ដឹង​រឿង​នេះ ខ្ញុំ​មិន​ដឹង​ថា ពួកគេ​នឹង​គិត​អ្វី​ទេ»។

កាល​ពី​ខែ​វិច្ឆិកា អាជ្ញាធរ​សហព័ន្ធ​អាជ្ញាធរ​ថ្នាក់​រដ្ឋ និង​អាជ្ញាធរ​កុលសម្ព័ន្ធ​បាន​ដឹកនាំ​ការ​ចុះ​ឆែកឆេរ​មិន​ពាក់ព័ន្ធ​គ្នា​មួយទៅ​លើ​កសិដ្ឋាន​មួយ ​ដែល​ត្រូវ​បាន​សង្ស័យ​ថា មាន​ដំណាំ​កញ្ឆាខុសច្បាប់នៅ​ក្រុង Shiprock រដ្ឋ New Mexico។ ចន្លោះ​ថ្ងៃ​ទី០៩ និងថ្ងៃទី១១ ខែ​វិច្ឆិកា អាជ្ញាធរ​បាន​រក​ឃើញ​កញ្ឆា​ខុសច្បាប់​ប្រហែល ៣០​ តោន នៅ​ក្នុង​កសិដ្ឋាន​ចំនួន ២១។ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​មួយ​របស់ការិយាល័យ​រដ្ឋអាជ្ញា​នៅ​រដ្ឋ New Mexico

អាជ្ញាធរ​ក៏​បាន​រក​ឃើញ​ជនអន្តោប្រវេសន៍​ចិន​ពលរដ្ឋ​អាមេរិកាំងដើមកំណើត​ចិន និង​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោនជនជាតិ​ចិន​មួយ​ចំនួន​ផង​ដែរ ដែល​ទាំង​អស់​នេះ​ធ្វើ​ការ​នៅ​លើ​ដី​ជា​កម្មសិទ្ធិ​របស់​កុលសម្ព័ន្ធ​ជនជាតិ​ដើម​អាមេរិកាំង Navajo Nation

កម្មករ​ចិន​បាន​ធ្វើការ​នៅ​ក្នុង​កសិដ្ឋាន​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​កសិដ្ឋាន​ដាំដុះ​ដំណាំ​ Hemp ដែល​ដំណាំប្រភេទ​នេះ ត្រូវ​បាន​យក​ទៅ​ផលិត​ជា​ផលិតផល​ជំនួយ​សុខភាព ដែល​គេអាច​រក​ទិញ​បាន​ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​នោះ។ ដំណាំ​ Hemp គឺ​មាន​សណ្ឋាន និង​ក្លិន​ដូច​កញ្ឆា ប៉ុន្តែ​មាន​ផ្ទុក​សារធាតុ Tetrahydrocannabinol (THC) តិចតួច​ប៉ុណ្ណោះ​ ដែល​សារធាតុ​នេះ​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កញ្ឆា​មាន​អារម្មណ៍​ល្អ។

ប៉ុន្តែ​អាជ្ញាធរ​បាន​សង្ស័យ​និង​បាន​រក​ឃើញ​ដំណាំ​កញ្ឆា​ខុស​ច្បាប់​នៅ​បង្កប់ក្រោម​ដំណាំ​នេះ។ ការ​ចុះ​ឆែកឆេរ​នេះ​ «បាន​រក​ឃើញ​ភស្តុតាង​កញ្ឆា​ចំនួន ៣០​ តោន»។ នេះ​បើ​យោង​ទៅ​តាម​សេចក្តី​ថ្លែងការណ៍​នោះ។

លោក Kyle W. Williamson ទីភ្នាក់ងារ​ពិសេស​ទទួលបន្ទុក​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​នៅ​ក្រុង El Paso បាន​និយាយ​ថា៖ «តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ពី​អាជ្ញាធរ​មូលដ្ឋាន បណ្ដា​ដៃគូ អាជ្ញាធរ​សហព័ន្ធ កុលសម្ព័ន្ធ និង​អាជ្ញាធរ​ថ្នាក់​រដ្ឋ យើង​ត្រូវ​បញ្ឈប់​ប្រតិបត្តិការ​ដាំ​កញ្ឆា​ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​ការ​បិទបាំង​នៃ​ដំណាំ Hemp»។

