ក្រុមនាវិកឆ្មាំសមុទ្រចិន កាន់កាំបិត ពូថៅ និងអាវុធផ្សេងទៀតនៅក្នុងការប៉ះទង្គិចជាមួយនាវាកងទ័ពជើងទឹកហ្វីលីពីន នៅជិតថ្មប៉ប្រះទឹកយុទ្ធសាស្ត្រក្នុងសមុទ្រចិនខាងត្បូង។ នេះបើតាមឃ្លីបវីដេអូថ្មីដ៏រំជើបរំជួលដែលចេញផ្សាយដោយទីក្រុងម៉ានីលបានបង្ហាញ។
ការប៉ះទង្គិចគ្នាបានកើតឡើងកាលពីថ្ងៃចន្ទ ខណៈដែលកងកម្លាំងហ្វីលីពីនបានព្យាយាមផ្គត់ផ្គង់ជាថ្មីដល់កងម៉ារីន ដែលឈរជើងលើនាវាចម្បាំងដែលត្រូវគេបោះបង់ចោល ជាប់គឿងនៅឯប្រជុំកោះ Second Thomas Shoal ដែលមានជម្លោះតាំងពីឆ្នាំ១៩៩៩ ពេលហ្វីលីពីនទាមទារថាជាដែនទឹករបស់ខ្លួន។
នេះគឺជាការប្រឈមមុខដាក់គ្នាចុងក្រោយបំផុតរវាងកប៉ាល់ចិន និងហ្វីលីពីនក្នុងប៉ុន្មានខែថ្មីៗនេះ ខណៈដែលទីក្រុងប៉េកាំងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការទាមទាររបស់ខ្លួនទៅកាន់តំបន់ជម្លោះ។
ប្រមុខយោធាហ្វីលីពីន លោកឧត្តមសេនីយ៍ Romeo Brawner បាននិយាយថានាវិកហ្វីលីពីនប្រឈមនឹងគូបដិបក្ស«មានចំនួនច្រើន» ដោយពួកគេមិនមានអាវុធក្នុងដៃទេ ហើយបានប្រយុទ្ធដោយដៃទទេ។
នាវិកហ្វីលីពីនម្នាក់បានដាច់មេដៃនៅក្នុងការប៉ះទង្គិចគ្នា ដែលឆ្មាំសមុទ្រចិនបានរឹបអូស ឬបំផ្លាញឧបករណ៍ហ្វីលីពីន រួមទាំងកាំភ្លើង។ នេះបើយោងតាមយោធាហ្វីលីពីន៕