ប្រធានាធិបតីចិនលោក Xi Jinping បានព្រមានកាលពីថ្ងៃចន្ទថា ការប្រឈមមុខដាក់គ្នារវាងប្រទេសមហាអំណាចអាចបណ្តាលឲ្យមានផលវិបាកប្រកបដោយមហន្តរាយ»។ លោក Xi បានលើកឡើងដូចនេះនៅក្នុងសុន្ទរកថារបស់លោកដែលបានថ្លែងទៅកាន់មេដឹកនាំពិភពលោកតាមប្រព័ន្ធអនឡាញនៅក្នុងវេទិកាក្រុង Davosនៃប្រទេសស្វីស។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
នេះជាឆ្នាំទី២ហើយដែលជំនួបទល់មុខគ្នារបស់ប្រទេសមហាអំណាចខាងនយោបាយនិងសេដ្ឋកិច្ចត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញនៅក្នុងតំបន់ Alps នៃប្រទេសស្វីសដោយសារតែជំងឺរាតត្បាតកូវីដ១៩នៅពុំទាន់មានសញ្ញាធូរស្បើយនៅឡើយ។
លោក Xi បានបើកកិច្ចប្រជុំជាមួយនឹងការថ្លែងសុន្ទរកថារបស់លោកដែលមានខ្លឹមសារស្រដៀងគ្នានឹងសុន្ទរកថាដែលលោកបានថ្លែងតាមអនឡាញកាលពីឆ្នាំទៅដែរ។
លោកបានសរសើរប្រទេសចិនជាទីកន្លែងដែលជំងឺកូវីដ១៩ បានលេចចេញឡើងមុនដំបូងគេនៅចុងឆ្នាំ២០១៩ថា ជារឿងជោគជ័យនៃការរាំងខ្ទប់ការរាតត្បាតដ៏កម្រមួយហើយជាប្រទេសមានសេដ្ឋកិច្ចសំខាន់មួយដែលនៅបន្តកំណើនរីកលូតលាស់ដ៏ខ្លាំង។
លោកក៏បង្ហាញខ្លួនលោកថាជាអ្នកការពាររបបពហុភាគីនិយម និងបានព្រមានពីបញ្ហាក្នុងពេលអនាគតស្របពេលដែលទំនាក់ទំនងនៃប្រទេសមហាអំណាចកំពុងធ្លាក់ចុះ។
តាមរយៈការបកប្រែសុន្ទរកថាដែលបានផ្សាយតាមអនឡាញ លោក Xi បានថ្លែងថា «ពិភពលោកយើងនាពេលបច្ចុប្បន្ននេះកំពុងពោរពេញទៅដោយវោហារសាស្ត្រ ជាមួយនឹងការស្អប់ខ្ពើមនិងការរើសអើង»។
លោកបានបន្ថែមទៀតថា «ប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញនូវពេលវេលាហើយជាថ្មីម្តង ទៀតគឺថា ការប្រឈមមុខដាក់គ្នានឹងមិនអាចដោះស្រាយបញ្ហាបានឡើយ។ ផ្ទុយទៅវិញ វាបង្កើតឲ្យមានផលវិបាកប្រកបដោយមហន្តរាយតែប៉ុណ្ណោះ»។
លោកបានព្រមានថា «ខ្សែសង្វាក់ផ្គត់ផ្គង់សាកលត្រូវជួបបញ្ហារអាក់រអួលហើយតម្លៃទំនិញប្រើប្រាស់បន្តកើនឡើងថ្លៃ។ ការផ្គត់ផ្គង់ថាមពលនៅតែមានការលំបាក។
ប្រធានាធិបតីចិនលោក Xi មានគម្រោងបន្តកាន់កាប់អំណាចអាណត្តិទី៣របស់លោកបន្តទៀតនៅក្នុងកិច្ចប្រជុំកំពូលរបស់គណបក្សកុម្មុយនីស្តចិនក្នុងរដូវស្លឹកឈើជ្រុះខាងមុខនេះ ហើយបានគូសបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាស្ថិរភាពនៅតែជាអាទិភាពដ៏ចម្បងមួយរបស់លោក៕