លោក​បាន​បន្ត​ថា៖ «អ្នក​ដែល​គ្រប់គ្រង​លើ​ដំណាំ​កញ្ឆា​នេះ​គឺ​ធ្វើ​ដោយ​មិន​គិត​ពី​ច្បាប់​កុលសម្ព័ន្ធ និង​សុខុមាលភាព​នៃ​សមាជិក​កុលសម្ព័ន្ធ​និង​ធនធាន​ធម្មជាតិ​របស់​កុលសម្ព័ន្ធ Navajo Nation ទេ»។

រូបឯកសារ៖ កម្មករកំពុងសម្អាតដើមនិងស្លឹកកញ្ឆានៅក្នុងកសិដ្ឋានដំណាំកញ្ឆា Los Suenos Farms ដែលជាកសិដ្ឋានកញ្ឆាស្របច្បាប់និងធំជាងគេបង្អស់របស់សហរដ្ឋអាមេរិក នៅក្រុង Avondale រដ្ឋ Colorado កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១០។

ការ​ប្រើប្រាស់​ដី

កសិដ្ឋាន​ដំណាំ Hemp គឺ​ជា​ប្រភព​នៃ​ភាព​តានតឹង​នៅ​ក្នុង​តំបន់ ពីព្រោះដំណាំ​ទាំង​នេះ​ត្រូវ​បាន​ដាំ​នៅ​លើ​ដី​ដែល​ត្រូវការ​ដើម្បី​ដាំ​ពោត ដែល​ជា​ដំណាំ​ស្បៀង​សម្រាប់​កុលសម្ព័ន្ធ Navajo Nation។

កម្មករ​បាន​ប្រាប់​អាជ្ញាធរ​ថា ពួកគេ​ត្រូវ​ដេក​នៅ​លើ​ឥដ្ឋ​ផ្ទះ​កញ្ចក់ ដោយ​ទទួល​ទាន​មី​កញ្ចប់ និង​ធ្វើការ​រយៈពេល​ ១២ ​ម៉ោង ប្រាំ​ថ្ងៃ​ក្នុង​មួយ​សប្តាហ៍។ កម្មករ​ភាគច្រើន​អាច​និយាយ​ភាសា​អង់គ្លេស​បាន​បន្ដិចបន្ដួច​តែ​ប៉ុណ្ណោះ។ ហើយ​មួយ​ចំនួន​ក៏​បាន​និយាយ​ថា ​ពួក​គេ​មិនទាន់​បាន​ប្រាក់​ឈ្នួល​នៅ​ឡើយ​ទេ។

អគ្គ​រដ្ឋអាជ្ញា​តំណាង​ឲ្យ​តំបន់ Navajo Reservation បាន​ចោទប្រកាន់​លោក Dineh Benally ដែល​ជា​ម្ចាស់​កសិដ្ឋាន ពី​បទ​ប្រតិបត្តិការ​កសិដ្ឋាន​កញ្ឆា​ខុស​ច្បាប់។ លោក Benally ដែល​ជា​អតីត​ប្រធាន​ក្រុម​ប្រឹក្សា​កសិដ្ឋាន Navajo Farm បាន​រត់​គេចខ្លួន ចាប់​តាំង​ពី​ការ​ចុះ​ឆែកឆេរ​កាល​ពី​ខែ​វិច្ឆិកា​មក។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក។​ លោក និង​មេធាវី​ការពារ​ក្តី​របស់​លោក​ បានបដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​យក​ព័ត៌មាន​ទេ។

អ្នកស្រី Lynn Sanchez នាយិកា​គ្រប់គ្រង​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ នៅ​ក្រុង Albuquerque បាន​ប្រាប់​គេហទំព័រ​សារព័ត៌មាន​ Searchlight New Mexico ថា កម្មករ​ស្ថិត​ក្នុង​សភាព​ «​ស្បែក​ដណ្តប់​ឆ្អឹង។ ពួកគេ​ត្រូវ​ជាប់​នៅ​ក្នុង​កសិដ្ឋានដោយ​មិន​មាន​ផ្លូវ​ចេញ​នោះ​ទេ។ ពួកគេ​មិន​ចេះ​និយាយ​ភាសា​អង់គ្លេស​ទេ។ ពួកគេ​មិន​ដឹង​ថា អ្វី​បាន​កើតឡើង ឬ​អ្វី​ត្រូវ​ធ្វើ​នោះ​ទេ»។

