របាយការណ៍​យោធា​ចិន​ធ្វើ​ឡើង​ដើម្បី​ឲ្យ​មាន​«ការ​យល់​គ្នា​ជាង​មុន»

អាកាសយានិក​ចិន​ម្នាក់​​មើល​មក​កាប៊ីន​យន្តហោះ​ចម្បាំង​ផលិត​នៅ​ប្រទេស​ចិន​ធុន F7 ដែល​សំចត​នៅ​មូលដ្ឋាន​ទ័ព​អាកាស​មួយ​​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន នៅ​​ជាយ​ក្រុង​ទៀនជិន (Tianjin) ដែល​ស្ថិត​នៅ​៧០គ.ម.​ភាគ​អាគ្នេយ៍​ទី​ក្រុង​ប៉េកាំង។

ប្រទេស​ចិន​ឲ្យ​ដឹង​ថា​ ខ្លួន​សង្ឃឹម​ថា​ សហគមន៍​អន្តរជាតិ​នឹង​ «កាន់​តែ​យល់​ជាង​នេះ»​ ចំពោះ​កងកម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន​ ដោយ​ចេញ​របាយការណ៍​ដែល​រៀបចំ​ឡើង​រាល់​ពីរ​ឆ្នាំ​ម្តង​ ស្តី​អំពី​ការអភិវឌ្ឍ​នៅ​ក្នុង​វិស័យ​យោធា​របស់​ខ្លួន​ ហើយ​ថា​ ប្រទេស​ចិន​ក៏​ឈោងដៃ​ទៅ​រក​កោះ​តៃវ៉ាន់​ និង​សហរដ្ឋ​អាមេរិក​ផង​ដែរ។

រដ្ឋមន្រ្តី​ការពារប្រទេស​ចិនលោក​ Geng Yansheng​ មាន​ប្រសាសន៍​ថា​ ចិន​កំពុងតែ​ស្វែងរក​ទំនុកចិត្ត​ ដោយ​ចេញ​ឯកសារ​ណែនាំ​អំពី​ការងារ​យោធា​ ឬ​ហៅ​ថា​ឯកសារ​ស​យោធា​ថ្មី​បំផុត​របស់​ខ្លួន។

លោក​ Geng​ មាន​ប្រសាសន៍​ថា​ របាយការណ៍​នេះ​ នឹង​អាច​ជួយ​សហគមន៍​អន្តរជាតិ​ឲ្យ​កាន់តែ​យល់​ថែមទៀត​ អំពី​កងកម្លាំង​ប្រដាប់អាវុធ​របស់​ចិន​ និង​ការទុកចិត្ត​ និង​ការ​សហប្រតិបត្តិការ​រវាង​ចិន​ និង​ប្រទេស​ដទៃៗ​ទៀត​នៅ​ក្នុង​ពិភពលោក។

របាយការណ៍​នេះ​ ឲ្យ​ដឹង​ថា​ ប្រទេស​ចិន​នឹង​បន្ត​រក្សា​គោល​នយោបាយ​យោធា​ដែល​មាន​លក្ខណៈ​ការពារ​ ហើយ​ថា​ ចិន​នឹង​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន។

ទាំងនោះ​គួរ​ជា​ពាក្យសម្តី​ស្វាគមន៍​ចំពោះ​ប្រទេស​ជិត​ខាង​ខ្លះ​របស់​ចិន​ ដែល​មាន​ការព្រួយបារម្ភ​ដោយសារ​ រដ្ឋាភិបាល​ក្រុងប៉េកាំង​បង្កើន​ការទាមទារ​បូរណភាព​ទឹកដី​ជុំវិញ​តំបន់​ឆ្នេរសមុទ្រ​របស់​ខ្លួន។​ ក៏ប៉ុន្តែ​ របាយការណ៍​នោះ​ ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា​ កងនាវា​របស់​ចិន​បាន​អភិវឌ្ឍ​ យុទ្ធសាស្រ្ត​ការពារ​តំបន់​ឆ្នេរ​ ដោយ​មាន​លទ្ធភាព​ អាច​ប្រតិបត្តិការ​ «នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ​ឆ្ងាយៗ»។​ របាយការណ៍​នោះ​ឲ្យ​ដឹង​ថា​ កិច្ចការ​មួយ​របស់​យោធា​ចិន​គឺ​ យាម​ការពារ​សិទ្ធិ​ និង​ផល​ប្រយោជន៍​ដែន​សមុទ្រ​របស់​ប្រទេស។

