ប្រទេសចិនបានប្រាប់ឲ្យដឹងនៅថ្ងៃច័ន្ទនេះថា ខ្លួនជំទាស់ប្រឆាំងនឹងប្រទេសណាមួយដែលជួបសម្តេចសង្ឃ Dalai Lama ក្នុងទម្រង់ណាមួយក៏ដោយ បន្ទាប់ពីសេតវិមានបានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា នឹងចូលរួមក្នុងពិធីបន់ស្រន់ជាតិមួយហៅថា National Prayer Breakfast ជាមួយមេដឹកនាំសាសនារបស់ទីបេនៅសប្តាហ៍នេះ។
នៅឯសន្និសីទកាសែតក្នុងទីក្រុងប៉េកាំង លោក Hong Lei អ្នកនាំពាក្យក្រសួងការបរទេសចិនក៏បានអំពាវនាវដល់សហរដ្ឋអាមេរិកឲ្យដោះស្រាយបញ្ហានេះ «នៅក្នុងផលប្រយោជន៍នៃទំនាក់ទំនងទ្វេភាគី»។
សេតវិមានបានប្រកាសកាលពីសប្តាហ៍មុនថា លោកអូបាម៉ានឹងថ្លែងសុន្ទរកថានៅឯពិធី National Prayer Breakfast ថ្ងៃទី៥ ខែកុម្ភៈនេះ ក្នុងរដ្ឋធានីវ៉ាស៊ីនតោនអំពីសារៈសំខាន់នៃសេរីភាពខាងសាសនា។ សម្តេចសង្ឃ Dalai Lama មានគម្រោងចូលរួមពីធីនោះ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលរបស់លោកអូបាម៉ា មិនបានប្រកាសពីការជួបដោយផ្ទាល់រវាងអ្នកទាំង២នោះទេ។
ក្រុមមន្រ្តីចិនមានការខឹងសម្បារ នៅពេលដែលលោកអូបាម៉ាបានធ្វើការជួបជាលើកទី៣ជាមួយសម្តេចសង្ឃ Dalai Lama នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីខែមុន៕