អ្នកស្រី​ Sanchez បាន​ប្រាប់ VOA ថា៖ «អ្នក​ទាំងនោះ​មិនមែន​ជា​ឧក្រិដ្ឋជន​នោះ​ទេ។ ពួកគេ​ជា​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស»។ អ្នកស្រី​បាន​បន្ត​ថា ទោះបី​ជា​អ្នកស្រី​ពណ៌នា​កម្មករ​ទាំង​នោះ​ជា​ជនរងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស​ក៏​ដោយ ប៉ុន្តែ​អ្វី​ដែល​បាន​កើតឡើង​មក​លើ​ពួកគេ ​គឺ​មិនបាន​បំពេញ​នូវ​លក្ខខណ្ឌ​ដែល​ស្មើ​នឹង​ការ​ដាក់ពាក្យ​ចោទប្រកាន់​ជា​ផ្លូវការ​ពី​ការ​ជួញដូរ​មនុស្ស​នោះ​ទេ។

អ្នកស្រី​បាន​លើកឡើង​ថា ធាតុ​សំខាន់​មួយ​នៃ​ការ​ជួញដូរ​មនុស្ស​គឺ​ការ​ឆបោក និង​ការ​បង្ខិតបង្ខំ។ ប្រសិន​បើ​ត្រូវ​បាន​ចោទសួរ​កម្មករ​ទាំង​នោះ​ប្រហែល​នឹង​ឆ្លើយ​ថា​ «ត្រូវហើយ» ហើយ​ពួកគេ​អាច​ចាកចេញ​បាន។ ប៉ុន្តែ​ដោយសារ​តែ​ការ​កាត់ផ្តាច់​ផ្នែក​ភូមិសាស្រ្ត អ្នកស្រី​បាន​និយាយ​ថា «មិន​មាន​ផ្លូវ​ដែល​ពួកគេ​អាច​ចាកចេញ​បាន​ទេ» ដោយ​បន្ត​ថា កម្មករ​ត្រូវ​បាន​បង្ខំ​ដោយ​ប្រយោល​ឲ្យ​ស្នាក់​នៅ​កន្លែង​ធ្វើការ។

អាជ្ញាធរ​បាន​បញ្ជូន​កម្មករ​ចិន​ជាង ៣០ ​នាក់ ​ទៅ​វិទ្យាល័យ ​Shiprock ជា​ទី​ដែល​អ្នកស្រី​ Sanchez រង់ចាំ​ដើម្បី​ផ្តល់​ជំនួយ។

អ្នកស្រី​បាន​ថ្លែង​ថា៖ «ពិតណាស់ ពួកគេ​មាន​អារម្មណ៍​ថា​ភ័យខ្លាច»។

អ្នកស្រី​បាន​បន្ត​ថា៖ «ពួកគេ​មួយ​ចំនួន​បាន​ស្រក់​ទឹកភ្នែក» ដោយ​បន្ថែម​ថា កម្មករ​មួយ​ចំនួន​បាន​បង្ហាញ​ភស្តុតាងថា ពួកគេ​មាន​បណ្ណ​ធ្វើ​ការ។

អ្នកស្រី ​Sanchez និង​សហការី​បាន​បញ្ជូន​ក្រុម​កម្មករ​ទៅ​សណ្ឋាគារ​មួយ​នៅ​ក្រុង Farmington ជា​ទី​ដែល​កម្មករមួយ​ចំនួន​ទៀត​បាន​មក​ដល់នៅ​ពេល​ល្ងាច។

នៅ​ថ្ងៃ​បន្ទាប់ បុគ្គលិក​មជ្ឈមណ្ឌល​ដោះស្រាយ​វិបត្តិគ្រួសារ​ប្រចាំ​ក្រុង Farmington ដែល​ផ្តល់​សេវាកម្ម​ជំនួយ​ដល់​សមាជិក​គ្រួសារ​ ដែល​គេច​ពី​អំពើ​ហិង្សា​ក្នុង​គ្រួសារ បាន​នាំ​កម្មករ​ទៅ​ទិញ​ខោអាវ​រងា។

អ្នកស្រី Sanchez បាន​ផ្តល់ឲ្យ​ពួកគេ​នូវ​កាត​ឥណទាន​ដើម្បី​ឲ្យ​ពួកគេ​អាច​ចំណាយ​សម្រាប់​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​ពួកគេ​នៅ​ក្រុង Los Angeles ក្រុង Chicago ក្រុង New York និង​កន្លែង​ដទៃ​ទៀត​បាន។

អ្នកស្រី Sanchez បាន​ទទួល​ដំណឹងពី​ការ​ចុះ​ឆែកឆេរ​ កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា នៅ​ពេល​អ្នកស្រី​បាន​ទាក់ទង​អ្នកស្រី Nicole Hall ជំនួយ​ការ​មេធាវី​ការពារ​ក្តី​សាធារណៈ​ដែល​បាន​ដឹង​ពី​ស្ថានភាព​របស់​កម្មករ​ចិន ក្នុង​អំឡុងពេល​ការ​ប្រជុំ​មួយ​ជាមួយ​នឹងក្រុម​សហការី។