របាយការណ៍​នោះ​ បាន​រិះគន់​សហរដ្ឋអាមេរិក​ដោយ​ចំៗ​ចំពោះ​ការណ៍​ដែល​លក់​សព្វាវុធ​ទៅ​ឲ្យ​កោះតៃវ៉ាន់ ​ដែល​ជា​កោះ​មាន​ការ​គ្រប់គ្រង​ដាច់​ដោយឡែក​មួយ​ ដែល​ចិន​ចាត់​ទុក​ថា​ ជា​ចំណែក​មួយ​នៃ​ដែនដី​របស់​ខ្លួន។

អ្នកនាំពាក្យ​រូប​នេះ​មិន​បាន​លើក​ឡើង​អំពី​កោះតៃវ៉ាន់​ដោយ​ជាក់លាក់​ទេ​ ក៏ប៉ុន្តែ​ បើ​តាម​ពាក្យសម្តី​របស់​លោក​ផ្ទាល់​ និយាយ​ថា​ ប្រទេស​ចិន​ត្រៀម​ខ្លួន​ជាស្រេច​ ដើម្បី​ធ្វើការ​ជាមួយ​សហរដ្ឋអាមេរិក​ ដើម្បី​ «ដោះស្រាយ​ឲ្យ​បាន​ត្រឹមត្រូវ»​ ចំពោះ​បញ្ហា​ដែល​ពាក់ព័ន្ធ​នឹង​ផល​ប្រយោជន៍​ដ៏សំខាន់​នៃ​ប្រទេស​ចិន​ និង​សហរដ្ឋអាមេរិក។

លោក​ Geng​ បាន​ចង្អុល​បង្ហាញ​ថា​ ប្រទេស​ចិន​ត្រៀម​ខ្លួន​ជាស្រេច​ ក្នុង​ការចរចារ​ជាមួយ​អាជ្ញាធរ​តៃវ៉ាន់​ និង​គម្រោង​ប្តូរ​យោធា​គ្នា​ទៅវិញ​ទៅមក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់។

លោក​ Geng​ និយាយ​ថា​ ប្រទេស​ចិន​ចង់​ជៀសវាង​ រឿងរ៉ាវ​ដែល​ "បងប្អូន​២​នាក់នៃ​ប្រជាជាតិ​ចិន"​ ត្រូវ​ជួប​គ្នា​នៅ​លើ​សមរភូមិ​ ឬ​ពាក់ព័ន្ធ​នឹង​ជម្លោះ​ប្រដាប់​អាវុធ​នឹង​គ្នា​នោះ។

ក្នុង​ពេល​នេះ​ដែរ​ លោក​ Geng​ និយាយ​ថា​ ចិន​ និង​សហរដ្ឋអាមេរិក​ នៅតែ​ប្រឈម​នឹង​បញ្ហា​លំបាក​ និង​ឧបសគ្គ​ ក្នុងការ​អភិវឌ្ឍ​ទំនាក់ទំនង​យោធា។​ ក៏ប៉ុន្តែ​ លោក​បាន​សង្កត់​ធ្ងន់​ថា​ ចិន​ នឹង​បញ្ចូល​កិច្ចខិតខំ​ប្រឹងប្រែង​ជា​ថ្មី​ចំពោះ​ការសាង​ទំនាក់ទំនង​យោធា​ រវាង​ចិន​និង​សហរដ្ឋអាមេរិក​ឲ្យ​បាន​ល្អ​ប្រសើរ។

លោក​បាន​ប្រកាស​ថា​ ប្រធាន​នាយ​ក្រុម​អគ្គសេនាធិការ​ចំរុះ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ចិន​ លោក​ឧត្តមសេនីយ​ Chen​ Bingde​ នឹង​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ក្នុង​ខែ​ឧសភា​ខាង​មុខ​នេះ។​ ដំណើរ​ទស្សនកិច្ច​នេះ​ ធ្វើ​ឡើង​ក្រោយ​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​ របស់​លោក​ Robert​ Gates​ រដ្ឋមន្រ្តី​ការពារ​ប្រទេស​អាមេរិក​ កាលពី​ខែ​មករា​កន្លង​ទៅ​នេះ៕

ប្រែ​សម្រួល​ដោយ​ លី​ ម៉ូរីវ៉ាន់