ប្រទេសចិនកំពុងប្រកាន់ជំហររឹងមាំប្រឆាំងនឹងការណ៍ដែលសហរដ្ឋអាមេរិកគ្រោងយកពន្ធគយថ្មីមួយចំនួនទៀតលើទំនិញរបស់ខ្លួន ដោយបានព្រមានថា ខ្លួននឹងតបតភ្លាមៗនៅពេលដែលការយកពន្ធគយថ្មីនេះចូលជាធរមាន។
គម្រោងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ នៅក្នុងការយកពន្ធគយថ្មីចំនួន ២៥ ភាគរយ លើផលិតផលរបស់ចិនជាង ៨០០ប្រភេទ ដែលគិតជាទឹកប្រាក់សរុបចំនួនប្រហែល ៣៤ ពាន់លានដុល្លារអាមេរិក គឺគ្រោងនឹងចូលជាធរមាននៅថ្ងៃសុក្រខាងមុខនេះ។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនលោក Gao Feng បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលក្រុងប៉េកាំង «នឹងមិនទាន់ចាត់វិធានការអ្វីមុននោះទេ» នៅក្នុងសង្គ្រាមពាណិជ្ជកម្មដែលអាចកើតឡើងជាមួយនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែ លោកបានបញ្ជាក់ថា ប្រទេសចិននឹងគ្មានជម្រើសអ្វីក្រៅតែពីការសងសឹកទៅវិញ ដើម្បីការពារផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋរបស់ខ្លួនតែប៉ុណ្ណោះ។
លោក Gao Feng និយាយថា៖ «ប្រទេសចិននឹងមិនឱនក្បាលនៅពេលដែលកំពុងតែប្រឈមនឹងការគំរាមកំហែង និងការសម្លុតរកផលប្រយោជន៍ដូចនេះនោះទេ»។
លោក Gao Feng បានព្រមានថា វិធានការរបស់សហរដ្ឋអាមេរិក «កំពុងតែវាយប្រហារយ៉ាងជាក់ស្ដែងចំពោះខ្សែសង្វាក់ផ្គត់ផ្គង់ និងខ្សែសង្វាក់តម្លៃនៅលើពិភពលោក» ហើយរដ្ឋាភិបាលអាមេរិក «កំពុងតែបង្ករឿងនៅជុំវិញពិភពលោក ដែលក្នុងនោះមានទាំងសហរដ្ឋអាមេរិកខ្លួនឯងផងដែរ»។
លោក Gao Feng បានកត់សម្គាល់ផងដែរថា ទំនិញក្នុងទឹកប្រាក់ប្រហែល ២០ ពាន់លានដុល្លារអាមេរិកដែលនឹងរងការយកពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក គឺផ្គត់ផ្គង់ដោយវិនិយោគិនបរទេស ដែលក្នុងនោះមានទាំងវិនិយោគិនអាមេរិកមួយចំនួនធំផងដែរ៕