អ្នកស្រី Hall ដែល​មិន​បាន​តំណាង​ឲ្យ​កម្មករ​ណា​ម្នាក់ បាន​ប្រាប់ VOA ថា៖ «ខ្ញុំ​គ្រាន់​តែ​ដឹង​ថា នេះ​ជា​រឿង​ខុស​មួយ ហើយ​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោមពួកគេ​ត្រូវ​ជាប់​ពន្ធនាគារ​នោះ​ទេ»។

បទចោទប្រកាន់​ផ្សេងៗ

មួយ​ថ្ងៃ​មុន​បុណ្យ​រំឭកគុណ Thanksgiving ចៅក្រម​បាន​ទម្លាក់​បទចោទប្រកាន់​ប្រឆាំង​នឹង​កម្មករ​ចំនួន ១៦ ​នាក់​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឆែកឆេរ​នៅ​ក្រុង Farmington។

លោក Liao នៅ​តែ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ឆែកឆេរ​របស់​អាជ្ញាធរ​នៅ​ក្រុង Farmington។ លោក​បានចុះ​ឈ្មោះ​កក់បន្ទប់​ចំនួន ១៩ ​នៅ​ផ្ទះ​សំណាក់។ នេះ​បើ​យោង​តាម​ឯកសារ​តុលាការ​ដែល​សារព័ត៌មាន Albuquerque Journal ទទួល​បាន។

អ្នកស្រី Sanchez ដែល​ត្រូវ​បាន​ទទួលស្គាល់​ថា​ជា​អ្នក​ជំនាញ​នៅ​ក្នុង​ការ​កំណត់​និង​ជួយ​ជន​រងគ្រោះ​ពី​ការ​ជួញដូរ​មនុស្ស បាន​និយាយ​ថា៖ «អ្វី​ដែល​យើង​ដឹង​អំពី​ការ​ជួញដូរ​មនុស្ស​គឺ ពួក​មេខ្លោង​ «មិន​ទុក​តឹកតាង​ហិរញ្ញវត្ថុ​ដែល​ផ្សារ​ភ្ជាប់​ពួកគេ​ទៅ​នឹង​សកម្មភាព​ខុស​ច្បាប់​នោះ​ទេ»។

អ្នកស្រី​ Sanchez បាន​និយាយ​ថា អាជ្ញាធរ​តែងតែ​រក​ជន​រត់ការ​នៅ​ពី​ក្រោយ ដោយ​បន្ថែម​ថា លោក Liao «គឺគ្រាន់​តែ​ជា​មនុស្សម្នាក់​ដែល​ពួក​មេខ្លោង​ប្រើ​ឲ្យ​ទៅ​កក់​បន្ទប់ប៉ុណ្ណោះ»។

អ្នកស្រី Hall មេធាវី​ការពារ​ក្តី​សាធារណៈ​បាន​និយាយ​ថា៖ «ពួកគេ (តុលាការ) គួរ​យល់​ថា គាត់​គ្រាន់​តែ​ស្តាប់​បញ្ជា​ប៉ុណ្ណោះ ត្រូវ​ទេ? គាត់​ត្រូវ​បាន​ប្រាប់​ឲ្យ​កក់​បន្ទប់​សណ្ឋាគារ»។

ប៉ុន្តែ​អ្នកស្រី​បាន​ប្រាប់ VOA ថា ពីព្រោះ​លោក​ Liao កំពុង​ប្រឈម​នឹង​បទចោទប្រកាន់​ផ្សេងៗ ករណី​នេះ​ប្រហែល​ត្រូវ​ឡើង​សវនាការ។ អ្នកស្រី​បាន​បន្ថែម​ថា៖ «ខ្ញុំ​សង្ឃឹម​ថា គណៈ​វិនិច្ឆ័យ​នៃ​តុលាការ​នឹង​យល់​ថា បុគ្គល​នេះ​គឺ​ជា​ជនរងគ្រោះ មិនមែន​ជា​ឧក្រិដ្ឋជន​នោះ​ទេ»។

អ្នកស្រី​បាន​ប្រាប់ VOA ថា អ្នក​រើស​មនុស្ស​មក​ធ្វើការ​មិន​បាន​ផ្តល់​ឲ្យកម្មករ​នូវ​កិច្ចសន្យា ​និង​មិន​បាន​ផ្ទៀងផ្ទាត់​ថា​តើ​ការងារ​នេះ​ស្រប​ច្បាប់​ឬ​ក៏​អត់​ទេ។

