ចិនខ្វល់ខ្វាយចំពោះ​ទំនាក់ទំនង​យោធា​អូស្រ្តាលីនិងសហរដ្ឋអាមេរិក

  • Phil Mercer

រូបថត​របស់​ក្រសួង​ការពារជាតិ​អូស្រ្តាលី​កាលពី​ថ្ងៃទី៣ មេសា ២០១២ បង្ហាញ​អំពីទាហានអាមេរិក​២០០នាក់ដែល​ត្រូវដាក់ប្រចាំការ​នៅ RAAF Base Darwin ខណៈដែល​សហរដ្ឋអាមេរិក​ពង្រឹង​វត្តមាន​យោធាក្នុង​តំបន់​យុទ្ធសាស្ត្រ​សសំខាន់ៗ។ Christopher Dickson/AFP/Getty Images

ប្រទេស​ចិន​បានរិះគន់​ផែនការ​របស់​ប្រទេស​ អូស្រ្តាលី (Australia) ក្នុងការ​បង្កើន​ចំនួន​បុគ្គលិក​យោធា​សហរដ្ឋអាមេរិក ​ដែល​បោះ​ទីតាំងនៅតំបន់​ភាគ​ខាងជើង(Northern Territory)។ អូស្រ្តាលី កំពុងធ្វើ​ជាម្ចាស់​ផ្ទះ​សម្រាប់កងទ័ព​ទាំងនោះ ដែលជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​របស់​រដ្ឋបាលលោក​ប្រធានាធិបតី អូបាម៉ា (Obama) ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក (Asia-Pacific)។ រដ្ឋាភិបាល​ទីក្រុង ប៉េកាំង (Beijing) ថ្លែងថា ទីក្រុង​កង់បេរ៉ា (Canberra) កំពុង​តែត្រឡប់​ទៅរក​សម្ព័ន្ធមិត្ត​សង្រ្គាម​ត្រជាក់​វិញហើយ​ ខណៈពេល​ដែល​រដ្ឋមន្រ្តី​ការបរទេស​អូស្រ្តាលី លោក ប៊ប ខារ៍ (Bob Carr) ដែល​បាន​ធ្វើដំណើរ​ទស្សនកិច្ច​ជាលើកដំបូង​ទៅកាន់​ប្រទេស​ចិន ​កាលពីថ្ងៃទី​១៥ ខែឧសភា។

រដ្ឋាភិបាល​ទីក្រុង កង់បេរ៉ា បាន​ទទូចថា ​ចិន​គ្មាន​អ្វីត្រូវព្រួយ​បារម្ភ​ចំពោះ​វត្តមានកងទាហាន​ម៉ារីនចំនួន​២ពាន់ ៥០០នាក់របស់​សហរដ្ឋ​អាមេរិក នៅក្នុង​ដែនដី​ភាគខាងជើង​របស់​អូស្រ្តាលី នៅត្រឹម​ឆ្នាំ​២០១៧​នោះឡើយ។ ប៉ុន្តែ បញ្ហានេះ​បាន​គ្រប​ដណ្តប់​ក្នុង​ពេលដំណើរ​ទស្សនកិច្ច​ជាលើក​ដំបូង​របស់​លោក​រដ្ឋមន្រ្តី​ការបរទេស ប៊ប ខារ៍ ទៅកាន់​ទីក្រុង​ប៉េកាំង។ លោក ខារ៍ បាន​ជួបពិភាក្សា​ជាមួយ​សមភាគី​ចិនរបស់លោក គឺលោក យ៉ាង ជីជី (Yang Jiechi) និង​លោក​ឧត្តម​សេនីយទោ វី ហ្វេងជី (Wei Fenghe) ដែល​ជានាយរង​អគ្គ​សេនាធិការ។

លោក ខារ៍ បាននិយាយ​ថា លោក​បានប្រាប់​ប្រទេស​ម្ចាស់ផ្ទះ​ថា ទំនាក់ទំនង​យោធា​របស់អូស្រ្តាលី ជាមួយទីក្រុង​វ៉ាស៊ីនតោន (Washington) គឺជា​មូលដ្ឋានយ៉ាង​រឹងមាំសម្រាប់សន្តិសុខ​របស់​ប្រទេស​របស់​លោក។

«នៅក្នុង​ករណី​នីមួយៗ ពួកគេ​បានលើកឡើងបញ្ហា​ស្តីពីការបង្កើន​ទំនាក់ទំនង​ផ្នែកការពារជាតិរបស់អូស្រ្តាលី ជាមួយ​សហរដ្ឋ​អាមេរិក។ ហើយ​ខ្ញុំ​បាន​ឆ្លៀតយក​ឱកាសនេះ ដើម្បី​ដាក់​ទំនាក់​ទំនងនេះ​ទៅក្នុង​បរិបទ​ប្រវត្តិសាស្រ្ត ហើយ​ពន្យល់​ថាតើ​ហេតុ​អ្វី​បាន​ជាទំនាក់ទំនងនេះ​ក្លាយ​ជា​ចំណុចរបត់ដ៏​សំខាន់និង​ប្រកបដោយ​ប្រសិទ្ធភាព នៅក្នុង​គោលនយោបាយ​ការបរទេស​របស់ អូស្រ្តាលី»។

លោក ខារ៍ ថ្លែងថា ក្រុមមន្រ្តី​ជាន់ខ្ពស់​ចិន​បាន​ទទូចថា ឳកាសសម្រាប់​«សម្ព័ន្ធភាពសង្រ្គាម​ត្រជាក់» បានកន្លង​ផុត​ជាយូរ​ណាស់​មកហើយ។

រដ្ឋាភិបាល​ទីក្រុង កង់បេរ៉ា ជឿជាក់ថា សហរដ្ឋអាមេរិក​បាន​ជួយ​ធានា​ឲ្យ​មាន​សន្តិភាព​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែល​នៅទីនោះ ស្ថិរភាព​បាន​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចយ៉ាង​ខ្លាំងក្លា​ សម្រាប់​ប្រទេស​ទាំងឡាយ​ ដោយ​រាប់​បញ្ចូល​ទាំង​ប្រទេស​ចិន​ផងដែរ។

ប៉ុន្តែ លោក ខាធឺរីន ម័រតុន (Katherine Morton) ដែលជា​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​មួយរូប​នៅឯ​សាកលវិទ្យាល័យ​ជាតិ​អូស្រ្តាលី (Australian National University) មាន​ប្រសាសន៍ថា ទីក្រុង​ប៉េកាំង ​កំពុងតែ​មាន​ការព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង ចំពោះ​ការកសាង​កម្លាំង​យោធា​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់។

«ខ្ញុំ​គិតថា ទស្សនៈជារួម​ដែលផុសចេញមកពី​ទីក្រុង កង់បេរ៉ា គឺថា ​វត្តមានរបស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់ គឺជា​រឿងល្អ គឺជា​រឿង​វិជ្ជមាន​ ហើយ​ថា ជាពិសេស​នៅក្នុង​ពេល​ថ្មីៗនេះ បាន​បង្ក​ឱ្យមាន​ការខ្វល់ខ្វាយយ៉ាង​ខ្លាំង​ពីភាគីទី​ក្រុង ប៉េកាំង»។

ទ្វេគ្រោះរបស់​ប្រទេស អូស្រ្តាលី គឺថាតើ​ត្រូវ​ធ្វើ​ឲ្យ​មានតុល្យភាពរវាង​សម្ព័ន្ធ​មិត្ត​ដ៏សំខាន់​របស់​ខ្លួន​ជាមួយ​សហរដ្ឋអាមេរិក និងទំនាក់ទំនង​សេដ្ឋកិច្ចប្រកប​ដោយភាពរីកដុះដាល​របស់​ខ្លួន​ជាមួយនឹង​ប្រទេស​ចិនយ៉ាងដូចម្តេច។ តម្រូវការ​របស់​ខ្លួនលើវិស័យធនធាន​ធម្មជាតិ ពោល​គឺ​ រ៉ែដែក កំពុង​តែ​ជួយ​គាំទ្រដល់​វិបុលភាពរបស់ អូស្រ្តាលី ខណៈពេល​ដែល​ប្រទេស​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​ជាច្រើន​ កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច៕

ប្រែសម្រួលដោយ ឌី​ ខាំបូលីz