ភ្នំពេញ៖ ប្រទេសចិនដែលជាប្រទេសអ្នកផ្តល់ជំនួយនិងវិនិយោគដ៏ធំមួយរបស់កម្ពុជា បានផ្លាស់ប្តូរយុទ្ធសាស្ត្រនៃកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងរយៈពេលចុងក្រោយនេះដែលធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រទេសចិនមានការធ្លាក់ចុះមួយកម្រិត។ ប៉ុន្តែការណ៍នេះ មិនបានផ្តល់ផលប៉ះពាល់គួរឱ្យកត់សម្គាល់ណាមួយមកកម្ពុជាទេ។
ថ្វីបើប្រទេសចិនដែលជាដៃគូសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាមានការថយចុះកំណើនសេដ្ឋកិច្ចមិនធ្លាប់មាន ប៉ុន្តែមន្ត្រីផ្លូវការចិននិងមន្ត្រីកម្ពុជាជឿថាឱនភាពសេដ្ឋកិច្ចនេះនឹងមិនបានប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចកម្ពុជាទេ។
រយៈពេល៩ខែក្នុងឆ្នាំ២០១៣ ប្រទេសចិនទទួលបានកំណើនសេដ្ឋកិច្ចត្រឹមតែជាង៧ភាគរយប៉ុណ្ណោះ ដែលជាអត្រាកំណើនប្រចាំឆ្នាំទាបបំផុតមិនធ្លាប់មានរបស់ចិនក្នុងអំឡុងពេល១៣ឆ្នាំចុងក្រោយនេះ។ កំណើនសេដ្ឋកិច្ចចិនជាមធ្យម១០ភាគរយក្នុងមួយឆ្នាំ។
ការស្រុតចុះនៃកំណើនសេដ្ឋកិច្ចនៃប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី២បន្ទាប់ពីសហរដ្ឋអាមេរិកមួយនេះ កើតចេញមួយផ្នែកដោយសារការកែទម្រង់ផ្ទៃក្នុង។
លោក ចេង ហុងបូ អ្នកនាំពាក្យស្ថានទូតចិនប្រចាំកម្ពុជាថ្លែងតាមសារអេឡិចត្រូនិចប្រាប់វីអូអេ ខេមរភាសាថា ស្ថានភាពសេដ្ឋកិច្ចចិន «នឹងមិនផ្តល់ផលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាទេ។ ផ្ទុយទៅវិញ ការកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មនៃសេដ្ឋកិច្ចចិននឹងផ្តល់ឱកាសបន្ថែមទៀតដល់កម្ពុជា ជាពិសេសលើការវិនិយោគនិងហេដ្ឋារចនាសម្ព័ន្ធ»។
រដ្ឋាភិបាលចិនបានសម្រេចចិត្តប្តូរគោលនយោបាយកំណើនសេដ្ឋកិច្ចពីការពឹងផ្អែកខ្លាំងលើការនាំចេញនិងការវិនិយោគនៅក្រៅប្រទេស មកកំណើនសេដ្ឋកិច្ចមួយដែលអាចរក្សាលំនឹងបានដោយខ្លួនឯងតាមរយៈការប្រើប្រាស់ក្នុងស្រុក ដែលជាមូលហេតុនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចចិននៅពេលនេះ។
ប្រទេសចិនរំពឹងថា ភាពម្ចាស់ការដោយពឹងផ្អែកលើការប្រើប្រាស់ក្នុងស្រុកនឹងជួយដោះស្រាយផលប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចចិនក្នុងរយៈពេលវែង។
ចំណែកឯមូលហេតុនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចចិនមួយទៀតនោះ គឺមកពីតម្រូវការផលិតផលចិនលើទីផ្សារអន្តរជាតិមានការធ្លាក់ចុះទាបជាងការរំពឹងទុក ជាពិសេសទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនិងអឺរ៉ុបដែលកំពុងជួបវិបត្តិ។
លោក ចេង ហុងបូ បញ្ជាក់បន្ថែមថា រដ្ឋាភិបាលក្រុងប៉េកាំង«នឹងបន្តគាំទ្រប្រជាពលរដ្ឋកម្ពុជាក្នុងការស្វែងរកមាគ៌ាអភិវឌ្ឍរបស់ខ្លួនស្របតាមស្ថានភាពជាក់ស្តែងរបស់កម្ពុជា។ យើងនឹងបន្តផ្តល់ជំនួយដល់ប្រជាពលរដ្ឋកម្ពុជាតាមសមត្ថភាពរបស់យើងនិងដោយគ្មានការភ្ជាប់លក្ខខណ្ឌ»។
លោក ចាន់ សុផល អ្នកវិភាគសេដ្ឋកិច្ចឯករាជ្យម្នាក់ យល់ថាកំណើនសេដ្ឋកិច្ចដែលថយចុះនេះ នឹងមិនប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាទេ។
«ខ្ញុំយល់ថា ការណ៍ដែលសេដ្ឋកិច្ចមានកំណើនទាបជាងមុនមកត្រឹមតែ៧ភាគរយនោះប្រហែលជាមិនប៉ះពាល់ដល់ការវិនិយោគ និងពាណិជ្ជកម្មជាមួយប្រទេសកម្ពុជាយើងទេ។ ទីមួយអាចថា ទំនងមកពីទំនាក់ទំនងជិតស្និទ្ធជាមួយកម្ពុជា។ ហើយប្រទេសកម្ពុជាយើងក៏មិនមែនជាចំណែកមួយដ៏ធំនៃការវិនិយោគរបស់ចិនដែរ។ គឺយើងជាចំណែកតូចមួយទេនៃប្រាក់សន្សំរបស់ចិនដែលយកទៅវិនិយោគនៅក្រៅប្រទេស»។
លោក ចាន់ សុផល បន្ថែមថា ធនធានរ៉ែនិងថាមពលជាច្រើនដែលនៅមិនទាន់រុករកនៅកម្ពុជា នឹងបន្តទាក់ទាញលំហូរវិនិយោគពីបរទេសរួមទាំងប្រទេសចិនផងដែរ។ ជាមួយគ្នានេះ កម្ពុជាត្រូវបានគេមើលឃើញថា ជាដៃគូយុទ្ធសាស្ត្រនិងភូមិសាស្ត្រនយោបាយដ៏សំខាន់របស់ចិនក្នុងការរក្សាលំនឹងឥទ្ធិពលរបស់ខ្លួនក្នុងតំបន់ផងដែរ។
ប៉ុន្តែ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចកម្ពុជា យល់ថាប្រសិនបើការវិនិយោគនៅកម្ពុជាធ្លាក់ចុះបែបណានោះ គឺទំនងជាដោយសារមូលហេតុនយោបាយក្នុងប្រទេសកម្ពុជាច្រើនជាង។
«អ្វីដែលខ្ញុំព្រួយបារម្ភគឺមិនមែនចិនទេ គឺរឿងស្ថេរភាពនយោបាយក្នុងស្រុកយើង។ កាលណាយើងនៅតែបន្តឈ្លោះគ្នារឿងនយោបាយនិងមិនបានដោះស្រាយឱ្យបានជ្រះស្រឡះទេនោះនឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរ។ ខ្ញុំបានជួបអ្នកវិនិយោគមួយចំនួន ពួកគេមានការព្រួយបារម្ភ។ ខ្លះគេសួរថាគួរមកបានឬអត់ អ្នកខ្លះគេមកហើយប៉ុន្តែគេមិនទាន់វិនិយោគទេ គេចាំមើលស្ថានការណ៍សិន»។
យោងតាមតួលេខពីស្ថានទូតចិននៅប្រទេសកម្ពុជាឲ្យដឹងថាគិតត្រឹមរយៈពេល៥ខែដើមឆ្នាំ២០១៣ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរកើនដល់១.៤២៨ពាន់លានដុល្លារ ដែលមានកំណើនប្រហែល៣៧ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនស្របពេលដែលប្រទេសទាំងពីរបានព្រមព្រៀងជំរុញពាណិជ្ជកម្មទ្វេភាគីរបស់ខ្លួនឱ្យកើនដល់៥ពាន់លានដុល្លារត្រឹមឆ្នាំ២០១៧។
ជាមួយគ្នានេះ ត្រឹម៦ខែដើមឆ្នាំ២០១៣ មានទេសចរណ៍ចិនចំនួនជាង២៣០ពាន់នាក់មកកាន់ប្រទេសកម្ពុជា ពោលគឺកើនឡើង៥៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រទេសចិនជាប្រភពទេសចរណ៍ធំលំដាប់ទី៣របស់កម្ពុជាបន្ទាប់ប្រទេសវៀតណាម និងកូរ៉េខាងត្បូង។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។
វីអូអេ ខេមរភាសា មិនទាន់អាចទទួលបានតួលេខផ្លូវការពីជំនួយនិងការវិនិយោគរបស់ចិនមកកម្ពុជានៅឆ្នាំ២០១៣ ពីស្ថានទូតចិនប្រចាំកម្ពុជានិងរដ្ឋាភិបាលកម្ពុជាបាននៅឡើយទេ។ ប៉ុន្តែត្រឹមចុងឆ្នាំ២០១២ ប្រទេសចិនបានក្លាយជាអ្នកវិនិយោគធំបង្អស់របស់កម្ពុជា។ មានក្រុមហ៊ុនចិនចំនួន៤១៧មកបណ្តាក់ទុកនៅកម្ពុជា ដែលមានតម្លៃ៩.២ពាន់លានដុល្លារ។
ជាមួយគ្នានេះ កាលពីខែមេសាដើមឆ្នាំនេះប្រទេសចិនបានសន្យាផ្តល់ជំនួយមកកម្ពុជាចំនួន៥៤៨លានដុល្លារ ដែលក្នុងនោះ៥០០លានដុល្លារជាកម្ចី និង៤៨លានដុល្លារជាជំនួយគ្មានសំណង សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេស។ ដោយឡែក ត្រឹមឆ្នាំ២០១២ កម្ចីនិងជំនួយរបស់ចិនមកកម្ពុជាឡើងដល់២ពាន់៧រយលានដុល្លារ ដែលធ្វើឱ្យប្រទេសនេះក្លាយជាអ្នកផ្តល់ជំនួយធំជាងគេលំដាប់ទី២បន្ទាប់ពីប្រទេសជប៉ុន។
រដ្ឋាភិបាលចិនក៏បានសន្យាវិនិយោគលើគម្រោងដ៏ធំមួយមានតម្លៃប្រមាណ១.៦៨ពាន់លានដុល្លារដើម្បីដំឡើងរោងចក្រចម្រាញ់ប្រេងមូយចន្លោះខេត្តព្រះសីហនុនិងកំពតដែរ។ ការណ៍នេះ ទំនងនឹងធ្វើឱ្យប្រទេសចិនបន្តនាំមុខខាងវិនិយោគនៅកម្ពុជាក្នុងឆ្នាំ២០១៣ទៀត។
យ៉ាងណាក៏ដោយ ការវិនិយោគនិងកម្ចីពីប្រទេសចិននាពេលកន្លងមក ត្រូវបានរិះគន់ថាខ្វះតម្លាភាពនិងខ្វះការទទួលខុសត្រូវ និងរំលោភសិទ្ធិមនុស្សនិងបរិស្ថាននៅប្រទេសកម្ពុជា៕