តាមរយៈ​ការ​ឆ្លើយឆ្លង​ជាមួយ​នឹង​ជនរងគ្រោះ អ្នកស្រី​ Sanchez បាន​និយាយ​ថា អ្នកស្រី​បាន​រកឃើញ​ថា ជាទូទៅ កម្មករ​ទាំង​នោះ​មិនបាន​ដឹង​នោះ​ទេ ​ដូច្នេះ​ពួកគេ​មិនសូវ​សកម្ម​នៅ​ក្នុង​ការ​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ខ្លួន​ទេ។ អ្នកស្រី​បាន​បន្ត​ថា ​កម្មករ​ភាគច្រើន​មិនសូវ​និយាយ​ពី​តួនាទី​របស់​ភ្នាក់ងារ​ផ្តល់​ការងារ​នោះ​ទេ។

អ្នកស្រី ​Sanchez បាន​ដាក់ពាក្យ​ស្នើសុំ​សំណង​ជនរងគ្រោះ​សម្រាប់​កម្មករ​ចិន​ចំនួន ១៦ ​នាក់ ​ពី​ការ​ចាប់ខ្លួន​កាល​ពី​ខែ​តុលា ហើយ​ ៥ នាក់​ទៀត​ ពី​ការ​ចុះ​ឆែកឆេរ​កាល​ពី​ខែ​វិច្ឆិកា។ កាល​ពី​ថ្ងៃ​ទី៣០ ខែ​ធ្នូ ការ​បង់ប្រាក់​ពី​មូលនិធិ​ពិសេស​មួយ​ត្រូវ​បាន​អនុម័ត។

អ្នកស្រី Wei បាន​និយាយ​ថា៖ «យើង​មិន​អី​ទេ​នៅ​ពេល​ឥឡូវ​នេះ។ យើង​ទទួល​បាន​ការ​បង់ថ្លៃ​សម្រាប់​ការ​ធ្វើ​ដំណើរ​ក៏ដូចជា​ថ្លៃ​ឈ្នួល​ធ្វើការ​នៅ​កសិដ្ឋាន។ រដ្ឋ New Mexico គឺ​ជា​រដ្ឋ​មួយ​ល្អ។ រដ្ឋាភិបាល​រដ្ឋ New Mexico គឺ​ជា​មនុស្ស​ល្អ​ម្នាក់។ យើង​សូម​អរគុណ​ពួកគាត់»។ អ្នកស្រី​បាន​ប្រាប់ VOA ថា អ្នកស្រី​បាន​ចាប់​ផ្តើម​ការងារ​ជា​អ្នកម៉ាស្សា​កាល​ពីថ្ងៃ​ទី០២ ខែ​មករា នៅ​រដ្ឋ Oklahoma ដែល​មាន​វិស័យ​ដាំ​កញ្ឆា​កំពុង​រីកចម្រើន។

អ្នកស្រី Wei បាន​បន្ត​ថា៖ «ឥឡូវ​នេះ មនុស្ស​ជា​ច្រើន​បាន​ចាប់​ផ្តើម​ធ្វើការ​នៅ​ក្នុង​ផ្ទះ​កញ្ចក់​សារ​ជាថ្មី។ ខ្ញុំ​បាន​ហៅ​ទូរសព្ទ​ទៅ​ពួកគេ​ដើម្បី​សួរ​ព័ត៌មាន ប៉ុន្តែ​ពួកគេ​មិន​យក​ស្រ្តី​នោះ​ទេ ពីព្រោះ​យើង​មិន​មាន​កម្លាំង​ខ្លាំង​គ្រប់គ្រាន់។ ពួកគេ​បង់​ថ្លៃ​ឈ្នួល​ពី ១៣០ ទៅ ១៥០ ​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ខ្ញុំ​មាន​កម្លាំង​ខ្លាំង ប៉ុន្តែ​មេការ​មិន​ចង់បាន​ស្រ្តី​ទេ។ ប៉ុន្តែ​ខ្ញុំ​ឮ​ថា នៅ​ខែ​កុម្ភៈ ឬ​ខែ​មីនា នឹង​មាន​ការងារ​ដូចជា​ការងារ​ស្រោចទឹក និង​បណ្ដុះ​គ្រាប់​ពូជ​ជា​ដើម»៕

ប្រែសម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា